ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បដិសេធ​​ថា​ការ​ចាប់​ខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​​មិន​ពាក់​ព័ន្ធ​នឹង​ករណី​ចាប់​ខ្លួន​លោក​ស្រី​ Meng Wanzhou


រូបឯកសារ៖ ជន​ជាតិ​កាណាដា​ពីរ​រូប​គឺ​លោក Michael Kovrig និង​លោក​ Michael Spavor ដែល​ត្រូវ​បាន​ចាប់​ខ្លួនដោយ​អាជ្ញាធរ​ចិន។​

ប្រទេសចិន​កំពុង​និយាយ​ការពារ​ដល់​ការ​ចាប់​ខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​ និង​បាន​បដិសេធ​អំពី​ការ​ជាប់​ពាក់​ព័ន្ធ​រវាង​ការ​ចាប់​ខ្លួន​ជនជាតិ​កាណាដា​នា​ពេល​ថ្មីៗ​នេះទៅ​នឹង​ការដោះ​លែង​បុគ្គលិក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ចិន​ឲ្យ​នៅ​ក្រៅ​ឃុំ។

លោកស្រី​ Meng Wanzhou​ ដែល​ជា​នាយក​ហរិញ្ញវត្ថុ​ក្រុមហ៊ុន​ Huawei ​កំពុង​រង់​ចាំ​ការ​បញ្ជូន​ខ្លួន​មក​សហរដ្ឋ​អាមេរិក​លើ​បទ​ចោទ​ប្រកាន់​នានា។ លោក​ស្រី​បាន​បន្លំ​ធនាគារ​អំពី​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ Huawei​ ទៅ​លើ​ប្រតិបត្តិការ​នៅ​អ៊ីរ៉ង់។ សកម្មភាព​ទាំង​នេះ​បាន​ដាក់​ឲ្យ​ធនាគារ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​រំលោភ​បំពាន​លើ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។

ករណី​ចាប់ខ្លួន​លោកស្រី​បាន​ក្លាយ​ជា​ករណី​ស្មុគស្មាញ​កាន់​តែខ្លាំង​ឡើង​ទាំង​ផ្នែក​នយោបាយ​និង​ការទូត​ និង​ត្រូវ​បាន​ភ្ជាប់​ទៅនឹង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើត​ឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។

ផ្ទុយ​ពី​អ្វី​ដែល​ចិន​បាន​អះអាង ចិន​កំពុង​ប្រមែល​ប្រមូល​អំណាច​នៅ​ក្នុង​គណបក្ស​តែ​មួយ​របស់​រដ្ឋ​និង​បណ្តាញ​ផ្សព្វផ្សាយ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ឲ្យ​នៅ​ពី​ក្រោយ​ក្រុមហ៊ុន Huawei ​និង​លោក​ស្រី Meng ហើយ​សារគាំទ្រ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​ថា៖ «ប្រសិន​បើ​មិន​ដោះ​លែង​លោក​ស្រី Meng​ ទេ​នោះ​ នឹង​មាន​បញ្ហា​កើតឡើង។ មនុស្ស​ជា​ច្រើន​មើល​ឃើញ​ថា​ការ​ចាប់​ខ្លួន​ជនជាតិ​កាណាដា​លោក​ Michael Spavor​ ជា​អ្នក​ជំនួញ​ម្នាក់​និង​លោក​ Michael Korvig ដែល​ជា​អតីត​អ្នក​ការ​ទូត​នៅ​សប្តាហ៍​នេះ​គឺ​ជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ​នៃ​ការ​សង​សឹក​មក​វិញ»។

លោក ​Li Jinjin​ ដែល​ជា​មេធាវី​ម្នាក់​នៅ​ក្នុង​ទីក្រុង​ញ៉ូវយ៉ក​បាន​និយាយ​ថា៖ «ការណ៍​នេះ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​សង​សឹក​នយោបាយ​ដាក់​គ្នា។ ការ​ចាប់ខ្លួន​នេះ​ស្មើ​នឹង​ជា​ការ​ជូន​ដំណឹង​ទៅ​កាណាដា​ជាមុន​ថា ​រដ្ឋាភិបាល​ចិន​នឹង​ចាត់​វិធានការ​សង​សឹក​វិញ»៕

XS
SM
MD
LG