ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​ការ​តម្រូវ​ឲ្យ​មាន​ការ​ពិភាក្សា​បន្ថែម​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ជំនួប​អាមេរិក-ចិន


ប្រធានាធិបតី​ចិន​ លោក Xi Jinping (ស្តាំ) ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ John Kerry និង​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​អាមេរិក​ Jack Lew ក្នុង​កិច្ច​ពិភាក្សា​រួម​គ្នា​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ទាំង​ពីរ កាល​ពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ២០១៦ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

ជា​រៀង​រាល់ឆ្នាំ​ ប្រទេស​ចិន​និង​ស.រ.អា.​ធ្វើ​កិច្ច​ចរចា​កម្រិត​ខ្ពស់​ដ៏​ទូលំ​ទូលាយ​ដែល​មាន​គោលដៅ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ចាប់​តាំង​ពី​ភាព​តាន​តឹង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ឬ​នៅលើ​ឧបទ្វីប​កូរ៉េ​ រហូត​ដល់​ឧបសគ្គ​នៃ​ការ​បណ្តាក់​ទុន។

ពួក​មន្ត្រី​ស.រ.អា.​បាន​និយាយ​ថា​ កិច្ចចរចា​ទាំង​នេះ​ប្រៀប​ដូចជា​ប្រដាប់​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​មួយ​ដែល​ជា​ទ្រនាប់​នៃ​ទំនាក់​ទំនង​ធំ​ទូលាយ​ជាង​មុន​ហើយ​ក៏​ជា​របៀប​ទប់​ទល់​កុំ​ឱ្យ​មាន​ការ​រខិតទៅ​រក​ភាព​សៅ​ហ្មង​ជា​មួយ​គ្នា​ផង​ដែរ។​

ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្រុម​ការពារ​សិទ្ធិមនុស្ស​និង​ពួក​សកម្មជន​បាន​និយាយ​បង្ហាញ​ហេតុផល​ថា​ មានប្រធាន​បទ​មួយ​ដែល​អាច​នាំ​ឱ្យ​មានការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​មុន​នៅ​ក្នុង​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​ នោះ​គឺ​បញ្ហា​សិទ្ធិមនុស្ស។​

នៅ​មុន​ការ​ប្រជុំ​នៅ​ឆ្នាំ​នេះ​ចាប់​ផ្តើម​ធ្វើ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​និង​ក្រុម​ការពារ​សិទ្ធិមនុស្ស​៩​ក្រុម​ទៀត​បាន​បញ្ជូន​លិខិត​រួម​គ្នា​មួយ​ច្បាប់ជូន​ទៅ​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry ​និង​លោក ​Jack Lew​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា.​ ដោយ​បាន​អំពាវ​នាវ​ឱ្យ​មាន​វិធានការ​អំពី​បញ្ហា​នេះ។​

លិខិត​នេះ​បាន​កត់​សម្គាល់​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែល​ស.រ.អា.​ដែល​បាន​ធ្វើរួច​ហើយ​ដើម្បី​ដោះស្រាយ​អ្វី​ដែល​សំបុត្រ​នេះ​ហៅ​ថា​«ការ​ចុះថម​ថយ​ខាង​សិទ្ធិមនុស្ស»​និង​ខាង​វិធាន​នៃ​ច្បាប់​ដែល​មាន​ប្រមូល​ជា​ឯកសារ​ចាប់​តាំង​ពី​លោក ​Xi Jinping ​បាន​ក្លាយ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ចិន។ ការណ៍​នេះ​មានរួម​បញ្ចូល​ការ​កោះ​ហៅ​ប្រទេស​ចិន​ឱ្យ​ឆ្លើយ​នៅ​ក្នុង​ការ​ប្រជុំ​នៃក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អ.ស.ប.​ក្នុង​ខែ​មីនា​អំពី​ប្រវត្តិ​សិទ្ធិមនុស្ស​របស់​ខ្លួន។

ក្រុម​ទាំង​នេះ​បាន​សុំ​ថា ​នៅ​ក្នុងការ​ប្រជុំ​ទាំង​នេះ​ ពួក​មន្ត្រី​ស.រ.អា.​មិន​គួរ​និយាយ​តែ​អំពី​ករណី​ពិសេស​នៃ​កង្វល់​ទេ​ ក៏​ប៉ុន្តែ​គួរ​ជួប​ជាមួយ​ពួក​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​ពួក​អ្នក​តំណាង​នៃ​សង្គម​ស៊ីវិល​នៅ​ក្នុង​ការ​ប្រជុំ​ទាំង​នោះ​ផង​ដែរ ​ដូច​ដែល​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ​បាន​ធ្វើ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​វៀតណាម៕

XS
SM
MD
LG