ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មហា​វិទ្យាល័យ​អាមេរិកាំង​ថ្លៃ​បំផុត​សម្រាប់​ពួក​និស្សិត​ចិន


រូបឯកសារ៖ និស្សិត​ចូល​រួម​​ក្នុង​ថ្នាក់​តម្រង់​ទិស​នៅ​សាកល​វិទ្យាល័យរដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក។

និស្សិត​ចិន​ជា​ច្រើន​និយាយ​ថា​ ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​សន្សំ​ប្រាក់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​ដើម្បី​ជួយ​ឧបត្ថម្ភ​ការសិក្សា​អប់រំ​នៅ​ឯមហា​វិទ្យាល័យ​និង​សាកល​វិទ្យាល័យ​ដ៏​ថ្លៃ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅ​ពេល​ដែល​និស្សិតមហាវិទ្យាល័យ​ខ្លះ​មើល​មិត្ត​រួម​ថ្នាក់​ជាតិ​ចិន​ជាង​៣៦៣,៣៤១​នាក់​នៅ​បរិវេណ​មហា​វិទ្យា​ល័យ​អាមេរិកាំង ​ពួក​គេ​គិត​ថា ​ពួក​គេ​មើល​ឃើញ​ពួក​និស្សិត​អន្តរជាតិ​ដែល​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​លុយ​កាក់។

រឿង​រ៉ាវ​ដែល​គេ​ចែក​ចាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​បណ្តាញ​សង្គម​បង្ហាញ​ពី​ពួក​និស្សិត​អន្តរជាតិ​មក​ពី​ប្រទេស​ចិន​ជិះ​រថយន្ត​ថ្លៃៗ​ហើយ​មិន​ព្រួយបារម្ភ​អំពី​ថ្លៃ​ឈ្នួល​សាលា​បង្ហាញ​ពី​កំណើន​និន្នាការ​នេះ។

ក៏ប៉ុន្តែ ​និស្សិត​ចិន​ជា​ច្រើន​ដែល​មាន​១ភាគ​៣​នៃ​និស្សិតអន្តរជាតិ​ទាំង​អស់​ជាង​១លាន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និយាយ​ថា​ ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​សន្សំ​ប្រាក់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំដើម្បី​ជួយ​ឧបត្ថម្ភ​ការសិក្សា​អប់រំ​នៅ​ឯមហា​វិទ្យាល័យ​និង​សាកល​វិទ្យាល័យ​ដ៏​ថ្លៃ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោកស្រី ​Yeming Zhang ​ជា​ម្តាយ​ជន​ជាតិ​ចិន​ដែល​ចំណាយ​ប្រាក់​ប្រហែល​៩​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បញ្ជូន​កូនស្រី​របស់​លោក​ស្រី​ទៅសាកល​វិទ្យា​ល័យបូស្តូននៅ​ក្នុង​រដ្ឋ ​Massachusetts ​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ប្រុង​ប្រៀបប្រាក់​ឈ្នួល​សាលា​ដោយ​ការសន្សំ»។​ លោកស្រី​បាន​និយាយ​ទៀត​ថា ​លោក​ស្រី​បាន​លក់​ឧបករណ៍​ឧស្សាហកម្ម​សំណង់​អស់​រយៈ​ពេល​១០​ឆ្នាំ​ដើម្បី​សន្សំ​ប្រាក់​សម្រាប់​ថ្លៃ​សាលា​កូនស្រី​របស់​លោក​ស្រី។

ដើម្បី​កាត់​បន្ថយ​បន្ទុក​ក្រុម​គ្រួសារ​របស់​នាង ​និស្សិត​ Linda Zhou ​និយាយ​ថា ​នាង​បាន​ធ្វើ​ការ​១៥ម៉ោង​ក្នុង​មួយ​សប្តាហ៍​ជា​អ្នកទទួល​ភ្ញៀវក្នុង​មជ្ឈមណ្ឌល​ភាសា​អង់គ្លេស​និង​មជ្ឈមណ្ឌល​និស្សិត​អន្តរជាតិ។

និស្សិត​ចិន​ជា​ច្រើន​ទៀត​ក៏​ធ្វើ​ការ​ដើម្បី​រក​ប្រាក់​សម្រាប់​ការ​ចំណាយ​នានា​ដូចជា ម្ហូប​អាហារ​និង​សម្លៀក​បំពាក់។ និស្សិត ​Xuemeng Zhao ​នៅ​ឯ​មហាវិទ្យាល័យ​ Hampshire ក្នុង​រដ្ឋ ​Massachusetts​ ធ្វើ​ការ​៤​ កន្លែង​នៅ​ពេល​ជាមួយ​គ្នា​ ហើយ​ដេក​តែ​៦​ម៉ោង​គត់​ក្នុង​មួយ​ថ្ងៃៗ។

និស្សិត​ជា​ច្រើន​មក​ពីក្រុម​គ្រួសារ​វណ្ណៈ​កណ្តាល​ឬ​វណ្ណៈ​ជាន់​ខ្ពស់​បាន​បង់​ថ្លៃ​ឈ្នួលសាលាប្រហែល​ពី​២​ម៉ឺន​៧ពាន់​ដុល្លារ​ទៅ​ដល់​ជាង​៧ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ពួក​និស្សិត​ដែល​មិន​មែន​ជាជន​ជាតិ​អាមេរិកាំង។​ នៅ​ពេល​ដែល​ពួក​គេ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ ​ពួក​គេ​ត្រូវ​បង្ហាញ​ភ័ស្តុតាង​ថា ​ពួក​គេ​អាច​លៃលក​ចំណាយ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​មិន​មែន​ត្រឹម​តែ​សំបុត្រ​យន្តហោះ​មក​កាន់​សហរដ្ឋ​អាមេរិក​តែ​មួយ​មុខ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG