ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំ​ងឺ​​កូវីដ​១៩​​អាច​បង្កើន​​ចំនួន​មនុស្ស​ស្លាប់ដោយសារ​វីរុស ​HIV ជំងឺ​របេង​និង​គ្រុន​ចាញ់


រូបភាព​ជំងឺអេដស៍​
រូបភាព​ជំងឺអេដស៍​

បើតាមការ​សិក្សា​ស្រាវជ្រាវថ្មីមួយ​ថា​ផល​ប៉ះពាល់ដោយ​សារ​ជំងឺ​កូវីដ១៩អាច​បង្កើនចំនួន​មនុស្ស​ស្លាប់ដោយសារ​វីរុស HIV ជំងឺ​របេង​និង​គ្រុន​ចាញ់។​

ការរាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​បានបង្អាក់សេវាគ្រប់​គ្រងការ​ឆ្លង​វីរុស​HIV ជំងឺ​របេងនិង​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុងពួក​ប្រទេស​មានប្រាក់​ចំណូល​កណ្តាល​និង​ទាប។​អាជ្ញាធរសុខាភិបាលខ្វល់​ខ្វាយ​ថា​ការ​ណ៍​នេះ​នឹង​រុញ​ថយ​ក្រោយ​ការជឿន​លឿនប្រឆាំង​នឹង​ជំងឺ​ទាំង​នេះ​ក្នុង​ពេល​ច្រើនឆ្នាំ​ទៅ​មុខ​ទៀត។

លោក Timothy Hallett ជា​សាស្ត្រាចារ្យ​ខាងសុខភាព​នៅ​ឯ​មហាវិទ្យាល័យ​ ​Imperial College និង​ជា​សហ​អ្នក​និពន្ធ​នៃ​ការ​សិក្សាស្រាវ​ជ្រាវ​ថ្មី​មួយនៅក្នុង​ទស្សនាវដ្តី​ The Lancet Global Health។ លោក​បាននិយាយថា៖ «យើង​សង្កេត​ឃើញ​ថា​ផ្នែក​ធំ​មួយ​នៃ​ការ​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​តិច​បំផុត​ពីការ​រាតត្បាត​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេសទាំង​នេះ​គឺ​ការ​រក្សា​ទុកសេវា​សម្រាប់ព្យាបាលជំងឺ​សំខាន់ៗ​ទាំង​នេះ»។

ពួក​អ្នក​ជំនាញបាន​ឃើញ​ការណ៍​នេះកាល​ពីពេល​មុនៗ។ នៅ​ក្នុង​ការ​រាតត្បាត​ឯទៀតៗមនុស្សបាន​ចៀស​វៀងស្វះ​ស្វែងរក​ការព្យាបាលដោយ​បារម្ភ​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​នោះ​ហើយប្រព័ន្ធ​សុខាភិបាលមាន​បន្ទុក​ធ្ងន់​មិន​អាចផ្តល់​សេវា​បានទេ។

ការ​សិក្សាស្រាវ​ជ្រាវ​មួយស្ទង់​ប្រមាណ​ថាការ​បង្អាក់ប្រព័ន្ធសុខាភិបាល​នៅក្នុងការ​រាលដាល​ជំងឺ Ebola កាលពី​ឆ្នាំ២០១៤ និង២០១៥​នៅ​ក្នុង​ប៉ែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​បានបណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ដោយសារ​វីរុស​HIV ដែល​បង្ក​ជំងឺអេដស៍ ជំងឺរបេង​និងជំងឺគ្រុន​ចាញ់ច្រើន​ជាងអ្នកស្លាប់​ដោយសារជំងឺ​ Ebola ទៅ​ទៀត។

ជំងឺ​កូវីដ១៩​បាន​បង្អាក់​៨៥%នៃកម្មវិធីHIV ៧៨% នៃគម្រោង​ការ​ព្យាបាលជំងឺ​របេង​និង ៧៣%នៃ​កម្មវិធី​ជំងឺ​គ្រុន​ចាញ់​គ្រប់​គ្រងដោយមូលនិធិ​សាកល​ដែល​ជាភាព​ដៃ​គូ​បែប​សាធារណៈនិង​ឯកជន​មានគោល​ដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទាំង​នេះ។

សេចក្តី​សម្រេច​ដ៏​ពិបាក

លោក Timothy Hallett​បានប្រើ​គំរូ​ព្យាការណ៍​តាមគណិតវិទ្យាដើម្បី​ស្ទង់ប្រមាណ​អំពីថា​តើ​ជំងឺ​កូវីដ១៩​មានផល​ប៉ះពាល់​បែប​ណា​លើប្រព័ន្ធ​ថែ​រក្សា​សុខភាព​ហើយ​ថា​តើផល​ប៉ះពាល់​ទាំង​នេះមាន​ទៅលើ​ពួក​អ្នកជំងឺ​អេដស៍ ជំងឺរបេង​និង​គ្រុន​ចាញ់ដោយ​បែបណា។

ការ​មិន​ធ្វើ​សកម្មភាពនាំ​ឱ្យ​ជំងឺ​កូវីដ១៩ដាក់​ឱ្យ​មានបន្ទុក​ធ្ងន់​លើ​ប្រព័ន្ធសុខាភិបាល​និង​បង្អាក់​សេវាសម្រាប់ជំងឺ​បី​ទៀត។

ពួក​អ្នក​ស្រាវជ្រាវទស្សន៍ទាយថាការ​បង្អាក់នេះ​មានផល​បះពាល់​លើការចែក​ចាយឱសថ​ប្រឆាំង​នឹង​វីរុស​សម្រាប់ពួក​អ្នក​ជំងឺ​ផ្ទុក​វីរុសHIV ដោយ​បង្កើន​ចំនួន​មនុស្ស​ស្លាប់​១០%​ក្នុង​ពេលប្រាំ​ឆ្នាំ​ខាងមុខ។​ការ​ផ្អាក​ការចែក​ចាយ​មុង​មាន​ជ្រលក់​ថ្នាំសម្លាប់​សត្វ​ល្អិត​ចង្រៃ​អាចបង្កើនចំនួន​មនុស្ស​ស្លាប់ដោយសារ​ជំងឺគ្រុន​ចាញ់​៣៦%។

ម្យ៉ាង​វិញ​ទៀតកា​របិទ​ប្រទេស​ទាំង​ស្រុងអាចបង្ក្រាបជំងឺកូវីដ១៩​ក៏​ប៉ុន្តែ​វា​អាចមាន​ផល​ប៉ះ​ពាល់​លើ​សេវាសម្រាប់ព្យបាល​ជំងឺ​បី​ទៀត​ជា​ពិសេស​ជំងឺ​របេង។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​របេងអាច​កើន​ឡើង​២០%​ក្នុង​ពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​ពីព្រោះ​អ្នក​ជំងឺ​របេង​ដែល​គ្មាន​ការ​ព្យាបាល​ចម្លងរោគ​ទៅ​មនុស្ស​ឯទៀតៗ។

ពួក​អ្នក​និពន្ធ​នៃការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​សរសេរថា៖ «លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់យើងគូស​បញ្ជាក់សេចក្តី​សម្រេច​ដ៏ពិបាកដែលប្រឈមពួកអ្នករៀបចំគោលនយោបាយ។​ប្រសិន​បើអន្តរាគមន៍មិនបានត្រូវ​ចាត់ចែងដោយល្អ​ទេវា​អាចនាំ​ឱ្យ​មាន​កំណើន​មនុស្ស​ស្លាប់​ដោយ​បុព្វ​ហេត​ឯទៀតៗ»។

ការ​ប្រែ​ក្រឡះ​សមិទ្ធិផល

លោក Peter Sands ជា​ប្រធាននៃអង្គការមូលនិធិ​សាកល។ លោក​បាន​សរសេរនៅ​ក្នុង​អត្ថាធិប្បាយ​មួយអមការ​សិក្សា​ស្រាវ​ជ្រាវ​នេះថាអត្រា​មនុស្ស​ស្លាប់ «អាចមានច្រើន​ជាងចំនួន​ចែង​នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ» ដោយ​មានលើស​ពី​ចំនួន​មនុស្ស​ស្លាប់ដោយសារ​ជំងឺ​កូវីដ១៩នៅក្នុងប្រទេស​ខ្លះ។

លោក Sands បាន​សរសេរ​ក្នុង​សម្តី​ដើម​ថា៖ «នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ត្រូវ​រង​ផលប៉ះពាល់​ខ្លាំង​ពី​វីរុស​HIV ជំងឺ​របេង និង​គ្រុនចាញ់ ជំងឺ​កូវីដ១៩​អាច​បណ្តាល​ឲ្យ​សមិទ្ធិផល​ពី​ការខិតខំ​ជាច្រើន​ឆ្នាំ​អាច​បាត់បង់​ទៅ​វិញ។ យើង​មិន​អាច​បណ្តាយ​ឲ្យ​រឿង​នេះ​កើត​ឡើង​ទេ»។

កម្មវិធី​នានា​កំពុងសម្របនឹង​ស្ថានភាព​ថ្មី​នេះ។ នៅ​ក្នុង​កន្លែង​ខ្លះពួក​អ្នក​ជំងឺ​ HIV​អាច​ទៅ​យក​ឱសថពីទូមានសោ​នៅ​ក្នុង​ឱសថស្ថាន​សហគមន៍ជា​ជាងទៅកាន់​គ្លីនិក។​ក្លិប​ឱសថស្ថានអនុញ្ញាត​ឱ្យ​មនុស្ស​ម្នាក់យក​ថ្នាំ​សម្រាប់មនុស្ស​ឯទៀត​បាន។​កម្ម​វិធី​កម្ចាត់​ជំងឺគ្រុន​ចាញ់​ទិញ​ម៉ូតូនិង​ប្រដាប់​ការ​ពារ​ខ្លួន​សម្រាប់​ពួកបុគ្គលិក​ប្រើ​ដើម្បី​អាចចែក​ចាយមុង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត។

អង្គការមូលនិធិ​សាកល​ស្ទង់ប្រមាណថា​ខ្លួន​ត្រូវការប្រាក់​២៨.៥០០​លានដុល្លារដើម្បី​សម្រប​សម្រួល​កម្មវិធី​ដោះស្រាយ​ផល​វិបាក​នៃជំងឺកូវីដ១៩។

លោក Hallett សហ​អ្នក​និពន្ធ​នៃ​ការសិក្សា​ស្រាវ​ជ្រាវ​នេះ​និយាយថាការ​កែ​ប្រែ​កម្មវិធី​នេះ​ជា​ដំណឹង​ល្អ។

លោកបានថ្លែងថា៖ «ខ្ញុំ​មានសុទិដ្ឋិ​និយមពី​ព្រោះ​ការ​សិក្សាស្រាវ​ជ្រាវនេះ​បង្ហាញអ្វីដែលអាច​ជាផល​ប៉ះ​ពាល់នៅ​កន្លែង​ដែល​គ្មាន​ការព្យាយាម​បន្ធូរបន្ថយ។ ក៏​ប៉ុន្តែ​យើងបានឃើញការ​ធូរស្រាលហើយនេះ​ជាការ​លើក​ទឹក​ចិត្ត​ពិត​ប្រាកដ»។

លោកHallett បាននិយាយ​បន្ថែមថា៖ «ម្យ៉ាង​វិញ​ទៀត​ការគំរាមកំហែង​ធំបំផុតដល់​ការជឿន​លឿន​ក្នុងការព្យាបាល​ជំងឺ​បង្ក​ដោយ​វីរុស​HIV រោគ​របេងនិងជំងឺ​គ្រុន​ចាញ់មិន​មែនកើត​មាននៅឆ្នាំ​នេះ​ទេ ក៏​ប៉ុន្តែ​នឹង​មាន​នៅ​ឆ្នាំ​ក្រោយ​ប្រសិនបើ​គ្មាន​ការ​ផ្តល់​ប្រាក់ជំនួយ​នៅ​ពេល​នោះ​ទេ»។

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG