ក្រុមមន្រ្តីក្នុងទីក្រុងប៉េកាំង ត្រូវគេរំពឹងនឹងយកប្រាក់មកពីប្រភពនានាដែលមិនមែនសម្រាប់វិស័យការពារប្រទេសនៅឆ្នាំនេះទៅពង្រឹងការត្រួតត្រាខាងយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងមានជម្លោះ បន្ទាប់ពីសំណើកាត់បន្ថយការចំណាយខាងការពារប្រទេសផ្លូវការ។
ចិននឹងបង្កើនការចំណាយខាងការពារប្រទេសចំនួន7,5ភាគរយនៅឆ្នាំនេះ។ នេះតាមពង្រាងរបាយការណ៍ថវិកាដែលបានបញ្ជូនទៅកាន់សម័យប្រជុំសមាជជាតិរបស់ប្រជាជនចិនកាលពីថ្ងៃអង្គារ។ ការបង្កើននេះ នឹងធ្វើឲ្យការចំណាយឡើងទៅដល់ 177,6ពាន់លានដុល្លារ។ ថវិកាបានកើនឡើង 8,1 ភាគរយកាលពីឆ្នាំទៅ។
អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ខាងនាវាចរណ៍ជឿថា ស្របទៅតាមការអនុវត្តកាលពីអតីតកាល រដ្ឋាភិបាលនឹងការពារហើយអាចពង្រីកវត្តមានយោធាដ៏ខ្លាំងរបស់ខ្លួនរួចទៅហើយនៅក្នុងសមុទ្រចិនខាងត្បូង ដោយការទាញបណ្តាក្រសួងស៊ីវិលហើយថែមទាំងក្រុមហ៊ុនឯកជនចិនទៀតឲ្យចូលរួម។
ចិនបានទាមទារប្រហែល៩០ភាគរយនៃសមុទ្រដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េដោយចាប់តាំងពីកោះហុងកុងទៅដល់កោះ Borneo។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាម ក៏បានទាមទារសមុទ្រដូចគ្នាទាំងអស់ឬមួយផ្នែកដែរ។
ការប្រើប្រាស់នាវានិងយន្តហោះចំបាំងរបស់ចិននៅក្នុងផ្ទៃទឹកមានការប្រទាញប្រទង់គ្នា បានធ្វើឲ្យប្រទេសទាមទារផ្សេងទៀតមានការខឹងសម្បារចាប់តាំងពីឆ្នាំ២០១០ ដែលបណ្តាលឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ជូននាវារបស់ខ្លួនទៅកាន់សមុទ្រនោះជាការកំញ៉ើញ។
លោក Oh Ei Sun ជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិនៃប្រទេសសឹង្ហបូរី បាននិយាយថា៖ «ការវាតទីរបស់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូងជាការខំប្រឹងប្រែងយ៉ាងខ្លាំងមួយ។ ការវាតទីនេះទាក់ទិននឹងយោធា ក៏ប៉ុន្តែ វាក៏ពាក់ព័ន្ធនឹងផ្នែកឯកជនផងដែរ»។
លោកបាននិយាយទៀតថា «ដូច្នេះ លោកអ្នកអាចមើលឃើញការធ្លាក់ចុះក្នុងសកម្មភាពយោធា និងប្រហែលថែមទាំងទីតាំងយោធាទៀតផង ក៏ប៉ុន្តែការប្រឹងប្រែងដើម្បីទាមទារផ្នែកដ៏ធំមួយនៃសមុទ្រចិនខាងត្បូងដើម្បីធ្វើជារបស់ខ្លួនឯង ខ្ញុំគិតថា វានឹងនៅបន្ត»៕