ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ៊ូសបេគីស្ថាន និង​តំបន់​អាស៊ី​កណ្តាល​ព្យាយាម​កំណត់​ទិសដៅ​របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ឡើង​វិញ


ទិដ្ឋភាព​មួយ​បង្ហាញ​ពី​ពាក្យ Samarkand 2022 នៅ​មុន​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូសបេគីស្ថាន។
ទិដ្ឋភាព​មួយ​បង្ហាញ​ពី​ពាក្យ Samarkand 2022 នៅ​មុន​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូសបេគីស្ថាន។

អ្នក​សង្កេតការណ៍​មួយ​ចំនួន​បាន​លើក​ឡើង​ថា អង្គការ​សហប្រតិបត្តិការ​សៀងហៃ (SCO) អាច​ក្លាយ​ជា​ប្លុក​ប្រឆាំង​នឹង​ប្រទេស​លោក​ខាង​លិច ដោយ​រង​ឥទ្ធិពល​ខ្លាំង​ពី​ចិន​និង​រុស្ស៊ី​អស់​រយៈពេល​ប្រមាណ ២០ ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី សមាជិក​នៃ​អង្គការ​នេះ​នៅ​តំបន់​អាស៊ី​កណ្តាល​មាន​ទំនាក់ទំនង​សហប្រតិបត្តិការ​ស្មុគស្មាញ​ជាមួយ​នឹង​សហរដ្ឋអាមេរិក និង​អឺរ៉ុប។

ប្រទេស​អ៊ូសបេគីស្ថាន​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​នៅ​ឆ្នាំ២០២២​នេះ ហើយ​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល​មួយ​នេះ​ បាន​ប្រើប្រាស់​ពេលវេលា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​ការទូត​ប្រចាំ​ឆ្នាំ​ចាប់​ពី​ថ្ងៃទី១៥ ដល់១៦​ក្នុង​ខែកញ្ញា​ក្នុង​ទីក្រុង​បុរាណ Samarkand ដើម្បី​សង្កត់​ធ្ងន់​ថា ប្លុក​នេះ​មិន​មែន និង​មិន​គួរ​ជា​ប្លុក​ប្រឆាំង​សហរដ្ឋអាមេរិក ឬ​អង្គការ​អូតង់​នោះ​ទេ។

លោក Shavkat Mirziyoyev ប្រធានាធិបតី​អ៊ូសបេគីស្ថាន​បាន​ថ្លែង​ក្នុង​សុន្ទរកថា​របស់​លោក​ក្នុង​កិច្ចប្រជុំកំពូល​ដែល​មាន​អ្នក​សារព័ត៌មាន​អន្តរជាតិ​ជាង ៨០០ នាក់​ចូលរួម​ថា៖ «ក្នុង​ឋានៈ​ជា​ប្រធាន​នៅ​ឆ្នាំ​នេះ​ យើង​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​អាច​អនុវត្ត​បាន​នៅ​ក្នុង​អង្គការ​របស់​យើង បង្កើន​សក្ដានុពល​ និង​កិត្តិនាម​នៅ​លើ​ឆាក​អន្តរជាតិ​របស់​អង្គការ​នេះ។ បញ្ហា​អាទិភាព​រួម​មាន​បញ្ហា​សន្តិសុខ និង​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​មនុស្សធម៌។

រូបឯកសារ៖ ប្រធានាធិបតីអ៊ូបេគីស្ថាន លោក Shavkat Mirziyoyev ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​មុន​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូបេគីស្ថាន ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតីអ៊ូបេគីស្ថាន លោក Shavkat Mirziyoyev ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​មុន​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូបេគីស្ថាន ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២។

លោក Mirziyoyev ស្វាគមន៍​មេដឹកនាំ​ទាំង ១៣ រូប​មក​ពី​ប្រទេស​ចិន ឥណ្ឌា​ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី និង​តាហ្ស៊ីគីស្ថាន។ ប្រធានាធិបតី​បេឡារុស អ៊ីរ៉ង់ ម៉ុងហ្គោលី​ក៏​បាន​ចូលរួម​ក្នុង​នាម​ជា​អ្នក​សង្កេត ខណៈ​ដែល​ប្រតិភូ​មក​ពី​អាស៊ែបៃហ្សង់ និង​តួកគី​ចូលរួម​ក្នុង​នាម​ជា​ភ្ញៀវ។ រដ្ឋាភិបាល​ក្រុង​មីនស្កិ៍ (បេឡារុស) និង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ (អ៊ីរ៉ង់) មាន​បំណង​ចូលរួម​ក្នុង​ប្លុក​នេះ​ក្នុង​ពេល​ឆាប់ៗ។ អ៊ីរ៉ង់​ដែល​បាន​ព្យាយាម​ ប៉ុន្តែ​បរាជ័យ​ក្នុង​ការ​ចូលរួម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​បាន​ចុះ​អនុស្សារណៈ​សមាជិកភាព​ជាមួយ​នឹង​មេដឹកនាំ​អង្គការ SCO ខណៈ​ដែល​បេឡារុស​ក៏​បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​ចូលរួម​ផង​ដែរ។

