ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សត្វ​ត្មាត​ដែល​ជិត​ផុត​ពូជ​ត្រូវ​បាន​សម្លាប់​សម្រាប់​ពិធី​សាសនា​នៅ​នីហ្សេរីយ៉ា


រូបភាពឯកសារ៖ សត្វត្មាត​មួយ​ឈរ​លើ​សាកសព​សត្វ​ក្របី​អាហ្រ្វិក​នៅ​ក្នុង​សួន​សត្វ​ជាតិ​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០១៧។
រូបភាពឯកសារ៖ សត្វត្មាត​មួយ​ឈរ​លើ​សាកសព​សត្វ​ក្របី​អាហ្រ្វិក​នៅ​ក្នុង​សួន​សត្វ​ជាតិ​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០១៧។

នៅ​ទូទាំង​ប្រទេស​នីហ្សេរីយ៉ា គេ​ឃើញ​មាន​តម្រូវការ​កើន​ឡើង​ចំពោះ​សត្វ​ត្មាត ហើយ​អ្នក​សម្លាប់​សត្វ​កំពុង​ធ្វើ​ឲ្យ​ប្រភេទ​សត្វ​ត្មាត​ធំៗ ៤ ប្រភេទ​ស្ទើរតែ​ជិត​ផុត​ពូជ។

នា​ពេល​បច្ចុប្បន្ន​នេះ អង្គការ​មូលនិធិ​អភិរក្ស​នីហ្សេរីយ៉ា​កំពុង​ផ្ដោត​អាទិភាព​ខ្ពស់​លើ​ការ​អភិរក្ស​សត្វ​ត្មាត។ លោក Abidemi Balogun មន្ត្រី​អភិរក្ស​ជាន់​ខ្ពស់​ពិសេស​នៃ​ផ្នែក​អប់រំ​របស់​អង្គការ​មូលនិធិ​អភិរក្ស​នីហ្សេរីយ៉ា កំពុង​ធ្វើ​ការ​ជាមួយ​នឹង​សហគមន៍​មូលដ្ឋាន​នានា​ដែល​នៅ​មាន​ជំនឿ​លើ​អបិយជំនឿ និង​ជំនឿ​បុរាណ​នានា​ទាក់ទិន​នឹង​សត្វ​ត្មាត​នេះ។

អ្នកស្រី Balogun និយាយ​ថា៖ «មនុស្ស​ម្នាក់​បាន​សួរ​ខ្ញុំ​ថា​តើ​សត្វ​ត្មាត​អាច​ត្រូវ​គេ​កំណត់​ថា​ជា​សត្វ​ចង្រៃ​បាន​តាម​វិធី​ណា ដោយ​គ្រាន់តែ​មាន​ជំនឿ​កន្លង​មក​ថា សត្វ​ត្មាត​គឺ​ជា​ប្រភេទ​សត្វ​ចង្រៃ​នោះ»។

អ្នកស្រី Balogun បាន​ប្រាប់ VOA ថា គេ​មិន​មែន​បរបាញ់​សត្វ​ត្មាត​សម្រាប់​បរិភោគ​នោះ​ទេ។ គេ​សម្លាប់​សត្វ​ត្មាត​ដើម្បី​ធ្វើ​ពិធី​សាសនា។

អ្នកស្រី Balogun បាន​បញ្ជាក់​ទៀត​ថា៖ «យើង​បាន​រក​ឃើញ​ថា ក្បាល​សត្វ​ត្មាត​ត្រូវ​គេ​ប្រើ​សម្រាប់​ពិធី​សាសនា ហើយ​វា​គឺ​ជា​ផ្នែក​ដែល​ថ្លៃ​បំផុត​នៃ​សត្វ​ត្មាត»។

នៅ​តាម​ទីផ្សារ​ក្នុង​ស្រុក គេ​លក់​រោម​សត្វ​ត្មាត​ក្នុង​តម្លៃ​ប្រហែល ១០០ ណៃរ៉ា រូបិយវត្ថុ​របស់​នីហ្សេរីយ៉ា ដែល​ស្មើ​នឹង ៥០ សេន​ដុល្លារ​អាមេរិក។ ប៉ុន្តែ ក្បាល​សត្វ​ត្មាត​វិញ​អាច​មាន​តម្លៃ​រហូត​ដល់ ២ ម៉ឺន ៥ ពាន់ ណៃរ៉ា ដែល​ស្មើ​នឹង​ប្រហែល ៧០ ដុល្លារ​អាមេរិក។

ដោយសារ​ប្រទេស​នីហ្សេរីយ៉ា​មាន​វប្បធម៌​ចម្រុះ​ជា​ច្រើន គេ​ឃើញ​ថា ជំនឿ​អំពី​សត្វ​ត្មាត​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន។ នៅ​តំបន់​និរតី​នៃ​ប្រទេស​នីហ្សេរីយ៉ា ដែល​នៅ​ទី​នោះ គេ​ហៅ​សត្វ​ត្មាត​ថា igun ហើយ​គេ​ជឿ​ថា សត្វ​ត្មាត​ជា​សត្វ​សក្ដិសិទ្ធិ​នៅ​ក្នុង​ពិធី​សាសនា​បុរាណ។

បើ​យោង​ទៅ​តាម​ជំនឿ​បុរាណ សត្វ​ត្មាត​អាច​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ហៅ​ព្រលឹង​ខ្មោច ឬ​ក៏​ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ពិធី​បូជា​ស្មុគស្មាញ​នានា។

នៅ​តំបន់​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា សត្វ​ត្មាត​ជា​សត្វ​ដែល​គេ​បរិភោគ។ ប៉ុន្តែ សត្វ​ត្មាត​នេះ​ក៏​ត្រូវ​គេ​លក់ដូរ​សម្រាប់​ប្រើ​ធ្វើ​ជា​ថ្នាំ​បុរាណ និង​ការ​ព្យាបាល​ជំងឺ​បែប​បុរាណ។ អ្នក​ខ្លះ​ថា ក្បាល​សត្វ​ត្មាត​ជា​ផ្នែក​ដែល​មាន​អំណាច​ខ្លាំង​អស្ចារ្យ។

ចំណែក​ឯ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​នីហ្សេរីយ៉ា​វិញ គេ​មិន​បរិភោគ​សត្វ​ត្មាត​ទេ ហើយ​គេ​ក៏​មិន​ប្រើ​សត្វ​ត្មាត​នេះ​នៅ​ក្នុង​ពិធី​សាសនា​អ្វី​នោះ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់ VOA របស់​លោក Ike Nwakamma នៃ​ក្រុម​ប្រឹក្សា​កំពូល​នីហ្សេរីយ៉ា​នៃ​ពិធី​សាសនា​បុរាណ។

លោក Nwakamma លើក​ឡើង​ថា គេ​យល់​ថា សត្វ​ត្មាត​នេះ​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ ដូច្នេះ​គឺ​គេ​មិន​អាច​ប្រើ​វា​សម្រាប់​គោល​បំណង​បុរាណ​ណា​មួយ​បាន​ទេ។ មនុស្ស​មិន​ចង់​បាន​សត្វ​ត្មាត​នេះ​ទេ ទោះបីជា​សត្វ​នោះ​រស់ ឬ​ក៏​ងាប់​ក៏​ដោយ។

ហេតុ​ដូច្នេះ​ហើយ បាន​ជា​ហេតុការណ៍​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ បាន​បណ្ដាល​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​នៅ​ឯ​ផ្សារ​មួយ​កន្លែង។

វីដេអូ​មួយ​ដែល​ថត​បាន​អំពី​ប្រតិកម្ម​បែប​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ពួកគេ​ឃើញ​សត្វ​ត្មាត​ងាប់ ៥០ ក្បាល​នៅ​លើ​ដី​នៃ​ផ្សារ​លក់​ដូរ​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Enugu នៃ​ភាគ​និរតី​ប្រទេស។

លោក Igwe Godwin Ekoh មេដឹកនាំ​បុរាណ​នៃ​សហគមន៍​នោះ បាន​ប្រាប់ VOA ថា អ្នក​សម្លាប់​សត្វ​បាន​សម្លាប់​សត្វ​ត្មាត​ម្ដងៗ​យ៉ាង​ច្រើន​ដើម្បី​លក់។

លោក Ekoh និយាយ​ថា៖ «អ្នក​សម្លាប់​សត្វ​បាន​ដាក់​ថ្នាំ​បំពុល​ក្នុង​សាច់​គោ ហើយ​បោះ​វា​ទៅ​ឲ្យ​សត្វ​ត្មាត​ស៊ី»។

ការ​ជួញដូរ​សត្វ​ត្មាត​បាន​ក្លាយជា​អាជីវកម្ម​បាន​ប្រាក់​ចំណេញ​យ៉ាង​ច្រើន​មួយ។ អង្គការ​មូលនិធិ​អភិរក្ស​នីហ្សេរីយ៉ា​បាន​បញ្ជាក់​ថា សត្វ​ត្មាត​ប្រហែល ៥ រយ​តោន ត្រូវ​គេ​ជួញដូរ​ជា​រៀងរាល់​ខែ។

លោក Igwe Ekoh បាន​ចូលរួម​នៅ​ក្នុង​វេទិកា​មួយ​ដែល​រៀបចំ​ដោយ​អង្គការ​មូលនិធិ​អភិរក្ស​នីហ្សេរីយ៉ា​នៅ​ក្នុង​រដ្ឋ Enugu កាល​ពី​ពេល​ថ្មីៗ​នេះ។ អង្គការ​នេះ​បាន​រៀបចំ​សិក្ខាសាលា​នៅ​ក្នុង​ទីក្រុង​ចំនួន ៤ នៅ​ទូទាំង​ប្រទេស​នីហ្សេរីយ៉ា។

អ្នក​ចូលរួម​នៅ​ក្នុង​វេទិកា​នៅ​ក្នុង​រដ្ឋ Enugu បាន​ទៅ​កាន់​ទី​ផ្សារ​ដ៏​មាន​ប្រជាប្រិយ​មួយ​កន្លែង ដើម្បី​និយាយ​ជាមួយ​អ្នក​កាប់​សាច់​លក់ និង​បាន​ស្នើ​ពួកគេ​ឲ្យ​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ ប្រសិនបើ​ពួកគេ​ឃើញ​មាន​នរណា​លក់​សត្វ​ត្មាត។

អង្គការ BirdLife International បញ្ជាក់​ថា នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក ចំនួន​សត្វ​ត្មាត​បាន​ធ្លាក់​ចុះ​ស្ទើរតែ​ផុត​ពូជ​នៅ​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ក្នុង​នោះ ការ​ដាក់​ថ្នាំ​បំពុល​សម្លាប់​គឺ​ជា​មូលហេតុ​ចម្បង។

អង្គការ​ដៃគូ​សាកលលោក​នេះ​បាន​ហៅ​សត្វ​ត្មាត​ថា​ជា​សត្វ​សម្អាត​បរិស្ថាន ដែល​គួរតែ​ត្រូវ​បាន​គេ​សរសើរ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG