ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​គ្រោង​នឹង​​ទិញ​វ៉ាក់សាំង​កូវីដ១៩​ថ្មី​របស់​រុស្ស៊ី


រូបថត​ពី​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី បង្ហាញ​ពី​គំរូ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ១៩ ដែល​ផលិត​ដោយ​វិទ្យាស្ថាន​មួយ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ប្រទេស​វៀតណាម​ចុះ​ឈ្មោះ​បញ្ជា​ទិញ​វ៉ាក់សាំង​កូវីដ១៩​ដែល​បង្កើត​ដោយ​រុស្ស៊ី នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋកាល​ពី​ថ្ងៃ​សុក្រ ​ខណៈ​ដែ​ល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​ការ​រាតត្បាត​ជា​ថ្មី​នៃ​ជំងឺ​នេះ​ក្រោយ​ពី​មិន​មាន​ករណី​ឆ្លង​ថ្មី​ក្នុង​ប្រទេសជា​ច្រើន​ខែ​មក។​

ប្រទេស​រុស្ស៊ី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះថា ខ្លួន​នឹង​បញ្ចេញ​វ៉ាក់សាំង​កូវីដ១៩​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ដំបូង​របស់​ពិភពលោក​នៅ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ទៀត ដោយ​បដិសេធ​ការ​បារម្ភ​របស់​អ្នក​ជំនាញ​ថា​ វ៉ាក់សាំង​នេះមិន​គួរ​ត្រូវ​អនុញ្ញាត​មុន​ពេល​បាន​សាកល្បង​ជា​ទ្រង់​ទ្រាយ​ធំ​សិន។

កាសែត​ Tuoi Tre ​របស់​វៀតណាម​រាយការណ៍​ថា វៀតណាម​បានបញ្ជា​ទិញ​វ៉ាក់សាំង​ពី​៥០លាន​ទៅ​១៥០​លាន​ដូស​ពី​រុស្ស៊ី ដោយ​វ៉ាក់សាំង​មួយ​ចំនួន​រុស្ស៊ី​នឹង​ផ្តល់​ជា​អំណោយ។

ទូរទស្សន៍​រដ្ឋ​វៀតណាមមិន​បាន​ផ្សាយ​ថា​តើ​វៀតណាម​នឹង​ទទួល​បាន​វ៉ាក់សាំង​នោះ​នៅ​ពេល​ណា​ទេ ឬ​មាន​តម្លៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​បាន​យោង​លើក្រសួង​សុខាភិបាល​ដែល​ថា​វៀតណាម​នឹង​បន្ត​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​កូវីដ១៩​របស់​ខ្លួនឲ្យ​បាន​ត្រឹម​ចុង​ឆ្នាំ​២០២១។

វៀតណាម​ធ្លាប់​បាន​ទទួល​ការ​សរសើរ​ពី​របៀប​ប្រយុទ្ធ​នឹង​ការ​រាតត្បាត​លើក​ទី​១​នៃ​ជំងឺ​កូវីដ១៩ ដោយ​មិន​មាន​អ្នក​ស្លាប់​សោះ​ ប៉ុន្តែ​នៅ​ពេល​នេះ​ប្រទេស​នេះ​កំពុង​ស្រវ៉ា​ស្រទិញ​ទប់​ទល់​នឹង​ការ​រាតត្បាត​ក្នុង​ស្រុក​ថ្មី​មួយ ដែល​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ទី​ក្រុង​ដាណាង​ភាគ​កណ្តាល​ប្រទេស​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា។

មក​ទល់​នឹង​ពេល​នេះ​វៀតណាម​បាន​រាយការណ៍​ពី​ករណី​ឆ្លង​សរុប ៩២៩ និង​អ្នក​ស្លាប់​យ៉ាង​តិច​២១​នាក់​ពី​កូវីដ១៩៕

XS
SM
MD
LG