សហភាពអឺរ៉ុបបានព្រមានប្រទេសថៃដោយចេញបណ្ណលឿងដែលជាឱសានវាទ ឲ្យប្រទេសថៃកែទម្រង់ជាបន្ទាន់ទាក់ទងនឹងសកម្មភាពនៃការនេសាទត្រីមិនស្របច្បាប់ និងមិនមានរាយការណ៍និងគ្មានសណ្តាប់ធ្នាប់ បើមិនដូច្នោះទេនឹងប្រឈមមុខនឹងការពិន័យចំពោះការនាំចេញអាហារ សមុទ្រទៅកាន់សហភាពអឺរ៉ុបនៅចុងឆ្នាំនេះ។
ដោយលើកឡើងថា «មានវិបត្តិយ៉ាងច្បាស់ក្រឡែត»នោះ គណៈកម្មាការអឺរ៉ុបបានរាយការណ៍ថា វិធានការនេះត្រូវបានគេធ្វើឡើង បន្ទាប់ពីមានការវិភាគយ៉ាងហ្មត់ចត់ទៅលើក្របខណ្ឌច្បាប់របស់ប្រទេស ថៃ វិធានការនៃការអនុវត្ត និងការរៀបចំរដ្ឋបាល ដែលប៉ះពាល់ដល់លទ្ធភាពរបស់ថៃដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិរបស់ ខ្លួន។
ប្រសិនបើគណៈកម្មការអឺរ៉ុបចេញបណ្ណក្រហមហាមការ នាំចេញអាហារសមុទ្ររបស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍នេះ វានឹងអាចធ្វើប្រទេសថៃបាត់បង់ចំណូលចំនួន៥០០លានដុលា្លរក្នុងមួយ ឆ្នាំ។
ក្តីបារម្ភដ៏ចម្បងរបស់សហភាពអឺរ៉ុបគឺជុំវិញបរាជ័យ របស់ថៃក្នុងការបញ្ជាក់ឲ្យបានត្រឹមត្រូវពីប្រភពនិងភាពស្រប ច្បាប់នៃការនាំចេញត្រីរបស់ខ្លួន។
ក្រសួងកសិកម្មរបស់ថៃបាន ចាប់ផ្តើមយុទ្ធនាការមួយនៅក្នុងខេត្ត Phuket ក្នុងសប្តាហ៍នេះដើម្បីធ្វើឲ្យការអនុវត្តក្នុងវិស័យនេសាទមានភាព ប្រសើរឡើង។ រដ្ឋាភិបាលដែលស្ថិតនៅក្រោមការគ្រប់គ្រងនិងដឹកនាំដោយយោធាចាប់ តាំងពីរដ្ឋប្រហារដែលគ្មានការបង្ហូរឈាមគ្នាកាលពី១១ខែមុននោះ ត្រូវបានគេរាយការណ៍ថា កំពុងតែព្រាងបញ្ញតិ្តនេសាទកាន់តែតឹងរឹងដែលត្រូវបានគេរំពឹងថា នឹងត្រូវបានឡាយព្រះហស្តលេខាទៅជាច្បាប់នៅក្នុងខែកក្កដា។
ការ នេសាទត្រីដែលមិនស្របច្បាប់ និងមិនមានការរាយការណ៍ត្រូវបានគេប៉ាន់ស្មានថា រកចំណូលបាន១០ពាន់លានដុល្លារពីទីផ្សារខុសច្បាប់។ វាមានចំនួន១៥ភាគរយនៃការចាប់ត្រីក្នុងពិភពលោក នេះបើយោងទៅតាមអង្គការបរិស្ថានក្រៅរដ្ឋាភិបាល និងសហភាពអឺរ៉ុប។
ប្រទេស ថៃប្រឈមមុខនឹងការដាក់ពិន័យជាច្រើន រួមមានការដាក់ឲ្យប្រទេសនេះស្ថិតក្នុងកម្រិតទី៣ដែលជាកម្រិត ទាបបំផុត ដែលធ្វើឡើងដោយក្រសួងការបរទេសរបស់អាមេរិកទាក់ទងនឹងការជួញដូរ មនុស្ស និងការព្រមានដោយអង្គការ International Civil Aviation Organization ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិអំពីសុវត្ថិភាព។
រដ្ឋាភិបាល យោធាថៃបានសន្យាថា នឹងដោះស្រាយនូវកង្វល់ទាំងនោះភ្លាមៗ។ តែរដ្ឋាភិបាលនេះបានស្តីបន្ទោសទៅលើរដ្ឋាភិបាលស៊ីវិលដែលខ្លួនបាន បណ្តេញចេញអំណាចនោះ។
វិស័យអាហារសមុទ្រក្នុងស្រុកដ៏មាន ឥទ្ធិពល ហើយដែលត្រូវបានគេបង្ហាញថាមានព័ន្ធពាក់នឹងការជួញដូរមនុស្សនិង ការនេសាទមិនស្របច្បាប់ ត្រូវបានគេចាត់ទុកថា មានឥទ្ធិពលនយោបាយយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។
លោកនាយក រដ្ឋមន្រ្តី Prayuth Chan-ocha ដែលជាមេបញ្ជាការកងទ័ពធ្វើរដ្ឋប្រហារកាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៤ បានកាន់អំណាចទូទៅក្រោមមាត្រា៤៤នៃច្បាប់អន្តរការរបស់របបយោធា នេះ។
នៅពេលវីអូអេធ្វើការទាក់ទងដើម្បីសុំការឆ្លើយតបទៅលើ ការដាក់កំណត់របស់សហភាពអឺរ៉ុបឲ្យប្រទេសថៃធ្វើកំណែទម្រង់វិស័យ នេសាទនោះ ទាំងខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី និងក្រសួងការបរទេសនិយាយថា ពួកគេមិនអាចធ្វើអត្ថាធិប្បាយបានភា្លមៗនោះទេ។
កាលពី ថ្ងៃអង្គារ គណៈកម្មការអឺរ៉ុបទទួលស្គាល់ការរីកចម្រើនរបស់កូរ៉េខាងត្បូងនិង ហ្វីលីពីនក្នុង«កំណែទម្រង់ដ៏ត្រឹមត្រូវមួយនៃប្រព័ន្ធច្បាប់ ហើយឥឡូវនេះកំពុងតែដោះស្រាយការនេសាទខុសច្បាប់»។ ទោះជាយ៉ាងណា បើយោងទៅតាមសហភាពអឺរ៉ុបឲ្យដឹងថា ការព្រមានដោយប្រើបណ្ណលឿងទៅលើប្រទេសទាំងពីរដែលមានឧស្សាហកម្ម នេសាទធំៗនេះ ត្រូវបានបញ្ចប់ហើយឥឡូវនេះ។
នាពេលថ្មីៗនេះ សហភាពអឺរ៉ុបបានហាមឃាត់ផលិតផលត្រីតាមរយៈកប៉ាល់ពីប្រទេសស្រីលង្កា ប្រទេសហ្គីណេ និងប្រទេសកម្ពុជា៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