ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​មើល​ឃើញ​ភាព​ងាយ​រងគ្រោះ​នៃ​ពលករ​ខ្មែរ​នៅ​ថៃ​លើ​សេដ្ឋកិច្ច​និង​នយោបាយ


កម្មករ​​កម្ពុជា​រង់ចាំ​ឯកសារ​នៅ​ការិយាល័យ​ប៉ូលិស​ក្រុង​អារញ្ញប្រទេស (Aranyaprathet) ខេត្តស្រះកែវ​ប្រទេស​ថៃ​ ខណៈ​ដែល​​រៀប​ចំ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​​វិញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៤។
កម្មករ​​កម្ពុជា​រង់ចាំ​ឯកសារ​នៅ​ការិយាល័យ​ប៉ូលិស​ក្រុង​អារញ្ញប្រទេស (Aranyaprathet) ខេត្តស្រះកែវ​ប្រទេស​ថៃ​ ខណៈ​ដែល​​រៀប​ចំ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​​វិញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៤។

អ្នក​វិភាគ​មើល​ឃើញ​ថា​បញ្ហា​ពលករ​ចំណាក​ស្រុក​កម្ពុជា​ដែល​មាន​ជាង​មួយ​លាន​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​នឹង​ជា​កត្តា​គំរាម​មួយ​ដល់​សេដ្ឋកិច្ច​និង​នយោបាយ​កម្ពុជា​ក្នុង​ពេល​ខាងមុខជា​ពិសេស​អ្នក​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដែល​អាច​ងាយ​រងគ្រោះ​ដោយ​សារ​បញ្ហា​នយោបាយផ្ទៃ​ក្នុងនៅ​ទីនោះ។​

លោក ​អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត​ដែល​សិក្សា​លើ​គោល​នយោបាយ​នានា​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ក្នុង​ករណី​ដែល​ប្រទេស​ថៃ​មាន​វិបត្តិ​ផ្ទៃក្នុង​ពួក​គេ​នឹង​ខិត​ខំ​ព្យាយាម​បង្វែរ​បញ្ហា​ផ្ទៃក្នុង​មក​ផ្តោត​លើ​បញ្ហា​ពលករ​ចំណាក​ស្រុក​កម្ពុជា​និង​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា។ ករណី​នេះ​អាច​នឹង​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​ផ្ទេរ​រាជ្យបល្ល័ង្គ​ដោយ​សារ​តែ​ព្រះរាជសុខភាព​របស់​ព្រះ​មហាក្សត្រ​ថៃ​កាន់​តែ​ទ្រុឌទ្រោម​ខ្លាំង​ដែល​មើល​ទៅ​អាច​នឹង​មាន​ការ​ប្រែប្រួល​ក្នុង​ឆ្នាំ​២០១៥នេះ​ឬ​ឆ្នាំ​ក្រោយ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ​អ៊ូ វីរៈ​ បាន​បញ្ជាក់​ថា៖​ «ក្នុង​ករណី​ដែល​ប៉ះពាល់​ក្នុង​ប្រទេស​ថៃ​ អ្វី​ដែល​យើង​ព្រួយ​បារម្ភ​មែន​ទែនគឺ​សេដ្ឋកិច្ច​ហើយ​ទី​ពីរ​គឺ​ការ​ហូរ​ចូល​ប្រជាពលរដ្ឋ​១លាន​នាក់​ដែល​ជា​មូលដ្ឋាន​ធ្វើ​ឱ្យ​ច្របូក​ច្របល់​ក្នុង​ប្រទេស​កម្ពុជា​។ ពួកគាត់​អាច​ប្រឈម​មុខ​នឹង​ការ​អត់​ឃ្លាន​ អត់​បាយ​ដោយ​សារ​គ្មាន​សេវាកម្ម​បណ្តោះអាសន្ន​ជួយ​ពួកគាត់‍»។

មូលហេតុ​សំខាន់​ដែល​នាំ​ឱ្យ​ពលករ​កម្ពុជា​ធ្វើ​ចំណាក​ស្រុក​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​គឺ​ដោយ​សារ​កត្តា​សេដ្ឋកិច្ច​និង​ភាព​ទាក់​ទាញ​របស់​ទីកន្លែង​ដែល​គេ​ត្រូវ​ទៅ​ធ្វើ​ការ​ដោយ​មិន​ថា​ឡើយ​ក្នុង​ស្រុក​ឬ​ក្រៅ​ស្រុក​ទេ។ នេះ​បើតាមការ​បញ្ជាក់​របស់​លោក ​អ៊ូ វីរៈ។

លោក អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត (Future Forum) ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ​អំពី​«ផល​ប៉ះពាល់​នៃ​ចំណាក​ស្រុក​មក​លើ​នយោបាយ​និង​សេដ្ឋកិច្ច​កម្ពុជា‍» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោក អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត (Future Forum) ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ​អំពី​«ផល​ប៉ះពាល់​នៃ​ចំណាក​ស្រុក​មក​លើ​នយោបាយ​និង​សេដ្ឋកិច្ច​កម្ពុជា‍» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

អង្គការ​ឃ្លាំមើល​នានា​ឱ្យ​ដឹង​ថា ​មាន​ពលករ​ចំណាកស្រុក​កម្ពុជា​ប្រហែលមួយ​លាន​នាក់កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេ​ស​ថៃ​ទាំង​ស្រប​ច្បាប់​និង​មិន​ស្របច្បាប់។ ពលករ​ទាំងនេះ​ផ្ញើថវិកា​ដែលរក​បាន​មក​ឱ្យ​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេសមាន​រហូត​ដល់​៥០០​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។​

ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ កូរ៉េ​ខាង​ត្បូង​ ម៉ាឡេស៊ី​និង​ប្រទេស​ដទៃ​ទៀត​បាន​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​វិញ​យ៉ាង​ហោច​ណាស់​ចំនួន​១០០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការងារ។

លោក ​ហេង សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​បញ្ជាក់​ពី​វិធានការ​បង្កា​ក្នុង​ពេល​អនាគត​ថា៖

«ដើម្បី​ទប់​ស្កាត់​នូវ​បញ្ហា​នេះ​គឺ​ថា​យើង​ត្រូវ​បង្កើត​ឱកាស​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផ្សព្វផ្សាយ​ឱកាស​ការងារ​ ហើយ​ទី​ពីរ​ខិតខំ​ធ្វើ​យ៉ាង​ម៉េច​លើក​ទឹក​ចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ជ្រើសរើស​ធ្វើ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់​ដើម្បី​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ‍»។

កាល​ពី​ខែមិថុនា​និង​កក្កដា​ឆ្នាំ​២០១៤​ប្រទេស​ថៃ​បាន​បញ្ជូន​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​លួច​ទៅ​ធ្វើការ​ដោយ​មិន​មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​ចំនួន​ជាង​២សែន​នាក់​ត្រឡប់​មក​វិញ​នៅ​ពេល​ដែល​ប្រទេស​នេះ​មាន​វិបត្តិ​ផ្ទៃ​ក្នុង​ដោយ​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់​ យីងឡាក់ ស៊ីណាវ៉ាត់។

លោក អ៊ូ វីរៈ​ ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ​កត្តា​មីក្រូ​ឥណទាន​ក៏​អាច​ជា​ឧបសគ្គ​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា​ផង​ដែរ​ប្រសិន​បើ​មិន​មាន​ការ​គ្រប់​គ្រង​ឱ្យ​បាន​ត្រឹមត្រូវព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីធ្លី​ហើយ​កាន់តែ​ជំរុញ​ឱ្យ​មាន​សម្ទុះ​នៃ​ចំណាកស្រុក​មក​កាន់​ទីក្រុង​និង​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន​ឡើង។

​លោក​យល់​ថា​កម្ពុជា​គួរ​តែ​ផ្តោត​លើ​ការ​កែ​ទម្រង់​វិស័យ​កសិកម្ម​ជន​បទ​សម្រាប់​រយៈ​ពេល​ខ្លី​ឬ​បណ្តោះ​អាសន្នដើម្បី​ដោះស្រាយ​បញ្ហា​អត់ឃ្លាន​ហើយ​ផ្តោតលើ​បញ្ហា​ឧស្សាហកម្ម​ក្នុង​រយៈ​ពេល​វែង។

លោក​បាន​បន្ថែម​ថា៖​

«ប្រទេស​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​រៀបចំ​ក្នុង​រយៈ​ពេល​១០​ទៅ​២០​ឆ្នាំ​ទៀត​គឺ​ជំរុញ​ខ្លាំង​មែន​ទែន​ក្នុង​ពេល​ឥឡូវនេះ​ទៅ​គឺ​ផ្នែក​ឧស្សាហកម្ម​ដើម្បី​ស្រូប​យក​កម្លាំង​ប្រជាពលរដ្ឋ​ផងដែរ​‍»។​

​លោក​ អ៊ូ វីរៈ​ មាន​សុទិដ្ឋិនិយម​ថា ​ពលករ​ខ្មែរ​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​អាច​នឹង​នាំ​មក​វិញ​នូវ​ជំនាញ​ដែល​គេ​បាន​ធ្វើ​នៅ​ទីនោះ​មក​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​បាន​ប្រសិន​បើ​មាន​ការ​កែទម្រង់​ទាន់​ពេល​ព្រោះ​ពួកគេ​មាន​ឱកាស​ធ្វើ​ការ​ផ្នែក​រោងចក្រ​ឧស្សាហកម្ម​ធំៗ សំណង់ និង​កសិកម្ម៕

XS
SM
MD
LG