ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​ការពារ​បម្រាម​នេសាទ​ត្រី​របស់​ខ្លួន​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ទោះ​ជា​វៀតណាម​ប្រឆាំង​


រូប​ថត​ពី​អាកាស​តាម​រយៈ​បង្អួច​យន្តហោះ​យោធា បង្ហាញ​ពី​សកម្មភាព​ទាមទារ​របស់​ចិន​ នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​ Spratly នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ចិន​បាន​ច្រាន​ចោល​ការ​ជំទាស់​តវ៉ា​របស់​វៀត​ណាម ​លើ​ការ​ហាម​ឃាត់​ការនេសាទត្រី​តាម​រដូវ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​កំពុង​សង្កត់​ពី​ជម្លោះ​របស់​ប្រទេស​ទាំង​២​ លើការ​កាន់​កាប់​ប្រជុំ​កោះ​និង​ធនធាន​សមុទ្រ​នៅ​ក្នុង​តំបន់​នោះ។

លោក Hong Lei អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា បម្រាម​ការនេសាទ​រដូវ​ក្តៅ ​ជាព្រឹត្តការណ៍​ប្រចាំ​ឆ្នាំ​ហើយ​ថា ​ចិន​បាន​បំពេញ​តួនាទី​ក្នុង​ការទទួល​ខុសត្រូវនិង​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​ ដើម្បី​អភិរក្ស​ពូជ​ត្រី។​ លោក​ហុង​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ «ជំ​ហរ​របស់​ចិន​ចំពោះ​សមុទ្រ​ចិន​ខាង​ត្បូង ​គឺ​មិន​ផ្លាស់​ប្តូរ​និង​មាន​ភាព​ច្បាស់​លាស់​ណាស់‍»។

វៀតណាម​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ​ដោយ​បាន​រិះគន់​ការ​ហាម​ឃាត់​នោះ​ថា ជា​ការសម្រេច​គ្មាន​តម្លៃ ​ហើយ​បាន​ពោល​អះអាង​សារ​ជា​ថ្មី​ពី​ការទាមទារ​របស់​វៀតណាម​ដល់​ប្រជុំ​កោះ​ប៉ារ៉ាសេល​ ដែល​មាន​ជម្លោះ​ហើយ​និង​ផ្ទៃ​ទឹក​ជុំ​វិញ​នោះ។

ភាពតានតឹង​បាន​កើត​មាន​ឡើង​កាល​ពី​មួយ​ឆ្នាំ​មុន នៅពេល​ដែល​ចិន​បាន​ដំឡើង​ការដ្ឋាន​ខួង​ប្រេង​ដ៏​ធំ​មួយ​នៅ​ជិត​ប្រជុំ​កោះ​ទាំង​នោះ។

បាតុកម្ម​ប្រឆាំង​ចិន​ក្នុង​ប្រទេស​វៀត​ណាម​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​ចិន​យ៉ាង​ហោច​ណាស់​ក៏​៤​នាក់​ដែរ​បាន​ស្លាប់ ​ខណៈ​ដែល​កប៉ាល់​មក​ពី​ភាគី​ទាំង​២​បាន​ជន្ល​ដាក់​គ្នា​នៅ​ក្នុង​ផ្ទៃ​ទឹក​ជុំ​វិញ​ការ​ដ្ឋាន​ខួងប្រេង​នោះ៕

XS
SM
MD
LG