ទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺអេដស៍នៃអង្គការសហប្រជាជាតិហៅកាត់ថា UNAIDS ថ្លែងកាលពីថ្ងៃចន្ទថា វិបត្តិរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ អាចធ្វើឲ្យប៉ះពាល់ដល់ការផលិត និងចែកចាយថ្នាំ antiretroviral ដែលគេប្រើសម្រាប់ព្យាបាលជំងឺអេដស៍។
ការស្ទង់មតិមួយដោយទីភ្នាក់ងារនេះរកឃើញថា ផលប៉ះពាល់ពីវិធានការទប់ស្កាត់កូវីដ១៩ដូចជាការបិទសកម្មភាពសេដ្ឋកិច្ច និងច្រកព្រំដែន នឹងរឹតត្បិតការចែកចាយថ្នាំព្យាបាលប្រឆាំងជំងឺអេដស៍ ទៅដល់ប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម។
ទីភ្នាក់ងារ UNAIDS ប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងធ្វើការជាមួយដៃគូទូទាំងពិភពលោកដើម្បីកាត់បន្ថយផលប៉ះពាល់នេះ និងរៃអង្គាសថវិកាដើម្បីជួយដល់ការផលិត និងដឹកជញ្ជូនថ្នាំនេះ។
នៅទូទាំងពិភពលោកមានមនុស្សប្រមាណ២៤,៥លានត្រូវពឹងផ្អែកលើថ្នាំ antiretroviral កាលពីឆ្នាំ២០១៩ ហើយទីភ្នាក់ងារ UNAIDS ប៉ាន់ស្មានថា ប្រសិនបើមិនមានការផ្គត់ផ្គង់ថ្នាំនេះមិនគ្រប់គ្រាន់រយៈពេល៦ខែ គ្រាន់តែនៅតំបន់ខាងត្បូងខ្សាច់សាហារ៉ា ក្នុងទ្វីបអាហ្វ្រិកអាចនាំឲ្យមានការស្លាប់មនុស្សទាក់ទងនឹងជំងឺអេដស៍ចំនួន៥០០.០០០នាក់៕