ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping សន្យា​គាំទ្រ​ប្រទេស​កាហ្សាក់ស្ថាន​នៅ​ក្នុង​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​កណ្ដាល


ប្រធានាធិបតី​ចិន​លោក Xi Jinping (ឆ្វេង) និង​ប្រធានាធិបតី​កាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ឈរ​ថតរូប​រួម​គ្នា​ក្នុង​អំឡុងពេល​នៃ​ជំនួប​មួយ​នៅ​ក្រុង Nur-Sultan កាហ្សាក់ស្ថាន ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២។
ប្រធានាធិបតី​ចិន​លោក Xi Jinping (ឆ្វេង) និង​ប្រធានាធិបតី​កាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ឈរ​ថតរូប​រួម​គ្នា​ក្នុង​អំឡុងពេល​នៃ​ជំនួប​មួយ​នៅ​ក្រុង Nur-Sultan កាហ្សាក់ស្ថាន ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កាហ្សាក់ស្ថាន​នៅ​ថ្ងៃ​ពុធ​នេះ ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​លោក​ទៅ​បរទេស​តាំងពី​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

យន្តហោះ​របស់​លោក Xi Jinping បាន​ចុះ​ចត​នៅ​ក្នុង​រដ្ឋធានី​អាស្ដាណា​នៃ​ប្រទេស​កាហ្សាក់ស្ថាន ហើយ​លោក​ត្រូវ​បាន​ប្រធានាធិបតី​កាហ្សាក់ស្ថាន​លោក Kassym Jomart Tokayev ទទួល​ស្វាគមន៍។

នៅ​ក្នុង​អំឡុង​ពេល​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Tokayev លោក Xi Jinping បាន​សន្យា​ផ្ដល់​ការ​គាំទ្រ​ពេញ​ទំហឹង​លើ​អធិបតេយ្យភាព​របស់​ប្រទេស​កាហ្សាក់ស្ថាន នៅ​ចំ​ពេល​ដែល​តំបន់​អាស៊ី​កណ្ដាល​កំពុង​រង​ការ​ភ័យខ្លាច​ដោយសារ​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

លោក Xi Jinping បាន​និយាយ​ដូច្នេះ​ថា៖ «មិន​ថា​ស្ថានការណ៍​នៅ​លើ​ពិភពលោក​ប្រែប្រួល​យ៉ាង​ណា​នោះ​ទេ យើង​នឹង​នៅតែ​បន្ត​គាំទ្រ​ពេញ​ទំហឹង​លើ​ប្រទេស​កាហ្សាក់ស្ថាន​នៅ​ក្នុង​ការ​ការពារ​ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន»។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កាហ្សាក់ស្ថាន។

លោក Tokayev បាន​សរសើរ​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi Jinping ថា​ជា​ការ​រួបរួម​ឡើង​វិញ​នៃ «សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ» ដោយ​លោក​បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​លោក Xi Jinping នៅ​ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កាហ្សាក់ស្ថាន​ដំបូង​គេ​តាំងពី​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ មក គឺ​ជា​សញ្ញា​នៃ «ភាព​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​និង​កិច្ច​សហប្រតិបត្តិការ...កម្រិត​ខ្ពស់»។

តំបន់​អាស៊ី​កណ្ដាល​គឺ​មាន​សារៈសំខាន់​សម្រាប់​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ប្រទេស​ចិន ដែល​ជា​គម្រោង​ត​ភ្ជាប់​ពាណិជ្ជកម្ម​នៅ​ទូទាំង​ពិភពលោក​តាម​រយៈ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នានា។

នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ​ទៅ​កាន់​តំបន់​អាស៊ី​កណ្ដាល​នេះ លោក Xi Jinping ក៏​គ្រោង​នឹង​ចូលរួម​ផង​ដែរ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ (SCO) នៅ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន ដែល​នៅ​ទីនោះ​លោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ​ដែល​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នេះ​កើត​មាន​នៅ​ចំ​ពេល​ដែល​ប្រទេស​រុស្ស៊ី​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​កន្លង​មក ប្រទេស​ចិន​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​លោក Putin និង​ចំពោះ​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ចិន​អះអាង​ថា «គ្មាន​ដែន​កំណត់»៕

XS
SM
MD
LG