ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei ចូល​សវនាការ​តុលាការ​នៅ​កាណាដា


ស្លាកសញ្ញា​ក្រុមហ៊ុន Huawei ត្រូវ​បាន​គេ​ដាក់​នៅ​ហាង​លក់​ទូរស័ព្ទ​ដៃ Huawei ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង។
ស្លាកសញ្ញា​ក្រុមហ៊ុន Huawei ត្រូវ​បាន​គេ​ដាក់​នៅ​ហាង​លក់​ទូរស័ព្ទ​ដៃ Huawei ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង។

អ្នកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei របស់​ប្រទេស​ចិន ត្រូវ​តម្រូវ​ឲ្យ​ត្រឡប់​មក​កាន់​តុលាការ​ក្នុង​ប្រទេស​កាណាដា​ម្ដង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ចូលរួម​ក្នុង​សវនាការ​អំពី​ថា​តើ​អ្នកស្រី​គួរតែ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​ពេល​ដែល​អ្នកស្រី​កំពុង​រង់ចាំ​ការណ៍​ដែល​អាច​ត្រូវ​គេ​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​បន្លំ​បោកប្រាស់ ឬ​ក៏​យ៉ាង​ណា​នោះ។

កន្លង​មក រដ្ឋអាជ្ញា​កាណាដា​បាន​អះអាង​ថា អ្នកស្រី Meng Wanzhou គួរតែ​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង រហូត​ទាល់តែ​ពេល​បើក​សវនាការ​ស្ដី​ពី​ការ​ធ្វើ​បត្យាប័ន​បញ្ជូន​អ្នកស្រី​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ មេធាវី​របស់​អ្នកស្រី​និយាយ​ថា អ្នកស្រី​គួរតែ​ត្រូវ​គេ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ដោយសារ​បញ្ហា​សុខភាព។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ រដ្ឋាភិបាល​ចិន​បាន​កោះហៅ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង ដើម្បី​ឲ្យ «ជំទាស់​ឲ្យ​បាន​ខ្លាំងក្លា‍» លើ​ការ​ចាប់​ខ្លួន​អ្នកស្រី Meng Wanzhou និង​បាន​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​លុបចោល​សំណើ​សុំ​ឲ្យ​កាណាដា​ធ្វើ​បត្យាប័ន​បញ្ជូន​ខ្លួន​អ្នកស្រី​នេះ ដែល​ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា អ្នកស្រី​បាន​រំលោភ​លើ​ច្បាប់​សហរដ្ឋ​អាមេរិក​ដែល​រារាំង​មិន​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់។

អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Le Yucheng បាន​កោះ​ហៅ​ឯក​អគ្គរដ្ឋទូត​អាមេរិក​លោក Terry Branstad មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​បាន​កោះ​ហៅ​ឯក​អគ្គរដ្ឋទូត​កាណាដា​លោក John McCallum ឲ្យ​ជំទាស់​ទៅ​នឹង​ការ​ចាប់​ខ្លួន​អ្នកស្រី Meng Wanzhou នេះ នៅ​ឯ​ប្រលាន​យន្តហោះ​ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា​កាល​ពី​ថ្ងៃ​ទី ១ ខែ​ធ្នូ កន្លង​ទៅ​នេះ ក្រោម​ការ​បញ្ជា​របស់​សហរដ្ឋ​អាមេរិក។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​កែប្រែ​ទង្វើ​ខុសឆ្គង​ទាំង​នេះ និង​លុបចោល​ដីកា​ចាប់​ខ្លួន​ប្រឆាំង​នឹង​អ្នកស្រី Meng Wanzhou៕

XS
SM
MD
LG