លោក Alexander Lukashenko ប្រធានាធិបតី​បេឡារុស​បាន​កត់សម្គាល់​ថា៖ «អង្គការ SCO កំពុង​វិវឌ្ឍ​ខ្លួន​ពី​ប្លុក​តំបន់​ទៅ​ជា​ប្លុក​សាកលលោក» និង​បាន​លើក​ឡើង​ថា ​ផលប្រយោជន៍​របស់​ប្រទេស​លោក​មាន​ភាព​ស៊ីសង្វាក់​ខ្លាំង​នឹង​ផលប្រយោជន៍​របស់​សមាជិក​អង្គការ SCO។

លោក Lukashenko​ បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​សូម​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ការ​គាំទ្រ​ដោយ​ឯកច្ឆន្ទ​ចំពោះ​ការ​ស្នើសុំ​ចូលរួម​ក្នុង​អង្គការ​នេះ​ក្នុង​នាម​ជា​សមាជិក​ពេញ​សិទ្ធិ»។ លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​អាច​ផ្តល់​នូវ​សក្តានុពល​ផ្នែក​វិទ្យាសាស្ត្រ ឧស្សាហកម្ម និង​ដឹក​ជញ្ជូន​ឆ្លង​កាត់​របស់​យើង និង​បទពិសោធន៍​ក្នុង​ការ​រក្សា​សន្តិភាព និង​ការទូត​ពហុភាគី​របស់​យើង»។

ក្រុម​មន្ត្រី​អង្គការ SCO ថា ប្រទេស​អ៊ីរ៉ង់​កាន់​តែ​ជិត​បាន​ចូលរួម​ហើយ​ដោយ​បាន​ចង្អុល​បង្ហាញ​ពី​ការ​ចុះ​អនុស្សារណៈ​នោះ។ លោក Ebrahim Raisi ប្រធានាធិបតី​អ៊ីរ៉ង់​បាន​រិះគន់ «ឯកតោ​ភាគី​និយម​របស់​សហរដ្ឋ​អាមេរិក» និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពង្រីក​ពាណិជ្ជកម្ម​សេរី​នៅ​ក្នុង​ប្លុក​អង្គការ SCO ដើម្បី​បង្កើន​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ និង​ធនាគារ។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ចាត់​ទុក​សមាជិកភាព​នេះ​ជា​វិធី​មួយ​ក្នុង​ការ​ព្យាយាម​គេច​ពី​ទណ្ឌកម្ម​សហរដ្ឋអាមេរិក។

រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន លោក Xi Jinping ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូបេគីស្ថាន ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន លោក Xi Jinping ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូបេគីស្ថាន ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចប្រជុំ​រវាង​លោកXi និង​លោក Putin

កិច្ចប្រជុំ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សារព័ត៌មាន​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​គឺ​កិច្ចប្រជុំ​ដាច់​ដោយ​ឡែក​រវាង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping និង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែល​លោក​ទាំង​ពីរ​បាន​សន្យា​គោរព «ផលប្រយោជន៍​ស្នូល» របស់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​ពាក្យ​និម្មិត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​សំដៅ​ដល់​ការ​គាំទ្រ​របស់​រុស្ស៊ី​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់។ ការ​ធ្វើ​អត្ថាធិប្បាយ​របស់​ភាគី​ចិន​អំពី​កិច្ចប្រជុំនេះ​មាន​ភាព​មិន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ខ្លឹមសារនៃ​ការ​សន្យា​របស់​លោក Xi។​

មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​គ្នា​ញឹកញាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ប៉ុន្តែ​មិន​បាន​ជួប​គ្នា​ជា​ថ្មី​នោះ​ទេ​ចាប់​តាំង​ពី​ការ​ប្រកួត​អូឡាំពិក​រដូវ​រងា​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ខែកុម្ភៈ គឺ​មុន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បន្តិច​មក។ ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​តំបន់​អាស៊ី​កណ្តាល​ជា​ការ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​លោក Xi ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​នៅ​ដើម​ឆ្នាំ២០២០​មក។​

នៅ​ក្នុង​ទីក្រុង Samarkand លោក Putin បាន​ថ្លែង​អំណរគុណ​ដល់​លោក Xi សម្រាប់​អ្វី​ដែល​លោក​ហៅ​ថា «វិធីសាស្ត្រ​មាន​តុល្យភាព» ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ុយក្រែន ខណៈ​ដែល​រិះគន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​អ្វី​ដែល​លោក​ Putin ហៅ​ថា «គោល​នយោបាយ​អាក្រក់» របស់​អាមេរិក ដូចជា​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​ជា​ដើម។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Xi បាន​ថ្លែង​ដោយ​ប្រុងប្រយ័ត្ន​ថា «ក្នុង​ការ​ប្រឈម​នឹង​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក ពេលវេលា និង​ប្រវត្តិសាស្ត្រ ចិន​ប្តេជ្ញា​ធ្វើ​ការ​ជាមួយ​រុស្ស៊ី​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ប្រទេស​ធំ​មួយ ដើរ​តួ​ជា​អ្នក​ដឹកនាំ និង​ផ្តល់​ស្ថិរភាព​ដល់​ពិភពលោក​ដែល​មាន​បញ្ហា និង​ដែល​ពឹងផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក»។

លោក Putin បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ «រួម​គ្នា​បង្កើត​ពិភពលោក​ពហុប៉ូល​ ប្រជាធិបតេយ្យ និង​មាន​ភាព​ស្មើ​គ្នា ​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​តួនាទី​ស្នូល​របស់​អង្គការ​សហប្រជាជាតិ មិន​មែន​ផ្អែក​លើ​វិធាន​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​មួយ​ចំនួន​ដែល​ព្យាយាម​អនុវត្ត​លើ​អ្នក​ផ្សេង​ដោយ​មិន​បាន​ពន្យល់​ថា​វា​ជា​អ្វី​នោះ»។

ប៉ុន្តែ​អ្នក​វិភាគ​ក្នុង​ស្រុក​បាន​ប្រាប់ VOA ថា គោលដៅ​ជា​មូលដ្ឋាន​របស់​អង្គការ SCO មិន​ទាន់​ត្រូវ​បាន​បំផ្លាញ​ដោយ​ហេតុការណ៍​ក្នុង​ពេល​ថ្មីៗ​នោះ​ទេ ឬ​ដោយ​សមាជិក​ធំ​បំផុត​ទាំង​ពីរ​របស់​ប្លុក​នេះ​នោះ​ទេ។

លោកUlugbek Khasanov សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ពិភពលោក និង​ការទូត​នៅ​អ៊ូសបេគីស្ថាន​បាន​ទទួល​ស្គាល់​ថា អង្គការ SCO ជា​បណ្តុំ​ប្រជាជាតិ​ដ៏​ស្មុគស្មាញ​ដែល​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​សំខាន់ៗ​ជាច្រើន។ លោក​ថ្លែង​ថា៖ «ប៉ុន្តែ​ពួកគេ​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​បុរាណ Samarkand ជាមួយ​នឹង​របៀបវារៈ​ក្នុង​ការ​ពង្រឹង​សន្តិសុខ ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ភាព​ច្នៃប្រតិដ្ឋ​ថ្មីៗ»។

លោកKhasanov បាន​ហៅ​បេសកកម្ម​អង្គការ SCO ថា​ជា​បេសកកម្ម​ចម្រុះ និង​មាន​ការ​វិវឌ្ឍ​ដោយ​ផ្តោត​លើ​ការ​ប្រែប្រួល​អាកាសធាតុ សន្តិសុខ​ថាមពល និង​ស្បៀង​អាហារ និង​សន្តិសុខ​តំបន់​ និង​ចាត់​ទុក​វា​ជា​សញ្ញា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ។

ត្រូវ​ធ្វើ​សកម្មភាព

អ្នក​វិភាគ​នៅ​កាហ្សាក់ស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន​បាន​ប្រាប់ VOA ថា ពួកគេ​មាន​ការ​យល់ឃើញ​ស្រដៀង​គ្នា​ ប៉ុន្តែ​ពួកគេ​ថា សមាជិក​នៃ​ប្លុក​នេះ​ត្រូវ​ធ្វើ​សកម្មភាព​ជាក់លាក់​ជាង​នេះ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សក្តានុពល​នៃ​ប្លុក​នេះ។

អ្នក​វិភាគ​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល​ទាំង​នេះ​គាំទ្រ​ដល់​បំណង​របស់​រដ្ឋាភិបាល​ពួកគេ​ក្នុង​ការ​បញ្ចៀស​មិន​ឱ្យ​អង្គការ SCO ក្លាយ​ជា​វេទិកា​ដែល​តំណាង​ឱ្យ​ចិន និង​រុស្ស៊ី។ លោក Khasanov ដែល​ធ្លាប់​ជា​មន្ត្រី​ទំនាក់ទំនង​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្នុង​រដ្ឋធានី​តាស្កិន ប្រទេស​អ៊ូសបេគីស្ថាន​ថា អង្គការ SCO ត្រូវ​តែ​ជា «វេទិកា​ដែល​មាន​សមភាព និង​ភាព​ស្មើ​គ្នា» សម្រាប់​សមាជិក​ទាំង​អស់។

លោក Khasanov បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «តំបន់​អាស៊ី​កណ្តាល​ជា​បេះដូង​នៃ​អង្គការ​នេះ ហើយ​ប្រសិនបើ​អ្នក​ចង់​ធ្វើ​ការ​ជាមួយ​នឹង​តំបន់​នេះ អ្នក​ត្រូវ​ស្តាប់​ទស្សនៈ និង​សំណើ​របស់​ប្រទេស​អ៊ូសបេគីស្ថាន ជា​ពិសេសជំហរ​របស់​ប្រទេស​នេះ​លើ​បញ្ហា​អាហ្វហ្គានីស្ថាន»។

និយាយ​មួយ​បែប​ទៀត ដើម្បី​ធ្វើ​សកម្មភាព​ជា​មូលដ្ឋាន​នៅ​តំបន់​អាស៊ី​កណ្តាល លោក​ថា ចិន រុស្ស៊ី និង​ប្រទេស​ផ្សេង​ទៀត​ត្រូវ​យល់​ពី​អាទិភាព និង​របៀបវារៈ​របស់​អាស៊ី​កណ្តាល។

លោក Muzaffar Djalalov សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ Inha ក្នុង​ទីក្រុង​តាស្កិន​និយាយ​ថា ទី១ អង្គការ SCO ត្រូវ​តែ​ជា​វេទិកា​អភិវឌ្ឍន៍​មួយ។

លោក Muzaffar បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «សមាជិក​ទាំង​អស់​មាន​ផលប្រយោជន៍ និង​គោលនយោបាយ​រៀងៗ​ខ្លួន។ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​គឺ​ថា អង្គការ SCO មិន​មែន​ជា​ប្លុក​យោធា​នោះ​ទេ និង​មិន​គួរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ «ជញ្ជីង» ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ប្រទេស​លោក​ខាង​លិច និង​រុស្ស៊ី ឬ​ចិន​នោះ​ទេ»។

រូបឯកសារ៖ កិច្ចប្រជុំ​មួយ​របស់​ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ក្នុង​ទីក្រុង​ Tashkent ប្រទេស​អ៊ូបេគីស្ថាន ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ កិច្ចប្រជុំ​មួយ​របស់​ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ក្នុង​ទីក្រុង​ Tashkent ប្រទេស​អ៊ូបេគីស្ថាន ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២។

ការ​បង្កើត​អាទិភាព

លោក Djalalov យល់​ឃើញ​ថា សមាជិក SCO ចង់​ធ្វើ​ជា​ដៃគូ​ក្នុង​វិស័យ​ដែល​នៅ​ក្បែរ​របៀបវារៈ​ដែល​ប្រទេស​នៅ​អាស៊ី​កណ្តាល​ទំនង​ចាត់​ទុក​ជា​អាទិភាព ដែល​មាន​ដូចជា ការ​អប់រំ វិទ្យាសាស្ត្រ និង​ការ​ថែទាំ​សុខភាព។ លោក​សាទរ​ចំពោះ​សំណើ​របស់​លោក​ប្រធានាធិបតី Mirziyoyev ចំពោះ​តួនាទី​របស់​អង្គការ SCO ក្នុង​ការ​លើក​កម្ពស់​អក្ខរកម្ម​ឌីជីថល និង​បច្ចេកវិទ្យា​ព័ត៌មាន។​

