សមាជិករដ្ឋសភាខាងគណបក្សប្រឆាំងបានជំរុញរដ្ឋាភិបាលជាច្រើនឆ្នាំមកហើយឲ្យបង្ហាញសេចក្តីពិស្តាររបស់កិច្ចព្រមព្រៀងឆ្នាំ២០១១ ជាមួយនឹងធនាគារនាំចេញនាំចូលរបស់ប្រទេសចិនដែលបានផ្តល់ថវិការជំនួយសាងសង់ផ្លូវរថភ្លើង Standard Gauge។
ទីបំផុតពួកគេទទួលបានចម្លើយខ្លះៗកាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅនេះ នៅពេលដែលរដ្ឋលេខាធិការនៃក្រសួងដឹកជញ្ជូននិងផ្លូវថ្នល់ លោក Kipchumba Murkomen បង្ហាញឯកសារមួយចំនួនពីកិច្ចព្រមព្រៀងនោះ។
មានខមួយនិយាយថា ជម្លោះធំៗណាដែលទាក់ទងនឹងផ្លូវរថភ្លើងនឹងត្រូវសម្រេចដោយរដ្ឋាភិបាលក្រុងប៉េកាំងមិនមែនរដ្ឋាភិបាលទីក្រុងណៃរ៉ូប៊ីទេ ទោះបីជាវាមិនច្បាស់ថាតើវាមានន័យថាមន្ត្រីចិនជាអ្នកសម្រេចចុងក្រោយក្នុងជម្លោះនោះ ឬយ៉ាងណាក៏ដោយ។
ឯកសារនោះក៏បង្ហាញក្នុងចំណោមរឿងផ្សេងទៀតថា តាមច្បាប់ រដ្ឋាភិបាលកេនយ៉ាត្រូវតែរក្សាខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងជាសម្ងាត់។
អ្នកវិភាគនយោបាយកេនយ៉ាលោក Javas Bigambo និយាយថា ការបង្ខំឲ្យរដ្ឋបិទបាំងព័ត៌មានបែបនេះពីសាធារណៈជន គឺខុសច្បាប់។ លោកបាននិយាយថា៖ «កិច្ចព្រមព្រៀងរក្សាការសម្ងាត់ដូចដែលបានផ្តល់ឱ្យនៅក្នុងកិច្ចសន្យានោះ គឺវាខុសច្បាប់ បើនិយាយពីច្បាប់លទ្ធកម្មក្នុងប្រទេសកេនយ៉ា គឺគាំទ្រនិតិវិធីលទ្ធកម្មដែលមានតម្លាភាព»។
ផ្នែកមួយទៀតនៃកិច្ចព្រមព្រៀងចាត់ថា កេនយ៉ាមិនអាចទិញសម្ភារសម្រាប់សាងសង់ផ្លូវរថភ្លើងពីប្រទេសផ្សេងបានក្រៅពីប្រទេសចិនឡើយ។
សមាជិករដ្ឋសភាមួយចំនួនជឿថា សេចក្តីលម្អិតសំខាន់ៗនៃកិច្ចព្រមព្រៀងដូចជាវត្ថុបញ្ចាំសម្រាប់កម្ចីនៅតែមិនត្រូវបានបញ្ចេញ។ លោក John Kiare គឺជាសមាជិកម្នាក់ក្នុងរដ្ឋសភាកេនយ៉ា។ លោកបាននិយាយថា៖ «សំណួរនោះគឺថាតើអ្វីត្រូវបានដាក់បញ្ចាំសម្រាប់កម្ចីនេះ តើវាជាបរិក្ខារសាធារណៈ គ្រឹះស្ថានសាធារណៈ ឬការវិនិយោគសាធារណៈ ដែលត្រូវបានដាក់ជាវត្ថុបញ្ចាំ។ វាជារឿងត្រឹមត្រូវដែលប្រជាជនកេនយ៉ាត្រូវតែដឹងដោយសារមានពាក្យចចាមអារ៉ាមថា គ្រឹះស្ថានរដ្ឋាភិបាលមួយចំនួនត្រូវបានដាក់ជាហេដ្ឋារចនាសម្ព័ន្ធ។ ការតស៊ូមតិតែងតែជជែកតទល់អំពីថាតើយើងបានដាក់អាកាសយានដ្ឋានបញ្ចាំសម្រាប់កម្ចីនេះឬយ៉ាងណា»។
អ្នករិះគន់មានមន្ទិលសង្ស័យលើហេតុផលរបស់លោក Murkomen ដែលមិនព្រមបង្ហាញកិច្ចព្រមព្រៀងទាំងមូល។
លោកMakali Mulu ជាសមាជិករដ្ឋសភាម្នាក់។ លោកគិតថា លោក Murkomen បង្ហាញតែផ្នែកដដែលៗនៃកិច្ចព្រមព្រៀង។ លោកនិយាយថា៖ «គ្រប់ការចរចាកិច្ចព្រមព្រៀងទាំងអស់ រដ្ឋាភិបាលមាននីតិបុគ្គលម្នាក់ដែលនឹងមើលគ្រប់ខទាំងអស់ហើយផ្តល់យោបល់ដល់រដ្ឋាភិបាលថាតើពួកគេគួរចុះហត្ថលេខាឬយ៉ាងណា។ គ្រប់កិច្ចព្រមព្រៀងតែងតែមានខលាតត្រដាងនិងខសម្រាប់ដោះស្រាយវិវាទ ហើយអ្វីដែលលោក Murkomen បាននិយាយថា លោកនឹងបង្ហាញខ្ញុំមើលនោះ គឺជារឿងដ៏គួរឲ្យអស់សំណើច»។
ផ្លូវរថភ្លើងចម្ងាយប្រមាណ៦០០គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងកំពង់ផែ Mombasa ទៅនឹងទីក្រុង Naivasha ដែលមានចម្ងាយ៧៥គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងណៃរ៉ូប៊ី បានបើកដំណើរការកាលពីប្រាំឆ្នាំមុន។ អ្នករិះគន់និយាយថា វាមិនត្រូវបានប្រើប្រាស់គ្រប់គ្រាន់ ហើយមិនអាចបង្កើតចំណូល ឬអភិវឌ្ឍសេដ្ឋកិច្ចតាមដែលអ្នកគាំទ្រគម្រោងនោះបានប្រមើលទុកនោះទេ។ ប្រទេសចិនជាម្ចាស់បំណុលមួយភាគបីនៃបំណុលនៅក្រៅប្រទេសរបស់កេនយ៉ា៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