មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរំពឹងថា កម្ពុជានឹងទទួលបានលទ្ធផលនៃការវាយតម្លៃលើការបង្រ្កាបការជួញដូរមនុស្សប្រសើរជាងមុន បន្ទាប់ពីក្រសួងការបរទេសអាមេរិកទម្លាក់ចំណាត់ថ្នាក់កម្ពុជាស្ថិតក្នុងបញ្ជីតាមដានឃ្លាំមើលស្តីពីការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
កាលពីឆ្នាំ២០១៨ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានវាយតម្លៃប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជាស្ថិតក្នុងកម្រិត២ ឬ Tier 2។ ប៉ុន្តែក្នុងរបាយការណ៍សម្រាប់ឆ្នាំ២០១៩នេះ ពោលគឺនៅថ្ងៃទី២០ ខែមិថុនាកន្លងទៅ ក្រសួងការបរទេសអាមេរិកបានទម្លាក់ចំណាត់ថ្នាក់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជាពីកម្រិត២ (ធម្មតា) ទៅកម្រិត២ស្ថិតក្រោមការឃ្លាំមើល ឬ (Tier 2 Watch list)។
កម្រិតដែលស្ថិតក្រោមការឃ្លាំមើលនេះមានន័យថា កម្រិតប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជាស្ថិតក្នុងចំណុចអាក្រក់ដែលងាយនឹងរអិលទៅរកកម្រិតកាន់តែអាក្រក់ជាងនេះ គឺកម្រិត៣ ឬ Tier 3។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារអន្ដរក្រសួង-ស្ថាប័ន ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ឆ្នាំ២០១៩ នៅថ្ងៃអង្គារនេះ អ្នកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសម្តែងការខកចិត្តចំពោះការវាយតម្លៃរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ប៉ុន្តែអ្នកស្រីសង្ឃឹមថា កម្ពុជានឹងធ្វើបានល្អជាងនេះនៅឆ្នាំបន្ទាប់។
«តាមធម្មតាយើងសង្ឃឹមថា នៅក្នុងឆ្នាំហ្នឹង យើងធ្វើបានល្អជាងឆ្នាំមុនៗ។ ហើយសម្តេច [ស ខេង] លោកគ្រាន់តែមានប្រសាសន៍ថា ត្រូវជំរុញថែមទៀត ធ្វើយ៉ាងណាឲ្យការងាររបស់យើងហ្នឹង អាចស្តារពីលេខពីរក្នុងការឃ្លាំមើលមកវិញ ពីព្រោះអ្វីដែលយើងប្រឹងគឺយើងតែងតែប្រឹងអ៊ីចឹង ហើយចំណុចណាដែលយើងគិតថា អាចកែលម្អបានទៀត គឺយើងខិតខំកែលម្អ ហើយជំរុញឲ្យបានចេញឆាប់ ឧទាហរណ៍ទាក់ទងនឹងច្បាប់ពីគោលនយោបាយ ឬក៏វិធានការផ្សេងៗ»។
អ្នកស្រីជូ ប៊ុនអេង បន្ថែមថា ការវាយតម្លៃរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើឲ្យប៉ះពាល់ដល់ឥទ្ធិពលនយោបាយ ជាពិសេសនយោបាយអន្ដរជាតិដែលអាចធ្វើឲ្យបរទេសគិតថា កម្ពុជាមិនយកចិត្តទុកដាក់លើការងារនេះ។ បន្ថែមពីនោះទៀត អ្នកស្រីជូ ប៊ុនអេង ចាត់ទុកថា ការវាយតម្លៃរបស់សហរដ្ឋអាមេរិកលើប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅកម្ពុជា ធ្វើឡើងដោយផ្អែកលើការបូកបញ្ចូលបញ្ហានយោបាយជាមួយគណបក្សប្រឆាំង។
អ្នកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយបង្វែរឲ្យស្រង់ចេញពីរបាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ក្រសួងការបរទេសអាមេរិកបានចាត់ថ្នាក់កម្ពុជានៅកម្រិតលេខ២ (Tier2) ចាប់តាំងពីឆ្នាំ២០១៦មក។
ដោយឡែក ការដាក់ចំណាត់ថ្នាក់កម្ពុជាឲ្យដល់កម្រិត២ក្នុងបញ្ជីតាមដានឃ្លាំមើល (Tier 2 Watch list) នេះ គឺដោយមូលហេតុថា រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តពេញលេញទៅតាមស្តង់ដារនៃការលុបបំបាត់អំពើជួញដូរមនុស្សឲ្យស្ថិតក្នុងកម្រិតទាបបំផុត។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកចេញកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ បញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានបង្ហាញពីខិតខំរបស់ខ្លួនក្នុងការទប់ស្កាត់ការជួញដូរមនុស្សតាមរយៈការបន្តបញ្ជូនអ្នកជួញដូរមនុស្សទៅកាន់តុលាការ និងបានកាត់ទោសតាមច្បាប់ បង្កើនការបណ្តុះបណ្តាលលើការអនុវត្តច្បាប់ ព្រមទាំងចាត់វិធានការលើកស្ទួយការយល់ដឹង និងជំរុញឲ្យមានការធ្វើចំណាកស្រុកដោយសុវត្ថិភាពជាដើម។
ប៉ុន្តែរបាយការណ៍ដដែលនោះបញ្ជាក់ថា អាជ្ញាធរកម្ពុជាមិនបានបង្ហាញពីការកើនឡើងនៃកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស និងមិនយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ ចំណែកបញ្ហាពុករលួយនៅតែបន្តរារាំងដល់ការអនុវត្តច្បាប់ នីតិវិធីប្រឆាំងនឹងបទឧក្រិដ្ឋ ជាពិសេសការផ្តល់សេវាដល់ជនរងគ្រោះ។
លោកអំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់ VOA ថា ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា នៅតែគួរឲ្យព្រួយបារម្ភ ដែលលោកថា រដ្ឋាភិបាលកម្ពុជាគួរបង្កើនសមត្ថភាពក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព។
«ទោះបីជារដ្ឋាភិបាល ឬក៏អាជ្ញាធរពាក់ព័ន្ធខិតខំយ៉ាងណាក៏ដោយ ក៏បញ្ហាការជួញដូរនេះនៅតែបន្តកើតមាន អ៊ីចឹងបានជានៅមានចំណុចខ្វះខាតមួយចំនួនដែលកម្ពុជាយើងត្រូវពង្រឹងបន្ថែមទៅលើការទប់ស្កាត់ការជួញដូរមនុស្សនេះ»។
របាយការណ៍ស្តីពីការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះសម្រាប់ឆមាសទី១ ឆ្នាំ២០១៩ បង្ហាញថា សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន៧៨ករណី។ ក្នុងនោះឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ចំនួន៩៧នាក់ និងសង្គ្រោះជនរងគ្រោះចំនួន២៦៣នាក់៕