លោក Djalalov បាន​ថ្លែងនៅ​ក្នុង​ទីក្រុង​តាស្កិន​ក្នុង​សម្តី​ដើម​ថា៖ «ប្រទេស SCO មួយ​ចំនួន​មាន​បទពិសោធន៍ និង​ជំនាញ​ល្អ​ប្រសើរ​ជាង។ កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ទាំង​នោះ​ជា​គន្លឹះ​សម្រាប់​ការ​អភិវឌ្ឍ​ជា​រួម​របស់​យើង»។

អ្នក​សង្កេតការណ៍​អន្តរជាតិ​យល់​ឃើញ​ថា សំណើ​របស់​រដ្ឋាភិបាល​ក្រុង​តាស្កិន​ក្នុង​ការ​ចាប់ផ្តើម​មូលនិធិ​ជំនួយ​សម្រាប់​អាហ្វហ្គានីស្ថាន​ជា​ជំហាន​មនុស្សធម៌​ដ៏​សំខាន់​មួយ។​

អ្នកស្រី Roli Asthana អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិប្រចាំ​នៅ​អ៊ូសបេគីស្ថាន​បាន​ប្រាប់ VOA ថា អង្គការ​សហប្រជាជាតិ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​គ្រប់​គំនិត​ផ្តួចផ្តើម​ដែល​នាំ​ឱ្យ​ប្រទេស​ទាំង​នោះ​រួបរួម​គ្នា។

អ្នកស្រី​ថ្លែង​ថា៖ «ដូចលោក​ប្រធានាធិបតី​ Mirziyoyev បាន​លើក​ឡើងម្តង​ហើយ​ម្តង​ទៀត​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ គឺ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​សាកលលោក​សព្វ​ថ្ងៃ​នេះ។

រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi កំពុង​ស្ថិត​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូបេគីស្ថាន ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi កំពុង​ស្ថិត​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូបេគីស្ថាន ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២។

នៅ​ពេល​ចោទសួរ​អំពី​ជំហរ​អង្គការ​សហប្រជាជាតិ​ចំពោះ​កិច្ចប្រជុំ SCO អ្នកស្រី Asthana បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ ‍«មិន​ថា​វា​ជា​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ ទំនាក់ទំនង ការ​ងើប​ឡើង​វិញ​ពី​ការ​រាតត្បាត​ជំងឺ ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​រាតត្បាត​ជំងឺ​នា​ពេល​អនាគត ឬ​ទំនាក់ទំនង​ពលរដ្ឋ និង​ពលរដ្ឋ បញ្ហា​ប្រឈម​ជា​សាកល​ត្រូវ​ការ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។ វា​ជា​រឿង​គួរ​ឱ្យលើក​ទឹក​ចិត្ត​មួយ​នៅ​ពេល​ឮ​មេដឹកនាំ​នៅ​ថ្ងៃ​នេះ​ ​ប្តេជ្ញា​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​សំខាន់ៗ​ដូចជា ពាណិជ្ជកម្ម ការ​ភ្ជាប់​ទំនាក់ទំនង សន្តិសុខ​ស្បៀង​អាហារ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព»។

ប្រទេស​ឥណ្ឌា ដែល​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ជា​ប្រទេសមាន​ប្រព័ន្ធ​ប្រជាធិបតេយ្យរឹងមាំតែ​មួយ​គត់​ក្នុង​ចំណោម​សមាជិក​នៃ​ប្លុក​នេះ បាន​ចូលរួម​អង្គការ SCO ក្នុង​ឆ្នាំ២០១៧ ស្រប​ពេល​ជាមួយ​គ្នា​នឹង​ប្រទេស​ប៉ាគីស្ថាន​ដែល​ជា​គូប្រជែង​របស់​ខ្លួន។ ឥណ្ឌា​នឹង​ក្លាយ​ជា​ប្រធាន​ប្តូរ​វេន​បន្ទាប់​នៅ​ឆ្នាំ​ក្រោយ។ ប្រទេស​ប្រជែង​គ្នា​ទាំង​ពីរ​លេច​មុខ​លេច​មាត់នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង Samarkand ដោយ​សារ​ខ្លួន​មិនបាន​ធ្វើ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ ដូច​ប្រទេស​ដទៃនោះ​ទេ៕

XS
SM
MD
LG