ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឫសគល់​បណ្តាល​ឱ្យ​មាន​ការ​ជួញ​ដូរ​មនុស្ស​និង​ល្បែង​ស៊ី​សង​ខុស​ច្បាប់​នៅ​ក្រុង​ព្រះសីហនុ៖ អំពើ​ពុក​រលួយ


រូបឯកសារ៖ ភ្ញៀវ​ជនជាតិ​ចិន អង្គុយ​នៅ​ជុំវិញ​តុ​លេងល្បែង​មួយ​នៅ​រាត្រី​នៃ​ការចាប់​បើក​ដំណើរការ​កាស៊ីណូ DV នៅ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ ភ្ញៀវ​ជនជាតិ​ចិន អង្គុយ​នៅ​ជុំវិញ​តុ​លេងល្បែង​មួយ​នៅ​រាត្រី​នៃ​ការចាប់​បើក​ដំណើរការ​កាស៊ីណូ DV នៅ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

អំពើ​ពុក​រលួយ​ដែល​គេ​សង្ស័យ​ថា​ប្រព្រឹត្ត​ដោយ​មន្ត្រី​រដ្ឋាភិបាល​ធំៗ គឺ​ជា​កត្តា​ចម្បង​បង្កឱ្យ​មាន​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ ការ​ជួញ​ដូរ​មនុស្ស និងបញ្ហា​សង្គម​ផ្សេង​ទៀត​ក្នុង​ក្រុង​ព្រះសីហនុ​ ដែល​ជាប់មាត់​សមុទ្រ​ភាគ​និរតីប្រទេស​កម្ពុជា។ នេះ​ជា​ការ​កត់​សម្គាល់​របស់​អ្នក​តាម​ដាន​សង្គម។​

​ចំណែក​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស​ ខេង​ បាន​ឱ្យ​ដឹង​កាល​ពីពេល​ថ្មីៗ​នេះ​ផងដែរ​ថា​ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកាជាង​ ២០០ ​លាន​ដុល្លារ ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ព្រះ​សីហនុ គឺ​មិន​មែន​ដើម្បី​បម្រើ​ឱ្យ​ទី​សោយសុខ​ ឬ​ឋាន​សួគ៌​នៃ​ល្បែង​ខុស​ច្បាប់​នោះ​ទេ។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ប្រាប់​វីអូអេ​ថា អំពើ​ពុករ​លួយ​ដែល​ទំនង​ជា​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​នឹង​មន្ត្រី​មួយ​ចំនួន ​ជា​ដើម​ចម​នៅ​ពី​ក្រោយ​នៃ​ការ​រីក​ដុះដាល​ល្បែង​ខុស​ច្បាប់​នេះ។

លោក​យល់​ថា ​រដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង លុប​បំបាត់​អំពើ​ពុក​រលួយ ហ៊ាន​ចាត់វិធានការ​លើ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​គ្រប់​គ្រង​និង​រឹត​បន្តឹង​ជន​បរទេស​ដែល​មក​រក​ស៊ី​នៅ​ក្នុង​ស្រុក​ក្រោម​រូប​ភាព​ផ្សេងៗ​ និង​តាម​ដាន​ត្រួតពិនិត្យ​ឱ្យ​បាន​ទៀង​ទាត់ លើ​មន្ត្រី​ដែល​ចាត់​តាំង​លើ​កិច្ចការ​ពាក់ព័ន្ធ​ល្បែង​ស៊ីសងនេះ។

លោក​ថា​ បើ​មិន​ធ្វើ​យ៉ាង​ដូច្នេះ​ទេ​ កម្ពុជា​អាច​នឹង​ចៀស​មិន​ផុត​ពី​បញ្ហា​សង្គម​ផ្សេងៗ​ និង​មិន​អាច​បញ្ចៀស​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ឱ្យ​គេច​ផុត​ពី​ការ​ទម្លាក់​ចំណាត់​ថ្នាក់​បន្ថែម​ទៀត​ជុំវិញ​ការ​ចរាចរ​សាច់​ប្រាក់​កខ្វក់ បន្ទាប់​ពី​អង្គការ​ពិភព​លោក​ឃ្លាំ​មើល​ការ​លាង​លុយ​ទុច្ចរិត ​(FATF)​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ​បន្ត​ដាក់​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង​ «បញ្ជី​ប្រផេះ»​ នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​នៃ​ការ​លាង​លុយ​កខ្វក់​នោះ។​

