ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុអ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​មិន​គួរ​លក់​សព្វាវុធ​ឲ្យ​​ហ្វីលីពីន?


ប្រធានាធីបតី​ហ្វីលីពីន Rodrigo Duterte (ឆ្វេង)​ស្វាគមន៍​រដ្ឋមន្រ្តី​ការ​បរទេស​ Mike Pompeo នៅពេល​មកដល់​បន្ទាយ​អាកាស​ Villamor ទីក្រុង Pasay ភាគ​អាគ្នេយ៍​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីនកាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រធានាធីបតី​ហ្វីលីពីន Rodrigo Duterte (ឆ្វេង)​ស្វាគមន៍​រដ្ឋមន្រ្តី​ការ​បរទេស​ Mike Pompeo នៅពេល​មកដល់​បន្ទាយ​អាកាស​ Villamor ទីក្រុង Pasay ភាគ​អាគ្នេយ៍​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីនកាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ហ្វីលីពីន​បាន​និយាយ​ថា ប្រទេស​របស់​លោក​ចង់​ទិញ​សព្វាវុធ​ពី​សហរដ្ឋ​អាមេរិក ដើម្បី​បង្កើន​ការ​ការពារ។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ហ្វីលីពីន​បាន​និយាយ​ថា ប្រទេស​របស់​លោក​ចង់​ទិញ​សព្វាវុធ​ពី​សហរដ្ឋ​អាមេរិក ដើម្បី​បង្កើន​ការ​ការពារ។

ប៉ុន្តែ ទោះបីជា​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ​ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​ក្នុង​រយៈពេល ៧០ឆ្នាំ​កន្លង​មក​ក៏​ដោយ ក៏​តម្លៃ និង​ក្ដី​បារម្ភ​ច្រើន​ផ្នែក​សន្តិសុខ​នឹង​ធ្វើ​ឲ្យ​រឿង​សព្វាវុធ​នេះ​ពិបាក​សម្រេច​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​ផ្នែក​កិច្ចការ​អាស៊ី​មួយ​ចំនួន។

រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោក Teodoro Locsin បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ពិភាក្សា​គ្នា​អំពី «ការ​គាំទ្រ​ដ៏​សំខាន់‍» របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ធ្វើ​ទំនើបកម្ម​យោធា​ហ្វីលីពីន។

លោក​បាន​បន្ថែម​ថា ការ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក ‍«គួរ​ផ្ដោត​លើ​ការ​ការពារ​ដៃគូ​របស់​ខ្លួន​ទាំង​ពី​ក្រោយ ក៏​ដូចជា​ពី​មុខ»។

ក្រោយ​មក លោក Locsin បាន​សរសេរ​នៅ​លើ Twitter ថា លោក​សង្ឃឹម​ថា រដ្ឋាភិបាល​អាមេរិក​នឹង​លក់​សព្វាវុធ​ឲ្យ​ហ្វីលីពីន​ដើម្បី «ផ្គត់ផ្គង់​អាវុធ​ថ្មីៗ​ដល់​យោធា​ហ្វីលីពីន‍» ក្នុង​ការ​ការពារ​ខ្លួន។

ប៉ុន្តែ អ្នក​ជំនាញ​នានា​អះអាង​ថា រដ្ឋាភិបាល​ហ្វីលីពីន​ប្រហែល​ជា​គ្មាន​សមត្ថភាព​ចាត់ចែង​ប្រព័ន្ធ​សព្វាវុធ​ទំនើប​ដ៏​ស្មុគស្មាញ​នេះ​ទេ រី​ឯ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​វិញ​ប្រហែល​ជា​ព្រួយ​បារម្ភ​ថា ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ប្រហែល​ជា​អាច​ប្រើ​អាវុធ​ទាំង​នេះ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក។

សម្រាប់​លោក Duterte វិញ លោក​ប្រហែល​ជា​មិន​ចង់​បាន​គ្រឿង​សព្វាវុធ​ថ្មី​ណា​មួយ​របស់​សហរដ្ឋ​អាមេរិក ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រយៈពេល ៣ ឆ្នាំ​កន្លង​មក ជាមួយ​នឹង​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​ភាព​ខុស​គ្នា​ផ្ទាល់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក នោះ​ទេ។

លោក Collin Koh អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «មាន​បញ្ហា​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​ទទួល​យក​សព្វាវុធ​ទាំង​នេះ។ ទី​មួយ​គឺ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ ហើយ​ទី​ពីរ​គឺ​បញ្ហា​ថវិកា​មាន​កំណត់ និង​មួយ​ទៀត​គឺ​បញ្ហា​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ។ ដូច្នេះ សម្រាប់​ផ្នែក​ខ្លះ វា​ដាក់​កំហិត​ដល់​កង​កម្លាំង​យោធា​របស់​ប្រទេស​ហ្វីលីពីន‍»។

ភាព​ស្មុគស្មាញ​ផ្នែក​នយោបាយ

ច្បាប់​គ្រប់គ្រង​ការ​នាំ​ចេញ​អាវុធ​របស់​សហរដ្ឋ​អាមេរិក ដែល​គ្រប់គ្រង​លើ​ការ​លក់​អាវុធ​ទៅ​បរទេស គឺ​ជា​អ្វី​ដែល​អ្នក​ប្រឹក្សា​ផ្នែក​នយោបាយ​ម្នាក់​ហៅ​ថា​ជា «ស្ថានភាព​គ្រោះថ្នាក់​នៃ​ភាព​ស្មុគស្មាញ និង​ភាព​ត្រឹមត្រូវ​តាម​ច្បាប់‍» សម្រាប់​រឿង​លក់​អាវុធ​ឲ្យ​ហ្វីលីពីន​នេះ។

អ្នក​សិក្សា​ស្រាវជ្រាវ​នានា​បាន​និយាយ​ថា ដោយសារ​មូលហេតុ​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​លក់​សព្វាវុធ​ជឿនលឿន​ថ្មី​របស់​ខ្លួន ដូចជា​យន្តហោះ​ចម្បាំង​ជា​ដើម ទៅ​ឲ្យ​សម្ព័ន្ធមិត្ត​យូរ​អង្វែង​របស់​ខ្លួន​ដូចជា​ប្រទេស​អូស្ត្រាលី សិង្ហបុរី និង​កោះ​តៃវ៉ាន់​ជា​ដើម។

សម្ព័ន្ធមិត្ត​ទាំង​នោះ​ស្គាល់​អំពី​ច្បាប់​នេះ និង​បាន​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​សព្វាវុធ​ថ្មី ប៉ុន្តែ​មិន​យក​អាវុធ​ទាំង​នោះ​ទៅ​ប្រឆាំង​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ។

ពេល​ខ្លះ ការ​លក់​ទាំង​នេះ​ធ្វើ​ឲ្យ​ប្រទេស​ចិន​មួម៉ៅ ស្រប​ពេល​ដែល​យោធា​ជើង​ទឹក​របស់​ចិន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ ថ្នាក់​ដឹកនាំ​ចិន​បាន​ស៊ាំ​ជាមួយ​នឹង​បណ្ដា​សម្ព័ន្ធ​មិត្ត​ដដែលៗ​របស់​សហរដ្ឋ​អាមេរិក​ទាំង​នេះ​ទៅ​ហើយ។

យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក Duterte ប្រហែល​ជា​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​មន្ទិល​សង្ស័យ​ទាក់ទិន​នឹង​បញ្ហា «សិទ្ធិ​មនុស្ស‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Eduardo Araral សាស្ត្រាចារ្យ​មហា​វិទ្យាល័យ​គោល​នយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី។ អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​អះអាង​ថា ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀន​ហ្វីលីពីន​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក្រៅ​នីតិវិធី​តុលាការ។

ប្រទេស​ចិន​សង្ឃឹម​ថា ប្រទេស​ហ្វីលីពីន ដែល​ជា​គូ​ប្រជែង​របស់​ខ្លួន​នៅ​ក្នុង​ការ​ទាមទារ​អធិបតេយ្យភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នឹង​ដក​ខ្លួន​ពី​សហរដ្ឋ​អាមេរិក ដែល​ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​រវាង​ចិន និង​ហ្វីលីពីន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​សន្យា​របស់​ចិន​កាល​ពី​ឆ្នាំ ២០១៦ នៅ​ក្នុង​ការ​ផ្ដល់​ថវិកា​ចំនួន ២៤ ពាន់​លាន​ដុល្លារ សម្រាប់​ជំនួយ និង​ការ​វិនិយោគ​ផង​ដែរ។

លោក Araral បាន​និយាយ​ថា៖ «ប្រសិនបើ​អ្នក​លក់​នាវា​មួយ ឬ​ពីរ​គ្រឿង​ឲ្យ​ប្រទេស​ហ្វីលីពីន ហើយ​ប្រទេស​ហ្វីលីពីន​ទិញ​វា តើ​វា​ជា​សារ​អ្វី​ដែល​បង្ហាញ​ដល់​ចិន? គឺ​វា​ចង់​បង្ហាញ​ថា ហ្វីលីពីន​ជា​អ្នក​ជិត​ខាង និង​ជា​ដៃគូ​មិន​ស្មោះត្រង់ និង​មិន​គួរ​ឲ្យ​ជឿ​ទុកចិត្ត។ សម្រាប់​ប្រទេស​ហ្វីលីពីន​វិញ អ្នក​ប្រាកដ​ជា​មិន​ចង់​បញ្ជូន​សារ​ខុស​ទៅ​ឲ្យ​ប្រទេស​ចិន​នោះ​ទេ‍»។

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មានតែ​ប្រទេស​សិង្ហបុរី​ប៉ុណ្ណោះ​ដែល​មាន​គោល​នយោបាយ​ច្បាស់លាស់​នៅ​ក្នុង​ការ​ទិញ​សព្វាវុធ​ពី​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Carl Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកលវិទ្យាល័យ New South Wales នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

ប្រទេស​សិង្ហបុរី​បាន​ទិញ​យន្តហោះ​ចម្បាំង​ល្បឿន​លឿន ឧទ្ធម្ភាគចក្រ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ពី​សហរដ្ឋ​អាមេរិក។

លោក Carl Thayer បាន​កត់​សម្គាល់​ថា មន្ត្រី​នៅ​ក្នុង​ប្រទេស​វៀតណាម​មាន​បំណង​ទិញ​អាវុធ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មាន​ការ​ភ័យ​ខ្លាច​ថា សហរដ្ឋ​អាមេរិក​អាច​បដិសេធ​មិន​លក់​ឲ្យ។

លោក Carl Thayer បាន​បន្ថែម​ថា សមាជិក​សភា​អាមេរិកាំង​នានា​ប្រហែល​ជា​មាន​ការ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​ហ្វីលីពីន​អាច​ប្រើ​អាវុធ​ទាំង​នេះ «ដោយ​គ្មាន​ការ​ពិចារណា​ត្រឹមត្រូវ»។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «លើកលែង​តែ​ប្រទេស​សិង្ហបុរី​ប៉ុណ្ណោះ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ គ្មាន​ប្រទេស​ណា​មួយ​ដែល​មាន​ទំនាក់ទំនង​រឹងមាំ​ដែល​ដំណើរការ​ដោយ​គ្មាន​បញ្ហា​នោះ​ទេ ហើយ​នៅ​ពេល​ដែល​គ្មាន​ទំនាក់ទំនង​រឹងមាំ​ទាំង​នោះ វា​នឹង​ជួប​បញ្ហា​ជា​មិន​ខាន‍»។

សព្វាវុធ​ធុន​ស្រាល សព្វាវុធ​ប្រើ​រួច និង​សព្វាវុធ​ឧបត្ថម្ភ

រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​កិច្ច​ព្រមព្រៀង​យោធា​រួម​គ្នា​តាំង​ពី​ឆ្នាំ ១៩៥១ មក និង​មាន​កិច្ច​ព្រមព្រៀង​ទស្សនកិច្ច​យោធា​ឆ្នាំ ១៩៩១ ក៏​ដូចជា​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជា​បន្ត​រហូត​មក​ផង​ដែរ។

មន្ត្រី​សហរដ្ឋ​អាមេរិក​ពឹងផ្អែក​លើ​ប្រទេស​ហ្វីលីពីន​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​នៅ​អាស៊ី​ដើម្បី​តតាំង​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​នេះ​ក៏​ជា​មូលហេតុ​មួយ​ផង​ដែរ ដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ចង់​ធ្វើ​ទំនើបកម្ម​វិស័យ​យោធា​ជើង​ទឹក​របស់​ខ្លួន ក្រែង​ល​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ភាព​ជូរចត់​នៅ​ថ្ងៃ​ណា​មួយ។

តាំង​ពី​ឆ្នាំ ១៩៨០ មក រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​លក់​សព្វាវុធ​មួយ​ចំនួន​ឲ្យ​ប្រទេស​ហ្វីលីពីន​ដូចជា​កាំភ្លើង​ខ្លី កាំភ្លើង​វែង គ្រាប់​កាំភ្លើង និង​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុកកែត​ជា​ដើម។ នេះ​បើ​យោង​តាម​អត្ថបទ​ស្រាវជ្រាវ​របស់​អង្គការ​សហព័ន្ធ​អ្នក​វិទ្យាសាស្ត្រ​អាមេរិកាំង (Federation of American Scientists)។

អ្នក​សិក្សា​ស្រាវជ្រាវ​នានា​បាន​កត់​សម្គាល់​ឃើញ​ថា កាំភ្លើង​ធុន​ស្រាល​ដែល​ប្រើ​សម្រាប់​ការងារ​ប្រឆាំង​ភេរវកម្ម ឬ​ក៏​សម្រាប់​ការ​យាមល្បាត​របស់​ឆ្មាំ​សមុទ្រ ជា​ទូទៅ​បង្ក​ជា​ក្ដី​ព្រួយ​បារម្ភ​ផ្នែក​នយោបាយ​តិចតួច​ប៉ុណ្ណោះ។

វេបសាយ​ទិន្នន័យ GlobalFirePower.com បាន​ចាត់​ថ្នាក់​កម្លាំង​យោធា​នៃ​ប្រទេស​ហ្វីលីពីន​ទី ៦៣ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៣៧។ អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក Benigno Aquino បាន​ចាប់ផ្ដើម​កម្មវិធី​ធ្វើ​ទំនើបកម្ម​យោធា ដែល​អំពាវនាវ​ឲ្យ​មាន​នាវា​ចម្បាំង​ថ្មី​ពីរ​គ្រឿង ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​រាយការណ៍​កាល​ពី​ឆ្នាំ​មុន​ថា អ្នក​ជំនួយការ​ពិសេស​របស់​លោក​ប្រធានាធិបតី Duterte បាន «ធ្វើ​អន្តរាគមន៍» នៅ​ក្នុង​រឿង​នេះ ដើម្បី​ទិញ​នាវា​ចម្បាំង​ពីរ​គ្រឿង​នោះ​ពី​ក្រុមហ៊ុន​ផលិត​នាវា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក Collin Koh នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang បាន​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន​ប្រហែល​ជា​នៅតែ​ពឹងផ្អែក​លើ​សព្វាវុធ​ធុន​ស្រាល ដែល​គេ​ឧបត្ថម្ភ​ឲ្យ ឬ​ដែល​ត្រូវ​បាន​កែច្នៃ​ឡើង​វិញ សម្រាប់​ការ​ប្រើប្រាស់​ទ្រង់ទ្រាយ​តូច ហើយ​អាវុធ​ទាំង​នោះ​មិន​ចាំបាច់​មក​ពី​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ប្រទេស​ដែល​លក់​អាវុធ​បាន​គោរព​តាម​ចំណុច​នេះ​រួច​មក​ហើយ។

នៅ​ក្នុង​ឆ្នាំ ២០១៧ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឧបត្ថម្ភ​នាវា​ចម្បាំង​ធុន​តូច​មួយ​គ្រឿង​ដល់​យោធា​ជើង​ទឹក​ហ្វីលីពីន ហើយ​កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​ផលិត​នាវា​របស់​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ប្រគល់​នាវា​ល្បាត​តាម​សមុទ្រ ៦ គ្រឿង​ឲ្យ​ប្រទេស​ហ្វីលីពីន៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG