ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិមាន​វ៉ាទីកង់​ថា ការចាត់តាំង​សង្ឃ​នាយក​នៅ​ចិន​បំពាន​កិច្ចព្រមព្រៀង​ឆ្នាំ២០១៨


រូបឯកសារ៖ ទិដ្ឋភាព​ផ្នែក​ខាងមុខ​នៃ​វិហារ Saint Peter's Basilic នៅ​បុរី​វ៉ាទីកង់ ថតនៅ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ ទិដ្ឋភាព​ផ្នែក​ខាងមុខ​នៃ​វិហារ Saint Peter's Basilic នៅ​បុរី​វ៉ាទីកង់ ថតនៅ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា​កន្លង​ទៅ​ វិមាន​វ៉ាទីកង់​បានបង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​ចាត់តាំង​សង្ឃនាយក​នៅ​ក្នុង​សង្កាត់​មួយ​នៅ​ចិន​ ដែល​វិមាន​នេះ​មិនបាន​ទទួល​ស្គាល់​ ដោយ​និយាយ​ថា ទង្វើ​នេះ​បាន​បំពាន​កិច្ចព្រមព្រៀង​ឆ្នាំ២០១៨ ជាមួយ​រដ្ឋាភិបាលក្រុង​ប៉េកាំង និង​បាន​បង្ហាញពី​សម្ពាធ​នយោបាយ។ នេះ​បើ​តាមសេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។​

កាល​ពី​ខែ​មុន វិមាន​វ៉ាទីកង់​បាន​និយាយ​ថា ខ្លួន​បាន​បន្ត​សាជាថ្មី​ជា​លើកទីពីរ​ចំពោះ​កិច្ចព្រមព្រៀង​សម្ងាត់​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​តុលាការ​សាសនា Holy See មាន​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ការ​ចាត់តាំង​សង្ឃនាយក​នៅ​ក្នុង​ប្រទេសចិន។

វិមាន​វ៉ាទីកង់​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «តុលាការ​សាសនា​បាន​កត់សម្គាល់​ជាមួយ​នឹង​ភាព​ភ្ញាក់ផ្អើល និងការ​សោកស្តាយ​ចំពោះ​ព័ត៌មាន​ពី​«ពិធី​តែងតាំង​» កាល​ពី​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា​នៅ​ក្រុង Nanchang មក​លើ​លោក Monsignor Giovanni Peng Weizhao សង្ឃ​នាយក​ក្រុង Yujiang ខេត្ត​ Jiangxi ជា​«សង្ឃ​នាយក​រង​ប្រចាំ​ខេត្ត Jiangxi»​វិញ។

សេចក្តីថ្លែងការណ៍​បាន​បន្ត​ថា៖ «​ព្រឹត្តិការណ៍​នេះ​មិន​បាន​ធ្វើ​ឡើង​ ស្រប​ជាមួយ​នឹង​ស្មារតី​ពិគ្រោះ​ពិភាក្សា ដែល​មាន​រវាង​ភាគី​វិមាន​វ៉ាទីកង់និង​ចិន និងស្រប​ជាមួយ​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នៃ​ការ​ចាត់តាំង​សង្ឃនាយក»​ ឆ្នាំ២០១៨​នោះ​ទេ។

អស់រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ មាន​វិហារ​កាតូលិក​ពីរ​នៅ​ចិន។ វិហារ​មួយ​មាន​ភាព​លម្អៀងទៅ​រករដ្ឋាភិបាល​ក្រុង​ប៉េកាំង និងវិហារ​មួយ​ទៀត​មាន​ជា​ការ​ជួប​ប្រជុំ«បែប​សម្ងាត់» ដែល​បន្ត​មាន​ភក្តីភាព​ចំពោះ​វិមាន​វ៉ាទីកង់ និង​ដែល​ជារឿយៗ​អាច​ប្រឈម​នឹង​ហានិភ័យ​ធំ​សម្រាប់​បុគ្គល​ដែល​ចូលរួម។

វិមានវ៉ាទីកង់​បាន​និយាយ​ថា «ការ​ទទួលស្គាល់​ដោយ​ស៊ីវិល» លើ​សង្ឃនាយក​ថ្មី «គឺ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​សម្ពាធ​ជា​យូរ​ និង​ភាព​តានតឹង​ពីសំណាក់​អាជ្ញាធរ​ក្នុង​ស្រុក នេះ​បើ​យោង​ទៅ​តាម​របាយការណ៍ដែល​ទទួល​បាន​» ដោយ​មិន​មាន​ការបញ្ជាក់​លម្អិត​នោះ​ទេ។

សេចក្តីថ្លែងការណ៍​បាន​រៀបរាប់​ថា៖ «តុលាការ​សាសនា​សង្ឃឹម​ថា នឹង​មិនមាន​រឿង​ស្រដៀង​គ្នា​នេះ​ កើត​មាន​ឡើង​សាជាថ្មី​នោះ​ទេ ដោយ​បន្ថែម​ថា វិមាន​វ៉ាទីកង់​រង់​ចាំ​ការ​ឆ្លើយតបលើ​បញ្ហា​នេះ​ពី​អាជ្ញាធរ​ចិន។

វិមាន​វ៉ាទីកង់ «បញ្ជាក់​ពី​វត្តមានពេញលេញ​របស់​ខ្លួន ដើម្បី​បន្ត​កិច្ចពិភាក្សា​ប្រកប​ដោយ​ការ​គោរព​ ពាក់ព័ន្ធ​នឹង​គ្រប់បញ្ហា​ទាំងអស់​ដើម្បី​ប្រយោជន៍​រួម»។

កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ ២០១៨ ​ត្រូវ​បាន​បន្ត​សាជាថ្មី បើ​ទោះ​បី​ជា​មាន​ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​ចៅអធិការ​ចូល​និវត្តន៍​លោក Joseph Zen ដែល​ជា​ចៅអធិការ​កាតូលិក​ចំណាស់​ជាង​គេ​នៅ​អាស៊ី ដោយ​អាជ្ញាធរ​នៅ​ក្រុង​ហុងកុង​កាល​ពី​ខែ​ឧសភា​ក្តី​។

ចៅអធិការ​ព្រះជន្ម ៩០ ​វស្សា​អង្គនេះ​ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រិះគន់​ចំនួន ៦​នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ទោស​កាល​ពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​កញ្ចប់​ថវិកា​ការពារ​ក្តី​តម្លៃ​រាប់​លាន​ដុល្លារ​សម្រាប់​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG