ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​មិន​ទទួល​បាន​ការព្យាបាល​ជំងឺ​អេដស៍​ដូច​មនុស្ស​ពេញវ័យ


រូបឯកសារ៖ ក្មេងៗ​លេង​នៅ​តាម​ផ្លូវ​នៅ​ក្បែរ​ផ្ទាំង​មាន​សំណេរ​ថា ​ទិវា​ជំងឺ​អេដស៍​ពិភពលោក​​ដែល​សកម្មជន​បាន​ដាក់​នៅ​ជិត​មាត់​ទន្លេ Hooghly នៅ​មុន​ទិវា​ជំងឺ​អេដស៍​ពិភពលោក​នៅ​ក្នុង​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ ក្មេងៗ​លេង​នៅ​តាម​ផ្លូវ​នៅ​ក្បែរ​ផ្ទាំង​មាន​សំណេរ​ថា ​ទិវា​ជំងឺ​អេដស៍​ពិភពលោក​​ដែល​សកម្មជន​បាន​ដាក់​នៅ​ជិត​មាត់​ទន្លេ Hooghly នៅ​មុន​ទិវា​ជំងឺ​អេដស៍​ពិភពលោក​នៅ​ក្នុង​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ជំងឺ​អេដស៍​លែង​ជា​ជំងឺ​ដែល​នាំ​ឲ្យមាន​ការឆាប់​ស្លាប់​តទៅ​ទៀត​ហើយ។ អ្នក​កើត​ជំងឺ​នេះ​អាច​រស់នៅ​ដូច​ធម្មតា ប្រសិន​បើ​ពួកគេ​ទទួល​បាន​ការ​ថែទាំ​ព្យាបាល។ ជា​អកុសល ការណ៍​នេះ​គឺ ​ខុសគ្នា​ខ្លាំង​រវាង​កុមារ​និង​មនុស្ស​ពេញវ័យ​ ពាក់ព័ន្ធ​នឹង​ការ​ព្យាបាល​ជំងឺ​អេដស៍។

អ្នកនាំពាក្យ​ទីភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​នៃ​អង្គការ​សហ​ប្រជាជាតិ (UNAIDS) អ្នកស្រី Charlotte Sector និយាយ​ថា ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ដែល​កើតជំងឺ​អេដស៍ មាន​៧៦​ភាគរយ​ទទួល​បាន​ការ​ព្យាបាល ប៉ុន្តែ​ក្នុង​ចំណោម​កុមារ​ដែល​កើត​ជំងឺ​អេដស៍ ​មាន​តែចំនួន​ពាក់កណ្តាល​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ការ​ព្យាបាល​ដែល​អាច​ជួយ​សង្រ្គោះ​ជីវិត។ អ្នកស្រី​បន្ត​ថា កុមារ​មាន​ចំនួន​ ១៥​ភាគរយ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ទាំងអស់ បើ​ទោះ​បីជា​ក្នុង​ចំនួន​អ្នក​កើត​ជំងឺ​អេដស៍​សរុប មាន​កុមារ​តែ​ចំនួន​បួន​ភាគរយ​ក៏ដោយ។

អ្នកស្រី Charlotte Sector ថ្លែង​ថា៖ «កាល​ពី​ឆ្នាំ​មុន កុមារ​ចំនួន ១៦០.០០០ នាក់ បាន​កើត​ជំងឺ​អេដស៍។ ដូច្នេះ​អ្វី​ដែល​កំពុង​កើតឡើង​នោះ​គឺ​ថា ប្រទេស​ចំនួន​១២ នៅ​ទ្វីប​អាហ្វ្រិក​កំពុង​សហការ​គ្នា ពីព្រោះ​ប្រាំ​មួយ​ប្រទេស​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៅ​ទ្វីប​អាហ្វ្រិក (Sub-Saharan Africa) មាន​ចំនួន​៥០​ភាគរយ​នៃ​ការ​ឆ្លង​ថ្មី»។

អ្នកស្រី Sector លើកឡើង​ថា សម្ពន្ធភាព​ជា​សាកល​មួយ​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​នៃ​អង្គការ​សហប្រជាជាតិ អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូនីសេហ្វ ត្រូវបាន​បង្កើត​ឡើង​ដើម្បី​លុប​បំបាត់​គម្លាត​នេះ។ អ្នកស្រី​បន្ត​ថា ប្រទេស​ចំនួន ១២​នៅ​អាហ្វ្រិក​បាន​ចូលរួម​ក្នុង​សម្ពន្ធភាព​នេះ។ អ្នកស្រី Sector និយាយ​ទៀត​ថា រដ្ឋមន្រ្តី​សុខាភិបាល​មក​ពី​ប្រាំបី​ប្រទេស​ដាក់​ចេញ​នូវ​គម្រោងផ្តួចផ្តើម​មួយ​នៅ​ប្រទេស​តង់សានី នៅ​ចុង​ខែមករា ឆ្នាំ២០២៣។

អ្នកស្រី Sector ថ្លែង​បន្ថែម​ថា៖ «ដូច្នេះ​ នេះ​មិនមែន​ត្រឹមតែ​ផ្តល់​ការ​ព្យាបាល​ដល់​កុមារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ភាគច្រើន​ក៏​ជា​ការ​ព្យាយាម​ដើម្បី​បញ្ឈប់​ការ​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ផង​ដែរ។ តើ​ការ​ឆ្លង​របៀប​នេះ​មាន​យ៉ាង​ដូចម្តេច? គឺ​ការ​ចម្លង​ជំងឺ​អេដស៍​ពី​ម្តាយ​ទៅ​កូន​អំឡុងពេល​ពពោះ អំឡុងពេល​សម្រាល ឬ​បំបៅដោះ ដោយសារ​តែ​ការ​ឆ្លង​ភាគច្រើន​គឺ​កើត​ឡើង​អំឡុងពេល​បំបៅដោះ»។

អ្នកស្រី Sector និយាយ​ថា កិច្ចប្រឹងប្រែង​នានា​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​អេដស៍​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៅ​ទ្វីប​អាហ្វ្រិក គឺ​ផ្តោត​ជា​ធំក្នុង​ការ​ផ្តល់​ការ​ព្យាបាល​ទៅ​ដល់​មនុស្ស​ពេញវ័យ ដោយសារ​ពួកគេ​ជា​អ្នក​ចម្លង​ចម្បង។ អ្នកស្រី​បន្ត​ថា ប៉ុន្តែ​នៅ​ក្នុង​ដំណើរការ​នេះ តម្រូវការ​របស់​កុមារ​ត្រូវ​បាន​មើល​រំលង។

អ្នកស្រី Sector ថ្លែង​បន្ថែម​ថា៖ «អ្វី​ដែល​កើតឡើង​គឺ ភ្លាមៗ​ស្រាប់តែ​មាន​ការ​ដឹង​ថា យើង​បាន​ភ្លេច​ពី​កុមារ​ទាំង​នោះ ហើយ​មាន​កុមារ​មួយ​ជំនាន់​ដែល​ត្រូវ​បាន​បំភ្លេច​ចោល។ ដូច្នេះ ឥឡូវ​នេះ គឺមាន​ការព្យាយាម​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ តាមរយៈ​ការ​ព្យាយាម​ផ្តល់ការ​ព្យាបាល​ដល់​កុមារ ទាំង​មុន​ និង​ក្រោយ​ពេល​ពួកគេ​កើត»។

ក្រុម​អង្គការ​សម្ពន្ធភាព​ជា​សាកលនឹង​ធ្វើ​ប្រតិបត្តិការ​រយៈពេល​ប្រាំបី​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០៣០។ អំឡុង​ពេល​នេះ ក្រុម​អង្គការ​សម្ពន្ធភាព​នេះ​មាន​គោលដៅ​បង្រួម​គម្លាត​ក្នុង​ការ​ទទួល​បាន​ការ​ព្យាបាល​សម្រាប់​ស្រ្តី​វ័យ​ជំទង់​និង​ស្រ្តី​ទូទៅ​ដែលមាន​ផ្ទុក​ជំងឺ​អេដស៍​ ក្នុង​ពេល​មាន​ផ្ទៃពោះ និង​បំបៅដោះ បញ្ចៀស​និង​កំណត់​នូវ​ការ​ឆ្លង​ថ្មី ផ្តល់​លទ្ធភាព​ទទួល​បាន​ការ​ធ្វើតេស្ត និង​ព្យាបាល និង​លុប​បំបាត់​របាំង​សង្គម ដែល​រារាំង​ការ​ទទួល​បាន​សេវាកម្មទាំង​នេះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG