ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ឯកទេស​មើល​ឃើញ​ការ​លំបាក​របស់​អង្គការ​ផ្នែក​ពង្រឹង​អភិបាលកិច្ច​ល្អ

  • ម៉ែន​ គឹមសេង

លោក ឱក សេរីសុភ័ក្រ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច ចូល​រួម​ពិភាក្សា​អំពី​«សិទ្ធិ​និង​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ជំរុញ​អភិបាលកិច្ច​ល្អ‍»​នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ចមើល​ឃើញ​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​និងសង្គម​ស៊ីវិល​បាន​ចូលរួម​ចំណែក​ច្រើន​ដល់​ការ​អភិវឌ្ឍន៍​ជាតិ​កម្ពុជា​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ​ក្នុង​នាម​ជា​ដៃ​គូ​របស់​រដ្ឋាភិបាល​ប៉ុន្តែ​ក៏​បាន​លើក​ពី​ការ​លំបាក​ដែល​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ជួប​ប្រទះ​ជា​ពិសេស​នៅ​ពេល​ដែល​ពួកគេ​អនុវត្ត​ការងារ​ទាក់​ទង​នឹង​ផ្នែក​អភិបាល​កិច្ច​ល្អ​និង​អប់រំ​ផ្សព្វផ្សាយ​ច្បាប់។

លោក​ ឱក សេរីសុភ័ក្រ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​ បាន​ពន្យល់​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេប្រចាំខែ​ផ្តោតលើ​«អភិបាលកិច្ច​ល្អ‍»​ថា​ឧបសគ្គ ​ទាំង​នេះ​បង្កឡើង​ដោយ​សារ​មន្ត្រី​រដ្ឋាភិបាល​មួ​យ​ចំនួន​ដែល​ជាប់​ប្រឡាក់​ប្រឡូក​ក្នុង​អភិបាល​កិច្ច​មិន​ល្អ​ហើយ​សម្តែង​ការ​មិន​ពេញ​ចិត្ត​និង​មិនផ្តល់​កិច្ចសហការ​ប៉ុណ្ណោះ។

«នេះ​មិន​មែន​ជា​គោល​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល​ទេ​ព្រោះ​បើ​មិន​អញ្ចឹង​សង្គម​ស៊ីវិល​ទាំងអស់ហ្នឹង​លែង​មាន​សកម្មភាព​ហើយ​ ក៏​ប៉ុន្តែ​មាន​បុគ្គល​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​អភិបាលកិច្ច​មិន​ល្អ​ហ្នឹង​តែងតែ​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​នៅ​ក្នុ​ង​រឿងហ្នឹង‍»។​

សង្គម​ស៊ីវិល​ដែលធ្វើការ​ងារ​លើ​ផ្នែកអភិវឌ្ឍន៍​ហើយ​នឹង​ការ​កសាង​សន្តិភាពគឺ​តែងតែ​ទទួល​បានសហប្រតិបត្តិការ​ល្អ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ថ្នាក់​ក្រោម​ជាតិ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ឱក​ សេរីសុភ័ក្រ។

លោក​លើក​ឡើង​ថា​ក្នុង​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ​មាន​អង្គការសង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​បាន​ប្រើ​ប្រាស់​បណ្តាញ​ដែល​ខ្លួន​បាន​បង្កើត​ក្នុង​តួនាទី​ជា​អង្គការ​សង្គម​ស៊ីវិល​ក្នុង​គោល​បំណង​ប្រែក្លាយ​ជា​គណបក្ស​នយោបាយ​ក្នុង​ពេល​អនាគត។

លោក ​ឱក សេរីសុភ័ក្រ​ យល់​ថា​ការ​វិវត្តន៍​នេះ​មិន​ទាស់​ខុសអ្វី​ទេ គឺ​ត្រឹមត្រូវ​ប៉ុន្តែ​រដ្ឋាភិបាល​អាច​យក​លេស​នេះ​មក​លាប​ពណ៌​អង្គការ​សង្គម​ស៊ីវិល​និង​ចេញ​ច្បាប់​ដ៏​តឹងរ៉ឹង​មួយ។

លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា​រឿង​នេះ​យើងត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ឱ្យ​មែន​ទែន​បើ​យើង​ចែក​គ្នាមិន​ដាច់​រវាង​គណបក្ស​នយោបាយ​ហើយ​នឹង​សង្គម​ស៊ីវិល​ដែល​បម្រើ​ប្រជាពលរដ្ឋ​ដោយ​អត់​មាន​ហេតុផល​នយោបាយ​ អត់​មាន​ហេតុផល​លុយ​កាក់​អ្វី នោះ ហ្នឹង​យើង​អាច​ថា​ឈាន​ទៅ​រក​ស្ថានការណ៍​មួយ​ថ្មី​ដែល​ទាក់​ទង​ទៅ នឹង​ការពិនិត្យ​ថា​តើ​គួរ​ឱ្យ​មាន​ច្បាប់​ឬទេ​ដើម្បី​ធ្វើ​ការ​បែង​ចែក​ខណ្ឌ​រវាង​សង្គម​ស៊ីវិល​ហើយ​នឹង​សកម្មភាព​នយោបាយ។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំព្រួយ​បារម្ភ‍»។​

សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់​គ្រង​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជារៀបចំ​ឡើង​ប៉ុន្តែ​បាន​ផ្អាក​សិន​ដោយ​សារ​មាន​ប្រតិកម្ម​ជំទាស់​ពី​អង្គការ​ក្នុង​ស្រុក​និង​សហគមន៍​អន្តរជាតិ។

លោក​ផៃ ស៊ីផាន​ រដ្ឋ​លេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បែងចែក​អង្គការ​សង្គម​ស៊ីវិល​ជា​បី​ក្រុម​គឺ​ក្រុម​ដែល​មាន​ការ​សហការ​ពិត​ដើម្បី​ធ្វើ​ការងារ​អភិវឌ្ឍន៍​ក្រុម​«ដែល​ទទួល​បំពេញ​ការងារ​នៃ​ផលប្រយោជន៍​នៃ​អង្គការ​អន្តរជាតិ‍»ហើយ​មាន​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​និង​អង្គការ​សមាគម​ដែល​តំណាង​ផលប្រយោជន៍​សមាជិក​របស់​គេ។

លោក​បន្ថែម​ថា៖

«ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​យើង​តែ​ង​តែ​រំពឹង​ទុក​ថា​ជា​សកម្ម​ភាព​ដៃ​គូ​ជាមួយ​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ដោះស្រាយ​អ្វីៗ​ទាំង​អស់​រួមទាំង​ភាព​ប្រឈម​ ទាំង​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ ទាំង​ភាព​អភិវឌ្ឍន៍​ក្នុង​សង្គម​ជាតិ‍»៕

XS
SM
MD
LG