ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិទឹក​នៅ​ទីក្រុង ​Cape Town​ បង្ហាញ​ពី​ភាព​មិន​ស្មើ​គ្នា


គ្រួសារ​មួយ​កំពុង​ដើរ​កាត់​វាល​ភក់​ដែល​បាន​រីង​ស្ងួត នៅ​ផ្នែក​មួយ​នៃ​បឹង​មួយ នៅ​ជិត​ទីក្រុង​ Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​ថ្ងៃទី​២០ ​មករា ២០១៨។
គ្រួសារ​មួយ​កំពុង​ដើរ​កាត់​វាល​ភក់​ដែល​បាន​រីង​ស្ងួត នៅ​ផ្នែក​មួយ​នៃ​បឹង​មួយ នៅ​ជិត​ទីក្រុង​ Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​ថ្ងៃទី​២០ ​មករា ២០១៨។

ទីក្រុង​ Cape Town ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ស្ថិត​នៅ​ក្នុង​ភាព​រាំង​ស្ងួត​រយៈ​ពេល​៣​ឆ្នាំ​ ហើយ​នឹង​អាច​ក្លាយ​ជា​ទីក្រុង​ចម្បង​មុន​គេ​របស់​ពិភព​លោក​ដែល​នឹង​គ្មាន​ទឹក​ប្រើ​ប្រាស់។

ទីក្រុង​ Cape Town ដែល​ជា​ក្រុង​មាត់​សមុទ្រ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ស្ថិត​នៅ​ក្នុង​ភាព​រាំង​ស្ងួត​រយៈ​ពេល​៣​ឆ្នាំ​ ហើយ​នឹង​អាច​ក្លាយ​ជា​ទីក្រុង​ចម្បង​មុន​គេ​របស់​ពិភព​លោក​ដែល​នឹង​គ្មាន​ទឹក​ប្រើ​ប្រាស់។ ទីក្រុង​នេះ​នឹង​បិទ​បំពង់​បង្ហូរ​ទឹក​របស់​សាលា​ក្រុង​នៅ​«ថ្ងៃ​សូន្យ» ជា​ថ្ងៃ​ដែល​ក្រុម​អាជ្ញា​ធរ​ក្នុង​ស្រុក​កំណត់​ថា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៩ ខែ​កក្កដា។

ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​នៅ​ទីក្រុង​ដែល​ធំ​លាត​សន្ធឹង និង​មាន​ប្រាក់​ចំណូល​តិច​មួយ​នេះ ទឹក​គឺ​ជា​ធនធាន​កម្រ​គ្រប់​ពេល​វេលា។ ពលរដ្ឋ​ក្នុង​ទីក្រុង Cape Town ​អ្នកស្រី Welekazi Rangana និយាយ​ថា​ នាង​ព្យាយាម​ស្វែង​យល់​ថា​តើ​ពលរដ្ឋ​នៅ​ទីក្រុង​មាត់​សមុទ្រ​នេះ​នឹង​ខឹង​សម្បា​យ៉ាង​ណា​ដែរ​នៅ​ពេល​មាន​គោល​ការណ៍​ត្បិតត្បៀត​ការ​ប្រើ​ប្រាស់​ទឹក​ថ្មី​ដ៏​តឹង​រ៉ឹង​បែបនេះ។

អ្នកស្រីនៅ​ចាំ​បានថា អ្នកស្រី​ចាត់​ទុក​ទឹក​គឺជា​របស់ដ៏មានតម្លៃមួយ ដោយសារ​តែអ្នក​ស្រីគ្មានជម្រើស។

រយៈពេល​៥៣​ឆ្នាំមកនេះ អ្នក​ស្រី​មិន​ដែល​បាន​ងូត​ទឹក​ផ្កា​ឈូក​ឡើយ។ នេះ​ដោយ​សារ​តែ​ផ្ទះ​របស់​អ្នក​ស្រី​ដែល​រដ្ឋ​បាន​ផ្តល់​ឲ្យ​នៅ​ក្នុង​ក្រុង​ Khayelitsha ដ៏​ក្រីក្រ​មិន​មាន​បន្ទប់​ទឹក​ក្នុង​ផ្ទះ​ឡើយ គ្មាន​ម៉ាស៊ីន​លាង​ចាន ម៉ាស៊ីន​បោក​គក់ ឬ​អាង​ហែល​ទឹក​ទេ។

រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​ អ្នកស្រី ស្វាមី​របស់​អ្នក​ស្រី កូន​និងចៅ​របស់​អ្នកស្រី​ត្រូវ​ងូត​ទឹក​នៅ​ក្នុង​បន្ទប់​គេង​ដែល​មាន​ប្រើធុង​តូច​មួយ​សម្រាប់​ទុក​តង់​ទឹក​បាន​៨​លីត្រ។

មនុស្ស​ជា​ពាក់​កណ្ដាល​នៃ​ពលរដ្ឋ​សរុប​៤​លាន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​ ក្នុងទីក្រុងKhayelitsha​ រង​ផលប៉ះពាល់​ដោយសារ​គោល​ការណ៍​ថ្មី​ត្បិតត្បៀត​ការ​ប្រើ​ប្រាស់​ទឹក​ដ៏​តឹង​រ៉ឹងរបស់​ក្រុង​នេះ។ មិន​ខុស​ពី​អ្នក​ស្រី Rangana ទេ ពល​រដ្ឋ​ជា​មធ្យម​ដែល​រស់​នៅ​តំបន់​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ អាច​ទទួល​បាន​ទឹកសម្រាប់ប្រើ​ប្រាស់តែ​៥០​លីត្រ​ទេ​ក្នុង​មួយ​ថ្ងៃ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវ​ការ​នានា។ នេះ​ជា​ទិសដៅ​ចុង​ក្រោយ​ដែល​សាលា​ក្រុង​បាន​ដាក់​ចេញ​ដើម្បី​បញ្ចៀស​«ថ្ងៃ​សូន្យ»ដែល​ជា​ថ្ងៃ​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់។ អ្នក​ស្រី​ Rangana និយាយ​ថា​ អ្នកស្រី​មិន​ដេង​ថា​តើ​អ្នក​ជិត​ខាង​របស់​អ្នកស្រីដែល​ជា​អ្នកមាន​នោះ ​ត្រូវប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណានោះ​ទេ។

រូបឯកសារ៖ មនុស្ស​កំពុង​តម្រង់​ជួរ​ដើម្បី​ទៅ​យក​ទឹក​ពី​កន្លែង​បាញ់​ទឹក​នៅ​ជាយក្រុង​ Newlands នៅ​ពេល​ដែល​មាន​ការ​បារម្ភ​ថា វិបត្តិទឹក​នៅ​ទីក្រុង​ Cape Town និង​កើត​មាន​កាន់​តែ​ខ្លាំង កាល​ពី​ថ្ងៃទី​២០ មករា ២០១៨។
រូបឯកសារ៖ មនុស្ស​កំពុង​តម្រង់​ជួរ​ដើម្បី​ទៅ​យក​ទឹក​ពី​កន្លែង​បាញ់​ទឹក​នៅ​ជាយក្រុង​ Newlands នៅ​ពេល​ដែល​មាន​ការ​បារម្ភ​ថា វិបត្តិទឹក​នៅ​ទីក្រុង​ Cape Town និង​កើត​មាន​កាន់​តែ​ខ្លាំង កាល​ពី​ថ្ងៃទី​២០ មករា ២០១៨។

អ្នក​ស្រី​បាន​និយាយ​ប្រាប់​ VOA ថា៖ «ច្បាស់​ជា​មាន​អ្វី​មួយ​មិន​ធម្មតា​កើតឡើង​ហើយ​ ពីព្រោះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ពួក​គេ​ជា​អ្នក​ដែល​ប្រើ​ប្រាស់​ទឹក​អស់​ច្រើន​ ហើយ​យើង​ជា​អ្នក​ដែល​សន្សំសំចៃ​ក្នុង​ការ​ប្រើប្រាស់​ទឹក​។​ ប៉ុន្តែ​ឥឡូវ​នេះ​មិន​មែន​តែ​យើង​ទេ​ដែល​កំពុង​ស្វែង​រក​ទឹក ​គឺ​មនុស្ស​ទាំង​អស់​គ្នា​កំពុង​ស្វែង​រក​ទឹក​ដូចគ្នា។ ឥឡូវ​នេះបញ្ហា​អត់ទឹក​ កើត​មានគ្រប់គ្នា​ទាំងអស់​ មិន​ថា​មាន​ឬ​ក្រ​ទេ​គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​គ្នា​ទាំង​អស់»។

គ្មាន​ទឹក​មាន​ន័យ​ថា​គ្មាន​ចំណូល

អ្នកជិត​ខាង​របស់​អ្នក​ស្រី​ គឺ​អ្នកស្រី ​Ntombikayise Dondi​ និយាយ​ថា ភាព​រាំង​ស្ងួត​និង​គោល​ការណ៍​ត្បិតត្បៀត​ការ​ប្រើ​ប្រាស់​ទឹក​ប៉ះពាល់​ដល់​អ្នក​ស្រី​ខ្លាំង​ណាស់។ អ្នក​ស្រី​ធ្លាប់​មាន​សួន​បន្លែ​នៅផ្ទះ​ដាំ​ផ្ទាល់​ខ្លួន​ដ៏​ស្រស់​បំព្រង​ ប៉ុន្តែ​ឥឡូវ​នេះ​អ្នក​ស្រី​នៅ​សល់​តែ​ស្ពៃ​បី​រង​ដែល​ក្រៀម​ស្វិត​ និង​ផ្កា​ខាត់​ណា​ដែល​មើល​ទៅ​គួរ​ឲ្យ​អាណិត​ប៉ុណ្ណោះ។

ខណៈ​ដែល​អ្នក​ស្រី​សំឡឹង​មើល​បន្លែ​ដែល​ក្រៀមស្វិត​ អ្នក​ស្រី​បាន​និយាយ​ថា៖ «សួន​បន្លែ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​យំ ពី​ព្រោះ​ខ្ញុំ​ធ្លាប់​បាន​ផល​ពី​សួន​នេះ​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារខ្ញុំ»។

កាល​ពី​ឆ្នាំ​កន្លង​ទៅ អ្នក​ស្រី​ធ្លាប់​ដាំ​ដុះ​បាន​ហូប​គ្រប់​គ្រាន់ និង​ថែម​ទាំង​បាន​លក់​ចេញ​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​អាច​មាន​លទ្ធភាព​ទិញ​ម៉ាស៊ីន​បោក​ខោអាវ ដែល​អ្នកស្រុក​រស់នៅ​ក្នុង​ទីក្រុង​នេះ​យល់​ថា​ជា​របស់​មាន​តម្លៃ។ ឥឡូវ​នេះ​ម៉ាស៊ីន​នេះ វា​គ្មាន​ប្រយោជន៍​ទៀត​ទេ ហើយ​អ្នក​ស្រី​ត្រូវ​ចំណាយ​ពេល​៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​បោក​ខោ​អាវ​គ្រួសារ​អ្នកស្រី​ដោយ​ដៃ។

មាន​មនុស្ស​កាន់​តែ​ច្រើន តែ​មិន​មាន​តម្រូវ​ការ​ច្រើន​បន្ថែម​ទេ

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​បន្ត​សិក្សា​ទៅ​លើបុព្វហេតុ​នៃ​ស្ថានការណ៍​ដ៏​លំបាក​នៅ​ក្រុង Cape Town បើ​ទោះ​បី​ជា​ពួក​គេ​បាន​អះ​អាង​ថា ការ​ប្រែប្រួលអាកាសធាតុ​ទំនង​ជា​កត្តា​បង្កហេតុឲ្យមាន​ភាព​រាំង​ស្ងួតនេះ​ក៏ដោយ។ ទោះ​យ៉ាង​ណា​ ទីក្រុង​នេះ​ជា​ទូទៅ​ពឹង​អាស្រ័យ​លើ​ទឹក​ភ្លៀង​ អាស្រ័យ​លើ​ដើម​ឈើ និង​ទំនប់​ទឹក​ដែល​ពេញ​ដោយ​ទឹក​ភ្លៀង សម្រាប់​ឲ្យ​ពលរដ្ឋ​មាន​ទឹក​ប្រើ​ប្រាស់​ក្នុង​ក្រុង។ អាកាស​ធាតុ​ក្តៅ​រយៈ​ពេល​៣​ឆ្នាំនេះ​ បាន​បំផ្លាញអ្វីៗគ្មាន​សល់ ​ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ជល​សាស្ត្រ​ លោក Piotr Wolski ​មក​ពី​សាកល​វិទ្យាល័យ Cape Town និយាយ​ថា​ គ្រោះ​រាំង​ស្ងួត​ចុង​ក្រោយ​នៅ​ចុង​សតវត្សរ៍​ទី​២១​នេះ ធ្វើ​ឲ្យ​ទីក្រុង​នេះ​ស្ទើរ​តែ​ក្លាយ​ជា​ក្រុង​ដែល​គ្មាន​ទឹក។

មនុស្ស​ម្នា​រង់​ចាំ​ដល់​វេណ​ទៅ​យក​ទឹក​នៅ​ជាយ​ក្រុង Newlands កាល​ពី​ថ្ងៃទី​២៥ មករា ២០១៨។
មនុស្ស​ម្នា​រង់​ចាំ​ដល់​វេណ​ទៅ​យក​ទឹក​នៅ​ជាយ​ក្រុង Newlands កាល​ពី​ថ្ងៃទី​២៥ មករា ២០១៨។

លោក​បាន​និយាយ​ថា​«តម្រូវ​ការ​ទឹក​កំពុង​កើនឡើង​យ៉ាងខ្លាំង​ បើ​ផ្អែក​លើ​ការកើន​ឡើង​នៃ​ចំនួន​ប្រជាជន។ កំណើនប្រជាជនរស់នៅក្នុងទីក្រុង Cape Townបាន​កើន​ឡើង​៣០ភាករយចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្នុប្បន្ន។ ក៏ប៉ុន្តែ​តម្រូវ​ការ​ប្រើប្រាស់​ទឹក​មិន​បាន​កើនឡើង​នោះ​ទេ។ ដូច្នេះយុទ្ធនាការ​កាត់​បន្ថយ​ការ​លេចធ្លាយ​ និងការគ្រប់គ្រង​លើ​តម្រូវ​ការ​ប្រើប្រាស់​ទឹក​បាន​ទប់ទល់​នឹង​ការ​កើនឡើង​នៃតម្រូវ​ការប្រើប្រាស់​ទឹក​ ដោយ​សារ​កំណើន​ប្រជាជន​ដែល​បាន​កើន​ឡើងនេះ​»។​

ការ​ផ្សាំ​ខ្លួន​ទៅ​នឹង​ភាព​ខ្វះ​ទឹក

ប៉ុន្តែ​នៅ​តំបន់​ផ្សេងៗ​នៃ​ទីក្រុង​ Cape Town ​ដែល​ពលរដ្ឋ​មាន​ជីវភាព​ធូរធា​រនោះ ​ក៏​មាន​ការ​បារម្ភ​ផង​ដែរ។ នៅ​តំបន់​មួយ​ចំនួន​ក្នុង​ទីក្រុង​នេះ ពលរដ្ឋ​អាច​មក​យក​ទឹក​ដោយ​ឥត​គិត​ថ្លៃ​បាន​រហូត​ដល់​២៥​លីត្រ​សម្រាប់​មនុស្ស​ម្នាក់ គឺ​នៅ​កន្លែង​សម្រាប់​យក​ទឹក​សាធារណៈ។ ក្រោយ​ពេល​កម្មវិធី​«ថ្ងៃ​សូន្យ» ចាប់​ផ្តើមក្រុង​នេះ​មាន​គម្រោង​បង្កើត​កន្លែងយក​ទឹក​សាធារណៈ​ចំនួន​២០០​ទីតាំង​បន្ថែម​ទៀត។

អ្នក​ស្រី ​Jean Gordon អាយុ​៧០​ឆ្នាំជា​ពលរដ្ឋ​រស់​នៅ​ទីក្រុង​ Cape Town​និយាយ​នៅ​ខណៈ​ដែលអ្នកស្រី​ និង​ស្វាមី​អ្នកស្រី​កំពុង​មក​យក​ទឹក​ ដោយ​អ្នកស្រី​បាននិយាយ​ថា៖ «យើង​ធ្លាប់​តែ​មិន​ខ្វល់ពីរឿង​ទឹក​ តែ​ឥឡូវ​យើង​ដឹង​ហើយ​ថា​អ្វី​ជា​ការ​តស៊ូ​នោះ»។

អ្នក​ស្រី​និយាយ​ថា អ្នក​ស្រី​ត្រូវ​តែ​ធ្វើ​ការ​កែ​សម្រួល​កិច្ច​ការ​ណាដែលមិនចាប់បាច់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ អ្នក​ស្រី​និយាយ​បន្ត​ថា៖ «ខ្ញុំ​ងូត​ទឹក​តិច​ជាង​មុន។ ​ងូត​ទឹក​រួម​គ្នា​ជា​មួយ​ស្វាមី​របស់​ខ្ញុំ»។

ប៉ុន្តែ​ នៅ​តំបន់​ដែល​ក្រី​ក្រ​ជាង​នេះ​ដូច​ជា​នៅ ក្នុងតំបន់Khayelitsha ជា​ដើម ​ដែល​នៅ​ទីនោះ​ពលរដ្ឋ​ជា​ច្រើន​បាន​ពឹង​អាស្រ័យ​លើ​ទឹក​របស់​រដ្ឋ​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ​នោះ មើល​ទៅ​គឺវាដូច​គ្នា​ទៅ​នឹង​របបរើស​អើង​ពូជសាសន៍​(apartheid)​ ដែលពិបាក​នឹង​បំភ្លេច​ចោល​ណាស់។ នេះ​បើ​តាម​សម្តី​របស់លោក ​Mpumi Mhlalisi​ ដែល​ជា​សកម្មជន​ម្នាក់​និង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​នៅ​អង្គការ​ Western Cape Water Caucus។

លោក Mpumi Mhlalisi​ និយាយ​ថា៖ «អ្វី​ដែល​យើង​ត្រូវ​តស៊ូ​ជម្នះ​នៅ​ពេល​នេះ​គឺ​មិន​មែន​តស៊ូ​ដើម្បី​បាន​សេរីភាព​នោះ​ទេ ប៉ុន្តែ​តស៊ូ​ដើម្បី​បាន​ទឹកប្រើប្រាស់»៕

ប្រែសម្រួល​ដោយ​ នៀម ឆេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG