ការបញ្ចាំខ្លួនធ្វើការដើម្បីធ្វើការដោះបំណុល និងពលកម្មកុមារនៅតែបន្តកើតមានក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា តែអាជ្ញាធរមិនបានប្រឹងប្រែងលុបបំបាត់នៅឡើយទេ បើទោះបីជាពួកគេបានដឹងពីបទល្មើសទាំងនេះក៏ដោយ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយរបស់អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ ចំទិវាអន្តរជាតិលុបបំបាត់អំពើទាសភាពថ្ងៃ២ ខែធ្នូ ។
របាយការណ៍កម្រាស់ជាង២០ទំព័រក្រោមចំណងជើងថា «ការអភិវឌ្ឍលើទាសភាព៖ ការបញ្ចាំខ្លួនដោះបំណុលនិងពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា» ត្រូវបានធ្វើឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវលើតំបន់ផលិតឥដ្ឋសំខាន់ៗនៅកម្ពុជា ដែលមានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញ ក្នុងខេត្តកណ្ដាល និងខេត្តត្បូងឃ្មុំ។
អង្គការលីកាដូ បានទៅទីតាំងចំនួន១១ ដែលមានសិប្បកម្មផលិតឥដ្ឋជាង១០០ និងមានកម្មកររាប់ពាន់នាក់ ដោយបានសម្ភាសកម្មករប្រមាណ៥០នាក់ដែលមានទាំងមនុស្សពេញវ័យ និងកុមារ។
នៅក្នុងរបាយការណ៍នេះ អង្គការលីកាដូបានរកឃើញថា ការបញ្ចាំខ្លួនដោះបំណុលជាមធ្យោបាយដែលត្រូវបានប្រើប្រាស់ជាទូទៅដោយម្ចាស់សិប្បកម្មផលិតឥដ្ឋ ដើម្បីទទួលបានកម្លាំងពលកម្មថោករយៈពេលយូរ និងចេះស្ដាប់បង្គាប់។
របាយការណ៍បន្តថា មូលហេតុដំបូងដែលតម្រូវឱ្យគ្រួសារកម្មករខ្ចីប្រាក់ជាទូទៅបណ្ដាលមកពីបញ្ហាមួយចំនួនដូចជាការឈឺថ្កាត់នៅក្នុងគ្រួសារ ឬទិន្នផលដំណាំមិនល្អ ដោយប្រាក់កម្ចីដំបូងត្រឹមតែពី២០០ទៅ៣០០ដុល្លារប៉ុណ្ណោះ។
របាយការណ៍នេះបានរកឃើញថា ប្រាក់ឈ្នួលកម្លាំងពលកម្មនៅក្នុងសិប្បកម្មមានតម្លៃទាប ធ្វើឱ្យកម្មករពុំមានលទ្ធភាពសងបំណុលនោះទេ។ រយៈពេលកាន់តែយូរៗទៅ ប្រាក់បំណុលកាន់តែកើនឡើង ហើយកម្មករដែលបានផ្ដល់បទសម្ភាសន៍ជំពាក់បំណុលសរុបចាប់ពី១០០០ដុល្លារទៅ៦០០០ដុល្លារ ជាចំនួនទឹកប្រាក់មួយដែលពួកគេទាំងនោះមិនមានលទ្ធភាពសងនោះទេ។
របាយការណ៍បន្តថា នៅពេលប្រាក់បំណុលកើនឡើងកាន់តែច្រើនបែបនេះ ការសងបំណុលអាចត្រូវបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ដោយគ្រួសារមួយចំនួនត្រូវធ្វើការ៣ជំនាន់មកហើយដើម្បីសងបំណុល។
ការរកឃើញដដែលឱ្យដឹងទៀតថា ជាញឹកញាប់ កុមារត្រូវបានបង្ខំឱ្យជួយធ្វើការងាររបស់ឪពុកម្ដាយពួកគេនៅតាមសិប្បកម្មទាំងនោះ ដោយសារតែប្រាក់ឈ្នួលពលកម្មទាប ហើយការផ្ដល់ប្រាក់ឈ្នួលពលកម្មគឺគិតតាមចំនួនផលិតផលដែលសម្រេចបាន ដែលមានន័យថា គ្រួសារមួយផលិតឥដ្ឋបានកាន់តែច្រើនគឺទទួលបានចំណូលកាន់តែច្រើនដែរ។
អ្នកស្រី ឈុន មុយលី កូនម្ចាស់សិប្បកម្ម និងជាមេការនៅសិប្បកម្មផលិតឥដ្ឋ ឈុន ថ ក្នុងភូមិក្ដីចាស់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ទទួលស្គាល់ថា កម្មករនៅក្នុងសិប្បកម្មរបស់អ្នកស្រី ក៏ដូចជាសិប្បកម្មផលិតឥដ្ឋផ្សេងៗទៀតគឺធ្វើការដើម្បីដោះបំណុលរបស់ពួកគេ។
ទោះយ៉ាងណា អ្នកស្រីអះអាងថា នោះគឺជាជម្រើស និងជាអ្វីដែលកម្មករចង់បាន ដោយពួកគេចង់បានលុយមុនយកទៅប្រើប្រាស់ជាមួយនឹងការសន្យាថា នឹងធ្វើការឱ្យសិប្បកម្ម ជាជាងធ្វើការដើម្បីទទួលប្រាក់តាមក្រោយ។
«មិនមែនតែខាងខ្ញុំទេ ឱ្យតែឈ្មោះថាសិប្បកម្មឡឥដ្ឋ១០០សិប្បកម្មគឺដឹងតែ១០០សិប្បកម្មគឺត្រូវតែជំពាក់អញ្ចឹងហ្មង! ព្រោះគេមានទម្លាប់គេមួយ... ឧបមាថា ឥឡូវដូចមនុស្សម្នាក់ «ក» ហ្នឹងចង់មកធ្វើការនៅកន្លែងហ្នឹង។ អញ្ចឹងមិនមែនថា យើងធ្វើការហើយយើងបើកលុយទេ អត់ទេ គេអត់ធ្វើអញ្ចឹងទេ។ គេថា ឥឡូវឱ្យខ្ញុំខ្ចីប៉ុន្មាន១ពាន់ ២ពាន់ដុល្លារសិនមក ខ្ញុំនឹងយកកូន យកប្រពន្ធមកធ្វើការនៅក្នុងសិប្បកម្មហ្នឹង»។
ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងពលកម្មកុមារនៅក្នុងសិប្បកម្ម អ្នកស្រី ឈុន មុយលី អះអាងថាគឺដូចជាការផ្ដល់ឱកាសដល់ពួកគេបានជួយរកចំណូលដល់ក្រុមគ្រួសារ ដោយសារឪពុកម្ដាយរបស់ក្មេងទាំងនោះ ពុំមានលទ្ធភាពបញ្ជូនកូនរបស់ខ្លួនឱ្យទៅរៀន។
«ធម្មតាយើងជាអ្នកវិនិយោគ ខ្ញុំជាម្ចាស់ឡ ខ្ញុំគិតថា បើមានកម្លាំងពលកម្មជំរុញឱ្យសិប្បកម្មដំណើរការទៅមុខ អាហ្នឹងវាជាការល្អ។ តែបើចំពោះឪពុកម្ដាយគេ ក៏គេគិតថាល្អដែរព្រោះទាញពលកម្មកូនហ្នឹងទៅប្រើប្រាស់ដើម្បីជំនួស។ តែបើនិយាយពីអង្គការ អាហ្នឹងវាជាបញ្ហាហើយ ព្រោះថាក្មេងអត់ទាន់គ្រប់អាយុត្រូវទុកឱ្យរៀនសូត្រ... តែគ្រាន់តែថាបើគ្រួសារគេអត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀនផង ហើយយើងទុកឱ្យកូនរៀន រៀនអត់កើត ហើយយើងមានអីចិញ្ចឹមកូន? អាហ្នឹងវាអ៊ីចឹង»។
