ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

វិទ្យុ​ VOA ​បណ្តេញ​អ្នក​គ្រប់​គ្រង​ផ្នែក​សេវា​ភាសា​ចិន​កុកងឺ​ចេញ​ពី​ការងារ​ជុំវិញ​ការ​ធ្វើ​សម្ភាសន៍​ជាមួយ​ជនជាតិ​ចិន​ដែល​និរទេស​ខ្លួន


រូបឯកសារ៖ លោក Guo Wengui អ្នក​រិះ​គន់​រដ្ឋាភិបាល​ចិន ថ្លែង​នៅ​បន្ទប់​ផ្សាយ​របស់​វិទ្យុ VOA ភាសា​ចិន។

វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA​ បាន​បណ្តេញ​អតីត​អ្នក​គ្រប់​គ្រង​សេវា​ភាសាចិន​កុកងឺ​ពី​ការងារ​ និង​បាន​ព្យួរការងារ​អ្នក​គ្រប់​គ្រង​ម្នាក់​ទៀត​នៅ​សេវា​ចិន​កុកងឺ​ បន្ទាប់​ពី​ការស៊ើប​អង្កេត​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​អំពី​ការ​បញ្ឈប់​ការ​ផ្សាយ​ផ្ទាល់​នៃ​បទ​សម្ភាសន៍​ជាមួយ​អ្នក​រិះគន់​រដ្ឋាភិបាល​ចិន​ដ៏​លេច​ធ្លោ​ម្នាក់។​

ទីភ្នាក់ងារ​នេះ​ក៏​បាន​ប្រកាស​ថា​ ក្រុម​អ្នក​ស៊ើប​អង្កេត​ឯករាជ្យ​មិន​បាន​រក​ឃើញ​ភ័ស្តុតាង​ណា​ដែល​បញ្ជាក់​ថា​ ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​អាមេរិក​មួយ​នេះ​ទទួល​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ការ​ជ្រៀត​ចូល​របស់​ចារកម្ម​ចិន​នោះ​ទេ។

នាយិការ​របស់ VOA ​លោក​ស្រី​ Amanda Bennett​ បាន​ប្រកាស​អំពី​ការ​បណ្តេញ​ចេញ​ពី​ការងារ​ និង​ការ​ព្យួរ​ការងារ​ជា​សារអេឡិច​ត្រូនិច​ទៅ​គ្រប់​បុគ្គលិក​ទាំង​អស់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បាន​និយាយ​ថា៖ «នៅ​ថ្ងៃ​នេះ​ VOA​ បាន​បណ្តេញ​បុគ្គលិក​ម្នាក់​ផ្នែក​សេវា​ភាសា​ចិន​កុកងឺ​ពី​ការងារ​ និង​បាន​ព្យួរ​ការងារ​បុគ្គលិក​ម្នាក់​ទៀត»។

បុគ្គលិក​ផ្នែក​សេវាភាសា​ចិន​កុកងឺ​ពីរ​នាក់​ផ្សេង​ទៀត​កំពុង​រង់ចាំ​ការ​សម្រេច​ពី​ខា​សហជីព​តំណាង​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល ​ថា​តើ​ត្រូវ​ដាក់​ពិន័យ​ក្នុង​កម្រិត​ណា។ ចំណែកឯ​បុគ្គលិក​ទី៥​បាន​ត្រឡប់​ចូល​ធ្វើការ​វិញ​ភ្លាមៗ​បន្ទាប់​ពី​ហេតុការណ៍​នោះ​បាន​កើត​ឡើង។ ​VOA​ សេវា​ភាសា​ចិន​កុកងឺ​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​ប្រទេស​ចិន​៤០​លាន​នាក់​ជា​រៀង​រាល់​សប្តាហ៍។

លោកស្រី ​Bennett​ បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​របស់​បុគ្គល​ដែល​ជាប់​ពាក់​ព័ន្ធ ដោយ​លោកស្រី​បាន​ថ្លែង​ថា​ នេះ​គឺ​ជា​បញ្ហា​បុគ្គលិក។ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​គ្រប់​គ្រង​សេវា​ភាសា​ចិន​កុកងឺ​ អ្នក​ស្រី ​Sasha Gong​ ដែល​ត្រូវ​បាន​ព្យួរ​ការងារ​យូរ​មក​ហើយ​នោះ​បាន​បញ្ជាក់​ថា ​អ្នកស្រី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ ហើយ​ប្រធាន​គ្រប់​គ្រង​ម្នាក់​ទៀត​គឺ​លោក ​Huchen Zhang​ បាន​បញ្ជាក់​ថា​ ត្រូវ​បាន​ព្យួរ​ការងារ។

​តាម​រយៈ​សារ​អេឡិចត្រូនិច​ដែល​លោកស្រី​ Amanda Bennett ផ្ញើរ​ទៅ​បុគ្គលិក​ VOA ​លោក​ស្រី​បាន​សរសេរ​ថា ​ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ទាំង​៤​ដាច់​ដោយ​ឡែក​ពី​គ្នា​បាន​និង​សន្និដ្ឋាន​ថា​ ការ​បញ្ឈប់​ការ​ផ្សាយ​ផ្ទាល់​នៃ​បទ​សម្ភាសន៍​ខាង​លើ​គឺ​ជា​កិច្ច​ខិតខំ​របស់​ VOA​ ដើម្បី​ពង្រឹង​ស្តង់ដារ​ព័ត៌មាន​ដែល​មាន​ពី​មុន​មក៕

XS
SM
MD
LG