ខណៈដែលចិន និងសហរដ្ឋអាមេរិកហាក់ដូចជានឹងធ្វើការចរចានៅក្នុងការខំប្រឹងប្រែងមួយដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្មក៏ដោយ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនទំនងបន្ទន់ចិត្តនៅក្នុងការតាំងចិត្តរបស់ខ្លួនដើម្បីបញ្ឈប់បច្ចេកវិទ្យាជឿនលឿនមិនឲ្យចាកចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនទេ។
លោក Alex Capri ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ខាងពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា «ខ្ញុំគិតថា មានការមូលមតិកាន់តែ ច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិកថា គេត្រូវតែរារាំងក្រុមហ៊ុនចិនមិនឲ្យទទួលបានប្រភេទបច្ចេកវិទ្យាខ្លះពីសហរដ្ឋអាមេរិក»។
ចិនបានធ្វើបញ្ជីឈ្មោះផលិតផលសហរដ្ឋអាមេរិកដែលខ្លួនបានដៅលើដែលជាផ្នែកមួយនៃចំណាត់ការសងសឹកប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីដំឡើងពន្ធគយលើផលិតផលរបស់ចិន។ ក៏ប៉ុន្តែ ចិនបានរក្សាការស្ងៀមស្ងាត់អំពីការរឹតត្បិតក្រុមហ៊ុនបច្ចេកវិទ្យា។
សហភាពអឺរ៉ុប កំពុងពិចារណាច្បាប់រួចហើយដែលនឹងពិនិត្យឆែកឆេរ និងរារាំងចិនដែលទិញក្រុមហ៊ុនក្នុងស្រុកដើម្បីគោលបំណងទទួលបានបច្ចេកវិទ្យាថ្មី។ ចិនព្រួយបារម្ភថា ចំណាត់ការណាមួយរបស់សហរដ្ឋអាមេរិកនឹងធ្វើឲ្យពួកអ្នកនយោបាយអឺរ៉ុបហ៊ាន និងប្រញាប់ប្រញាល់ដំណើរការហាមឃាត់មិនឲ្យក្រុមហ៊ុនចិនទទួលបានបច្ចេកវិទ្យា។
លោក Capri បាននិយាយថា «ខ្ញុំដឹងថា នេះមិនមែនជាការប្លែកនៅក្នុងសហរដ្ឋអាមេរិកទេ។ ខ្ញុំគិតថា មានប្រទេសផ្សេងៗនៅអឺរ៉ុប អូស្ត្រាលី។ ខ្ញុំរំពឹងថា នឹងឃើញមានការជ្រៀតជ្រែកកាន់តែខ្លាំងឡើង មានការរារាំងកាន់តែខ្លាំងឡើងដើម្បីកុំឲ្យទទួលបានបច្ចេកវិទ្យាដោយក្រុមហ៊ុនដែលផ្តល់ថវិកាដោយចិន ឬក្រុមហ៊ុនបច្ចេកវិទ្យាដែលកាន់កាប់ដោយជនជាតិចិនដែលកំពុងធ្វើឲ្យជឿនលឿនតាមរយៈការទទួលបានបច្ចេកវិទ្យា»៕