លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អ.ស.ប.អំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបានថ្លែងថា ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាមានការធ្លាក់ចុះ ជាពិសេសសេរីភាពជួបជុំគ្នា សេរីភាពបញ្ចេញមតិ និងសិទ្ធិរបស់ស្ត្រី។
«ក្តីព្រួយបារម្ភរបស់ខ្ញុំធំបំផុតគឺសន្ទស្សន៍នៃអំពើហិង្សាប្រឆាំងស្ត្រីដែលនៅតែបញ្ជាក់ថា មានការរំលោភសិទ្ធិមនុស្សដែលកើតឡើងឥតឈប់ឈរនៅកម្ពុជា ហើយវាតម្រូវឲ្យមានការចូលរួមជាពហុវិស័យចំពោះរឿងនេះ»។
លោកស្រីបានឲ្យដឹងថា សូម្បីលោកស្រីក៏ត្រូវមន្ត្រីរដ្ឋាភិបាលរារាំងដែរនៅពេលលោកស្រីទៅជួបប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ ដោយអាជ្ញាធរទាមទារលិខិតអនុញ្ញាតការជួបជុំគ្នា។
លោក ម៉ក់ សម្បត្តិ ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានបញ្ចេញប្រតិកម្មនឹងការសន្និដ្ឋានរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អ.ស.ប. ដោយនិយាយថា សេរីភាពជួបជុំមានពេញលេញ បើការជួបជុំគ្នានោះមិនមានលក្ខណៈជាកុប្បកម្ម ការបះបោរផ្តួលរំលំរដ្ឋាភិបាល និងមិនបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជន។ លោកនិយាយថា បាតុកម្មកន្លងមកមានលក្ខណៈ ជាកុប្បកម្ម និងការបះបោរ បែបអនាធិបតេយ្យដែលតម្រូវឲ្យមានការទប់ស្កាត់។
«សិទ្ធិមនុស្សត្រូវផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវនិងផ្សារភ្ជាប់ជាមួយច្បាប់។ អាហ្នឹងបានហៅថា ប្រទេសប្រជាធិបតេយ្យ។ ប្រសិនបើយើងមានសិទ្ធិសេរីភាព ម្នាក់នឹកឃើញធ្វើអញ្ចេះ ម្នាក់នឹកឃើញធ្វើអញ្ចុះ អនាធិបតេយ្យពេញ! ហើយបើអនាធិបតេយ្យ អ្នកណាមានអំណាច អ្នកហ្នឹងឈ្នះហើយ អូន»។
លោកនិយាយថា ការជួបជុំគ្នាត្រូវតែមានការសុំច្បាប់ ដែលតម្រូវឲ្យមានអ្នកទទួលខុស បើការប្រមូលផ្តុំគ្នានោះក្លាយទៅជាកុប្បកម្ម ដែលបង្កការបំផ្លិចបំផ្លាញ។ ទោះជាយ៉ាងណាក្តី ការសុំច្បាប់សម្រាប់ការប្រមូលផ្តុំគ្នាកម្រទទួលបានការអនុញ្ញាតណាស់ក្នុងពេលស្ថានភាពនយោបាយមានភាពតានតឹង។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ VOA ថា លោកមិនទាន់បានឃើញសេចក្តីសន្និដ្ឋានរបស់អ្នកតំណាងពិសេសរបស់អ.ស.ប.ខាងសិទ្ធិមនុស្សទេ។ តែលោកថ្លែងថា កម្ពុជាជានីតិរដ្ឋ ដែលមានច្បាប់គ្រប់គ្រងសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។
«ចំពោះរឿងសិទ្ធិប្រមូលផ្តុំហ្នឹង យើងមិនអនុញ្ញាតទេឲ្យពួកបះបោរហ្នឹងនោះ ឲ្យទៅបះបោរនៅស៊ីរី បះបោរនៅអាមេរិកទៅ»។
ក្នុងអំឡុងទស្សនកិច្ចលើកទី២ដែលចាប់ផ្តើមកាលពីថ្ងៃទី២១ អ្នកស្រី Rhona Smith មិនបានជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេ។ ទោះជាយ៉ាងណាក្តី លោកស្រីបានជួបជាមួយមន្ត្រីរដ្ឋាភិបាលសំខាន់ៗ ដែលទាក់ទងនឹងការងារសិទ្ធិមនុស្សដូចជាលោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីជិត១០រូបទៀត។ ក្រៅពីនេះ លោកស្រីRhona Smith ក៏បានពិភាក្សាជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកងួន ញ៉ិល ប្រធានស្តីទីនៃរដ្ឋសភា។ លោកស្រីក៏បានជួបលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងមន្ត្រីគណបក្សនេះខ្លះទៀត ដូចជាលោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្សនិងទទួលពាក្យបណ្តឹងនៃរដ្ឋសភា។
លោកស្រីក៏បានជួបជាមួយមន្ត្រីអង្គការសិទ្ធិមនុស្ស និងប្រជាពលរដ្ឋដែលរងការរំលោភសិទ្ធិមនុស្សនៅតាមខេត្ត និងនៅទីក្រុងភ្នំពេញផងដែរ។ លោកស្រីក៏បានទទួលញត្តិរបស់ជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានជាច្រើន។ លោកស្រីក៏បានទទួលញត្តិ ដែលលោកស្រីយល់ថា មិនទាក់ទងនឹងការរំលោភសិទ្ធិមនុស្សទេ ដូចជាញត្តិរបស់ក្រុមយុវជនដែលទាមទារឲ្យលោកកឹម សុខាឆ្លើយបំភ្លឺរឿងសំឡេងសាងសងស្នេហា ដែលគេចោទថា ជាសំឡេងរបស់លោក កឹម សុខា និងសំឡេងរបស់នាង ខុម ចាន់តារាទី។
ក្នុងសន្និសីទចុងបញ្ចប់នៃទស្សនកិច្ចរបស់លោកស្រីនៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី Rhona Smith ផ្តោតលើសិទ្ធិស្ត្រី សិទ្ធិជនជាតិដើមភាគតិចដែលរងការប៉ះពាល់ដោយសារការអភិវឌ្ឍ ដូចជាទំនប់វារីអគ្គិសនី សម្បទានដីសេដ្ឋកិច្ច សម្បទានព្រៃឈើ ការអប់រំសិទ្ធិមនុស្ស និងសិទ្ធិទទួលបានការសិក្សា សេរីភាពសម្តែងមតិ ការបង្កើតសមាគម និងការជួបជុំដោយសន្តិវិធី ការត្រៀមរៀបចំការបោះឆ្នោត ដំណើរការនីតិកម្ម និងប្រព័ន្ធយុត្តិធម៌ ជាពិសេសការឃុំឃាំងមុនការកាត់ទោសហួសច្បាប់កំណត់ ឯករាជ្យភាពនៃប្រព័ន្ធតុលាការ ការឃុំឃាំងសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១១នាក់ និងការវាយដំអ្នកតំណាងរាស្ត្រកន្លងមក៕