ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់​អាស៊ី​កណ្ដាល​ធ្វើ​តុល្យភាព​រវាង​តម្រូវការ​ថាមពល​ក្នុង​ស្រុក​និង​ការ​នាំចេញ


រូបឯកសារ៖ ពលរដ្ឋដើរតាមផ្លូវនៅក្រុង Almaty ក្នុងប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីមានបាតុកម្មហិង្សាតវ៉ានឹងការឡើងថ្លៃប្រេងឥន្ធនៈ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ពលរដ្ឋដើរតាមផ្លូវនៅក្រុង Almaty ក្នុងប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីមានបាតុកម្មហិង្សាតវ៉ានឹងការឡើងថ្លៃប្រេងឥន្ធនៈ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២។

កំណើន​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​កំពុង​បង្ខំ​ឲ្យ​ប្រទេស​កាហ្សាក់ស្ថាន ​និង​អ៊ូសបេគីស្ថាន​ត្រូវ​កាត់​បន្ថយ​ ឬ​បញ្ឈប់​ភ្លាមៗ​នូវ​ការ​នាំចេញ​ឧស្ម័ន​ទៅ​ប្រទេស​ចិន ដែល​នាំ​ឲ្យ​មាន​ការ​រង្គោះ​រង្គើ​ទីផ្សារ​ថាមពល​ក្នុង​តំបន់ និង​ការ​ពិចារណា​ឡើង​វិញ​អំពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​នានា​នៅ​ទូទាំង​តំបន់​អាស៊ី​កណ្ដាល។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ​អ្នក​ជំនាញ​អាមេរិកាំង​បាន​ជំរុញ​ឲ្យ​លោក​ខាងលិច​វិនិយោគ​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ថាមពល​នៅ​ក្នុង​តំបន់​នេះ ​ដោយ​អះអាង​ថា ការ​គាំទ្រ​បែប​នេះ​«នឹង​បង្កើត​បាន​ដៃគូ​រឹងមាំ និង​មាន​តុល្យភាព​ទល់នឹង​មហិច្ឆតា​របស់​ចិន និង​រុស្ស៊ី»។ ពលរដ្ឋ​នៅ​តំបន់​អាស៊ី​កណ្ដាល​មិនត្រឹម​តែ​កំពុង​ជួប​រដូវ​រងា​ដ៏​ត្រជាក់​ខ្លាំង​ប៉ុណ្ណោះ​ទេ ពួក​គេ​ក៏​កំពុង​រស់​នៅ​ទាំង​លំបាក​ដោយសារ​តែ​ការ​កាត់​បន្ថយ​ថាមពល​នៅ​ក្នុង​រដូវ​នេះ។

ពួក​គេ​បាន​បន្ទោស​ទៅ​លើ​រដ្ឋាភិបាល​ថា មាន​អំពើ​ពុករលួយ និង​ខ្វះ​ការ​ទទួល​ខុសត្រូវ​ ប៉ុន្តែ​អាជ្ញាធរ​បាន​បន្ទោស​ទៅ​លើ​ការ​ធ្លាក់ចុះ​នៃ​ការ​ផលិត​និង​បញ្ហា​រាំងស្ទះ​ផ្នែក​ផ្គត់​ផ្គង់។

អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​អ៊ូសបេគីស្ថាន​បាន​ពិភាក្សា​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ខ្លះ​សរសេរ​ថា៖ «សូម​បញ្ឈប់​ការ​នាំចេញ ​ហើយ​សូម​ចាប់​ផ្ដើម​ចែក​ចាយ​ថាមពល​ដល់​ពួក​យើង»។ ការ​ពិភាក្សា​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា៖ «យើង​នឹងមិន​នាំចេញ​នោះ​ទេ ​យើង​មាន​ថាមពល​តែ​ប៉ុណ្ណឹង»។

លោក Jurabek Mirzamahmudov រដ្ឋមន្ត្រី​ថាមពល​នៃ​ប្រទេស​អ៊ូសបេគីស្ថាន​ បាន​ថ្លែង​ថា៖ «យើង​នាំចូល​ឧស្ម័ន​ធម្មជាតិ​នៅ​រដូវ​រងា​នេះ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ក្នុង​ស្រុក ​ហើយ​យើង​នាំចេញ​ឧស្ម័ន​ដែល​នៅ​សេសសល់​ត្រឡប់​ទៅ​វិញ​នៅ​រដូវ​ក្ដៅ»។

បំពង់​បង្ហូរ​ឧស្ម័ន​ដែល​តភ្ជាប់​តំបន់​អាស៊ី​កណ្ដាល​ទៅ​ប្រទេស​ចិន​ចេញ​ពី​ប្រទេស​តួកម៉េនីស្ថាន បញ្ជូន​ឧស្ម័ន​ឆ្លងកាត់​ប្រទេស​អ៊ូសបេគីស្ថាន​ និងកាហ្សាក់ស្ថាន។ ទីក្រុង​ប៉េកាំង​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​តំបន់​នេះ ​ភាគច្រើន​ទិញ​ផលិតផល​ថាមពល​ ដូចជា​ឧស្ម័ន​ធម្មជាតិ និង​ប្រេង ពី​ប្រទេស​កាហ្សាក់ស្ថាន​ អ៊ូសបេគីស្ថាន ​និង​តួកម៉េនីស្ថាន។ នៅ​ក្នុង​ត្រីមាស​ទីមួយ ​ប្រទេស​តួកម៉េនីស្ថាន​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ឧស្ម័ន​ធំបំផុត​របស់​ចិន ​បាន​បង្ហូរ​ឧស្ម័ន​ដែល​មាន​ទឹក​ប្រាក់​ ២.៨៧ ​ពាន់លាន​ដុល្លារ។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវការ​របស់​ចិន។

រដ្ឋធានី​អាសហ្គាបាត​នៃ​ប្រទេស​តួកម៉េនីស្ថាន​ បាន​បង្កើន​ការ​នាំចេញ​ឧស្ម័ន​រហូត​ដល់​ ៥៣ ​ភាគរយ​នៅ​ឆ្នាំ​នេះ​ ដោយ​ការនាំ​ចេញ​សម្រាប់​តែ​ខែ​តុលា​ មាន​ទឹកប្រាក់​រហូត​ដល់​ទៅ ៨.២៣ ពាន់លាន​ដុល្លារ។ ប្រទេស​កាហ្សាក់ស្ថាន​ដែល​ធ្លាប់​បាន​លក់​ឧស្ម័ន​មាន​តម្លៃ​ ២៧០.៦​ លាន​ដុល្លារ​ ទៅ​ឲ្យ​ប្រទេស​ចិន​ កាល​ដើមឆ្នាំ​នេះ នឹង​បញ្ឈប់​ការ​នាំ​ចេញ​នេះ ​ដើម្បី​រក្សា​ឧស្ម័ន​ទាំង​នោះ​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​ស្រុក។

រដ្ឋាភិបាល​បាន​ព្រមាន​ថា តម្លៃ​ឧស្ម័ន​ ដែល​បច្ចុប្បន្ន​នេះ​ទទួល​បាន​បដិភាគ​ពី​ការ​នាំចេញ នឹង​ឡើង​ខ្ពស់ជាង​នេះ។ ប្រទេស​អ៊ូសបេគីស្ថាន​មាន​បំណង​បញ្ចប់​ការ​នាំចេញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក។ នៅ​ក្នុង​ឆ្នាំ​នេះ​ ប្រទេស​នេះ​មាន​ផែនការ​នាំចេញ​ឧស្ម័ន​ ៣.៣ ពាន់​លាន​ម៉ែត្រ​គូប ដែល​ជា​ការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ បើ​ប្រៀប​ធៀប​ទៅនឹង​ទំហំ​នៃ​ការ​នាំចេញ​កាល​ពី​ឆ្នាំ ២០១៩ ​ដែល​ពេល​នោះមាន​រហូត​ដល់​ ១២.២ ពាន់​លាន​ម៉ែត្រ​គូប។

អគ្គនាយកដ្ឋាន​គយ​របស់​ចិន​ បាន​រាយការណ៍​ថា​ ប្រទេស​អ៊ូសបេគីស្ថាន​បាន​នាំចេញ​ឧស្ម័ន​ក្នុង​ទឹក​ប្រាក់​ ១៣២.៨ ​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ចិន​ ចាប់​ពី​ខែ​មករា ​ដល់​ខែ​មេសា។ កាល​ពី​ថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ ២០២២ រដ្ឋមន្ត្រី​ថាមពល​អ៊ូសបេគីស្ថាន​ បាន​បញ្ជាក់​ថា​ ប្រទេស​របស់​លោក​បាន​បញ្ឈប់​ការ​នាំចេញ​ឧស្ម័ន​ទៅ​កាន់​ប្រទេស​ចិន​ហើយ ដែល​ពេល​នោះ​មាន​ទំហំ​ ៦ លាន​ម៉ែត្រ​គូប ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​លោក​ថ្លែង​ថា៖ «យ៉ាង​ណា​ក៏​ដោយ​ តម្រូវ​ការ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​ក្នុង​ស្រុក​របស់​ពួក​យើង​ បាន​កើន​ឡើង​រហូត​ដល់​ទៅ​ ២៥ លាន​ម៉ែត្រ​គូប ក្នុង​មួយ​ថ្ងៃ»។

រូបឯកសារ៖ វិស្វករចិនឈរមុខបដាដ៏ធំមួយក្នុងពិធីសម្ពោធដំណើរការសាងសងបំពង់បង្ហូរឧស្ម័នរវាងប្រទេសចិននិងតួកមេនីស្ថាន នៅទីក្រុង Almaty នៃប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០០៩។
រូបឯកសារ៖ វិស្វករចិនឈរមុខបដាដ៏ធំមួយក្នុងពិធីសម្ពោធដំណើរការសាងសងបំពង់បង្ហូរឧស្ម័នរវាងប្រទេសចិននិងតួកមេនីស្ថាន នៅទីក្រុង Almaty នៃប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០០៩។

ទំនាក់​ទំនង​ជាមួយ​ចិន

កិច្ច​ប្រជុំ​មួយចំនួន​ដែល​ធ្វើ​ឡើង​នៅ​រដ្ឋធានី​តាស្កិន​នៃ​ប្រទេស​អ៊ូបេគីស្ថាន ​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​ចិន Hu Chunhua កាល​ពី​ដើម​ខែ​ធ្នូ​នេះ ​បញ្ជាក់​ថា ប្រទេស​ទាំងពីរ​កំពុង​ជំរុញ​ការ​ធ្វើ​ជំនួញ ​ក្នុង​គោល​ដំណង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ពី ​៨ ពាន់​លាន​ដុល្លារ​ឲ្យ​ដល់ ១០ ពាន់​លាន​ដុល្លារ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការចិន ​Xinhua បាន​ឲ្យដឹង​ថា៖ «ប្រទេស​អ៊ូបេគីស្ថាន​មាន​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ចិន​ឲ្យ​កាន់​តែ​ស៊ីជម្រៅ ​នៅ​លើ​វិស័យ​មួយចំនួន​ ដូចជា​ពាណិជ្ជកម្ម​ វិនិយោគ​ ការ​ដឹក​ជញ្ជូន ​ថាមពល​ និង​ហេដ្ឋារចនា​សម្ព័ន្ធ ​ព្រម​ទាំង​ដំណើរ​ពន្លឿន​គម្រោង​ផ្លូវ​រថភ្លើង​តភ្ជាប់​រវាង​ចិន ​កៀហ្ស៊ីស៊ីស្ថាន ​និងអ៊ូបេគីស្ថាន ​និង​គម្រោង​តភ្ជាប់​ផ្សេងៗ​ទៀត​ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ប្រទេស​ទាំងពីរ ​និង​ដល់​តំបន់​នេះ»។

លោក Wesley Hill គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​សរសេរ​របាយការណ៍​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដោយ​មជ្ឈមណ្ឌល​ពន្ធដារ​អន្តរជាតិ និង​វិនិយោគ ITIC ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​ដែល​ផ្ដោត​លើ​សក្ដានុពល​ថាមពល​នៅ​តំបន់​អាស៊ី​កណ្ដាល។

លោក​ថ្លែង​ថា៖ «ចិន​ចង់​មាន​ទំនាក់​ទំនង ​និងការវិនិយោគ​លើ​ធនធាន​នៅ​អាស៊ី​កណ្ដាល​ ដើម្បី​ឈាន​ទៅ​កាន់​ទីផ្សារ​នៅ​តំបន់​អឺរ៉ុប ​ដើម្បី​ឆ្ពោះ​ទៅ​រក​ធនធាន​អ៊ីដ្រូកាបូន ​ឬ​ឧស្ម័ន​ធ្យូងថ្ម ​និង​មាន​មេត្រីភាព​ផ្នែក​នយោបាយ​ជាមួយ​ផ្នែក​ខ្លះ​នៃ​មជ្ឈិមបូព៌ា ​ដូចជា​អ៊ីរ៉ង់​ អារ៉ាប៊ីសាអូឌីត​ និង​អ៊ីរ៉ាក់។ ចិន​ចង់​កែប្រែ​សណ្ដាប់​សេដ្ឋកិច្ច​អន្តរជាតិ»។

នៅ​ប្រទេស​កាហ្សាក់ស្ថាន​ ប្រធានាធិបតី​ចិន​ ស៊ី ជិនពីង​ (Xi Jinping) បាន​ប្រកាស​ពី​គំនិត​ផ្ដួចផ្ដើម​ផ្លូវពាណិជ្ជកម្ម កាល​ពី​ឆ្នាំ ​២០១៣ ​ដែល​ជា​ទស្សនវិស័យ​ក្នុង​ការ​បង្កើត​ផ្លូវ​ពាណិជ្ជកម្ម​ទាំង​នៅ​លើ​ដី និង​ឆ្លង​កាត់​សមុទ្រ ពី​ប្រទេស​ចិន​ទៅ​ប្រទេស​នានា​តាមរយៈ​ការ​វិនិយោគ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ។

ប្រទេស​កាហ្សាក់ស្ថាន​ក៏​ជា​ប្រទេស​ទី ១ ​ដែល​លោក ​ស៊ី ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ចាប់​តាំង​ពី​ជំងឺ​កូវីដ១៩ ​បាន​ក្លាយ​ជាគ្រោះអាសន្ន​សម្រាប់​សុខភាព​សាធារណៈ។

រូបឯកសារ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev នៅក្នុងកិច្ចប្រជុំកំពូល Shanghai Cooperation Organization ដែលធ្វើឡើងនៅប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២។
រូបឯកសារ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev នៅក្នុងកិច្ចប្រជុំកំពូល Shanghai Cooperation Organization ដែលធ្វើឡើងនៅប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២។

ផលប្រយោជន៍​លោក​ខាងលិច​ និង​មហិច្ឆតា​របស់​រុស្ស៊ី

របាយការណ៍​ ITIC ​ដដែល​បាន​លើក​ឡើង​ថា ក្រៅ​ពី​ចិន ​សមត្ថភាព​នាំចេញ​ធនធាន​ពី​តំបន់​អាស៊ី​កណ្ដាល​ទៅ​កាន់​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​តម្រូវ​ឲ្យ​មាន​ការ​វិនិយោគ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ រួមមាន បំពង់​បង្ហូរ​ឧស្ម័ន ​និង​កំពងផែ​ទៅ​តាម​ឯកទេស​ជាក់លាក់។ នេះ​ក៏​ដោយ​ហេតុថា​ ហេដ្ឋារចនា​សម្ព័ន្ធ​បែប​នេះ​ភាគ​ច្រើន​ឆ្លងកាត់​ប្រទេស​រុស្ស៊ី ​និង​អ៊ីរ៉ង់។

ប្រទេស​កាហ្សាក់ស្ថាន​រក​ចំណូល​ពី​ប្រេង​ក្នុង​កម្រិត​ ៤០ ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​ខ្លួន។ ប៉ុន្តែ ៨០ ​ភាគរយ​នៃ​ការ​នាំចេញ​ថាមពល ត្រូវ​ឆ្លង​កាត់​ប្រទេស​រុស្ស៊ី ​តាម​រយៈ​ក្រុមហ៊ុន Caspian Pipeline Consortium។

លោក Kairat Umarov អនុរដ្ឋមន្ត្រី​ទី ១ ក្រសួង​ការបរទេស​កាហ្សាក់ស្ថាន ​បាន​ថ្លែង​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន ​ដើម្បី​ចូលរួម​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​ប្រចាំ​ឆ្នាំ កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ ២០២២ ថា៖ «កាហ្សាក់ស្ថាន​គឺ​ជាតួអង្គ​ដែល​មាន​ទំនួល​ខុសត្រូវ»។

លោកថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ និង​ ក្រុម​អ្នក​ជំនាញ​នៅ​សាកល​វិទ្យាល័យ ​George Washington​ ថា៖ «ការ​នាំចេញ​ប្រេង​របស់​យើង​ជាង ៧០ ភាគរយ ​គឺ​ទៅ​កាន់​សហភាព​អឺរ៉ុប។ ការ​នាំចេញ​ប្រេង​របស់​កាហ្សាក់ស្ថាន​មាន​ទំហំ ១.៥ ភាគរយ​នៃ​ការ​ផ្គត់​ផ្គង់​ទូទាំង​សាកលលោក»។

ខណៈ​ដែល​លោកខាងលិច​កំពុង​ពង្រីក​ទំនាក់​ទំនង​ជាមួយ​តំបន់​អាស៊ី​កណ្ដាល អ្នក​វិភាគ​អាមេរិក​បាន​ព្រមាន​ថា រុស្ស៊ី​អាច​នឹង​យក​បញ្ហា​ថាមពល​ធ្វើ​ជា​អាវុធ ​គំរាម​កំហែង​ដល់​ក្រុមហ៊ុន​នាំចេញ​នានា ដោយ​សង្ឃឹម​ថា​នឹង​អាច​រារាំង​ក្រមហ៊ុន​ទាំង​នោះ​កុំឲ្យ​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​ដ៏ចម្បង​សម្រាប់​អឺរ៉ុប។ ស្រដៀង​គ្នា​នេះ ​ចិន​ក៏​អាច​នឹង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ ខណៈ​ដែល​រុស្ស៊ី​កំពុង​ជាប់ដៃ​នៅ​អ៊ុយក្រែន ​និង​ការពារ​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន។

ស្រដៀង​ទៅ​នឹង​របាយការណ៍​វិភាគ​ផ្សេងៗ​ទៀត​នៅ​សហរដ្ឋ​អាមេរិក​ដែរ​ របាយការណ៍ ​ ITIC ​បាន​សង្កត់​ធ្ងន់​លើ​កិច្ច​សហការ​ពហុវិស័យ​ និង​សមាហរណកម្ម​តំបន់ ​ដោយ​រំលេច​ថា ​បញ្ហា​ទាំង​នេះ មិន​មែន​ជា​ផលប្រយោជន៍​របស់​រុស្ស៊ី ឬ​ចិន​នោះ​ទេ។

របាយការណ៍​ ITIC ​លើក​ឡើង​ថា៖ «ការ​វិនិយោគ​របស់​លោក​ខាង​លិច ទាំង​ផ្នែក​រដ្ឋ​និង​ផ្នែក​ឯកជន គួរ​តែ​ផ្ដោត​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្នែក​ថាមពល នៅ​ប្រទេសនានា​ដែល​មាន​ធនធាន​អាច​ឆ្លើយតប​នឹង​តម្រូវការ​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន ​ដូចជា កាហ្សាក់ស្ថាន ​អ៊ូបេគីស្ថាន​ និង​តួកម៉េនីស្ថាន»។

របាយការណ៍​ដដែល​លើក​ឡើង​ថា៖ «ខណៈ​ដែល​រុស្ស៊ី​កំពុង​ប្រឹង​ប្រែង​បង្កើត​អនុត្តរភាព​លើ​អតីត​រដ្ឋ​សហភាព​សូវៀត ​ការ​ពង្រឹង​វិស័យ​ថាមពល​នៅ​រដ្ឋ​នានា​ក្នុង​តំបន់​អាស៊ី​កណ្ដាល​ នឹង​ជួយ​បើក​ផ្លូវ​ឲ្យ​ប្រទេស​ទាំង​នោះ​មាន​ស្វ័យភាព ​និង​វិបុលភាព​កាន់តែ​ខ្លាំង។ កាហ្សាក់ស្ថាន​ជាប្រទេស​សម្បូរ​ទៅ​ដោយ​ប្រេង​ និង​អ៊ុយរ៉ានីញ៉ូម ​ហើយ​ប្រទេស​អ៊ូបេគីស្ថាន​សម្បូរ​ទៅដោយ​ឧស្ម័ន​ធម្មជាតិ ​និង​ អ៊ុយរ៉ានីញ៉ូម ខណៈដែល​តួកម៉េនីស្ថាន​សម្បូរ​ទៅដោយ​ឧស្ម័ន​ធម្មជាតិ»។

ក្រុម​អ្នក​ជំនាញ​ដែល​សរសេរ​របាយការណ៍​ ITIC ​នេះ​ លើក​ឡើង​ថា ​តាមរយៈ​ការគាំទ្រ​ដល់​ឧស្សាហកម្ម​ថាមពល​នៅ​តំបន់​នេះ រដ្ឋ​ប្រជាធិបតេយ្យ​នឹង​បង្កើន​បាន​ដៃគូ​រឹងមាំ ​និង​មាន​តុល្យភាព​ជាមួយ​មហិច្ឆតា​របស់​ចិន ​និង​រុស្ស៊ី។ ក្រុម​អ្នក​តាមដាន​បញ្ហា​នេះ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​យល់​ស្រប​ថា ​បច្ចុប្បន្ន​នេះ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ផ្នែក​សេដ្ឋកិច្ច និង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ដែល​មិន​អាច​ប្រកែក​បាន។

លោក Paul Stronski អ្នក​វិភាគ​នៅ​ The Carnegie Endowment មានឯកទេស​លើ​ប្រទេស​រុស្ស៊ី ​និង​តំបន់​អឺរ៉ាស៊ី បាន​ថ្លែង​ថា ​រដ្ឋាភិបាល​អាមេរិក​ត្រូវចៀសវាង​ការ​ស្នើ​ឲ្យ​ប្រទេស​នៅ​អាស៊ី​កណ្ដាល​ត្រូវ​ជ្រើស​រើសភាគី​ណា​មួយ។

លោក​ថ្លែង​ថា៖ «ពួកគេ​មាន​សមានចិត្ត​ជាមួយ​ប្រទេស​អ៊ុយក្រែន​ និង​មិន​ទុក​ចិត្ត​រុស្ស៊ី។ ប៉ុន្តែ​ រុស្ស៊ី​មាន​ឆន្ទៈ​ប្រព្រឹត្ត​អំពើ​មិន​ល្អ​ចំពោះ​ពួក​គេ»។

លោក Stronski ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្ដល់​ជំនួយ​ផ្នែក​សន្តិសុខ​ និង​លើក​ទឹកចិត្ត​ឲ្យ​តំបន់​នេះ​ស្វែងរក​ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ដៃគូ​ថ្មី។

លោក​ថា៖ «យើង​និង​ប្រទេស​អាស៊ី​កណ្ដាល​មិន​ចង់​ឲ្យ​តំបន់​នេះ​ជាប់គាំង​នៅ​ចន្លោះ​រុស្ស៊ី ​និង​ចិន​នោះ​ទេ»។

លោក​ Stronski បាន​បន្ត​ថា៖ «ការ​ភ្ជាប់​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច គឺ​ជា​គន្លឹះ​ ប៉ុន្តែ​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រទេស​ទាំង​នោះ​ក្នុង​ការ​ធ្វើ​កំណែទម្រង់។ ជាពិសេសសម្រាប់​ប្រទេស​អ៊ូបេសគីស្ថាន ​និង​កាហ្សាក់ស្ថាន ​រដ្ឋាភិបាល​អាមេរិក​គួរ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទាំង​នេះ​គោរព​ការសន្យា​របស់​ពួកគេ ​ខណ:​ផ្ដល់​ការគាំទ្រ​ជំនួយ​បច្ចេក​ទេស​ដល់​ប្រទេស​ទាំងនេះ»។

របាយ​ការណ៍ ​ITIC ​បាន​កត់​សម្គាល់​ថា រដ្ឋ​នៅ​អាស៊ី​កណ្ដាល​ដែល​ជា​រដ្ឋ​នាំ​ចេញ​ថាមពល ​ត្រូវ​តែ​បន្ត​ធ្វើ​សេរីភាវូបនីយកម្ម​ទីផ្សារ​ និង​ធ្វើ​កំណែ​ទម្រង់​លើ​ការ​ប្រឆាំង​អំពើពុក​រលួយ ​និង​កសាង​ទំនុក​ចិត្ត ​ដែល​ធានា​បាន​ថា​ គម្រោង​ថាមពល​និង​ហេដ្ឋរចនា​សម្ព័ន្ធ​ នឹង​មិន​ត្រូវ​បាន​រារាំង​ដោយ​ការ​បោក​បញ្ឆោត ​ការ​រាំង​ខ្ទប់​ដែលមិន​ចាំបាច់ ​ការ​រឹបអូស ឬ​ការ​យក​ពន្ធ​ហួសហេតុ​ទេ។ លើស​ពី​នេះ​ ពួក​គេ​ត្រូវ​ធានា​ការ​គោរព​នីតិរដ្ឋ​ដែល​មាន​លក្ខណៈ​ទាក់ទាញ​សម្រាប់​ជា​ជម្រក​ដល់​ការ​វិនិយោគ​ពី​បរទេស៕

XS
SM
MD
LG