ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​កោះ​ Solomon ថា ក្រុមហ៊ុន​ចិន​នានា​នៅ​តែ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កោះ Tulagi


ទិដ្ឋ​ភាព​នៃ​កោះ​ Tulagi ​នៅ​ក្នុង​ប្រទេស​ Solomon Islands ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ (Leah/VOA)
ទិដ្ឋ​ភាព​នៃ​កោះ​ Tulagi ​នៅ​ក្នុង​ប្រទេស​ Solomon Islands ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ (Leah/VOA)

អាជ្ញាធរ​និយាយ​ថា ក្រុមហ៊ុន​ចិន​នានាកំពុង​តែ​បន្ត​ស្វែង​រកឱកាស​វិនិយោគ​នៅ​កោះ​ Tulagi ដែល​ជា​កោះ​មួយនៅ​ប្រទេស​ប្រជុំ​កោះ​ Solomon Islands ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក បន្ទាប់​ពី​ក្រុមហ៊ុន​ចិន​មួយ​បាន​ព្យាយាម​ តែបរាជ័យ​ នៅ​ក្នុង​ការ​ជួល​កោះ​មួយនេះ​ទាំង​មូល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

​ដោយ​ពី​មុន​មក​ធ្លាប់​ជា​រដ្ឋធានី​នៃ​ប្រទេស​ Solomon Islands មុន​ពេល​រដ្ឋធានីប្រទេស​នេះ​ត្រូវ​បាន​ផ្លាស់​ទៅ​ក្រុង​ Honiara នៅ​លើ​កោះ Guadalcanal ឥឡូវ​នេះ កោះ Tulagi គឺ​ជាទីរួម​ខេត្ត​របស់​ខេត្ត​ Central Province នៃ​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ។

កោះ​ដ៏​តូច​មួយ​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​កាល​ពី​ឆ្នាំ ២០១៩ នៅ​ពេលសេចក្តី​លម្អិត​ផ្សេងៗត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​អំពី​កិច្ចព្រមព្រៀង​រយៈពេល​វែង​មួយ ធ្វើឡើង​ដោយ​ក្រុម​មេដឹកនាំ​នៅ​ខេត្ត​ Central Province​ ក្នុង​ការ​ជួល​កោះ​ Tulagiទាំង​មូល​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ។ អាជ្ញាធរ​ជាតិ​បាន​លុប​ចោល​កិច្ចព្រមព្រៀង​នេះ​ ដែល​បាន​បង្កការ​ព្រួយបារម្ភ​ថា ក្រុមហ៊ុន​នោះ​គ្រោង​នឹង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​អាច​យក​ទៅប្រើប្រាស់​សម្រាប់​គោលបំណង​យោធា។

លោក Polycarp Galaigu អភិបាល​ខេត្ត​ Central Province ដែល​បាន​ចូលកាន់​តំណែង​កាល​ពី​ខែ​កក្កដា បាន​ប្រាប់​ VOA ភាសា​ចិន​កុកងឺ​កាល​ពី​ខែ​សីហា​ថា ក្រុមហ៊ុន​ចិន​នានា​នៅ​តែ​ចាប់អារម្មណ៍ក្នុង​ការ​វិនិយោគ​នៅ​ខេត្ត​របស់​លោក ទោះបី​មាន​រឿង​ចម្រូងចម្រាស​ពី​មុន​មក​ក៏​ដោយ។

លោក Galaigu ថ្លែង​ថា៖ «យើង​ព្យាយាម​ទាក់ទងអ្នក​ជំនួញ​ឬ​ធុរជនដទៃ​ទៀត​ឱ្យ​មក​វិនិយោគ​នៅ​ខេត្ត Central Province។ ប៉ុន្តែ​សម្រាប់​ពេល​ឥឡូវ​នេះ​ ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​ថា​ជា ក្រុមហ៊ុន​មួយ​ណា​នោះ​ទេ»។ ​

លោក​ Galaigu បាន​ឱ្យ​ដឹង​ថា មាន​ការ​សួរនាំ​ខ្លះ​ពី​ក្រុមហ៊ុន​ចិន​នានា។ លោក​បាន​បន្ត​ថា ក្រុមហ៊ុន​ចិនភាគច្រើន​ស្វែងរក​ឱកាសវិនិយោគ​ផ្សេងៗ​នៅ​ក្នុង​វិស័យ​នេសាទ និង​ទេសចរណ៍។

លោក Allan Siale អភិបាលរង​ខេត្ត​ Central Province បាន​ប្រាប់​ VOA កាល​ពីថ្ងៃ​ទី១២ ខែ​សីហា​ថា ក្រុមហ៊ុនចិន​មួយ​ចំនួន​នៅ​តែ​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​ផ្នែក​ផលិតកម្ម​លើ​ផ្លែដូង វិស័យ​នេសាទ​និង​ទេសចរណ៍​នៅ​លើ​កោះ Russell Island ក្នុង​ខេត្ត​នេះ ស្រប​ពេល​ក្រុមហ៊ុន​ដទៃ​ទៀត​ចង់​សាងសង់​រោងចក្រ​នៅ​កោះ Tulagi។​ ក្រុមហ៊ុន​មួយ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ផ្នែក​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត។

​លោក​បាន​បន្ថែម​ ដោយ​យោង​តាម​កំណត់ត្រា​របស់​រដ្ឋាភិបាល ថា ក្រុមហ៊ុន​ Sam Groupដែល​បាន​ព្យាយាម​ជួល​កោះ Tulagi ទាំងមូល នៅ​តែ​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ។

​ដោយ​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉េកាំង ក្រុមហ៊ុន Sam Group គឺ​ជា​ក្រុមហ៊ុនធំ​ខាង​បច្ចេកវិទ្យា វិនិយោគ និង​ថាមពល​មួយ​ បង្កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៨៥ ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ Solomon Islands ប្រេស៊ីល ប៉ារ៉ាហ្គាយ​ សិង្ហបុរី និង​បណ្តា​ប្រទេស​ដទៃ​ទៀត។ នេះ​បើ​យោង​ទៅ​តាម​វេបសាយ​របស់​ក្រុមហ៊ុន​នេះ។

​ក្រុមហ៊ុន Sam Group មិនបាន​ឆ្លើយតប​សំណើ​សុំ​ការ​អធិប្បាយ​ពី​ VOA នោះ​ទេ។

លោក Siale បាន​និយាយ​ថា សំណើ​របស់​ក្រុមហ៊ុន Sam Group កាល​ពី​ឆ្នាំ ២០១៩ នៅ​ក្នុង​ការ​ជួល​កោះ Tulagi បាន​បរាជ័យ មួយ​ផ្នែក​ គឺ​ដោយសារ​ សំណើ​នេះ​មិន​ត្រូវ​បាន​យល់ស្រប​ពី​សំណាក់​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​វិនិយោគ​បរទេស​របស់ប្រទេស Solomon Islands។

លោក Stanley Manetiva អតីត​អភិបាល​ខេត្ត Central Province ដែល​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជួល​ដំបូង​ជាមួយ​នឹង​ក្រុមហ៊ុន Sam Group បានប្រាប់​ VOA ភាសា​ចិន​កុកងឺ​កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា​ថា លោក​មាន​អារម្មណ៍​ថា ត្រូវ​បាន​បោកបញ្ឆោត​ដោយ​ក្រុមហ៊ុន​ចិន​នោះ។ លោក​បាន​បន្ត​ថា កិច្ចព្រមព្រៀង​នេះ​ខកខានក្នុង​ការ​គោរព​តាម​នីតិវិធី​ដែល​តម្រូវ​ឱ្យ​មាន​ហត្ថលេខា​ពី​តំណាង​មួយ​ពី​រដ្ឋាភិបាល​ចិន រដ្ឋាភិបាល Solomon Islands និង​ក្រុមហ៊ុន​ចិន​នោះ។

​លោក Manetiva ដែល​បាន​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ខែ​សីហា បន្ទាប់​ពីត្រូវ​បាន​គេបោះឆ្នោត​មិនជឿ​ទុក​ចិត្ត​ បាន​និយាយ​ថា តំណាង​ក្រុមហ៊ុន​ «គ្រាន់​តែធ្វើ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង ហើយ​ពួកគេ​ចង់​ឱ្យ​អ្នក​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​នោះ»។

​លោក Siale អភិបាលរង​ខេត្ត​ Central Province បាន​ឱ្យ​ដឹងទៀត​ថា ​ផ្អែក​លើ​សំណើ​ខាង​លើ​ ក្រុមហ៊ុន​ Sam Group មិនមាន​គម្រោងសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នឹង​យោធា​នៅ​លើ​កោះ Tulagi នោះ​ទេ។ ក្រុមហ៊ុន​នេះ​ចង់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​នៅ​លើ​កោះ​នេះ​ដូចជា ផ្លូវ​ថ្នល់ ផ្លូវ​យន្តហោះ និង​កំពង់​ផែ​ជា​ដើម។

លោក​ថ្លែង​ថា៖ «សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្រ្ត​យោធា តាម​អ្វី​ដែល​យើង​ចាំ​បាន​នោះ​គឺ កិច្ចព្រមព្រៀង​នោះ​មិន​បាន​បញ្ជាក់​ពី​ចំណុច​ពាក់ព័ន្ធ​[យោធា]​នោះ​ទេ»។

​អ្នកស្រី Michelle Lam អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​រដ្ឋ​ចិន China Harbour Engineering Company (CHEC) នៅ​ប្រទេស​ Solomon Islands បាន​ប្រាប់​ VOA ភាសា​ចិន​កុកងឺ​ថា ការ​សង្ស័យ​ថា ក្រុមហ៊ុន Sam Group របស់​ចិន​មាន​បំណង​ជួល​កោះ Tulagi ជាមួយ​នឹង​គោល​បំណង​ផ្នែក​យោធា គឺ​គ្មាន​អ្វី​ទេ​ក្រៅ​ពី​ការ​ប៉ាន់ស្មាន​ហួសហេតុតែ​ប៉ុណ្ណោះ។ ​

អ្នកស្រី​ថ្លែង​ថា៖ «កោះ​ Solomon នឹង​ជា​កំពង់ផែ​មួយ (សម្រាប់​ចិន) ដើម្បី​បំពេញ​ការ​ផ្គត់ផ្គង់​ ហើយ​នឹងមិន​អាច​ក្លាយជា​មូលដ្ឋាន​យោធា​នោះ​ទេ»។

ដោយ​បាន​យោង​លើ​តំណាង​មួយរូប​នៃ​ក្រុមហ៊ុន CHEC ដែល​អ្នកស្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ អ្នកស្រី Lam បាន​និយាយ​ថា រដ្ឋាភិបាល​ចិន បាន​ដាក់​បម្រាម​លើ​ក្រុមហ៊ុន​រដ្ឋ​ចិនមិន​ឱ្យ​ចូលរួម​ក្នុង​ការ​ដេញថ្លៃ និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​លើ​កោះ Tulagi និង​ប្រជុំ​កោះ​ក្បែរ​នោះ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ជួល​កោះ​ដ៏​ចម្រូងចម្រាស​ត្រូវ​បាន​លុប​ចោល។ ​

ទាំងក្រុមហ៊ុន CHEC និង​សា្ថនទូត​ចិន​នៅ​ប្រទេស Solomon Islands មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អធិប្បាយ​ពី​ VOA នោះ​ទេ។

នាយករដ្ឋមន្រ្តី​ Solomon Islands លោក Manasseh Sogavare ដែល​បាន​ច្រានចោល​ការ​ព្រួយបារម្ភ​ថា កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​នឹង​ចិន​នឹង​បង្ក​ហានិភ័យ​មក​លើ​សន្តិសុខ​ក្នុង​តំបន់​ បាន​ប្រាប់​សារព័ត៌មាន Guardian របស់​អង់គ្លេស​ កាល​ពី​ខែ​សីហាថា នឹង​មិន​មាន​មូលដ្ឋាន​យោធា​ចិន​នោះ​ទេ​នៅ​ក្នុង​ប្រទេស​របស់​លោក។ ​

មន្រ្តី​ជាន់​ខ្ពស់​ខេត្ត Central Province បាន​ចុះ​ហត្ថលេខា​លើ «កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត» ជាមួយ​នឹង​ក្រុមហ៊ុន Sam Group របស់​ចិន​ កាល​ពីថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ​២០១៩ គឺ​មួយ​ថ្ងៃ​ បន្ទាប់​ពី​លោក Sogavareបាន​ផ្តាច់​ទំនាក់ទំនងការ​ទូត​ជាមួយ​នឹង​កោះ​តៃវ៉ាន់ និង​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន។

តែ​រដ្ឋាភិបាល​បាន​លុបចោលកិច្ចព្រមព្រៀង​រវាង​មន្រ្តី​ខេត្ត Central Province និង​ក្រុមហ៊ុន Sam Group កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១៩ ដោយ​និយាយ​ថា អាជ្ញាធរ​ខេត្ត​នេះ​មិន​មាន​សិទ្ធិ​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​រយៈពេល ៧៥​ ឆ្នាំ​ លើ​កោះ Tulagi នោះ​ទេ ដែល​មាន​កំពង់ផែ​ទឹកជ្រៅអាច​ជា​ការ​ទាក់ទាញ​មួយ​សម្រាប់​កងកម្លាំង​ជើង​ទឹក​នានា។

សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​ការិយាល័យ​នាយករដ្ឋមន្ត្រី​លោក Sogavare ដែល​សំដៅ​ទៅ​កិច្ច​ព្រៀមព្រៀង​រវាងអាជ្ញាធរ​ខេត្ត​ Central Province ជាមួយ​នឹង​ក្រុមហ៊ុន Sam Group ​បានរៀបរាប់​ពី​ការ​ខកខានលើ​ជំហាន​អនុវត្ត​មួយ​ថា៖ «ជា​ការ​អនុវត្ត​ទូទៅ​ដែល​កិច្ចព្រមព្រៀង​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ប្រទេស Solomon Islands ដែល​រួម​បញ្ចូល​រដ្ឋបាលតាម​ខេត្ត​ផ្សេងៗ ត្រូវ​តែ​មានការ​ពិនិត្យ​មើល​ពី​រដ្ឋមន្រ្តី​យុត្តិធម៌ មុន​ពេល​អនុវត្ត»។

នា​គ្រា​នោះ អតីត​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក Mark Esper បាន​សាទរ​ការ​សម្រេចបដិសេធ​នេះ ដោយ​ហៅ​ថា​ជា «សេចក្តី​សម្រេច​សំខាន់​មួយ​ដើម្បី​ពង្រឹង​បូរណភាព​ដែនដី តម្លាភាព និង​នីតិរដ្ឋ»៕



ប្រែសម្រួល​ដោយ​លោក ណឹម​ សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG