ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សប្បុរសធម៌​ជួយ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​ម៉ាឡាវី​ ខណៈប្រទេស​នេះ​កំពុង​ព្យាយាម​បញ្ឈប់​បញ្ហា​នេះ


លោក Caleb Ng'ombo នាយក​អង្គការ People Serving Girls at Risk និយាយ​ទៅកាន់ Maggie ដែលជាជនរងគ្រោះនៃការជួញដូរផ្លូវភេទ។
លោក Caleb Ng'ombo នាយក​អង្គការ People Serving Girls at Risk និយាយ​ទៅកាន់ Maggie ដែលជាជនរងគ្រោះនៃការជួញដូរផ្លូវភេទ។

កាល​ពី​ឆ្នាំ២០១៥ ប្រទេសម៉ាឡាវី​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ការជួញដូរមនុស្ស​ ដែល​កំណត់​ឲ្យ​បង្កើត​មូលនិធិ​ប្រឆាំង​ការជួញដូរមនុស្ស​ ដើម្បី​ជួយ​មើល​ថែទាំ​ជនរងគ្រោះ ក៏​ដូចជា​ជួយ​ដល់​ដំណើរការ​នៅក្នុង​តុលាការ​ផងដែរ។

ប្រទេសម៉ាឡាវី​កំពុង​ជួបឧបសគ្គ​ដើម្បី​បញ្ឈប់​ការជួញដូរកុមារ​ បើទោះ​បីជា​ប្រទេស​នេះ​មាន​ច្បាប់​រួចស្រេច​ទៅ​ហើយ​ដើម្បី​បញ្ឈប់​បញ្ហា​នេះ​យ៉ាងណា​ក៏​ដោយ។ ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ដែល​ត្រូវ​បាន​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ ៤ឆ្នាំមុន ក៏​បាន​កំណត់​ឲ្យ​បង្កើត​មូលនិធិ​ពិសេស​ដើម្បី​ជួយ​ជនរងគ្រោះ​ពី​ការជួញដូរ​មនុស្ស​ផងដែរ។ ក៏​ប៉ុន្តែ​កិច្ចប្រឹងប្រែង​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​នេះ​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​ប្រទេស​នេះ។

យុវតី​ម្នាក់​ដែល​គេ​ដាក់​ឈ្មោះ​ថា Maggie បាន​រំឭក​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​កាល​ពី​ឆ្នាំ២០១៨​ នៅពេល​ដែល​នាង​និង​ក្មេងស្រី​ពីរ​នាក់​ទៀត​ត្រូវ​បាន​ឈ្មួញ​ជួញដូរ​ពីស្រុក Neno ភាគខាងត្បូង​ប្រទេសម៉ាឡាវី​ឲ្យ​ធ្វើ​ការ​ជា​ស្រី​រកស៊ីផ្លូវភេទ​នៅ​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម Blantyre នៃ​ប្រទេសម៉ាឡាវី។

Maggie បាន​និយាយ​ថា ​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​មនុស្ស​ចម្លែក​ពីរនាក់​បោកប្រាស់ ដោយ​ធ្វើ​ពុត​ជា​ស្រ្តី​ដើររក​ជួល​ក្មេងស្រី​នៅ​តាម​ភូមិ​ឲ្យ​ទៅ​ធ្វើការ​នៅ​តាម​ផ្ទះ។
នាង​និយាយ​ទៀត​ថា​ ក្រោយ​មក​ពួកនាង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ស្រ្តី​នោះ​ ប៉ុន្តែ​ស្ត្រី​នោះ​មិន​បាន​យក​ពួកនាង​ទៅ​ធ្វើការ​នៅ​តាម​ផ្ទះ​ទេ។

នាង Maggieបាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«ពេល​យើង​មក​ដល់​ទីក្រុង Blantyre គេ​យក​យើង​ទៅ​កន្លែង​មួយ​ដែល​មាន​សុទ្ធ​តែ​មនុស្ស​ប្រុស​កំពុង​ផឹកស្រាបៀរ។ គេ​ឲ្យ​កាំបិត​មក​យើង​ដើម្បី​ឲ្យ​គាស់​គម្រប​ស្រាបៀរ។ ពេល​យើង​សួរគេ​ពី​របៀប​ប្រើ​កាំបិត​នោះ​ ស្រ្តី​នោះ​បាន​ប្រាប់​ពួកយើង​ថា​ ពួកយើង​ត្រូវ​បាន​គេ​ជួល​ឲ្យ​បម្រើ​ស្រាបៀរ ​និង​ដេក​ជាមួយ​ភ្ញៀវ​ដើម្បី​រក​ប្រាក់​ចញ្ចឹម​ជីវិត‍»។

នៅ​ពេល​នោះ Maggie មាន​អាយុ១៧ឆ្នាំ​ ហើយ​ក្មេងស្រី​ពីរនាក់​ទៀត​ ម្នាក់អាយុ១៦ឆ្នាំ ហើយ​ម្នាក់​ទៀត​អាយុ១៩ឆ្នាំ។ Maggie និយាយ​ថា ​ការទាល់ច្រក​ ​ការភ័យខ្លាច និងភាព​ក្រីក្រ​នៅ​ភូមិកំណើត​ បាន​បង្ខំ​ឲ្យ​ពួកគេ​ធ្វើ​ដូច្នេះ​ បន្ទាប់​ពីត្រូវ​បាន​គេ​សន្យា​ថា ​ឲ្យ​ប្រាក់​ខែ​ពួក​នាង​ប្រហែល ២០ដុល្លារ​ក្នុង​មួយ​ខែ។

នាង Maggie បាន​និយាយ​ដូច្នេះ​ថា៖

«ស្រ្តី​នោះ​ចង់​ឲ្យ​យើង​ដេក​ជាមួយ​មនុស្ស​ប្រុស​ឲ្យបាន ​៤០នាក់​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែគេ​ជាអ្នក​ប្រមូល​ប្រាក់ ហើយ​គេ​មិន​ដែល​ឲ្យ​ប្រាក់ខែ​ពួកយើង​ដូច​តាម​ការ​សន្យា​ទេ។ ហើយ​នៅ​ពេល​ពួកយើង​មិន​អាច​ដេក​ជាមួយ​មនុស្ស​ប្រុស​តាម​ចំនួន​កំណត់ ​ពួកយើង​ត្រូវ​បាន​គេ​បង្អត់អាហារ»។

បន្ទាប់​ពី​បង្ខំ​ខ្លួន​ធ្វើ​ការ​ជា​ស្រី​រកស៊ី​ផ្លូវភេទ​អស់​រយៈពេល​ពីរខែ​ នាង Maggie​ ដែល​ឥឡូវ​នេះ​មាន​អាយុ១៨ឆ្នាំ​ បាន​និយាយ​ថា​ ដោយសារ​ស្ថានភាព​លំបាក​បាន​បង្ខំ​ឲ្យ​ពួកនាង​លួចរត់។

បញ្ហា​នេះ​ក្រោយ​មក​បាន​ឮ​ដល់​ក្រុមការពារ​សិទ្ធិកុមារ​នៃអង្គការ People Serving Girls at Risk ដែល​អនុវត្ត​គម្រោង​ប្រឆាំង​ការជួញដូរ​កុមារ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ក៏​ករណី​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ម្ដង​ហើយ​ម្តងទៀត​ចាប់​តាំង​ពី​ខែកញ្ញា​ឆ្នាំមុន​មក​ ដោយសារ​តែ​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​លើ​ការពង្រឹងច្បាប់​ប្រឆាំង​ការជួញដូរ​មនុស្ស​ដែល​មាន​ស្រាប់​រួច​ហើយ។

កាល​ពី​ឆ្នាំ២០១៥ ប្រទេសម៉ាឡាវី​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ការជួញដូរមនុស្ស​ ដែល​កំណត់​ឲ្យ​បង្កើត​មូលនិធិ​ប្រឆាំង​ការជួញដូរមនុស្ស​ ដើម្បី​ជួយ​មើល​ថែទាំ​ជនរងគ្រោះ ក៏​ដូចជា​ជួយ​ដល់​ដំណើរការ​នៅក្នុង​តុលាការ​ផងដែរ។

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ការពារ​សិទ្ធិកុមារ​និយាយ​ថា​ រដ្ឋាភិបាល​នៅ​តែ​ខ្វះខាត​និតិវិធី​ជួយ​គាំទ្រ​ជនរងគ្រោះ។ ពួកគេ​និយាយ​ទៀត​ថា​ ឧទាហរណ៍​ដូចជា​ក្នុង​ឆ្នាំ​នេះ​ រដ្ឋាភិបាល​គ្មាន​ថវិកា​ដើម្បី​បង្កើត​មូលនិធិ​នេះ​ទេ។

លោក Caleb Ng'ombo គឺ​នាយក​អង្គការ People Serving Girls at Risk បាន​ថ្លែង​ថា៖

«កង្វះខាត​ការពង្រឹង​ច្បាប់​កំពុង​ប៉ះពាល់​ដល់​ពួកយើង។ ឧទាហរណ៍​សម្រាប់​ស្ថាប័ន បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការនាំយក​ករណី​នេះ​ទៅ​កាន់​តុលាការ​ ដែល​តម្រូវ​ឲ្យ​មាន​ប្រភព​ជាច្រើន។ សម្រាប់​អ្នក​ វា​គ្រាន់​តែ​ជា​បញ្ហា​បច្ចេកទេស​ប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​យើង​ ក្នុងនាម​ជា​អង្គការ​និង​ក្មេងស្រី​ដែល​កំពុង​ស្វែង​រកយុត្តិធម៌​ បញ្ហា​នេះ​កំពុង​បង្ក​ផលប៉ះពាល់​ខ្លាំង​បំផុត»។

លោក Ng'ombo បាន​បញ្ជាក់​ទៀត​ថា​ ការគាំទ្រ​ពីអ​ង្គការ​ការពារ​សិទ្ធិ​ស្រ្តី Equality Now ​កិច្ចប្រឹងប្រែង​នានា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ។

លោក Ng'ombo បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «ជាមធ្យម ​រៀងរាល់ឆ្នាំ​យើង​បាន​ជួយ​ដោះស្រាយ​ករណី​ជាច្រើន ​ទាំង​ការជួយ​ដោយ​ផ្ទាល់​និង​ការជួយ​តាមរយៈ​ការបញ្ជូន​ករណី​ទៅ​ឲ្យ​អង្គការ​នានា​ ដូច្នេះ​ខ្ញុំ​អាច​និយាយ​ថា ​ក្នុង​មួយ​ឆ្នាំ​ជា​មធ្យម​មិនតិច​ជាង​២០០ករណី​ទេ‍»។

អង្គការ​ក៏​ផ្តល់​ជា​ការបណ្តុះបណ្តាល​ជួយ​ពង្រឹង​អំណាច​សេដ្ឋកិច្ច​ដល់​ក្រុមយុវវ័យ​ក្មេងៗ​ដូចជា​នាង Maggie ផងដែរ។ លោក Ng'ombo បាន​ថ្លែង​ថា៖ «យើង​បាន​ដាក់​គ្រូបណ្តុះបណ្តាល​នៅ​តាម​សហគមន៍​ដើម្បី​ជួយ​បង្ហាត់​ជំនាញ​កាត់​ដេរ ព្រម​ទាំង​ជំនាញ​ដេរប៉ាក់​ផងដែរ​ ដើម្បី​ធានា​ថា​ ពួកគេ​មាន​ជំនាញ​អាជីវកម្ម​ ដើម្បី​អាច​ចាត់ចែង​គម្រោង​កាត់ដេរ​និង​ដេរប៉ាក់​បាន‍»។

លោក Peter Langwe គឺ​ជា ​មន្រ្តី​ការពារ​សិទ្ធិកុមារ​នៃ​ក្រសួងយេនឌ័រ​ កុមារ ​ពិការភាព និង​សង្គមកិច្ច។ លោក​បាន​ប្រាប់ VOA ថា ​ទោះបីជា​មាន​ឧបសគ្គ​នានា​ក្នុង​ការពង្រឹង​ច្បាប់ប្រឆាំង​ការជួញដូរ​មនុស្ស​ក៏ដោយ​ ក៏​នៅ​មាន​កិច្ចខំ​ប្រឹងប្រែងផ្សេងៗ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បញ្ឈប់​បញ្ហា​នេះ​ដែរ។

លោក​និយាយ​ថា​ ក្រសួង​កំពុង​រៀបចំ​កិច្ចប្រជុំ​ដើម្បី​លើកទឹកចិត្ត​ដល់​សហគមន៍​នានា​ឲ្យ​ពង្រឹង​ការអនុវត្ត​ច្បាប់​ការពារ​សិទ្ធិកុមារ។ លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«តាម​ច្បាប់​ជន​ដែល​ត្រូវ​បានរកឃើញ​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការជួញដូរ​កុមារ​ត្រូវ​ពិន័យ​ជា​សត្វ​ពពែ៤ក្បាល​ទៅ​ឲ្យ​មេភូមិ​ និង​ត្រូវ​បញ្ជូន​ករណី​ទៅ​តុលាការ‍»។
លោក Langwe កិច្ចប្រឹងប្រែង​នេះ​បាន​ជួយ​កាត់បន្ថយ​ករណី​ជួញដូរ​មនុស្ស​បាន​ពាក់​កណ្តាល៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG