ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ូសបេគីស្ថាន​និង​កៀហ្ស៊ីស៊ីស្ថាន មើល​ឃើញ​គម្រោង​ផ្លូវ​រថភ្លើង​ជាមួយ​ចិន​ថា​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល


កម្មករ​ម្នាក់​ឈរ​នៅ​ក្បែរ​រថភ្លើង​ដឹក​កុងតឺន័រ China Railway Express នៅ​ស្ថានីយ​ផែ​ក្រុង Chongqing ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៩។
កម្មករ​ម្នាក់​ឈរ​នៅ​ក្បែរ​រថភ្លើង​ដឹក​កុងតឺន័រ China Railway Express នៅ​ស្ថានីយ​ផែ​ក្រុង Chongqing ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៩។

កិច្ច​ពិភាក្សា​ចុង​ក្រោយ​រវាង​ចិន អ៊ូសបេគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន បាន​បង្កើត​ក្ដី​សង្ឃឹម​ជាថ្មី​ថា គម្រោង​ផ្លូវរថភ្លើង​ប្រកប​ដោយ​មហិច្ឆតា​ដែល​តភ្ជាប់​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​កណ្ដាល​ អាច​នឹង​ក្លាយ​ជា​ការពិត។ ប៉ុន្តែ​ ប្រវត្តិ​នៃ​គម្រោង​ផ្លូវ​រថភ្លើង​នេះ បាន​ចាប់​ផ្ដើម​អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍​មក​ហើយ និង​ធ្លាប់​បាន​បង្កើត​នូវ​រំពឹង​ទុក​ផ្សេងៗ។

បន្ទាប់​ពី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi កាល​ពី​ថ្ងៃ​ទី ៣០ ខែ​កក្កដា ​ខុទ្ទកាល័យ​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​ លោក Sadyr Japarov បាន​ថ្លែង​ថា រដ្ឋាភិបាល​កៀហ្ស៊ីស៊ីស្ថាន​ចង់​ចុះ​កិច្ច​ព្រមព្រៀង​ស្ដីពី​គម្រោង​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ (SCO) ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Samarkand ប្រទេស​អ៊ូសបេគីស្ថាន​ ពី​ថ្ងៃទី១៥ ដល់ ១៦ ខែ​កញ្ញា។ លោក Wang Yi ក៏​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​រដ្ឋធានី​តាស្កិន (Tashkent) នៃ​ប្រទេស​អ៊ូសបេគីស្ថាន កាល​ពី​ចុង​ខែ​កក្កដា​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ។

ក្រុម​មន្ត្រី​កៀហ្ស៊ីស៊ីស្ថាន​បាន​និយាយ​ថា លោក Wang បាន​ប្រាប់​ពួក​គេ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ពិចារណា​ទៅលើ​ការ​រៀបចំ​ឱ្យ​បាន​រួចរាល់​នូវ​កិច្ច​ព្រម​ព្រៀង​នេះ​សម្រាប់​ជំនួប​កំពូល​នៅ​ខែ​កញ្ញា។

រដ្ឋមន្ត្រី​ការបរទេស​ចិន​រូប​នេះបាន​ថ្លែងបន្ទាប់​ពី​ជួប​ជាមួយ​លោក​ Japarov ថា លក្ខខណ្ឌ និងពេល​វេលា​សម្រាប់​ការ​សាង​សង់​ផ្លូវ​រថភ្លើង​តភ្ជាប់​ប្រទេស​ចិន អ៊ូសបេគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន កំពុង​វិវត្ត​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ ហើយ​ក្រុម​អ្នក​ជំនាញ​ចិន​ដំបូង​បាន​ទៅ​ដល់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន កាល​ពី​ពេល​ថ្មីៗនេះ ​ដើម្បី​ធ្វើ​ការ​សិក្សា​នៅ​នឹង​កន្លែង​ផ្ទាល់ ខណៈ​ពេល​ដែល​ដំណើរការ​សាងសង់​ផ្លូវ​រថភ្លើង​នេះ​បាន​ចាប់​ផ្ដើម​។ ចិន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុងការ​ធ្វើការ​ជាមួយ​អ៊ូសបេគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន ដើម្បី​ពន្លឿន​ការ​សិក្សា​លទ្ធភាព។

កាល​ពី​ ២ ខែ មុន​នេះ ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន លោក Japarov បាន​បញ្ជាក់​ពី​ទំនុក​ចិត្ត​របស់​លោក​ថា ការសាងសង់​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំក្រោយ​នេះ។

លោក Japarov បាន​ថ្លែង​កាល​ពី​ខែ​ឧសភា យ៉ាង​ដូច្នេះ​ថា៖ «ការ​សាង​សង់​ផ្លូវ​រថភ្លើង​នេះ​នឹង​បង្កើត​ការងារ។ សេដ្ឋកិច្ច​របស់​យើង​នឹង​ប្រសើរ​ឡើង»។

ប្រធានាធិបតី​អ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev និយាយ​ថា គម្រោង​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ដឹក​ទំនិញ​ទៅ​កាន់​ទីផ្សារ​សាកល។

លោក​ Mirziyoyev បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំមួយ​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា នៅ​ឯ​សហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ី ដែល​ប្រទេស​របស់​លោក​បាន​ចូលរួម​ក្នុង​នាម​ជាសមាជិក​ឃ្លាំមើល។ លោក​ថ្លែង​ថា៖ «គម្រោង​ផ្លូវ​រថភ្លើងចិន ​កៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន ហៅ​កាត់​ថា CKU ​នឹង​តភ្ជាប់​ពួក​យើង​ទៅ​កាន់​ប្រទេស​នានា​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​បើក​ផ្លូវ​សម្រាប់​ឱកាស​សេដ្ឋកិច្ច​ថ្មីៗ។ វា​នឹង​ក្លាយ​ជា​មធ្យោបាយ​បន្ថែម​ទៅ​លើ​ផ្លូវ​រថភ្លើង​ដែល​មាន​ស្រាប់​ដែល​តភ្ជាប់​ពី​ភូមិភាគ​ខាង​កើត​ទៅ​ខាង​លិច»។

ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev (ស្តាំ) ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នៅ​រដ្ឋធានី​តាស្កិន (Tashkent) ប្រទេស​អ៊ូសបេគីស្ថាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្ដដា ឆ្នាំ​២០២២។
ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev (ស្តាំ) ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នៅ​រដ្ឋធានី​តាស្កិន (Tashkent) ប្រទេស​អ៊ូសបេគីស្ថាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្ដដា ឆ្នាំ​២០២២។

លោក Frank Maracchione នៃ​សាកលវិទ្យាល័យ​ Sheffield នៅ​ចក្រភពអង់គ្លេស​ និង​ជា​សមាជិក​អង្គការ​ Oxus Society for Central Asian Affairs មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​វាយតម្លៃ​ថា ការ​សិក្សា​ពី​គម្រោង​ផ្លូវ​រថភ្លើង​ CKU គឺ​ជា​ការ​វិវត្ត​ឆ្ពោះ​ទៅ​មុខ​មួយ។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ នឹង​មាន​ការ​បញ្ជាក់​យ៉ាង​សំខាន់​មួយ​ ថា​តើ​គម្រោង​នេះ​នឹង​វិវត្ត​ទៅ​មុខ​ឬ​យ៉ាង​ណា។ បើ​តាម​ការ​សន្ទនា​របស់​ខ្ញុំ​ថ្មីៗ​នេះ​នៅ​ អ៊ូសបេគីស្ថាន ខ្ញុំ​មិន​បាន​ឮ​ការ​លើក​ឡើង​ណា​មួយ​អំពី​ការ​មិន​ទុក​ចិត្ត​គ្នា​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​នេះ​ទេ»។

រដ្ឋាភិបាល​ក្រុង​តាស្កិន​បាន​រក្សា​ជំហរ​តាំង​ពី​ដើមឆ្នាំ ២០០០ មក​ថា គម្រោង​ផ្លូវ​រថភ្លើង CKU នឹង​បង្កើត​បាន​នូវ​ផ្លូវ​ធ្វើ​ដំណើរ​ដ៏​ឆាប់​រហ័ស​ពី​ប្រទេស​ចិន​ទៅ​កាន់​ទីផ្សារ​នានា​នៅ​មជ្ឈិមបូព៌ា និង​អឺរ៉ុប។ អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា រុស្ស៊ី​មាន​ការ​ព្រួយ​បារម្ភ​អំពី​គម្រោង​នេះ ពីព្រោះ​វា​នឹង​

បញ្ចៀស​ការ​ធ្វើ​ចរាចរ​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​គម្រោង​នេះ កាល​ពី​ឆ្នាំ ២០១៩ ព្រម​ទាំង​បាន​ផ្ដល់​វិភាគទាន​ចំនួន ៣ លាន​ដុល្លារ ដើម្បី​ធ្វើ​ការ​សិក្សា​លទ្ធភាព​ទៀត​ផង។

ការ​ប្រកួត​ប្រជែង​ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន
ក្រុម​អ្នកវិភាគ​និយាយ​ថា ឧបសគ្គ​ផ្នែក​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ បាន​កើត​ឡើង ដែល​អាច​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​គម្រោង​ផ្លូវ​រថភ្លើង​ CKU ​នេះ។

លោក Maracchione បាន​ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ចង់​ឱ្យ​គម្រោង​ផ្លូវ​រថភ្លើង CKU នេះ​ឆ្លង​កាត់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ខ្លួន ពោល​គឺ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ការ​ធ្វើ​ចរាចរ​មាន​ចម្ងាយ​ខ្លី​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ ការ​ចង់​បាន​បែប​នេះ វា​ប៉ះ​ពាល់​ដល់​លទ្ធភាពផ្នែក​ហិរញ្ញវត្ថុ និង ​បច្ចេកទេស»។

លោក​ថ្លែង​បន្ត​ថា៖ «ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ទទួល​បាន​ផលប្រយោជន៍​តិចតួច​ពាក់​ព័ន្ធ​នឹង​ការ​តភ្ជាប់​ផ្លូវ​រថភ្លើង​នេះ ព្រោះ​ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ជាមួយ​ចិន​ស្រាប់ ហើយ​កៀហ្ស៊ីស៊ីស្ថាន​ក៏​មាន​ផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ពី​កង្វះ​ផ្លូវ​ល្បឿន​លឿន​ចូល​មក​កាន់​ប្រទេស​នេះ។ គម្រោង​នេះ​ក៏​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា​ពី​សាធារណជន​ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​របស់​ចិន​ផង​ដែរ។

ប្រទេស​នេះ​មាន​ភាព​ទន់​ខ្សោយ​ជាង​ប្រទេស​ដទៃ​ទៀត​ និង​ងាយ​រងគ្រោះ​ខ្លាំង​ទៅ​នឹង​ការ​គំរាម​កំហែង​ភូមិសាស្ត្រ​នយោបាយ​របស់​រុស្ស៊ី ហើយ​ក៏​អាច​ទទួល​រង​ផល​ពី​ប៉ះពាល់​ពី​ការ​ផ្លាស់​ប្ដូរ​គោល​នយោបាយ និង​ការ​ប្រឆាំង​តប​ត​ផង​ដែរ»។

ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​លោក Sadyr Japarov (ស្តាំ) ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នៅ​រដ្ឋធានីប៊ីស្កេក (Bishkek)ប្រទេស​កៀហ្ស៊ីស៊ីស្ថាន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្ដដា ឆ្នាំ​២០២២។
ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​លោក Sadyr Japarov (ស្តាំ) ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នៅ​រដ្ឋធានីប៊ីស្កេក (Bishkek)ប្រទេស​កៀហ្ស៊ីស៊ីស្ថាន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្ដដា ឆ្នាំ​២០២២។

លោក Sovetbek Zikirov ​អ្នក​ឃ្លាំ​មើល​ស្ថានភាព​នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន បាន​ថ្លែង​ថា ការ​សម្រេច​ចិត្ត​លើ​គម្រោង​ផ្លូវ​រថភ្លើង​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ចិន។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ចិន​គឺ​ជា​មហា​អំណាច​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់» ហើយ​លោក​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​ប៊ីស្កេក (Bishkek) នឹង​មិន​អាច​ទទូច​ចង់​បានអ្វី​តាមតែ​ខ្លួន​ត្រូវ​ការ​នោះ​ទេ។
គេ​ជឿ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំងមើល​ឃើញ​ផ្លូវ​ថ្មី​នេះ​ថា​ជា​ជម្រើស​មួយ​ទៀត​បន្ថែម​ទៅ​លើ​ផ្លូវ​ដែល​ខ្លួន​កំពុង​ប្រើ​ប្រាស់​ឆ្លង​កាត់​ប្រទេស​រុស្ស៊ី និង​កាហ្សាក់ស្ថាន សម្រាប់​តភ្ជាប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ឆ្ពោះ​ទៅ​អឺរ៉ុប។ ផ្លូវ​រថភ្លើង​នេះ​កាន់​តែ​មាន​សារៈសំខាន់​បើ​និយាយពី​សង្គ្រាម​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

លោក Maracchione បាន​ថ្លែង​ដូច្នេះ​ថា៖ «រុស្ស៊ី​ហាក់​ដូចជា​ទទួល​យក​ការ​ប្រឹង​ប្រែង​របស់​ចិន​ ដោយសារ​តែ​ពេល​នេះ វា​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​អាទិភាព​ជា​ច្រើន​ទៀត​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ី EEU»។

ឱកាស​សម្រាប់​តំបន់​អាស៊ីកណ្ដាល
លោក Erkin Abdurazzoqov ដែល​ជា​អ្នក​វិភាគ មើល​ឃើញ​គម្រោង​ផ្លូវ​រថភ្លើង CKU ថា​វា​បង្កើត​ឱកាស​ជាច្រើន​សម្រាប់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន។

លោក​ថ្លែង​ដោយ​ក្ដី​សង្ឃឹម​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិន​បើ​ផ្លូវ​នេះ​បើក​ដំណើរការ​មែន​នោះ ប្រទេស​របស់​យើង​នឹង​អាច​លក់​ផលិតផល​ស្បៀង​អាហារ​ និង​ផលិតផល​ធ្វើ​ពី​ដែក និង​អាហារ​ផ្សេងៗ​ទៅ​កាន់​ប្រទេស​ចិន។ គម្រោង​នេះក៏​អាច​ជួយ​នាំ​យក​ទំនិញ​ផ្សេង​ទៀត​ពី​ចិន​មក​កាន់​ទីផ្សារ​របស់​យើង​ផង​ដែរ ដែល​ធ្វើ​ឱ្យ​តម្លៃ​ទំនិញចុះ​ថោក និង​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​សប្បាយ​ចិត្ត»។

ផ្លូវ​រថភ្លើង​នេះ​នឹង​បង្កើត​ចំណូល​សម្រាប់​កៀហ្ស៊ីស៊ីស្ថាន និង​អ៊ូសបេគីស្ថាន តាម​រយៈ​ការ​ផ្ទេរ​ទំនិញ និង​អាច​បង្កើត​ឧស្សាហកម្ម​ផលិត​ក្នុង​ស្រុក​ផង​ដែរ។

នៅ​ប្រទេស​អ៊ូសបេគីស្ថាន ផ្លូវ​រថភ្លើង​នេះ​នឹង​ឆ្លង​កាត់​ជ្រលង​ភ្នំ Fergana ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​កុះករ។

លោក Maracchione បាន​ថ្លែង​ថា គម្រោង​សាង​សង់​ផ្លូវ​ក្រោម​ដី​ដ៏​ធំ​មួយ​ចូល​ទៅ​កាន់​តំបន់​ជ្រលង​ភ្នំ​នេះ គឹ​ជា​គម្រោង​របស់​ចិន​ដ៏​សំខាន់​បំផុត​មួយ​រួច​ទៅ​ហើយ​សម្រាប់​ប្រទេស​នេះ។

លោក​ថ្លែង​ថា៖ «ផល​ប្រយោជន៍​ដែល​ទទួល​បាន​ក្នុង​រយៈ​ពេល​ខ្លី​នោះ​គឺ​ទាក់​ទិន​នឹង​ការ​សាង​សង់​ផ្លូវ​រថភ្លើង ពីព្រោះ​ថា ក្រុម​ហ៊ុន​នានា​របស់​ចិន​បាន​ជួល​កម្លាំង​ពលកម្ម​ក្នុង​ស្រុក ដោយសារ​តែ​ពួក​គេ​ត្រូវ​គោរព​ច្បាប់​អ៊ូសបេគីស្ថាន ខណៈ​ដែល​ផលប្រយោជន៍​រយៈ​ពេល​វែង​គឺ​ពាក់​ព័ន្ធ​នឹង​ឱកាស​ធ្វើ​ពាណិជ្ជកម្ម»។

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​ផ្លូវ​មួយ​ខ្សែ​ដែល​ភ្ជាប់​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន នៅ​ក្បែរ​ទី​ក្រុង Osh ទៅ​កាន់​ប្រទេស​ចិន។
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​ផ្លូវ​មួយ​ខ្សែ​ដែល​ភ្ជាប់​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន នៅ​ក្បែរ​ទី​ក្រុង Osh ទៅ​កាន់​ប្រទេស​ចិន។

ការ​បិទ​ផ្លូវ
កាល​ពី​ដើម​រដូវ​ក្ដៅ​នេះ លោក Erkinbek Osoyevរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ និង​គមនាគមន៍​កៀហ្ស៊ីស៊ីស្ថាន​បាន​បង្ហាញ​ផ្លូវ​រថភ្លើង​ដំណាក់កាល​ដំបូង ដែល​នឹង​ឆ្លង​កាត់​តំបន់ Torugart តំបន់ Makmal និង​តំបន់ Jalal-Abad។ Torugart គឺជា​តំបន់​ភ្នំ​មាន​រយៈ​កម្ពស់​ខ្ពស់​ឆ្លង​កាត់​ជួរភ្នំ Tian Shan នៅ​ខេត្ត Naryn នៃ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន និង​តំបន់ Xinjiang របស់​ចិន។ លោក Osoyev បាន​ពន្យល់​ថា ផ្លូវ​រថភ្លើង​កៀហ្ស៊ីស៊ីស្ថាន​នឹង​តភ្ជាប់​ទៅ​ផ្លូវ​រថភ្លើង​ចិន​នៅ​ទីក្រុង​ Kashgar នៃ​តំបន់​ Xinjiang បន្ទាប់​មក​តភ្ជាប់​ទៅ​ផ្លូវ​រថភ្លើង​ ផ្លូវ​ថ្នល់ និង​ផ្លូវ​អាកាស​នានា​របស់​ចិន។

កាល​ពី​ខែ​មិថុនា អនុ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លោក Wang Shouwen បាន​ថ្លែង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​អនុវត្ត​ផែន​ការ​នេះ​ណាស់ និង​កំពុង​ជួយ​កៀហ្ស៊ីស៊ីស្ថាន​ទៅ​លើការ​ជួសជុល​មហា​វិថី​នានា។ លោក Wang និង​មន្ត្រី​ចិន​ជា​ច្រើន​ទៀត បាន​សន្យា​បង្កើន​ការ​នាំចូល​ទំនិញ​ រួម​មាន​ទាំង​ផលិតផល​កសិកម្មរបស់​កៀហ្ស៊ីស៊ីស្ថាន​ផង​ដែរ។ កៀហ្ស៊ីស៊ីស្ថាន​ថែម​ទាំង​បាន​ព្យាយាម​បើក​ សាខា Alibaba សម្រាប់​ប្រទេស​នេះ ដែល​ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ផង​ដែរ។

ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម​ផ្នែក​ឡូជីស្ទិក និង​ការ​វិនិយោគ​មិន​គ្រប់​គ្រាន់ គឺជា​បញ្ហា​ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​គម្រោង​នេះ​អាច​ក្លាយ​ជា​ការពិត។ មន្ត្រី​កៀហ្ស៊ីស៊ីស្ថាន​បាន​សារភាព​ថា ផ្លូវ​រថភ្លើង​សម្រាប់​ប្រទេស​នេះ​ត្រូវការ​ចំណាយ​ខ្ពស់​ជា​ប្រទេស​ផ្សេង ពីព្រោះ​ថា​គម្រោង​នេះ​អាច​នឹង​ត្រូវ​សាង​សង់​ផ្លូវ​រូង​ចំនួន​ជិត ១០០ កន្លែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធន់​នឹង​អាកាសធាតុ នៅ​ទូទាំង​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ជួរ​ភ្នំ​នៅ​ក្នុងប្រទេស។

បន្ថែម​ពី​លើ​នេះ ក៏​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​ទៅ​លើ​ចន្លោះ​ផ្លូវ​រថភ្លើង​ផង​ដែរ។ ចិន​ប្រើ​ប្រាស់​ចន្លោះ​ផ្លូវ​រថភ្លើង​ស្តង់ដារ​អន្តរជាតិ​ ១.៤៣៥ មីលីម៉ែត្រ ខណៈ​ដែល​ផ្លូវ​រថភ្លើង​របស់​អ៊ូសបេគីស្ថាន និង​
កៀហ្ស៊ីស៊ីស្ថាន មាន​ចន្លោះ​ធំជាង​នេះ ដែល​ជា​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​បន្សល់​ទុក​ពី​សម័យ​សហភាព​សូវៀត។ ក្រុម​អ្នក​ជំនាញ​ផ្នែក​ឧស្សាហកម្ម​បាន​ព្រមាន​ថា ការ​កែសម្រួល​ផ្លូវ​រថភ្លើង​ដែល​ខុសគ្នា​នេះ​ឱ្យ​ដូចគ្នា ក៏​ត្រូវ​ការ​ចំណាយ​ប្រាក់ និង​ពេល​វេលា​ច្រើន​ដែរ។

ពួក​គេ​បាន​បញ្ជាក់​ថា ផែនទី​បង្ហាញ​ផ្លូវ​ចុងក្រោយ​នឹង​ត្រូវ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ថវិកា​ដែល​ត្រូវ​ការ ខណៈ​ដែល​ទឹក​ប្រាក់​សម្រាប់​សាង​សង់​ដែល​គេ​បាន​ប៉ាន់ស្មាន មាន​ប្រហែល ៤.៥០០​លាន​ដុល្លារ។
ចិន​បាន​ថ្លែង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ថា គម្រោង​ផ្លូវ​រថភ្លើង CKU នឹង​បង្កើត​បានជា​ច្រក​របៀង​ដឹក​ជញ្ជូន​នៅ​ប៉ែក​ខាង​ត្បូង​រវាង​ប្រទេស​ចិន និង​ទ្វីប​អឺរ៉ុប ដោយ​តភ្ជាប់​តំបន់​អឺរ៉ុប​កណ្ដាល និង​ខាង​កើត​ តាមរយៈ​ប្រទេស​អ៊ីរ៉ង់ និង​តួកគី៕

សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដំបូង​ដោយ​វីអូអេ​អ៊ូសបេគីស្ថាន។ លោក Davron Hotam អ្នក​យក​ព័ត៌មានរបស់​វីអូអេកៀហ្ស៊ីស៊ីស្ថាន ចូលរួម​ចំណែក​ដល់​សេចក្ដី​រាយការណ៍​នេះ។

XS
SM
MD
LG