សង្គ្រាមពាក្យសម្តី រវាងចិន និងតៃវ៉ាន់លើវិធីដែលភាគីទាំងពីរគួរតែដោះស្រាយលើជនជាប់ចោទពីបទឆបោកតាមទូរគមនាគមន៍ ដែលបានយកពលរដ្ឋចិនជាគោលដៅ បានក្លាយបញ្ហានយោបាយ។
ប៉ុន្តែ លើសពីរឿងនយោបាយទៅទៀត ក្រុមអ្នកវិភាគនិយាយថា ករណីនេះបង្ហាញពីគម្លាតនៃភាពខុសគ្នារវាងប្រព័ន្ធច្បាប់របស់ភាគីទាំងពីរ និងបង្ហាញអំពីសារៈសំខាន់ និងតម្រូវការក្នុងការសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកបែបនេះ។
សង្គ្រាមពាក្យសម្តីនេះបានចាប់ផ្តើមកាលពីប៉ុន្មានសប្តាហ៍កន្លង នៅពេលដែលអាជ្ញាធរនៅក្នុងប្រទេសកេនយ៉ា បានអនុញ្ញាតឲ្យអាជ្ញាធរចិនចាប់បញ្ជូនពលរដ្ឋតៃវ៉ាន់ជាង៤០នាក់ ត្រឡប់ទៅប្រទេសចិនវិញទាំងបង្ខំ។ ពលរដ្ឋតៃវ៉ាន់ទាំងនោះ ត្រូវបានតុលាការដោះលែងឲ្យរួចខ្លួននៅក្នុងប្រទេសកេនយ៉ា ក្នុងការធ្វើជំនួញពាក់ព័ន្ធនឹងទូរគមនាគមន៍ ដោយគ្មានអាជ្ញាប័ណ្ណ ហើយពួកគេនឹងត្រូវបញ្ជូនទៅប្រទេសកំណើតវិញ ក៏ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេត្រូវបានគេបញ្ជូនទៅប្រទេសចិនទៅវិញ។
អាជ្ញាធរក្នុងក្រុងប៉េកាំងមិនបាននិយាយអ្វីច្រើនទេ អំពីវិធីដែលមនុស្សទាំងនោះនឹងត្រូវកាត់ទោស ហើយបានបដិសេធឆ្លើយតបលើសំណើរបស់តៃវ៉ាន់ដើម្បីចូលជួបជនសង្ស័យទាំងនោះ។
ជនសង្ស័យពីបទឆបោកពីររូបដែលមានឈ្មោះថា Chien និង Liu ត្រូវបានគេដកស្រង់សម្តី ឬផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍របស់រដ្ឋ ដែលមានលក្ខណៈហាក់ដូចជាការសារភាពដោយមានការបង្ខិតបង្ខំ គឺតាំងពីមុនពេលដែលពួកគេត្រូវបានគេចោទប្រកាន់ ឬមុនពេលពួកគេត្រូវបានជំនុំជម្រះក្តី។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលក្រុមជនសង្ស័យមួយទៀតត្រូវបានចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី តៃវ៉ាន់បានព្យាយាមយកពួកគេត្រឡប់មកកោះនេះវិញ។ បន្ទាប់ពីជនទាំងនេះ ត្រូវបានបញ្ជូនទៅក្រុងតៃប៉ិវិញ ពួកគេត្រូវបានគេដោះលែងដោយសារខ្វះភស្តុតាងដាក់បន្ទុក ដែលនេះបានធ្វើឲ្យអាជ្ញាធរចិនកាន់តែមិនសប្បាយចិត្ត។
កាសែត Global Times ដែលជាកាសែតដ៏ល្បីគាំទ្រដោយបក្សកុម្មុយនិស្ត បានប្រតិកម្មយ៉ាងកម្រោលចំពោះការសម្រេចចិត្តរបស់ម៉ាឡេស៊ីក្នុងការបញ្ជូនជនសង្ស័យឆបោកសញ្ជាតិតៃវ៉ាន់ទៅឲ្យរដ្ឋាភិបាលក្រុងតៃប៉ិនេះ។
នៅក្នុងអត្ថបទបញ្ចេញមតិចំៗមួយ កាសែត Global Times បានរិះគន់ពីរបៀបដែលជនសង្ស័យត្រូវបានដោះលែងដោយសារតែការខ្វះភស្តុតាង តែប៉ុន្មានម៉ោងបន្ទាប់ពីពួកគេបានត្រឡប់មកដល់តៃវ៉ាន់វិញ។ កាសែតនេះ និយាយថា សកម្មភាពរបស់អាជ្ញាធរបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធច្បាប់របស់តៃវ៉ាន់ចុះអាប់ឱន។
បទវិចារណកថារបស់កាសែតនេះសរសេរថា៖ «សំណុំរឿងមួយនៅតុលាការដែលគួរតែផ្តោតលើការពិត ត្រូវបានប្រែក្លាយទៅជារឿងនយោបាយនៅទូទាំងតំបន់។ បន្ទាប់ពីត្រូវបានដោះលែង ជនសង្ស័យបានទាំងទះដៃអបអរសាទរកោះតៃវ៉ាន់ ចំពោះសិទ្ធិមនុស្សរបស់កោះនេះ»។
ជនរងគ្រោះចិនផ្ទាល់ថែមទាំងបានចោទប្រកាន់តៃវ៉ាន់ពីការការពារជនល្មើសទៀតផង។
កូនស្រីរបស់ជនរងគ្រោះម្នាក់បានប្រាប់សារព័ត៌មាន CCTV របស់រដ្ឋថា៖ «ខ្ញុំបានឮពីសារព័ត៌មានថា ពួកឆបោកជនជាតិតៃវ៉ាន់ទាំងនោះត្រូវបានគេចាប់ខ្លួន ដែលធ្វើឲ្យខ្ញុំបានធូរចិត្តខ្លះ។ ប៉ុន្តែ ឥឡូវ យើងបានដឹងថា អ្នកខ្លះដែលត្រូវបានបញ្ជូនទៅកោះតៃវ៉ាន់វិញនោះ បានរួចខ្លួនហើយ»។
«តៃវ៉ាន់កំពុងការពារ និងកំពុងលើកទឹកចិត្តជនល្មើស។ ស្ថិតក្នុងស្ថានភាពបែបនេះ នឹងមានជនរងគ្រោះថែមទៀតដែលនឹងចាញ់បោកពួកគេ»។
ជនរងគ្រោះម្នាក់ទៀតវ័យ ៨១ ឆ្នាំ ក៏បានយល់ស្របនឹងគំនិតនេះដែរ។
ជនរងគ្រោះឈ្មោះ Wu បានប្រាប់សារព័ត៌មាន CCTV ថា៖ «ពួកគេបានល្មើសច្បាប់។ ហេតុអ្វីបានជាពួកគេត្រូវបានដោះលែង? នេះមិនគួរត្រូវអត់ឱនឲ្យទេ។ រឿងនេះមិនយុត្តិធម៌សោះ»។
តែទោះជាយ៉ាងណា ការបង្ហាញចម្លើយសារភាពរបស់ជនរងគ្រោះ និងជនសង្ស័យ ក៏ដូចជារបាយការណ៍ដ៏វែងរបស់ទូរទស្សន៍នេះ មិនបានបង្ហាញពីភស្តុតាង ឬទំនាក់ទំនងគ្នារវាងករណីទាំងនោះ និងអ្នកដែលត្រូវបានចាប់ខ្លួននោះទេ។
ជនសង្ស័យម្នាក់ឈ្មោះ Liu បានសារភាពថា គាត់បានធ្វើការដោយទទួលបានប្រាក់កម្រៃជើងសារ២ទៅ៣ភាគរយ បន្ថែមទៅលើប្រាក់ខែក្រោម១.០០០ដុល្លាររបស់គាត់។ ម្តាយរបស់ Liu បានផ្តល់សក្ខីកម្ម និងអះអាងថា កូនប្រុសរបស់ខ្លួន មិនមានទោសកំហុសអ្វីទេ យោងទៅតាមច្បាប់តៃវ៉ាន់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបាននិយាយថា យ៉ាងហោចណាស់ក៏មានជនសង្ស័យខ្លះបានទូរស័ព្ទទៅពលរដ្ឋចិន ហើយបានបន្លំធ្វើជារដ្ឋអាជ្ញា ដោយទាមទារឲ្យបង់ប្រាក់សម្រាប់បទល្មើស ឬការរំលោភបំពានច្បាប់ ដោយបានគំរាមថានឹងដាក់ពន្ធនាគារចំពោះអ្នកដែលមិនបង់ប្រាក់ឲ្យពួកគេ។ ជនរងគ្រោះត្រូវបានប្រាប់ឲ្យផ្ទេរប្រាក់ចូលក្នុងគណនីមួយដើម្បីលាងឈ្មោះរបស់ពួកគេពីបទល្មើសទាំងនោះ។
នៅតៃវ៉ាន់ មនុស្សជាច្រើនបានហៅការបញ្ជូនពលរដ្ឋតៃវ៉ាន់ជាង៤០នាក់ ទៅចិនដីគោកទាំងបង្ខំថាជា «ការចាប់ពង្រត់មនុស្សដោយខុសច្បាប់»។ ទោះជាយ៉ាងណាក៏ដោយ អត្ថបទរបស់កាសែត Global Times បានប្រតិកម្មថា ការដោះលែងជនសង្ស័យដោយតៃវ៉ាន់ បង្ហាញពីផ្នែកដ៏អាក្រក់មួយនៃនយោបាយរបស់តៃវ៉ាន់។
លោក Chiu Tai-san រដ្ឋមន្រ្តីផ្នែកយុត្តិធម៌ ដែលតែងតាំដោយរដ្ឋាភិបាលរបស់គណបក្សកាន់តំណែងថ្មីនិយាយថា លោកពិតជាមិនយល់ស្របជាមួយនឹងការវាយតម្លៃបែបនេះទេ។
លោក Chiu និយាយថា៖ «ឧប្បត្តិហេតុនេះ បានបង្ហាញពីគម្លាតនៃភាពខុសគ្នានៃច្បាប់ និងការការពារលើសិទ្ធិរបស់ជនលើ្មស រវាងតៃវ៉ាន់ និងចិន»។
លោកនិយាយថា ជាឧទាហរណ៍ តៃវ៉ាន់គោរពគោលការណ៍សន្មតថាគ្មានទោសមុនពេលអ្នកណាម្នាក់ត្រូវបានរកឃើញថាមានទោស ហើយមេធាវីគួរតែមានវត្តមាននៅពេលសួរចម្លើយជនល្មើស ដែលទាំងនេះជាដំណើរការ និងការអនុវត្តន៍ត្រឹមត្រូវ ហើយចិនជារឿយៗមើលរំលងរឿងទាំងនេះ។
លោកបានបន្ថែមថា៖ «សរុបទៅ នៅក្នុងករណីណាមួយក៏ដោយ គ្មានប្រទេសណាមួយគួរតែ ឬនឹងបោះបង់យុត្តាធិការឬដែនសមត្ថកិច្ចរបស់ខ្លួនឡើយ លើការកាត់ទោសជនជាតិខ្លួនដែលបានបំពានច្បាប់នៅក្នុងស្រុក ឬនៅបរទេស។ បើមិនដូច្នេះទេ វានឹងបង្កើតឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងក្នុងការកំណត់ទោសទៅលើអ្នកទាំងនោះ»។
កាលពីខែវិច្ឆិកាឆ្នាំមុន ប្រទេសចិន បានចាប់ផ្តើមយុទ្ធនាការមួយដើម្បីបង្រ្កាបការឆបោកតាមទូរគមនាគមន៍ ដែលជាអំពើមួយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាននិយាយថា ជាបទល្មើសដែលមានការកើនឡើងយ៉ាងខ្លាំង។ យោងតាមការប៉ាន់ស្មានផ្លូវការ ការឆបោកតាមទូរស័ព្ទ បានធ្វើឲ្យបាត់បង់ថវិកាចំនួន១ពាន់៥០០លាន (១.៥ប៊ីលានដុល្លារ) ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
របាយការណ៍ជាភាសាអង់គ្លេសរបស់កាសែត China Daily បានចេញផ្សាយកាលពីខែកុម្ភៈ ដោយមិនមានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។ កាសែតនេះបានសរសេរថា ប្រទេសចិនបានចាប់ខ្លួនជនសង្ស័យជាង ៩.៤០០នាក់ ចាប់តាំងពីយុទ្ធនាការនោះបានចាប់ផ្តើម។ របាយការណ៍នេះបានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងអស់ មានជនសង្ស័យ៩៥០នាក់ ត្រូវបានចាប់ខ្លួននៅក្រៅប្រទេស ដោយមានកិច្ចសហការពីអាជ្ញាធរនៅក្នុងប្រទេសកម្ពុជា ថៃ ឡាវ និងម៉ាឡេស៊ី។
លោក Chiu បាននិយាយថា នេះហើយជាមូលហេតុដែលការធ្វើកិច្ចសហការគ្នាមានសារៈសំខាន់ខ្លាំងណាស់។
លោក Chiu និយាយថា៖ «នៅពេលដែលមានការសហការគ្នាកាន់តែជិតស្និទរវាងតៃវ៉ាន់ និងចិន ពេលនោះ នឹងមានឱកាសកាន់តែច្រើនក្នុងការកម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែន និងធ្វើឲ្យយុត្តិធម៌កើតមានឡើង ស្របពេលដែលមានការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ សម្រាប់រដ្ឋាភិបាលទាំងពីរ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