យោងតាមច្បាប់របស់កម្ពុជា និងសន្ធិសញ្ញាអន្តរជាតិជាច្រើនដែលកម្ពុជាជារដ្ឋភាគី ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារជាប្រភេទការងារខុសច្បាប់។
របាយការណ៍របស់អង្គការលីកាដូ បានរកឃើញថា ដោយសារតែភាពភ័យខ្លាច និងផលវិបាកនៃការពឹងផ្អែកទាំងស្រុងលើម្ចាស់សិប្បកម្ម កម្មករជាច្រើនគ្មានបំណងតវ៉ាប្រឆាំងទៅនឹងលក្ខខណ្ឌដ៏លំបាករបស់ពួកគេនោះទេ បើទោះជាត្រូវបានរំលោភបំពានក៏ដោយ។ ចំណែកឯអាជ្ញាធរ ក៏មិនបានចាត់វិធានការលើបញ្ហាទាំងអស់នោះដែរ។ នេះបើផ្អែកតាមរបាយការណ៍ដដែល។
លោក អំ សំអាត អ្នកគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា ម្ចាស់សិប្បកម្មគួរផ្ដល់ប្រាក់កម្ចីដល់កម្មករដោយគួរគិតគូរឱ្យសមាមាត្រជាមួយនឹងប្រាក់កម្រៃដែលកម្មករទទួលបាន ដើម្បីប្រាកដថាពួកគាត់មានលទ្ធភាពសងវិញ។
លោកបន្ថែមថា ការផ្ដល់ប្រាក់កម្ចីច្រើនលើសពីលទ្ធភាពរបស់កម្មករនេះ គឺជាចំណងឱ្យកម្មករនៅបន្តធ្វើការឱ្យសិប្បកម្ម មិនអាចចេញទៅណាបាន។
«ការឱ្យខ្ចីហ្នឹងក្នុងបំណងមួយដើម្បី គេដាក់លក្ខខណ្ឌឱ្យគាត់តែម្ដងគឺមិនអាចចាកចេញ។ មានឡឥដ្ឋខ្លះយើងឃើញជាបទពិសោធ នៅពេលដែលកូនគាត់[កម្មករ] រៀបការហើយ ហើយគាត់ចេញពីកន្លែងហ្នឹងគឺ ថៅកែឡឥដ្ឋហ្នឹងគាត់មានការប្ដឹងផ្ដល់ទៅអាជ្ញាធរឱ្យចាប់អ្នកហ្នឹងមកវិញ មកទាមទារឱ្យសងនេះសងនោះ បើសិនជាមិននៅបម្រើការងារឱ្យគេទៀតទេ។ អានេះ យើងឃើញវាហាក់ដូចជាទាសករ គ្មានសិទ្ធិសេរីភាពអីទេ»។
ពាក់ព័ន្ធនឹងការប្រើប្រាស់ពលកម្មកុមារ លោក អំ សំអាត យល់ថា ម្ចាស់សិប្បកម្មគួររកមធ្យោបាយជាមួយឪពុកម្ដាយក្មេង ដើម្បីផ្ដល់ឱកាសឱ្យពួកគេទទួលបានការសិក្សា ហើយការធ្វើការទៀតសោត គឺត្រូវសមស្របទៅតាមកម្លាំងរបស់កុមារ និងស្របតាមលក្ខខណ្ឌដែលច្បាប់អនុញ្ញាត មិនមែនធ្វើទាំងខុសច្បាប់នោះទេ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារប្រាប់ VOA នាល្ងាចថ្ងៃសុក្រនេះថា លោកពុំទាន់បានឃើញរបាយការណ៍របស់អង្គការលីកាដូនៅឡើយទេ ដោយបានចោទជាសំណួរពីភាពអាចជឿជាក់បាននៃរបាយការណ៍នេះ។
លោក ហេង សួរ បន្តថា ក្រសួងបាននិងកំពុងធ្វើការជាមួយដៃគូមួយចំនួនដើម្បីពិនិត្យមើលបញ្ហានៃការដោះដូរដោយបង្ខំនៃកម្លាំងពលកម្មដើម្បីទូទាត់បំណុល និងការប្រើប្រាស់ពលកម្មកុមារនេះ។
ទោះយ៉ាងណា លោកអះអាងថា តាមការអង្កេតកន្លងមក ក្រសួងពុំដែលរកឃើញបទល្មើសណាមួយនៅក្នុងសិប្បកម្មឡឥដ្ឋនោះទេ គឺមានតែក្នុងវិស័យកសិកម្ម និងស្រែអំបិល ហើយក្រសួងក៏បានធ្វើការដោះស្រាយរួចដែរ។
លើសពីនេះ លោក ហេង សួរ បានធ្វើការស្ដីបន្ទោសដល់ក្រុមមន្ត្រីរបស់អង្គការលីកាដូថាគួររាយការណ៍ទៅក្រសួងនិងសមត្ថកិច្ច នៅពេលចុះអង្កេតឃើញមានករណីល្មើសបែបនេះ មិនគួររង់ចាំរហូតដល់ការចេញរបាយការណ៍នោះទេ។
«អ៊ីចឹងបានជាទី១ខ្ញុំចង់ដឹងពីគោលបំណងនៃការសិក្សាស្រាវជ្រាវរបស់គាត់ ហើយទី២ខ្ញុំចង់ដឹងពីសុឆន្ទៈពិតប្រាកដអ្នកដែលចុះទៅធ្វើការអង្កេតនេះ ហើយទី៣ក៏ខ្ញុំចង់ដឹងអំពីបេសកកម្មពិតរបស់អង្គការលីកាដូពិតជាអង្គការដែលទទួលខុសត្រូវក្នុងសង្គម គោរពសិទ្ធិមនុស្ស ចង់លើកតម្កើងសិទ្ធិមនុស្ស ចង់ការពារសិទ្ធិកុមារហ្នឹងមែនទែនដែរឬក៏អត់? បើសិនជាដឹងថាមានអញ្ចឹងមែន មិនគួរ[ទុក]ទេ គឺគួរតែជូនដំណឹង»។
លោក ហេង សួរ បញ្ជាក់ថា ក្រសួងនឹងធ្វើការពិនិត្យមើលរបាយការណ៍នេះ ហើយបន្តធ្វើការជាមួយអង្គការដៃគូបន្តទៀត។
របាយការណ៍របស់អង្គការលីកាដូបានបង្ហាញពីលក្ខខណ្ឌការងារដែលប្រកបដោយគ្រោះថ្នាក់នៅក្នុងសិប្បកម្មផលិតឥដ្ឋ និងកង្វះខាតអនាម័យនៃការរស់នៅក្នុងសិប្បកម្មផលិតឥដ្ឋ។
របាយការណ៍នេះក៏បានលើកជាឧទាហរណ៍មួយចំនួនស្ដីពីការរងរបួសរបស់កម្មករ ជាពិសេសកុមារដែលបានបាត់បង់ដៃដោយសារម៉ាស៊ីនផលិតឥដ្ឋ។ អង្គការលីកាដូបានធ្វើការសន្និដ្ឋានថា ការអនុវត្តការបញ្ចាំខ្លួនដើម្បីដោះបំណុល និងពលកម្មកុមារបានធ្វើឱ្យកម្មករជាច្រើនជំនាន់ធ្លាក់ចូលក្នុងភាពក្រីក្រ និងការជិះជាន់ឥតឈប់ឈរ ហើយអ្នកដែលទទួលបានផលប្រយោជន៍ គឺម្ចាស់សិប្បកម្ម។
របាយការណ៍ដដែលនេះបានទទូចឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ដើម្បីដោះលែងកម្មករដែលបញ្ចាំខ្លួនដោះបំណុលទាំងអស់ ដោយការចេញបទបញ្ជាលុបចោលបំណុលដែលមានរវាងម្ចាស់សិប្បកម្មផលិតឥដ្ឋនិងកម្មករ។
លើសពីនេះ អង្គការលីកាដូក៏បានអំពាវនាវដល់រដ្ឋាភិបាលបរទេសឱ្យធានាថាវិនិយោគិនបរទេសបានដឹងពីបញ្ហាទាំងនេះ ដើម្បីគាំទ្រឱ្យរដ្ឋាភិបាលកម្ពុជាលុបបំបាត់បញ្ហានៃការបញ្ចាំខ្លួនធ្វើការដើម្បីធ្វើការដោះបំណុល និងពលកម្មកុមារនៅកម្ពុជា៕