ភ្នំពេញ — កំណត់និពន្ធ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានទម្លាក់កម្ពុជាពីចំណាត់ថ្នាក់កម្រិតពីរ (Tier 2) មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធនានាត្រៀមចុះពិនិត្យអគារនានានៅទូទាំងប្រទេស ខណៈមានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងជួញដូរមនុស្សតាមរយៈការប្រើប្រាស់កម្លាំងបរទេសឱ្យធ្វើការជាអ្នកឆបោកតាមបច្ចេកវិទ្យា ឬហៅថា Scam។ វីអូអេបានសម្ភាសន៍អ្នកជំនាញ លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ មន្ត្រីរដ្ឋបាលខេត្ត លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីជាន់ខ្ពស់នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពីស្ថានភាពនៃការជួយដូរមនុស្ស និងវិធានការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ៕
បទសម្ភាសន៍ VOA៖ អំពើពុករលួយជាកត្តាចម្បងនាំឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសគោលដៅនៃការជួញដូរមនុស្ស
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសគោលដៅក្នុងការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់ បន្ទាប់ពីមានការកើនឡើងនៃលំហូរជនជាតិចិន មកវិនិយោគក្នុងប្រទេស។ អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ជុំវិញការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់នៅកម្ពុជា។
លោក មឿន តុលា បានឱ្យដឹងថា ការកើនឡើងនូវការជួញដូរមនុស្ស និងការបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងប្រទេសកម្ពុជាមួយផ្នែកដោយសារការអនុវត្តច្បាប់មានភាពធូររលុង ហើយចំណាត់ការធ្វើឡើងតាមការបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ។
ទោះបីជាមានការរិះគន់អំពីការច្រានចោលរបស់រដ្ឋាភិបាលអំពីភាពធ្ងន់ធ្ងរនៃការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់នៅកម្ពុជាក្តី ក៏មន្ត្រីជាន់ខ្ពស់ម្នាក់របស់ខេត្តព្រះសីហនុ បានអះអាងថា អាជ្ញាធរមានសមត្ថកិច្ច មិនដែលព្រងើយកន្តើយក្នុងការបង្ក្រាបការជួញដូរមនុស្សនោះឡើយ៕
បទសម្ភាសន៍ VOA៖ អាជ្ញាធរខ្នះខ្នែងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅខេត្តព្រះសីហនុ ទោះមានការរិះគន់ពីចន្លោះប្រហោង
ខេត្តព្រះសីហនុត្រូវបានគេដឹងថា មានជនជាតិចិនទៅធ្វើការវិនិយោគច្រើនជាងបណ្តាខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ខេត្តមួយនេះ បានក្លាយជាទីតាំងដ៏ធំមួយរបស់ក្រុមជួញដូរមនុស្ស។ អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អំពីការជួញដូរមនុស្ស ឬបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។
លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា ការបង្ក្រាបការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់ គឺជាភារកិច្ចរួមគ្នា ដែលតម្រូវឱ្យមានការចួលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបមានប្រសិទ្ធភាព។
ស្របពេលជាមួយគ្នានេះដែរ មន្ត្រីជំនាញជាន់ខ្ពស់របស់រដ្ឋាភិបាលក៏បានអះអាងដែរថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់ឱ្យដល់ទីបំផុត «ពីព្រោះគ្មានប្រទេសណាមួយចង់បង្កើតអំពើឧក្រិដ្ឋកម្មឱ្យខ្លួនឯងនោះទេ»៕
បទសម្ភាសន៍ VOA៖ ការបង្ក្រាបដោយមានប្រសិទ្ធភាពលើការជួញដូរមនុស្សសម័យបច្ចេកវិទ្យា ចាំបាច់ការសហការគ្រប់ភាគី
នៅក្នុងអំឡុងពេលមួយរយៈកន្លងមកនេះ មានសារព័ត៌មានក្នុងស្រុកនិងក្រៅស្រុកជាច្រើន បានចុះផ្សាយអំពីការជួញដូរមនុស្សនិងបង្ខាំងមនុស្សខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលសហរដ្ឋអាមេរិកបានទម្លាក់កម្ពុជាពីចំណាត់ថ្នាក់កម្រិតពីរ (Tier 2) មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស។
អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជុំវិញការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់នៅកម្ពុជា។
លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថា ការជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់ គឺជាការរួមគ្នា ទទួលខុសត្រូវជាមួយបណ្តាលប្រទេសពាក់ព័ន្ធ ដែលយើងចាំបាច់ត្រូវធ្វើការសហការគ្នា ដោយយើងមិនអាចចង្អុលថា ជាកំហុសរបស់ប្រទេសណាមួយនោះទេ៕