លោក​ថ្លែង​ថា៖ ​«ល្បែង​អនឡាញ​យើង​មាន​តាំង​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​...​អ៊ីចឹង​ហេតុ​អី​យើង​គ្រប់​គ្រង​ល្បែង​អនឡាញ​ស្រុក​ខ្មែរ​មិន​បាន? ទាល់​តែ​មាន​មន្ត្រី​ណា​មួយ​គប់គិត​ជាមួយ​នឹង​ពួក​រកស៊ី​តាម​អនឡាញ ល្បែង​ខុស​ច្បាប់​ទាំង​អស់​ហ្នឹង​បាន​ទៅ​រួច»។

​លោក​បន្ថែម​ថា៖ «កម្ពុជា​គួរ​តែ​ចាត់​វិធាន​ការ​ឱ្យ​ខាន​តែ​បាន ដើម្បី​បញ្ចៀស​អំពី​ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់កុំ​ឱ្យ​ធ្វើ​ម៉េច​ធ្លាក់​ទៅ​ក្នុង​បញ្ជី​ខ្មៅ តែ​កាល​ណា​ធ្លាក់​ក្នុង​បញ្ជី​ខ្មៅ​ វា​ជា​ហានិភ័យ​ធំ​សម្រាប់​កម្ពុជា។ គ្មាន​អ្នក​វិនិយោគ​ណាហ៊ាន​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ទេ»។

អ្នក​វិភាគ​នយោបាយ លោក​ សេង សារី កត់​សម្គាល់​ឃើញ​ស្រដៀង​គ្នា​នឹង​លោក យង់ គិមអេង​ ផង​ដែរ​ថា​ ​អំពើ​ពុក​រលួយ គឺជា​កត្តា​ចម្បង​បង្ក​ការ​រាំង​ស្ទះ​ដល់​អ្នក​វិនិយោគ​ល្បែង​កាស៊ីណូ​ត្រឹម​ត្រូវ​ មិន​ហ៊ាន​មក​រក​ស៊ី​នៅ​កម្ពុជា។​

អ្នកវិភាគ​រូបនេះថា ប្រសិន​បើ​កម្ពុជា​ចង់​ទាញ​យក​ចំណូល​សេដ្ឋកិច្ច​ពី​ល្បែង​កាស៊ីណូ និង​ល្បែង​ភ្នាល់ គឺ​កម្ពុជា​ត្រូវ​តែ​កាត់​បន្ថយ ឬ​លុប​បំបាត់​អំពើ​ពុក​រលួយ​ដោយ​មិន​ឱ្យ​មាន​វត្តមានខ្សែ​ស្រឡាយ​អ្នកធំ ដើម្បី​ធ្វើ​កិច្ចការ​នេះ​និង​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ រួម​ទាំង​ច្បាប់​គ្រប់​គ្រង់​ល្បែង​ស៊ី​សង។

លោក​ថ្លែង​ថា៖ ​«យើង​ឃើញ​ថា​ បញ្ហា​ពុក​រលួយ ឬ​បញ្ហា​ដែល​មាន​ទំនាក់​ទំនង​ខ្សែ​ស្រឡាយ​របស់​អ្នក​មាន​អំណាច​ធំៗ នៅ​ពី​ខា​ង​ក្រោយ ជន​ជាតិ​ចិន​ដែល​ជា​មេ​បន​ល្បែង​កាស៊ីណូ​ទាំង​អស់​នោះ។ អាហ្នឹង​វា​ជា​ចំណុច​គន្លឹះ​ ដែល​រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឱ្យបាន​ហ្មត់ចត់»។

លោក​ប្រាប់​វីអូអេបន្ថែម​ថា៖ ​«បើ​សិន​ជា​កម្ពុជា​ចង់​ទាញ​យក​សេដ្ឋ​កិច្ច​ក្នុង​វិស័យ​ល្បែង​កាស៊ីណូ និង​ល្បែង​ផ្សង​សំណាង​ អ្វី​ដែល​សំខាន់​ គឺ​កម្ពុជា​ត្រូវ​ធានា​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​អាច​ទាក់​ទាញ​អ្នក​រក​ស៊ី​នៅ​ក្នុង​វិស័យ​ល្បែង​កាស៊ីណូ​ត្រឹម​ត្រូវ ឬ​ស្រប​ច្បាប់​ឱ្យចាប់​អារម្មណ៍​មក​វិនិយោគ​ក្នុង​តំបន់​ទីក្រុង​ព្រះសីហនុ។​ ក៏ប៉ុន្តែ​បើ​សិន​ជា​ករណីសន្ទស្សន៍​នៃ​អំពើ​ពុក​រលួយ​ខ្ពស់​ ហើយ​ការ​ចូល​មក​ប្រកបរបរ​រកស៊ី​ផ្នែក​កាស៊ីណូ​នេះ​ ត្រូវ​តែ​មាន​ខ្សែ​មាន​ស្រឡាយ​ ត្រូវ​តែ​មាន​មន្ត្រី​ជាន់​ខ្ពស់ អ្នកធំ​កាង​នៅពី​ក្រោយ ខ្ញុំ​គិត​ថា អ្នក​រក​ស៊ី​ក្នុង​វិស័យ​នេះ រក​ស៊ី​ស្រប​ច្បាប់ និង​ត្រឹម​ត្រូវ​ហ្នឹង​ គឺ​មិន​ចាប់​អារម្មណ៍​វិនិ​យោគ​ក្នុង​ប្រទេស​កម្ពុជា​ទេ»។

ដោយឡែក​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក​ សន ជ័យ យល់ថា ល្បែ​ងស៊ី​សង​ គឺ​ជា​ឫស​គល់​នៃ​បញ្ហា ​ដែល​បង្ក​ជា​ការ​លួច​ឆក់​ប្លន់ កា​របំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិជា​ដើម។

លោក​បន្ត​ថា ​សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ​នៅកន្លែង​បញ្ចាំ​ម៉ូតូ កន្លែង​ចាក់​កន្ទុយ​លេខ ឬ​ហៅថា​ឆ្នោត​វៀត​ណាម​ គឺ​មិន​ទាន់​ប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប​ល្បែង​ស៊ីសង​ទេ ព្រោះវា​ជា​បញ្ហា​ ឬ​ជា​ឥទ្ធិពល​ដែល​កើត​ចេញ​ពី​ល្បែង​តែប៉ុណ្ណោះ។ ​ទាល់​តែ​ជីក​ដល់​ឫស​គល់​នៃ​បញ្ហា ​នោះ​ទើប​កម្ពុជា​អាច​បង្ក្រាប​ល្បែង​ស៊ី​សង​នេះ​បាន។ ​ជាង​នេះទៀត ​លោក​ថា​ រដ្ឋាភិបាល​គួរ​តែ​បិទ​ល្បែង​ទាំង​អស់​ដែល​នៅ​ក្រៅ​កាស៊ីណូ​ និង​ត្រូវ​រឹត​បន្តឹង​ល្បែង​កាស៊ីណូ​បន្ថែម​ទៀត។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថា៖ «ជារួម ល្បែង​ស៊ីសង​ជា​ឫសគល់​នៃ​បញ្ហា​ទាំង​អស់​នោះ​រួមមាន​ អំពើ​លួច​ ឆក់​ ប្លន់​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ លក់​ទ្រព្យ​សម្បត្តិ​ថោកៗ​ ដោយ​សារ​ពួក​គេ​ញៀន​ល្បែង។ អ៊ីចឹង​ឱកាស​ដ៏ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​កុំ​ឱ្យ​គេ​លេង​ល្បែង​កើត​ កុំ​ឱ្យ​ខូច​ខាត​ទ្រព្យសម្បត្តិ គឺត្រូវ​តែ​មានការ​បិទ​ទាំង​អស់​ទៅ ទាំង​ល្បែង​ស្របច្បាប់ និង​មិនស្រប​ច្បាប់ហ្នឹង។ ហើយ​ការ​រឹត​ត្បិត​ការ​លេង​ល្បែង​នៅ​កាស៊ីណូ​ទៀត​ផង ព្រោះ​ល្បែង​នៅ​កាស៊ីណូ​នេះ​ ការ​ហាម​ឃាត់​ឱ្យ​បាន​ដាច់​ណាត់​ទៅ​លើ​ជនជាតិ​កម្ពុជា​ក្នុង​ការ​ទៅ​លេង»។

គួរ​រំឭក​ឡើងវិញ​ផង​ដែរ​ថា កាលពី​ខែ​សីហា ​ឆ្នាំ​ ២០១៩ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​សារាចរ​ណែ​នាំ​មួយ​ ក្នុង​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ល្បែង​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីអេឡិចត្រូនិក តាមរយៈ​អ៊ីនធឺណិត​អនឡាញ​ក្នុង​និង​ក្រៅ​ប្រទេស​គ្រប់​ប្រភេទ ដោយ​បញ្ជា​ទៅ​មន្ត្រី​នគរបាល​យុត្តិធម៌​ឱ្យ​ស្រាវ​ជ្រាវ បង្ក្រាប​ល្បែង​ទាំង​អស់​នេះ និង​ត្រូវ​ឈប់​ផ្តល់​អាជ្ញាបណ្ណ​ថ្មី​បន្ថែម​ទៀត។

សារាចរលើកឡើងថា៖ «ពួក​ឧក្រិដ្ឋ​ជន​បរទេស​មួយ​ចំនួន​បាន​ជ្រកក្រោម​រូបភាព​អាជីវកម្ម​ល្បែង​ភ្នាល់​ប្រភេទនេះ ដើម្បីធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារ​ប្រាក់​ពី​ជនរង​គ្រោះ​ទាំង​ក្រុង​ និង​ក្រៅប្រទេស​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ និង​របៀបរៀប​រយ​សង្គម»។

ក្រោយ​ចេញ​សារាចរ​នេះ​ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ផ្តើម​បង្ក្រាប​ល្បែង​ស៊ីសងខុស​ច្បាប់​នៅ​ទូ​ទាំង​ប្រទេស និង​ត្រួតពិនិត្យ​អគារ​ដែល​ជនបរទេស​រស់នៅ ​ជាពិសេស​នៅ​តំបន់​ជាប់​មាត់​សមុទ្រខេត្តព្រះសីហនុ​ ដែល​ពោរពេញ​ទៅ​ដោយ​ជនជាតិ​ចិន។ មួយ​រយៈពេល​ចុង​ក្រោយ​នេះ អាជ្ញាធរ​ខេត្ត​បាន​រក​ឃើញ​បទល្មើស​នានា​ជា​ច្រើន​ ដូច​ជា​ការ​បង្ខាំង​មនុស្ស​ឱ្យ​ធ្វើ​ការ​លើស​ម៉ោង ​ដល់​ ១៧ ​ទៅ​ ១៨​ ម៉ោង​ក្នុង​មួយ​ថ្ងៃ ការ​ជួញ​ដូរ​មនុស្ស​ ការ​បង្ក្រាប​ល្បែងស៊ី​សង​ខុស​ច្បាប់ ​និង​ការ​រកឃើញ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិនជាដើម។ ​

អាជ្ញាធរ​កម្ពុជា​ក៏​បាន​ដោះ​ស្រាយ​ និង​បង្ក្រាប​នូវ​បញ្ហា​ផ្សេងទៀត​ផង​ដែរ​ ដូច​ជា​បញ្ហា​គ្រឿង​ញៀន​ ​ការ​បង្ក្រាបល្បែង​ឆ្នោត​វៀត​ណាម​ ការ​ដក​ហូត​ម៉ូតូ​របស់​ប្រជា​ពលរដ្ឋ​ដែល​ខ្លះ​ត្រូវ​បាន​ចោរ​កម្ម ពី​កន្លែង​បញ្ចាំ​ម៉ូតូ​បាន​រាប​រយ​ផង​ដែរ។

​រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ លោក ស ខេង ដែល​ដឹកនាំ​កិច្ច​ប្រជុំ​ណែនាំ​កិច្ចការ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស នៅ​ទីស្ដី​ការ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី​ ១៩​ ខែកញ្ញា​ បាន​ឱ្យ​ដឹង​ថា ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ច្រើន​សន្ធឹកសន្ធាប់​ ដើម្បី​ស្ថាបនាហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ក្រុង​ព្រះសីហនុ ​ដោយ​មាន​ការ​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​ប្រមាណ​ ២​ ពាន់​លាន​ដុល្លារ​ និង​ការ​កែ​លម្អ​ផ្លូវ​ជាតិ​លេខ​ ៤​ នោះ​មិនមែន​ដើម្បី​បម្រើ​ឱ្យការកម្សាន្ត​ជាមួយ​ល្បែង​ខុស​ច្បាប់​នោះ​ទេ​ ពោល​គឺ​ក្នុង​បំណង​ទាក់​ទាញ​ការ​វិនិ​យោគ​ត្រឹម​ត្រូវ អ្នក​ទេសចរ​ត្រឹមត្រូវ​ដើម្បី​បាន​ចំណូល​កសាង​ប្រទេស​ជាតិ​ទាំង​មូល គឺ​មិន​មែន​សម្រាប់​តែ​ខេត្ត​ព្រះ​សីហនុ​ទេ។

លោក សេ ខេង ​បាន​ចាត់​ទុក​ល្បែង​ស៊ីសង​ខុស​ច្បាប់​ ​ជា​មេរោគ​ដ៏​កាច​សាហាវ​ ដែល​អាច​បង្ក​ឱ្យ​មាន​អំពើ​ជួញ​ដូរ​មនុស្ស​ បទល្មើស​គ្រឿង​ញៀន ​ភេរវកម្ម ​អំពើ​លួច​ឆក់​ប្លន់ បទល្មើស​ជំរិត​ទារប្រាក់ បទល្មើស​ធ្វើ​ទារុណកម្ម ការ​កាប់​សម្លាប់ ការ​សង​សឹក ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ បទល្មើស​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ បទ​ល្មើស​សម្អាត​ប្រាក់ ដែលប៉ះ​ពាល់​ដល់​ការ​កសាង​យុត្តិ​ធម៌​សង្គម។ នេះបើតាម​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ស ខេង។

វីអូអេ​មិន​ទាន់អាច​សុំ​ការ​បញ្ជាក់​ពីរដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ លោក សុខ​ ផល ដែលជា​ប្រធាន​ក្រុម​ការងារ​បង្ក្រាប​ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​សុក្រ​នេះ។

ចំណែក​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​ លោក​ ឡុង ឌីម៉ង់ និង​អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ ​លោក ​ឃាង ភារម្យ ​ប្រាប់​អ្នក​សារព័ត៌មាន​ VOA ​ឱ្យ​មើល​ព័ត៌មាន​ផ្សេងៗ​លើ​គណនីយ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ជំនួស​វិញ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​ចេញផ្សាយ​កាល​ពី​ថ្ងៃទី ១៨ ខែ​កញ្ញា​ បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយ​កន្លែងឈ្មោះ​ ស៊ីង​សាន​ទីង ​(ហៅ ឆាងឆឹង) ដោយ​បាន​រក​ឃើញ​ជនបរទេស​ខុសច្បាប់​អន្តោប្រវេសន៍​ចំនួន​ ១៤១នាក់ ដែល​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន ១៣០​ នាក់​ ជនជាតិ​វៀត​ណាម​ ១១​ នាក់​ និង​រក​ឃើញ​ជន​បរទេស​ចំនួន​ ២៦២​ នាក់​ បាន​បម្រើ​ការងារ​ដោ​យ​គ្មាន​បណ្ណ​ការងារ ដោយ​ជនបរទេស​ខ្លះត្រូវ​ផាក​ពិន័យ និង​ខ្លះ​ទៀត​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ បន្ថែម​ថា អាជ្ញាធរ​បាន​រក​ឃើញ​និង​កំណត់​ទីតាំង​ខាង​លើ​នេះ ថា​មាន​ ៦​ បទល្មើស​ ដែល​រួមមាន​បទល្មើស​ល្បែង​ស៊ីសង​ខុស​ច្បាប់ ​បទល្មើស​បង្ខាំង​ និង​ធ្វើ​ទារុណ​កម្ម​មនុស្ស​ខុស​ច្បាប់​ បទល្មើស​កាន់​កាប់​ និង​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​ បទល្មើស​សញ្ចារកម្ម ​និង​ជួញ​ដូរ​មនុស្ស។ អាជ្ញាធរ​នឹង​បន្ត​ស៊ើប​អង្កេត​បទ​ល្មើស​លាង​លុយ​កខ្វក់ ​និង​បង្ហាញ​របាយការណ៍​ជា​បន្ត​បន្ទាប់។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​បាន​នាំ​ខ្លួន​ជន​បរទេស​ចំនួន​ ២៧ ​នាក់​ ទៅ​សាកសួរ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ដោយ​ដក​ហូតវត្ថុ​តាង​មួយ​ចំនួន​ដូច​ជា​ អាវុធ​ខ្លី​ចំនួន ៤​ដើម ទូរស័ព្ទ​ដៃ​សរុប​ជាង​ ៨.៧០០​ គ្រឿង កុំព្យូទ័រ​ជាង ៨០០​ គ្រឿង ខ្នោះ​ដៃ​ចំនួន​ ៤ ​គូរ ដំបង​ឆក់​ចំនួន​ ៨​ ដើម និង​សម្ភារៈ​ ឯក​សារ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG