ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលកម្ម​កុមារ​នៅតែ​មាន​ជាទូទៅ​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា ទោះបីជា​មាន​ការខិតខំ​ប្រឹងប្រែង​ផ្នែក​ច្បាប់​ក៏ដោយ


រូបកាត់​ពី​វីដេអូ បង្ហាញ​ពី​កុមារ​នៅ​ប្រទេស​នីហ្សេរីយ៉ា ដែល​កំពុង​ធ្វើ​ការ ទោះ​បី​ជា​ប្រទេស​នេះ​មាន​ច្បាប់​ហាម​ឃាត់​ពលកម្ម​កុមារ​​ក៏​ដោយ។

នៅ​ឆ្នាំ​២០០៣ ​នីហ្សេរីយ៉ា ​បានបង្កើត​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​កុមារ​និង​ការពារ​ពួកគេ​ពី​ការ​កេងប្រវ័ញ្ច​ពលកម្ម។ ក៏ប៉ុន្តែ ១៧ ឆ្នាំ​ក្រោយមក​កុមារ​នីហ្សេរីយ៉ា​រាប់​លាន​នាក់​នៅ​តែ​បន្ត​ធ្វើ​ការងារ​ដែល​ប្រើ​កម្លាំង​កាយ ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត ឬ ផ្គត់ផ្គង់​គ្រួសារ។

នៅ​ឆ្នាំ​២០០៣ លោក ​Olusegun Obasanjo​ ដែល​នៅ​ពេល​នោះ ​ជា​ប្រធានាធិបតី​នីហ្សេរីយ៉ា ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ស្នើ​ច្បាប់​សិទ្ធិ​កុមារ​ឲ្យ​ទៅ​ជា​ច្បាប់​នៅ​ក្នុង​ឆ្នាំ​២០០៣ នោះ ដើម្បី​ការពារ​សិទ្ធិ​កុមារ​និង​ការពារ​ពួកគេ​ពី​ការ​កេងប្រវ័ញ្ច​ពលកម្ម។ ក៏ប៉ុន្តែ ១៧ ឆ្នាំ​ក្រោយមក​កុមារ​នីហ្សេរីយ៉ា​រាប់​លាន​នាក់​នៅ​តែ​បន្ត​ធ្វើ​ការងារ​ដែល​ប្រើ​កម្លាំង​កាយ ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត ឬ ផ្គត់ផ្គង់​គ្រួសារ។

កុមារ​ Awwal Abdulahi ​អាយុ ១៣ ឆ្នាំ​និង​មិត្ត​របស់​ខ្លួន​កំពុង​រុញ​រថយន្ត​ខូច​មួយ​គ្រឿង ដើម្បី​ឲ្យ​ម៉ាស៊ីន​រថយន្ត​នោះ​ឆេះ។ កុមារ​នេះ បាន​រៀន​ជួស​ជុល​រថយន្ត​នៅ​ក្នុងហាង​ជួលជុល​រថយន្តមួយ​កន្លែង អស់​រយៈ​ពេល ៣ ឆ្នាំ​មក​ហើយ។

Awwal Abdulahi​ ថ្លែង​ថា៖

«ខ្ញុំ​ចេះ​ជួសជុល​ចង្កូត ប៉ះ​កង់​ឡាន ជួសជុល​ម៉ាញ៉េ​ឡាន​ និងដូរកង់​ឡាន ជាដើម។ ជាច្រើនដង ខ្ញុំ​អស់កម្លាំង​ដោយសារ​ការងារទាំងនោះ ហើយ​កម្តៅ​ថ្ងៃ​រឹតតែ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​អស់កម្លាំង​ថែម​ទៀត»។

ឪពុក​ម្តាយ​របស់ ​Abdulahi​ មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​កូនៗ​ទាំង​៧នាក់​របស់​ខ្លួន​ទេ។ ប៉ុន្តែ Abdulahi រីករាយ​ដែល​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន។

Awwal Abdulahi ថ្លែង​បន្ត​ថា៖ «ខ្ញុំ​រក​បាន​ប្រហែល​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ សូម្បី​តែ​ពេល​ដែល​ខ្ញុំ​រក​បាន​មួយ​ដុល្លារ ក៏​ខ្ញុំ​មិន​ចាយដែរ។ ខ្ញុំ​សន្សំ​វា​ទុក​នៅ​ក្នុង​កូន​ជ្រូក​របស់​ខ្ញុំ ទុក​ដល់​ពេល​ខ្ញុំ​ត្រូវ​ចំណាយ»។

មាន​ក្មេង​ប្រុស​អាយុក្រោម ​១៨ ឆ្នាំ​ជាង ​២០​ នាក់ ដែល​ធ្វើការ​នៅ​ហាង​ជួសជុល​រថយន្ត​មួយ​កន្លែង។ ពួកគេ​ភាគ​ច្រើន​មិន​បាន​ទៅ​សាលា​រៀន ហើយ​ធ្វើការ​ពេញ​ម៉ោង​ជា​កូនជាង​ជួសជុល​រថយន្ត។

ថៅកែ​របស់​ពួកគេ​និយាយ​ថា ខ្លួន​មិន​ហៅ​ថា ​នេះ​ជា​ពលកម្ម​កុមារ​ទេ។ ពួកគេ​និយាយ​ថា ពួកគេ​មើល​ថែរក្សា​ក្មេងៗ​ទាំងនោះ ​ដូចជា​កូន​របស់​ពួកគេ​ដូច្នោះ​ដែរ។

លោក Alaba Omuwuri ​ជា​ថៅកែ​ហាង​ជួលជុល​រថយន្ត ថ្លែង​ថា៖ «នៅ​ពេល​យើង​បិទ​ហាង​ម្តងៗ យ៉ាងហោចណាស់​ក៏​យើង​ឱ្យ​លុយ​ខ្លះ​ទៅ​ពួកគេ​ដើម្បី​ទិញ​ម្ហូប និង​សាប៊ូ​បោក​ខោអាវ​ដែរ ដែល​នេះ ជួយ​ឱ្យ​ពួកគេ​មាន​ជីវិត​ប្រសើរ​ឡើង ជាជាង​ការនៅ​ផ្ទះ និង​ធ្វើអ្វី​ផ្តេសផ្តាស ឬ ដើរ​រើស​សំរាម​អី​ជាដើម​នោះ។ នៅ​ទីនេះ​យើង​លើក​ទឹកចិត្ត​ពួកគេ ដូច្នេះ​ពួកគេ​ក៏​លើក​ទឹកចិត្ត អ្នកដែល​នៅ​ផ្ទះ​ផ្សេងៗ​ទៀត ឲ្យ​មក​ទីនេះ ហើយ​រៀន​ធ្វើ​ការងារ​នេះ ពីព្រោះ​នេះ ជា​ការងារ​ល្អ»។

កុមារ​ដទៃ​ទៀត​ដូចជា​ Abdul Multalif ​និង​ Yusuf​ ប្អូន​ប្រុស​របស់​ខ្លួន ត្រូវ​ដើរ​សុំទាន​នៅ​តាម​ផ្លូវ​រាល់ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ខ្លួន​ឯង។

Abdul Multalif ថ្លែង​ថា៖

«និយាយ​ដោយ​ត្រង់​ទៅ​ខ្ញុំ​មិន​ចង់​សុំទាន​គេ​នោះ​ទេ។ ខ្ញុំ​ចង់​បាន​ប្រាក់​ខ្លះ​ដើម្បី​ទិញ​ស្ករគ្រាប់ និង​សូកូឡា ​ដើម្បី​លក់»។

ក្នុង​ឆ្នាំ ២០០៣ លោក​ប្រធានាធិបតី ​Obasanjo ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​សិទ្ធិ​កុមារ ដើម្បី​ការពារ​ផលប្រយោជន៍ និង​សិទ្ធិ​របស់​កុមារ​នីហ្សេរីយ៉ា។

ក៏ប៉ុន្តែ លោក ​Ibrahim Carson​ អ្នកជំនាញ​ផ្នែក​ច្បាប់ បាន​ថ្លែង​ថា មាន​កត្តា​ជាច្រើន​កំពុង​រារាំង​មិន​ឲ្យ​គេ​ពង្រឹង​ច្បាប់​នេះ​បាន។

«ជាអកុសល នៅក្នុង​ទ្វីប​នេះ​ភាពក្រីក្រ អនក្ខរកម្ម ជំនឿ​វប្បធម៌ និង​ការរើសអើង​ផ្នែក​សាសនា គឺ​ជា​ហេតុផល​មួយ​ចំនួន ដែល​ជាក់ស្តែង​បាន​ជះ​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​សិទ្ធិ​កុមារ​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ានេះ»។

អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា កុមារ​នីហ្សេរីយ៉ា​ចំនួន ៤៣ ភាគរយ​បាន​ចូលរួម​ក្នុង​ទម្រង់​ផ្សេងៗ​នៃ​ពលកម្ម​កុមារ​ទោះបី​មាន​អនុសញ្ញា​អន្តរជាតិ​ហាម​ឃាត់​ក៏​ដោយ។

អ្នកជំនាញ​និយាយ​ថា បើសិនជា ការហាមឃាត់​មិន​ត្រូវ​បាន​អនុវត្ត​ពេញលេញ​ទេ​នោះ កុមារ​នីហ្សេរីយ៉ា​ជាច្រើន នឹង​មិន​អាច​ទទួល​បាន​នូវ​ភាពរីករាយ​ទៅ​តាម​វ័យ​ជា​កុមារ​នោះ​ទេ៕

ប្រែសម្រួល​ដោយ អ្នកស្រី លី ម៉ូរីវ៉ាន់

អត្ថបទ​ទាក់ទង

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG