ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទូក​នេសាទ​​របស់​ចិន​កំពុង​រីក​រាលដាលក្នុង​ពិភពលោក


រូបថតឯកសារ៖ នៅ​ឯ​ការ​ដាក់​តាំង​បង្ហាញ​ម្ហូប​អាហារ​មួយនៅ​ក្នុង​ក្រុង​សៀងហៃ​ អ្នក​លក់​ម្នាក់​កំពុង​ដាក់​ស្លាក​លក់​ត្រី​នៅ​លើ​ស្តង់​របស់​គាត់​ ដែល​ត្រី​ទាំង​នោះ​ត្រូវ​បាន​នេសាទ​ដោយ​អ្នក​នេសាទ​​​នៅ​ខេត្ត ​Zhejiang ​ជិត​កោះ​មាន​ជម្លោះ​ដែល​ចិន​ហៅ​ថា​ Diaoyu ​តែ​ជប៉ុន​ហៅ​ថា​ Senkaku​។

ទូក​នេសាទ​របស់​ចិន​កំពុង​កើន​ចំនួន​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​ប្រទេស​នេះ សង្កត់​ធ្ងន់​លើ​គោលការណ៍​គាំទ្រ​ការ​ផ្គត់ផ្គង់​ម្ហូប​អាហារ។ ប៉ុន្តែ ខណៈ​ពេល​ដែល​ទូក​នេសាទ​ទាំង​នោះ​គ្រប​ដណ្តប់​ពាសពេញ​សកលលោក ចិន​រង​ការ​រិះគន់​ទាក់ទិន​នឹង​ការ​នេសាទ​ហួស​កម្រិត និង​ប្រឈម​មុខ​ជាមួយ​នឹង​នាវា​នេសាទ​របស់​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ជម្លោះ ដូចជា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។

ប្រទេស​ចិន​ជា​អ្នក​ផលិត និង​ជា​អ្នក​នាំចេញ​ត្រី​ធំ​បំផុត​នៅ​លើ​ពិភពលោក​ដែល​ប្រហែល​ជា​ពាក់​កណ្តាល​នៃ​ផលិតផល​អាហារ​សមុទ្រ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​អភិវឌ្ឍន៍។ ហើយ​ចិន​ក៏​ជា​អ្នក​បរិភោគ​អាហារ​សមុទ្រ​ច្រើន​ជាង​គេ​ផង​ដែរ។

លោក Duncan Ledbetter នាយក​ក្រុមហ៊ុន Fish Matter ដែល​ផ្តល់​ប្រឹក្សា​យោបល់​ស្តី​ពី​ការ​នេសាទ ​និង​ធនធាន​ធម្មជាតិ​ថ្លែង​ថា ការ​ថយចុះ​ធនធាន​យ៉ាង​ឆាប់​រហ័ស​នេះ បណ្តាល​ឲ្យ​ចិន​ធ្វើ​ការ​នេសាទ​ត្រី​នៅ​ជុំវិញ​ពិភពលោក ខណៈ​ពេល​ដែល​ជម្រក​ត្រី​នៅ​ក្បែរ​ដែន​សមុទ្រ​ចិន​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​បំពុល​បរិស្ថាន និង​ការ​នេសាទ​ត្រី​ហួស​កម្រិត។

«និយាយ​រួម​ទៅ មាន​កត្តា​ពីរ​យ៉ាង​កើតឡើង។ ទី​មួយ​គឺ ការ​នេសាទ​ត្រី​ហួស​កម្រិត។ ទី​ពីរ​គឺ ការ​រីក​រាលដាល ពី​ជើង​ទៅ​ត្បូង និងពី​ក្បែរ​ច្រាំងទៅ​ខាង​ចុង​នៃ​តំបន់​ខ្ពង់រាប ប៉ុន្តែ​នៅ​ក្បែរ​ឆ្នេរ​ក៏​មាន​ការ​បំពុល​បរិស្ថាន​គ្រប់​បែប​យ៉ាង និង​ការ​បាត់​បង់​ជម្រក​ត្រី»។

ចិន​បាន​ក្លាយ​ជា​ប្រទេស​មាន​នាវា​នេសាទ​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក ដោយ​មាន​នាវា​នេសាទ​ជាង​២០០០។ ការ​សិក្សា​របស់​សភា​អ៊ឺរ៉ុប​មួយ​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នៅ​ចន្លោះ​ពី​ឆ្នាំ​២០០០ និង​ឆ្នាំ​២០១១ អ្នក​នេសាទ​ចិន​នេសាទ​ត្រី​បាន ៤.៦លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ដែល​ភាគ​ច្រើន​គឺ​មក​ពី​អាហ្រ្វិក បន្ទាប់​មក​គឺ​អាស៊ី និង ចំនួន​តិចតួច​ទៀត​មក​ពី​អាមេរិក​កណ្តាល អាមេរិក​ខាងត្បូង និង​ទ្វីប​អង់តាក់ទិច។

អ្នក​អង្កេត​ការ​ខ្លះ​ដូចជា លោក Peter Jennings នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​អូស្ត្រាលី ឬ Australian Strategic Policy Institute និង​អតីត​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​ការពារ​ប្រទេស​អូស្ត្រាលី​ថ្លែង​ថា ការ​ពង្រីក​ការ​នេសាទ​របស់​ចិន​ផ្តល់​ឱកាស​ឲ្យ​ចិន​មាន​វត្តមាន​ក្នុង​តំបន់​យុទ្ធសាស្ត្រ​សំខាន់​ក្នុង​រយៈ​ពេល​យូរ។

«ខ្ញុំ​គ្រាន់​តែ​គិតថា​វិធី​សាស្រ្ត​ដដែល​នេះ ចិន​មិន​ត្រឹម​តែ​សំដៅ​ទៅ​លើ​ធនធាន​នៅក្នុង​សមុទ្រ​របស់​អង់តាក់តិច​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សំដៅ​ទៅ​លើ​ឱកាស​ដ៏​យូរ​អង្វែង​មួយ​នៃ​មុខ​នាទី​របស់​ចិន​ក្នុង​ការ​ទាញ​យក​ធនធាន​របស់​ទ្វីប​អង់តាក់ទិច នា​ពេល​អនាគត»។

កាលពី​ខែ​មុន ក្រុមហ៊ុន​ចិន​មួយ​បាន​ប្រកាស​ថា ខ្លួន​នឹង​ពង្រីក​ប្រតិបត្តិការ​នេសាទ​ទៅ​ទ្វីប​អង់តាក់ទិច​ដើម្បី​ចាប់​បង្គារ​សមុទ្រ​បន្ថែម។ សេចក្តី​ប្រកាស​នេះ​កើត​ឡើង​បន្ទាប់​ពី​ចិន​បាន​សម្ភោធ​ស្ថានីយ៍​ស្រាវជ្រាវ​ទី​៤ និង​បន្ទាប់​ពី​ការ​វិនិយោគ​របស់​ចិន​លើ យន្តហោះ​និង​ឧទ្ធម្ភាគចក្រ ដែល​ស៊ូ​ទ្រាំ​និង​ទឹកកក​បាន​នៅ​លើ​ទ្វីប​អង់តាក់ទិច​នេះ។

ភាព​តានតឹង​ជាមួយ​ប្រទេស​ដទៃ​ទៀត​ទាក់ទិន​នឹង​ការ​ពង្រីក​វត្តមាន​របស់​ចិន​លើ​ដែន​សមុទ្រ​មាន​ការ​កើនឡើង។ កាលពី​ខែ​មុន ប្រទេស​ឥណ្ឌូណេស៊ី​បាន​កំទិច​ទូក​នេសាទ​របស់​ចិន ដោយ​និយាយ​ថា​ទូក​នោះ​បាន​ធ្វើ​ការ​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​ទឹក​របស់​ឥណ្ឌូណេស៊ី។ បើ​យោង​តាម​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ចំនួន​នាវា​នេសាទ​របស់​ចិន​ក្នុង​ដែន​ទឹក​របស់​កូរ៉េ​ខាង​ត្បូង​មាន​ការ​កើនឡើង​ជា​រៀង​រាល់ឆ្នាំ។ មាន​នាវា​នេសាទ​ចិន​ជាង​មួយ​ពាន់​បាន​ចូល​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​ទឹក​ផ្តាច់មុខ​របស់​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំ២០១៤។

អង្គការ Greenpeace បាន​ឲ្យ​ដឹង​ថា ទូក​នេសាទ​ចិន​ជា​ច្រើន​បាន​ធ្វើ​ការ​នេសាទ​ខុស​ច្បាប់​នៅ​អាហ្វ្រិក​ភាគ​ខាង​លិច​ផង​ដែរ។ លោក Rashid Kang នៃ​អង្គការ Greenpeace ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​ថ្លែង​ថា ការ​ប្រើប្រាស់​នាវា​នេសាទ​ជម្រៅ​ជ្រៅ​ដែល​មាន​សភាព​ចាស់ ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​នេសាទ​នោះ​មាន​ភាព​ប្រថុយ​ប្រថាន​ដែល​នឹង​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ដែន​ទឹក​ប្រទេស​ដទៃ​ទៀត ខណៈ​ពេល​ដែល​ច្បាប់​ក្នុងការ​ហាមប្រាម​នាវា​នេសាទ​ចាស់ៗ​ទាំង​នោះ មិន​ត្រូវ​បាន​អនុវត្តន៍​ចំពោះ​នាវា​នេសាទ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

«ពួកគេ​ត្រូវ​បាន​ប្រកាស​ឲ្យ​អនុវត្ត​ច្បាប់​ដែល​ហាមឃាត់​នាវា​នេសាទ​ចាស់ៗ ក្នុង​ការ​នេសាទ​ក្នុង​ដែនទឹក​ប្រទេស​ចិន។ ដូច្នេះ​ហើយ​ ខ្ញុំ​គិត​ថា បញ្ហា​នាវា​នេសាទ​របស់​ចិន​ដែល​កំពុង​នេសាទ​នៅ​ប្រទេស​ផ្សេង​ទៀត​នោះ​មិន​ទាន់​ត្រូវ​បាន​ពិភាក្សា​នៅ​ឡើយ​ទេ។ ខ្ញុំ​គិតថា សព្វថ្ងៃ​នេះមាន​ស្តង់ដា​ពីរ‍»។

កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ​មួយ​ព្យាយាម​ធ្វើ​ការ​ប៉ាន់ស្មាន​ពី​ចម្ងាយ​ដែល​នាវា​ចិន​បាន​ធ្វើ​ការ​នេសាទ​នៅ​ចន្លោះ​ឆ្នាំ​២០០០ និង​ឆ្នាំ​២០១១។ អ្នក​វិទ្យាសាស្រ្ត​សុំ​ឲ្យ​មាន​តម្លាភាព​ជាង​នេះ ដែល​អត្ថបទ​មួយ​នៃ​កាសែត Fish and Fisheries បាន​សរសេរ​ថា ការ​នេសាទ​របស់​នាវា​នេសាទ​របស់​ចិន​សុទ្ធសឹង​តែ​គ្មាន​ឯកសារ​បញ្ជាក់ និង​មាន​សេចក្តី​រាយការណ៍​តិច​ជាង​ចំនួន​ពិត​ប្រាកដ។

យោង​តាម​ការ​សិក្សា​នោះ​បាន​ឲ្យ​ដឹង​ថា​ ចិន​នេសាទ​ត្រី​ជាង ៤.៦លាន​តោន​ក្នុង​មួយ​ឆ្នាំ គឺ​ផ្ទុយ​ទាំងស្រុង​ពី​សេចក្តី​រាយការណ៍​ជា​ផ្លូវការ​របស់​ចិន​ដែល​រាយការណ៍​ទៅ​អង្គការ​សហ​ប្រជាជាតិ ដែល​ថា​ចិន​នេសាទ​បាន​តែ ៣៦៨​ ០០០ តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​នោះ៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG