ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​វិនិយោគ ១៦ពាន់​លាន​ដុល្លារ​​ក្នុង​វិស័យ​ប្រេង​នៅ​ប្រទេស​នីហ្សេរីយ៉ា


ផ្សែងខ្មៅ​ហុយ​ចេញ​ពី​ភ្លើង​ឆេះ​បំពង់ប្រេងក្នុង​ទីក្រុង​ Ijegun រដ្ឋ​Lagos កាល​ពី​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៩។
ផ្សែងខ្មៅ​ហុយ​ចេញ​ពី​ភ្លើង​ឆេះ​បំពង់ប្រេងក្នុង​ទីក្រុង​ Ijegun រដ្ឋ​Lagos កាល​ពី​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៩។

ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន​បាន​កើន​ឡើង​ដល់ ១៦ពាន់​លាន​ដុល្លារ នេះ​បើ​តាម​ក្រុមហ៊ុន​ប្រេង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​នីហ្សេរីយ៉ា។

ស្រប​ពេល​ដែល​វិស័យ​ប្រេងនៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ស្វាគមន៍ការ​វិនិយោគ​របស់​ចិន​ អ្នក​វិភាគ​មួយ​ចំនួន​បារម្ភ​អំពី​កង្វះ​តម្លាភាព​នៅ​ក្នុង​វិស័យ​នេះ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​យឺត​នៃទីផ្សារ​ថាមពល​កកើត​ឡើង​វិញ​នៃ​ប្រទេស​នេះ។

នៅ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​មក​ពី​ក្រុម​ហ៊ុន​ប្រេង​ធំ​បំផុត​ទី​បី ក្នុង​ប្រទេស​ចិន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Abuja ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ខែ​មុន លោក​ត្រូវ​បាន​ផ្ដល់​យោបល់​ដោយ​ថ្នាក់​ដឹក​នាំ​កំពូល​មួយ​រូប​មក​ពី​ក្រុម​ហ៊ុន​ប្រេង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​នីហ្សេរីយ៉ា ថា​ឲ្យ​ក្រុមហ៊ុន​បង្កើន​ថវិកា​វិនិយោគ​

ក្នុង​វិស័យ​ប្រេងក្នុង​ប្រទេស​នីហ្សេរីយ៉ា។

លោក Mele Kyari ប្រធាន​គ្រប់គ្រង​ សាជីវកម្ម​ជាតិ​នៃ​ប្រទេស​នីហ្សេរីយ៉ា ឬ NNPC អរគុណសាជីវកម្ម​ប្រេង​ជាតិ​ក្នុង​សមុទ្រ​នៃ​ប្រទេស​ចិន ឬ CNOOC សម្រាប់​ការ​គាំទ្រ​វិស័យ​ប្រេង​ និង​ឧស្ម័ននៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះបាន​កើន​ឡើង​ដល់ ១៦​ពាន់​លាន​ដុល្លារ។ លោក Kyari បន្ថែម​ថា ​ប្រទេស​នីហ្សេរីយ៉ា​ត្រូវ​ការ​ដៃ​គូ​ដូច​ប្រទេស​ចិន។

ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សម្រេច​គោលដៅ​ផលិត​ប្រេង​របស់​ពួក​គេ។​ នីហ្សេរីយ៉ា​ ជា​ប្រទេស​ដែល​ផលិត​ប្រេង​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​មួយ​ថ្ងៃ​ផលិត​ប្រេង​បាន​ប្រមាណ ២លាន​បារ៉ែល និង​បាន​កំណត់​គោលដៅ​ផលិត​ឲ្យ​បាន ៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃត្រឹម​ឆ្នាំ​ ២០២៣។ ការ​ផលិត​ប្រេងក្នុង​ស្រុក​របស់​ចិន​កំពុង​តែ​ ធ្លាក់​ចុះ​ជា​លំដាប់​ ដោយ​សារ​តែការ​ថយ​ចុះ​នៃ​ធនធានធម្មជាតិ និង​បញ្ហា​ប្រឈម​ខាង​ភូមិ​សាស្ត្រ​ផ្សេងៗ​ទៀត។​ ដូច្នេះអ្នក​ជំនាញ​ទស្សន៍ទាយ​ថា​ ៨០% នៃ​ការ​ផ្គត់​ផ្គង់​ប្រេង​ឆៅ​របស់​ប្រទេស​ចិន នឹង​ត្រូវ​បាន​គេ​នាំ​ចូល​ត្រឹម​ឆ្នាំ២០៣០។​

ហើយ​ប្រទេស​នីហ្សេរីយ៉ា​ ជា​ប្រទេស​មួយ​ដែល​នឹង​ផ្គត់​ផ្គង់​ប្រេង​ដល់​ប្រទេស​ចិន​។
ក្រុម​ហ៊ុន CNOOC ចាប់​ផ្ដើមអាជីវកម្ម​នៅ​ក្នុង​ប្រទេស​នី​ហ្សេរីយ៉ា​នៅ​ក្នុង​ឆ្នាំ ២០០៥ ហើយ​បច្ចុប្បន្ន​ជា​ក្រុម​ហ៊ុន​ចិន ​ដែល​វិនិយោគ​ច្រើន​ជាង​គេបំផុត​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ បើ​និយាយ​ពី​ការ​វិនិយោគ​ក្រៅ​ប្រទេស​វិញ ចិន​គឺ​ជា​ប្រទេស​ដែល​ធ្វើ​ការ​ផលិត​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​ក្នុង​សមុទ្រ​ធំជាង​គេ​ផង​ដែរ។​

អនុ​ប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន CNOOC លោក Lu Yan Ji បាន​និយាយនៅ​ក្នុង​អង្គ​ប្រជុំ​នោះ​ថា ប្រទេស​នីហ្សេរីយ៉ា គឺ​ជា​គោលដៅ​វិនិយោគ​ដ៏​ធំ​បំផុត​មួយ​របស់​ក្រុមហ៊ុន​លោក។ លោក​ក៏​បាន​និយាយ​ថា ក្រុម​ហ៊ុន CNOOC កំពុង​ផលិត​ប្រេង ៨០ម៉ឺនបារ៉ែលក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ក្រុម​ហ៊ុន​ចង់​ផលិត​ឲ្យ​បាន ១លាន​២សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ លោក Ji សង្ឃឹម​ថា​ប្រទេស​នីហ្សេរីយ៉ា​អាច​ជួយ​លើ​រឿង​នេះបាន។

ប៉ុន្តែ​មាន​មន្ទិល​សង្ស័យ​ចំពោះ​រឿង​នេះ។​

ប្រទេស​នីហ្សេរីយ៉ា ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​ផលិត​ឲ្យ​បាន​គ្រប់​តាម​ចំនួន​គោល​ដៅ។ មាន​ការ​ការពារ​ដោយ​យោធា​យូរ​ៗ​ម្ដងនៅ​តាម​តំបន់ផលិត​ប្រេង ដោយ​សារ​តែ​មាន​ការ​វាយ​ប្រហារ​ហិង្សា​ពី​សំណាក់​ក្រុម​យុវជន ទាម​ទារឲ្យ​មាន​ការ​បើក​ទូលំទូលាយ​ជាង​មុនក្នុង​ការ​ប្រើ​ប្រាស់​ធន​ធាន​ប្រេង​របស់​ប្រទេស​នេះ។ ក៏​មាន​ការ​លួច​ប្រេង​កើត​ឡើង​ជា​ញឹក​ញាប់ផង​ដែរ​នៅ​បំពង់​បង្ហូរ​ប្រេង​តែ​ម្ដង។ អគ្គីភ័យតែង​តែ​កើត​ឡើង​នៅ​កន្លែង​ណា​ដែល​បំពង់​ប្រេង​មាន​ច្រែះ​ច្រើន ហើយ​ប្រតិបត្តិការ​ផលិត​ប្រេង​នៅ​ក្នុង​ប្រទេសនីហ្សេរីយ៉ា ត្រូវ​បាន​រំខាន​ជា​ញឹក​ញាប់ក្នុង​មួយ​ឆ្នាំៗ។

មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ផងដែរ​នូវ​កង្វះ​ខាត​តម្លា​ភាព។ ក្រុមហ៊ុន NNPC មាន​ប្រវត្តិ​រឿង​អាស្រូវជា​ច្រើន ដែល​បច្ចុប្បន្នមាន​ការ​ចោទ​ថា​ប្រកាន់​ពុករលួយ​ជា​ច្រើន​ករណី។

ការ​នាំ​ចេញ​ប្រេងឆៅ​ គឺជា​ការ​នាំ​ចេញ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​របស់​ប្រទេស​នីហ្សេរីយ៉ា ប៉ុន្តែ​ក្រុម​ហ៊ុន NNPC ​មិន​ដែល​រក​ប្រាក់​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​នោះ​ទេ។ នេះ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ Muhammadu Buhari មិន​តែង​តាំង​រដ្ឋ​មន្ត្រីប្រេង។ លោក​ប្រធានាធិបតី ចាត់​ចែង​លើ​បញ្ហា​ប្រេង​នេះ​ដោយ​ខ្លួន​ឯង​ ដូច​កាល​ដែល​លោក​បាន​ធ្វើ​កាល​ពី​អាណត្តិ​មុន។​

អំពើ​ពុក​រលួយ​ក៏ជា​ហេតុ​ផល​ដែល​មិន​ធ្វើ​ឲ្យ​ប្រជាជន​នីហ្សេរីយ៉ា​អប​អរ​សាទរ​នឹង​ការ​វិនិយោគ​ប្រាក់​រាប់​លាន​ដុល្លារនៅ​ក្នុង​វិស័យ​ប្រែង​របស់​ប្រទេស​នេះ​ដែរ។​

ពិធីការនី​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​របស់​នីហ្សេរីយ៉ា​ នៃបណ្ដាញ​ទូរទស្សន៍ Wazobia TV អ្នកនាង Uvbi Ehigiamusoe បាន​និយាយ​ថា៖ «ក្រុមហ៊ុន​ប្រេង​របស់​ចិន​ នឹង​មិន​ត្រួតពិនិត្យ​មើល ពី​វិធី​ដែល​ប្រទេស​នីហ្សេរីយ៉ា​ នឹង​ចំណាយ​ប្រាក់​ ១៦ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​នេះ​ទេ។​ ហើយ​យើង​ដឹង​ថា​ប្រាក់​ទាំង​នោះ​នឹង​ទៅ​កន្លែង​ណា​ក្នុងប្រទេស​នីហ្សេរីយ៉ា។​

អ្នក​ខ្លះ​ទៀត​និយាយ​ថា ដល់​ពេល​ហើយ​ដែល​ប្រទេស​នីហ្សេរីយ៉ា ត្រូវ​ដើរ​ចេញ​ពី​ការ​ពឹង​ផ្អែករបស់​ខ្លួន។ ប្រាក់​ចំណូលពីឧស្សាហកម្ម​ប្រេង មាន​ប្រមាណ ៧៥ ភាគរយ​នៃ​ថវិកា​រដ្ឋាភិបាលសហព័ន្ធ នេះ​បើ​យោង​តាម​ក្រុម​ឃ្លាំ​មើល​ថវិកា​ជាតិ​នីហ្សេរីយ៉ា​ដែលមាន​ឈ្មោះ​ថា BudgIT។

លោក​បណ្ឌិត Nwoke Okala អ្នក​ជំនាញ​ផ្នែក​ថាមពល​នៃមជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​នៃ​សាកល​វិទ្យាល័យ Nigeria Nsukka University បាន​និយាយ​ថា​ ប្រទេស​នីហ្សេរីយ៉ា គួរតែ​ដើរ​តាម​និន្នាការ​សកល​ ទាក់​ទង​នឹង​ការ​ស្វែង​រក​ប្រភព​ថាមពល​កកើត​ឡើង​វិញ ស្រប​ពេល​ដែល​ធន​ធាន​ប្រេង​កំពុង​តែ​ថយ​ចុះ។

ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន ប្រទេស​នីហ្សេរីយ៉ា នឹង​បន្ត​កំណត់​មហិច្ឆតា​ផលិត​ប្រេង​របស់​ខ្លួន។ មហា​សេដ្ឋី​ជំនួញ​របស់​នីហ្សេរីយ៉ា និង​ជា​បុរស​ដែល​មាន​ជាង​គេ​បំផុត​នៅ​ក្នុង​ទ្វីប​អាហ្រិក លោក Aliko Dangote ​កំពុង​តែ​សាង​សង់​រោង​ចក្រ​ចម្រាញ់​ធំ​ជាង​គេ​បំផុតនៅ​ទ្វីប​អាហ្វ្រិក នៅ​ក្នុង​ទីក្រុង​ពាណិជ្ជកម្ម Lagos ។​

ជា​មួយ​នឹង​សមត្ថភាព​ចម្រាញ់​ប្រេងសាំង​ចំនួន ១០លាន​ ៤សែន​តោន ក្នុង​មួយ​ឆ្នាំ រោង​ចក្រ​ចម្រាញ់​ប្រេង​ថ្មី​នេះ នឹង​បង្កើន​ចំនួន​ផលិត​នេះ​ទ្វេដង ហើយ​ក៏​នឹង​ជួយ​ផ្គត់​ផ្គង់​តម្រូវ​ការ​ប្រេង​ក្នុង​ស្រុក​ឲ្យ​បាន​គ្រប់​ចំនួន​ផង​ដែរ។​

រោង​ចក្រ​ដ៏​ធំ​ដែល​ចំណាយ​ទុនសាងសង់​ប្រមាណ ៩ពាន់​លាន​ដុល្លារ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បញ្ចប់​រួច​រាល់​នៅ​ក្នុង​ឆ្នាំ ២០២០ ហើយ​ក៏​នឹង​ប្រែ​មុខ​មាត់​ប្រទេស​នីហ្សេរីយ៉ា​ពី​ប្រទេស​ដែល​នាំ​ចូល​ប្រេង ទៅ​ជា​ប្រទេស​ដែល​នាំ​ចេញ​ប្រេង​ជាក់​ជា​មិន​ខាន៕

ប្រែ​សម្រួល​ដោយ​ សឿន វឌ្ឍនា

XS
SM
MD
LG