នៅក្នុងទីក្រុង Jaipur ដែលជាទីក្រុងទេសចរណ៍របស់ប្រទេសឥណ្ឌា អាជ្ញាធររដ្ឋ និងអង្គការសង្គមស៊ីវិលនានាបានចាប់ផ្ដើមយុទ្ធនាការដ៏សំខាន់មួយដើម្បីបញ្ចប់ការប្រើប្រាស់ពលកម្មកុមារ ស្របពេលដែលក្មេងប្រុសកាន់តែច្រើនឡើងត្រូវបានគេជួញដូរពីរដ្ឋក្រីក្រនានាទៅកាន់ទីក្រុងនេះ។
គេប្រើកុមារទាំងនេះឲ្យធ្វើផលិតផលនានាដោយដៃ។ ផលិតផលសិប្បកម្មទាំងនេះបានធ្វើឲ្យទីក្រុង Jaipur នេះ ក្លាយជាទិសដៅដ៏សំខាន់មួយសម្រាប់អ្នកទិញទំនិញមកពីទូទាំងប្រទេសឥណ្ឌា។
ផលិតផលចម្បងបំផុតដែលអ្នកទេសចរចង់ទិញនៅក្នុងទីក្រុង Jaipur នេះ គឺផលិតផលពិសេសរបស់ទីក្រុងនេះ ដែលនោះគឺកងដៃដែលធ្វើដោយដៃ គ្រឿងអលង្ការសម្រាប់សម្លៀកបំពាក់បុរាណ និងក្រណាត់ប៉ាក់។ អតិថិជនភាគច្រើនមិនដឹងថា ទំនិញទាំងនេះភាគច្រើនធ្វើដោយក្មេងប្រុសនោះទេ។
អង្គការ Childline ដែលតាមដានអំពីសិទ្ធិរបស់កុមារ បានប៉ាន់ប្រមាណថា ចំនួនក្មេងប្រុសដែលត្រូវគេជួញដូរពីរដ្ឋក្រីក្រនានាទៅកាន់ទីក្រុង Jaipur ដើម្បីឲ្យធ្វើការនៅក្នុងសិប្បកម្មតូចៗតាមផ្ទះនានា បានកើនឡើងរហូតដល់ជាង ១ សែននាក់។
អ្នកស្រី Varsha Joshi ប្រធានអង្គការ Childline ប្រចាំទីក្រុង Jaipur ប្រទេសឥណ្ឌា និយាយថា៖ «រឿងរ៉ាវគឺថា គេប្រាប់ថា គេនឹងយកកូនរបស់អ្នកទៅដើម្បីបានការអប់រំល្អ ហើយកូនរបស់អ្នកនឹងរកចំណូលបានផ្ញើមកឲ្យអ្នក។ ប៉ុន្តែ អ្វីដែលបានកើតឡើងពិតប្រាកដគឺថា ក្នុងករណីភាគច្រើន គេឲ្យលុយសរុបមួយចំនួននៅពេលគេយកកូនរបស់អ្នកទៅ។ កុមារទាំងនេះ [ត្រូវគេតម្រូវឲ្យធ្វើវត្ថុនានាដោយដៃក្នុងសិប្បកម្មតូចៗតាមផ្ទះ]។ សិប្បកម្មទាំងនោះមានដូចជាផ្នែកដេរប៉ាក់ ផ្នែកធ្វើកងដៃ និងផ្នែកច្នៃថ្មត្បូងជាដើម»។
ការបង្ក្រាបដែលបានធ្វើឡើងដោយអាជ្ញាធររដ្ឋការពារកុមារ ដើម្បីដោះស្រាយបញ្ហានេះគឺទទួលបានលទ្ធផលជាផ្លែផ្កា ដោយកុមារចំនួន ៣៥០ នាក់ត្រូវបានជួយសង្គ្រោះនៅក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។
លោក Nishkam Diwakar ប្រធាននាយកដ្ឋានសិទ្ធិកុមារប្រចាំរដ្ឋ Rajasthan លើកឡើងថា៖ «យើងបានរកឃើញកុមារទាំងនោះក្នុងស្ថានភាពវេទនា ដោយត្រូវគេឃុំនៅក្នុងបន្ទប់ដ៏តូចមួយដែលមានបង្គន់ប្រើប្រាស់។ ពួកគេមិនត្រូវគេអនុញ្ញាតឲ្យចេញក្រៅនោះទេ។ កុមារទាំងនោះត្រូវគេផ្ដល់ម្ហូបអាហារ និងទឹកឲ្យដល់ក្នុងបន្ទប់ និងតម្រូវឲ្យធ្វើការពេញមួយថ្ងៃ។ ពួកគេនឹងរងការវាយដំ ប្រសិនបើធ្វើការមិនហើយ»។
លោក Diwakar សង្ឃឹមថា ការសម្រេចចាត់វិធានការតឹងតែងជាងមុនដូចជាទោសជាប់ពន្ធនាគារជាដើម នឹងរារាំងសិប្បកម្មតូចៗតាមផ្ទះទាំងនោះមិនឲ្យប្រើប្រាស់ពលកម្មកុមារដើម្បីផលិតទំនិញរបស់ខ្លួនតទៅទៀត។
នៅក្នុងទីផ្សារជឿនលឿនរបស់ទីក្រុង Jaipur នេះ អ្នកស្ម័គ្រចិត្តធ្វើការបញ្ចុះបញ្ចូលសហគមន៍អាជីវកម្មកុំឲ្យប្រើផលិតផលដែលធ្វើដោយក្មេងប្រុស។ កិច្ចការនេះគឺមិនងាយស្រួលនោះទេ ដោយសារតែម្ចាស់ហាងមួយចំនួននិយាយថា ពួកគេគ្មានជម្រើសអ្វីផ្សេងក្រៅពីទិញទំនិញដែលលក់ឲ្យក្នុងតម្លៃថោកជាងគេនេះ ដើម្បីធានាយ៉ាងណាមិនឲ្យបាត់បង់អតិថិជន។
លោក Wahid Hasan ម្ចាស់ហាងមួយកន្លែងនៅក្នុងទីក្រុង Jaipur និយាយថា៖ «មានការប្រកួតប្រជែងជាច្រើន។ មនុស្សគ្រប់គ្នាចង់បន្ថយតម្លៃទំនិញ។ ប្រសិនបើខ្ញុំលក់ទំនិញក្នុងតម្លៃមួយដុល្លារកន្លះ អ្នកផ្សេងទៀតនឹងលក់ក្នុងតម្លៃមួយដុល្លារ»។
ប៉ុន្តែ ម្ចាស់ហាងខ្លះទៀតបានចូលរួមនៅក្នុងការជួយលុបបំបាត់ពលកម្មកុមារនេះ។ អ្នកស្រី Shruti Misra ម្ចាស់ហាងលក់សំលៀកបំពាក់ Apash Boutique បានត្រួតពិនិត្យមើលកន្លែងសិប្បកម្មដែលអ្នកស្រីបញ្ជាទិញសំលៀកបំពាក់ និងវត្ថុប្រើប្រាស់ផ្សេងៗ ដើម្បីធានាថាកន្លែងទាំងនោះមិនជួលក្មេងៗឲ្យមកធ្វើការ។ ករណីនេះធ្វើឲ្យតម្លៃទំនិញកើនឡើង ប៉ុន្តែតម្លៃថ្លៃនេះទទួលបានការគាំទ្រ។
អ្នកស្រី Misra និយាយដូច្នេះថា៖ «អតិថិជនជាអ្នកមានការអប់រំគឺល្អណាស់។ ខ្ញុំចង់និយាយថា យុវជនក្មេងៗនិយាយអំពីរឿងនេះ។ នៅពេលដែលខ្ញុំពន្យល់អតិថិជនអំពីមូលហេតុដែលធ្វើឲ្យផលិតផលរបស់ខ្ញុំមានតម្លៃថ្លៃនោះ ពួកគេគាំទ្រខ្ញុំ។ ការងារសង្គម និងចំណេះដឹងសហគ្រិនភាពសង្គមគឺពិតជាមាននៅក្នុងប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះ»។
ចំណុចនេះគឺជាគោលបំណងដែលគេចង់សម្រេចឲ្យបាន ដែលនោះគឺការមិនទិញផលិតផលណាដែលធ្វើដោយកុមារ ដើម្បីធានាថា កុមារទាំងនោះមិនរងទុក្ខដោយសារតែទីផ្សាររស់រវើកពេញនិយមនៅក្នុងទីក្រុង Jaipur៕
ប្រែសម្រួលដោយ ភី សុភាដា