ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការបរទេស​ចិន​ស្តី​បន្ទោស​អ្នក​សារព័ត៌មាន​ដែល​សួរ​សំណួរ​រឿងសិទ្ធិ​មនុស្ស


លោក Wang Yi រដ្ឋ​មន្ត្រី​ការបរទេស​ចិន​(ឆ្វេង) និង​លោក Justin Trudeau នាយករដ្ឋមន្ត្រី​កាណាដា នៅ​ឯការិយាល័យ​ប្រជុំ​ក្នុង​ក្រុង​អូតាវ៉ា រដ្ឋ Ontario ប្រទេស​កាណាដា កាល​ពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ២០១៦។
លោក Wang Yi រដ្ឋ​មន្ត្រី​ការបរទេស​ចិន​(ឆ្វេង) និង​លោក Justin Trudeau នាយករដ្ឋមន្ត្រី​កាណាដា នៅ​ឯការិយាល័យ​ប្រជុំ​ក្នុង​ក្រុង​អូតាវ៉ា រដ្ឋ Ontario ប្រទេស​កាណាដា កាល​ពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ២០១៦។

វា​មិន​មែន​ជា​រឿង​អាថ៌​កំបាំង​ទេ​ដែល​មេដឹក​នាំ​កុម្មុយនិស្ត​ចិន​​មិន​ចូល​ចិត្ត​ការ​សាក​សួរ​អំពី​​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​​ចិន។ រដ្ឋ​មន្ត្រី​ការបរទេស​ចិន​និយាយថា ការសួរ​សំណួរ​អំពី​បញ្ហា​នេះ​គឺ​ជា ​«ភាព​ក្រអឺត​ក្រទម រើសអើង ហើយ​​មិនអាច​ទទួល​យក​បាន»។

វា​មិន​មែន​ជា​រឿង​អាថ៌​កំបាំង​ទេ​ដែល​មេដឹក​នាំ​កុម្មុយនិស្ត​ចិន​ទាំងឡាយ​មិន​ចូល​ចិត្ត​ឲ្យ​មាន​ការ​សាក​សួរ​អំពីបញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេសពួក​គេ ប៉ុន្តែ​ផ្អែក​តាម​ការ​ឆ្លើយ​តប​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ចិន​ លោក Wang Yi ទៅកាន់​សំណួរ​អ្នក​សារព័ត៌​មាន​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កាណាដា​ កាល​ពី​ថ្ងៃទី​១​ខែ​មិថុនា​នេះ​ បញ្ហា​សិទ្ធិ​មនុស្ស​ គឺ​ជា​ប្រធានបទ​ដែល​មិន​គួរ​ត្រូវ​បាន​លើក​ឡើង​ទេ។

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ពេល​បញ្ចប់​ការ​ធ្វើ​ទស្សនកិច្ច​ជាន់​ខ្ពស់​នៅ​ប្រទេស​កាណាដា ​ដែលប្រទេស​ទាំង​ពីរ​បាន​ចាត់ទុក​ថា​ជា​ទស្សនកិច្ច​បង្ហាញ​ពីការចាប់​ផ្តើម​នៃ​យុគ​សម័យ​មាស​នៃ​ទំនាក់​ទំនង​របស់រដ្ឋទាំងពីរ លោក​ Wang បាន​ប្រើ​សម្តី​រិះ​គន់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ម្នាក់​ ដោយ​បាន​ស្តី​បន្ទោស​នាង​ចំពោះ​ការ​ចោទសំណួរអំពី​កំណត់​ត្រា​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​របស់​លោក។

ក្រអឺត​ក្រទម​ និង​មិន​អាច​ទទួល​យក​បាន

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អ្នក​សារ​ព័ត៌មាន​ លោក Wang បាន​សួរ​ទៅ​អ្នក​សារ​ព័ត៌មាន​វិញ​ថា​ តើ​ពួក​គេធ្លាប់​បាន​ទៅ​ប្រទេស​ចិន​ដែរ​ឬទេ?​ ហើយ​លោក​បាន​អះអាង​ថា​ ការ​កត់​សម្គាល់​របស់​អ្នកសារព័ត៌មាន​រូប​នោះ​ មាន​លក្ខណៈ​ពោរពេញ​ទៅ​ដោយ​ «ភាព​ក្រអឺត​ក្រទម» និង «ការរើសអើង» ​ ហើយ «​មិនអាច​ទទួល​យក​បាន»។

លោក Wang បាន​និយាយ​ថា៖ «ខ្ញុំ​សុំ​ស្នើ​អ្នក​សារ​ព័ត៌មាន​ទាំងឡាយ​ សូម​កុំ​សួរ​សំណួរណាក្នុង​ឥរិយាបថ​មិន​មានទំនួល​ខុស​ត្រូវ​ដូច្នេះ» ។ «យើង​ស្វាគមន៍​រាល់​សំណូមពរ​ក្នុង​បំណង​ល្អទាំងអស់​ ប៉ុន្តែ​យើងក៏​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ដែល​គ្មាន​មូលដ្ឋាន​ឬ​គ្មាន​ហេតុផល​ច្បាស់​លាស់»។

លោក​ Wang​ បាន​បន្ត​ដោយ​លើក​ហេតុផល​ដែល​រដ្ឋាភិបាលផ្តាច់​ការ​របស់​លោកលើកឡើងជា​រឿយៗ​ នៅ​ពេល​ដែល​មាន​ការ​ចោទ​សួរ​អំពី​បញ្ហា​នេះ។ លោក​បាន​ចង្អុល​បង្ហាញ​ថា​ ប្រជា​ជន​ចិន​រាប់​រយ​លាន​នាក់​ត្រូវ​បាន​រំដោះ​ចេញ​ពី​ភាព​ក្រី​ក្រ​ ហើយ​រដ្ឋធម្មនុញ្ញ​ចិន​ធានា​នូវ​ការ​ការពារ​និង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។

លោក Wang បាន​បន្តថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា​ តើ​នរណា​ដែល​យល់​ច្បាស់​ពីស្ថាន​ភាពសិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន។ វា​មិន​មែនជា​រូប​អ្នក​ទាំងអស់​គ្នា​នោះ​ទេ​ ​គឺ​ប្រជាជន​ចិន។ អ្នក​ទាំង​អស់​គ្នា​គ្មាន​សិទ្ធិ​និយាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន​ទេ។ គឺ​មាន​តែ​ពលរដ្ឋ​ចិន​ខ្លួន​ឯង​ទេ​ដែល​មាន​សិទ្ធិ​និយាយ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទស​ចិន»។

ការ​ពិនិត្យ​លើ​ភាព​ពិត​ជាក់​ស្តែង​

តើ​ប្រជា​ជន​ចិនដឹងនិង​ចង់​និយាយ​អ្វីខ្លះ​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​របស់​ពួក​គេ?

មាន​រឿង​ច្រើន​ណាស់​ដែល​ពួក​គេដឹង​ និង​ចង់​និយាយ​ចេញមក​ ប៉ុន្តែអ្នក​ដែល​ហ៊ាន​និយាយជា​ធម្មតា​នឹង​ក្លាយ​ជា​គោល​ដៅតាម​ដានតាម​រយៈ​ប្រព័ន្ធ​ឧបករណ៍​សន្តិ​សុខ​តាម​ដានដែល​ពង្រាយ​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ប្រទេស​ចិន។

ចាប់​តាំង​ពី​ប្រធានាធិបតី​ Xi Jinping​ ឡើង​កាន់​អំណាច​ជាង​បី​ឆ្នាំ​មុន​មក​នេះ​ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចិន​និង​ជា​ក្រុម​តស៊ូមតិ​ ​បាន​កត់​ត្រា​ចំនួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាង ​២ ​ពាន់​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ដែល​ការណ៍​នេះ​បង្ហាញ​ពី​តួលេខ​កើន​ឡើង​យ៉ាង​ខ្លាំង​ធៀបនឹង​ពេល​មុនៗ។ នេះ​បើ​យោង​តាម​សំដី​របស់​អ្នក​ស្រាវជ្រាវ​ម្នាក់​គឺ ​អ្នកស្រី​ Frances Eve។

អ្នកស្រី​ Frances Eve និយាយ​ថា៖ «ជនជាតិ​ចិន​ទាំង​២ពាន់​នាក់​ដែលចង់​និយាយ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស គឺ​ជា​ក្រុម​មនុស្ស​តែ​មួយ​គត់​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​អំពី​រឿង​នេះ​ ដូច​ទៅ​នឹង​ការ​ថ្លែង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​នោះ​មែន ប៉ុន្តែ​ពួក​គេ​ទាំង​នោះ​តាម​ពិត​ត្រូវ​បាន​គេ​ហាម​ប្រាម​មិន​ឲ្យ​ប្រើប្រាស់​សិទ្ធិនោះ​ទេ»។

អ្នកស្រី​ Eve​ កត់​សម្គាល់​ឃើញ​ថា​ មនុស្ស​ដែល​ត្រូវ​ជាប់​ឃុំឃាំង​រូម​មាន​ មេធាវី​កាពារ​សិទ្ធិមនុស្ស​ សមាជិក​នៃ​ក្រុម​មួយ​ឈ្មោះ​ថា «ចលនា​ពលរដ្ឋ​ថ្មី»​ ដែល​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មាន​តម្លាភាព និង​នីតិរដ្ឋ​ និង​ប្រជា​ជន​ចិន​ដែល​បង្ហាញ​ការ​គាំទ្រ​លើ​ចលនា​គាំទ្រលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្រុង​ហុង​កុង និង​មនុស្ស​ផ្សេងៗ​ទៀត។

អ្នក​ស្រី​និយាយ​ថា៖ «ការ​ចាប់​ឃុំខ្លួន​ទាំងអស់​នោះ​ មិន​មែន​ជា​ករណី​ជម្លោះ​ទាស់​ទែង ឬ​ករណី​ការ​ប្រកួត​ផ្តួល​រំលំ​អំណាចនៃ​គណបក្ស​កុម្មុយនិស្ត​នោះទេ»។ អ្នក​ស្រី​បន្ថែម​ថា​ ក្នុង​ករណី​នីមួយៗ​ ពួក​គេ​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ និង​ហាម​ប្រាម​មិន​ឲ្យ​ប្រើប្រាស់​សិទ្ធិ​ក្នុងការ​និយាយ​ស្តី​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​របស់​ពួកគេ​ បើ​ទោះ​ជា​សិទ្ធិ​ទាំង​នេះ​ត្រូវ​ធានា​ និង​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ក៏​ដោយ។

អ្នកស្រី Eve និយាយថា៖ «ការ​ធ្វើ​ដូច្នេះ​ វា​កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​អាក្រក់​កម្រិត​ណា»។

ការ​កៀប​សង្កត់​កាន់​តែ​រីក​រាល​ដាល

ការ​កៀប​សង្កត់​មិន​កំណត់​ថា​កើត​មាន​តែ​នៅ​ក្នុង​ទឹក​ដី​ចិន​ដី​គោក​ទេ។ ក្រុម​អ្នក​រិះគន់​ក្នុង​ប្រទេស​ចិន​ក៏​ដូចជា​រដ្ឋាភិបាល​បស្ចិម​ប្រទេស​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ការ​ឃុំខ្លួន​អ្នក​លក់​សៀវភៅ​ជា​ច្រើន​នាក់​ថ្មីៗ​នេះ​ក្នុង​ក្រុង​ហុងកុង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​បញ្ហា​នេះ​ក៏​ត្រូវ​បានអ្នក​សារព័ត៌​មាន​លើក​ឡើង​នៅ​ក្នុង​សំណួរ​របស់​នាង​ដែរ។ ក្រុម​អ្នក​រិះគន់​ក្នុង​ប្រទេស​ចិន​ និង​រដ្ឋា​ភិបាល​បស្ចិម​ប្រទេស​ក៏បាន​លើក​ឡើង​ពីការ​ព្រួយ​បារម្ភ​លើការ​ចាប់​សកម្មជន​នានា​ក្នុង​ប្រទេស​ថៃ​និង​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ។

រដ្ឋា​ភិបាល​រារាំង​សកម្ម​ជន​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​ដើម្បី​និយាយ​អំពី​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន។

អ្នក​ស្រី​ Cao Shunli​ ​ជា​សកម្មជន​ជន​ជាតិ​ចិន​ដែល​បាន​ព្យាយាម​ចូល​រួម​ក្នុង​ការ​កិច្ច​ប្រជុំ​ស្តី​អំពី​ការ​ពិនិត្យ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន​នៅ​អង្គការ​សហ​ប្រជាជាតិ។ អ្នក​ស្រី​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហ្សឺណែវ​ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​និង​ហាម​ប្រាម​មិន​ឲ្យ​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព។​ អ្នកស្រី​ក៏បាន​ស្លាប់​នៅ​ក្នុង​ខែ​មីនា​ ក្នុង​ឆ្នាំ២០១៤។

អ្នក​ស្រី​ Eve និយាយ​ថា៖ «រដ្ឋាភិបាល​មាន​គោល​ការណ៍​រួម​មួយ​ដើម្បី​រារាំង​ពលរដ្ឋ​ចិន​មិន​ឲ្យ​បញ្ចេញ​មតិ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន​ តាមរយៈការ​ព្យាយាម​គ្រប់គ្រង​ការ​អធិប្បាយ​លើ​បញ្ហា​នេះ»។

ការ​បំភិត​បំភ័យ​ និង​ការ​រឹតត្បិត

នៅ​ដើម​ខែ​មិថុនា​នេះ​ គឺ​ជា​ខួបលើកទី​២៧​ នៃ​ការ​បង្រ្កាប​ដោយ​បង្ហូរ​ឈាម​លើ​ហ្វូង​បាតុករ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ទីលាន​ Tiananmen ក្នុង​ប្រទេស​ចិន​។ គ្មាន​អ្នក​ណា​ដឹង​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ស្លាប់​នៅ​យប់​ថ្ងៃទី​៣​និង​ទី​៤ ខែ​មិថុនា​ ឆ្នាំ​១៩៨៩​ នោះ​ទេ ប៉ុន្តែ​តួលេខ​ដែល​ក្រុម​ការពារ​សិទ្ធិមនុស្ស​បាន​ប៉ាន់ស្មាន​ និង​តាម​ការ​អះអាង​របស់​សាក្សី​ បាន​កំណត់​ចំនួន​នោះ​ថា​ បើ​សិន​ជា​មិន​ដល់​រាប់​ពាន់​នាក់​នោះ​ ក៏​មាន​រាប់​រយ​នាក់​ដែរ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ ឪពុក​ម្តាយ​របស់​ជន​ដែល​បាន​ស្លាប់​ទាំង​នោះដែល​គេ​ស្គាល់​ថា​ជា​«មាតា Tiananmen» ​ បាន​ទទូច​ស្នើ​សុំ​រឿង​ចំនួន​៣ ​រួមមាន​ ការពិត​ ការ​ទទួល​ខុសត្រូវ​ និង​សំណង។

ក៏ប៉ុន្តែ រដ្ឋាភិបាល​បាន​ច្រាន​ចោល​ម្តង​ហើយ​ម្តង​ទៀត​ ហើយ​បាន​ព្រងើយ​កន្តើយ​ចំពោះ​ការ​ស្នើ​សុំ​នោះ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា​ កន្លងទៅ​នេះ​ ក្រុម​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយនិយាយ​អំពី​បទ​ពិសោធន៍​ពួក​គេ​ជួប​ប្រទះខណៈដែលពួក​គេ​បាន​ស្វះ​ស្វែងរក​សំណង​ដោយពណ៌នា​ថា រយៈ​កាល​២៧​ឆ្នាំ​នេះ​គឺ​«ជា​ស្ថានភាពគួរ​ឲ្យ​ភ័យ​ខ្លាច​ និង​ពោរ​ពេញ​ទៅ​ដោយ​ការ​រឹត​ត្បិត»។

សេចក្តី​ថ្លែង​ការ​ណ៍​នោះ​បានសរសេរ​ថា៖ «អស់​រយៈ​ពេល​២៧​ឆ្នាំ​ហើយ​ មាន​តែ​ក្រុម​ប៉ូលិស​ទេ​ដែល​ជា​អ្នក​ជួប​ដោះ​ស្រាយ​ជាមួយ​ពួក​យើង។ អស់​រយៈ​ពេល​២៧​ឆ្នាំ​មក​នេះ​ ​ក្រុម​ប៉ូលិសក៏បាន​ក្លាយ​ជា​ភ្ញៀវ​មក​លេង​ផ្ទះ​យើង​ជា​ញឹក​ញាប់​ដែរ»។

«យើង​ដែល​ជា​គ្រួសារ​របស់​ជន​រងគ្រោះ​ ត្រូវ​បាន​គេ​លប​លួច​ស្តាប់​ការណ៍​សម្ងាត់​ និង​ឃ្លាំ​មើល​ដោយ​ពួក​ប៉ូលិស យើង​ត្រូវ​បាន​គេ​តាមដាននិង​ត្រូវ​បាន​គេ​ឃុំឃាំង​ ហើយ​កុំព្យូទ័រ​របស់​យើង​ត្រូវ​បាន​គេ​ឆែក​មើល​ និង​រឹប​អូស​យក»។

សមាជិក​នៃ​ក្រុម​នេះ​បាន​កត់​សម្គាល់​ថា​ ការ​លួច​ឃ្លាំ​មើល​និង​ការ​ត្រួត​ពិនិត្យ​ដិតដល់​មាន​សភាព​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​អំឡុងកាល​បរិច្ឆេទ​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​ ជា​ពិសេស​នៅ​ថ្ងៃ​ខួប​នៃ​ការ​បង្ក្រាប​នោះ។

​ក្នុង​សេចក្តី​ថ្លែងការ​នោះ​ដែរ​ ក្រុម​នេះ​បាន​បន្ថែម​ថា​ ការ​ទៅ​សាក​សួរ​សុខ​ទុក្ខ​លោក​ស្រី Ding Zilinមាន​វ័យ​៧៩​ឆ្នាំ​ ដែល​ជា​ស្ថាបនិក​នៃ​ក្រុមនេះ និង​ជា​អតីត​សាស្ត្រា​ចារ្យ​សាកល​វិទ្យាល័យ​ ក៏​ត្រូវ​បាន​រឹត​បន្តឹង​ ហើយ​អាច​ចូល​សាក​សួរ​សុខ​ទុក្ខ​លោក​ស្រី​ម្តង​ម្នាក់​តែ​ប៉ុណ្ណោះ​ ហើយ​ការ​សួរ​សុខទុក្ខ​នេះ​អាច​ធ្វើ​បាន​បន្ទាប់​ពីមាន​ការ​យល់​ព្រម​ពី​ការិយា​ល័យ​សន្តិសុខ​សាធារណៈ​របស់​ក្រុង​ប៉េកាំង៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG