លោក Yannick Ahanda គឺជាឈ្មួញលក់សាច់ម្នាក់ អាយុ៥២ឆ្នាំ។ លោកក៏ជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺ២០នាក់ ដែលកំពុងរង់ចាំទទួលការពិនិត្យជំងឺនៅគ្លីនិក Mount Zion ដែលជាគ្លីនិកមួយក្នុងចំណោមគ្លីនិកចំនួន២០០ផ្សេងទៀត ដែលក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃប្រទេសកាមេរូន អះអាងថា កំពុងតែដំណើរការដោយខុសច្បាប់នៅក្នុងរដ្ឋធានីយុនដេ (Yaounde)។
លោកនិយាយថា លោកចូលចិត្តគ្លីនិកឯកជន ពីព្រោះគ្លីនិកទាំងនេះគោរពតាមការណាត់ជួប ហើយអ្នកជំងឺមិនចាំបាច់រង់ចាំរយៈពេលយូរដូចនៅមន្ទីរពេទ្យរដ្ឋទេ ដែលនៅទីនោះអ្នកជំងឺត្រូវរង់ចាំអស់ពេលដ៏យូរ ប៉ុន្តែបែរជាត្រូវគេប្រាប់ឲ្យត្រលប់មកម្តងទៀតនៅពេលក្រោយ ដោយសារតែគ្រូពេទ្យអវត្តមាន ឬត្រូវចូលរួមសន្និសីទ។ លោកនិយាយថា សេវាថែទាំសុខភាពនៅមន្ទីរពេទ្យនិងគ្លីនិកឯកជនមានលក្ខណៈប្រសើរជាង។
រថយន្តសង្គ្រោះបន្ទាន់មួយកំពុងតែបញ្ជូនអ្នកជំងឺអាយុ៦៦ឆ្នាំម្នាក់ទៅកាន់បន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យធំរបស់ទីក្រុងយុនដេ (Yaounde) យ៉ាងប្រញាប់ប្រញាល់។ នាង Sylvie Manga កូនស្រីរបស់អ្នកជំងឺរូបនោះនិយាយថា ពួកគេបានស្នើសុំការថែទាំវេជ្ជសាស្រ្តពិសេសមួយ បន្ទាប់ពីការព្យាបាលម្តាយរបស់នាងបានបរាជ័យជាច្រើនលើកនៅគ្លីនិកឯកជនមួយនៅក្រុងយុនដេ (Yaounde)។
នាងនិយាយថា៖ «អ្នកមិនអាចនឹកស្មានដល់ថា ពួកគេធ្វើការវះកាត់ ហើយពួកគេបានភ្លេចកម្ទេចក្រណាត់នៅក្នុងពោះរបស់អ្នកជំងឺ។ យើងនាំអ្នកជំងឺទៅដល់ផ្ទះវិញ ហើយមួយរយៈកន្លងទៅ យើងសង្កេតឃើញថា របួសវះកាត់នោះគ្មានសភាពធូរស្បើយឡើយ។ ហើយពេលយើងជូនគាត់មកមន្ទីរពេទ្យវិញ គាត់ត្រូវឆ្លងកាត់ការវះកាត់ម្តងទៀត ដើម្បីយកក្រណាត់ចេញ»។
លោកសាស្រ្តាចារ្យ Tetanye Ekoe អនុប្រធាននៃក្រុមប្រឹក្សាវេជ្ជសាស្រ្តរបស់ប្រទេសកាមេរូន និយាយថា ពួកគេមិនអាចបន្តនៅស្ងៀមបានទេ ព្រោះមនុស្សជាច្រើនកំពុងតែរងគ្រោះដោយសារតែអ្នកដែលគ្មានជំនាញពិតប្រាកដ។
លោកនិយាយថា មានមន្ទីរពេទ្យនិងសាលាបណ្តុះបណ្តាលផ្នែកពេទ្យ ដែលខុសច្បាប់និងដំណើរការដោយលួចលាក់ជាង១.០០០កន្លែង ដែលនៅស្ទើរតែទូទាំងប្រទេសកាមេរូន។ លោកបន្ថែមថា ក្នុងមន្ទីរពេទ្យបែបនេះ គ្រូពេទ្យគ្មានជំនាញ គិលានុប្បដ្ឋាយិកា អ្នកបច្ចេកទេសក្នុងបន្ទប់ពិសោធន៍ ពេទ្យឆ្មប និងបុគ្គលិកដទៃទៀតធ្វើការព្យាបាលប្រជាជនកាមេរូនដែលមានជំងឺផ្សេងៗដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ។ លោកបន្តថា រដ្ឋាភិបាលកាមេរូនមិនអាចនិយាយថាខ្លួនបានគិតពីសុវត្ថិភាពរបស់ប្រជាជនបានទេ នៅពេលដែលស្ថានភាពឥតសណ្តាប់ធ្នាប់បែបនេះ បានធ្វើឲ្យប្រជាជនប្រឈមនឹងការស្លាប់មុនអាយុ។
ជារៀងរាល់ឆ្នាំ គ្រូពេទ្យជាង៥០០នាក់ និងគិលានុប្បដ្ឋាយិកា៥,០០០នាក់ ត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសកាមេរូន ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ១៩៩៦មក នៅពេលដែលប្រទេសនេះបានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ប្រាក់ខែរបស់គ្រូពេទ្យត្រូវបានកាត់បន្ថយ៦០ភាគរយ ហើយនៅសល់ប្រមាណតែ៣០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
វេជ្ជបណ្ឌិត Viban Eugene ដែលមានគ្លីនិកឯកជនផ្ទាល់ខ្លួនមួយ បាននិយាយថា គ្រូពេទ្យខ្លះចាប់ផ្តើមបើកគ្លីនិកផ្ទាល់ខ្លួនដើម្បីបំពេញបន្ថែមលើប្រាក់ខែតិចតួចនេះ និងដើម្បីផ្តល់ការងារដល់បុគ្គលិកមានជំនាញខាងវេជ្ជសាស្រ្តដែលគ្មានការងារធ្វើ ឲ្យមកធ្វើការនៅគ្លីនិកខ្លួនដែលគ្មានបរិក្ខារគ្រប់គ្រាន់។
«វេជ្ជបណ្ឌិតភាគច្រើនក៏មានគ្លីនិកផ្ទាល់ខ្លួនផងដែរ។ ដូច្នេះ ពេលពួកគេចាកចេញពីមន្ទីរពេទ្យ ពួកគេចូលចិត្តប្រាប់អ្នកជំងឺឲ្យទៅគ្លីនិកឯកជនរបស់ពួកគេ។ ពួកគេមិនបានយកចិត្តទុកដាក់លើអ្នកជំងឺនៅក្នុងមន្ទីរពេទ្យរដ្ឋទេ ហើយការធ្វើដូច្នេះ គឺដើម្បីទាក់ទាញអ្នកជំងឺឲ្យទៅមន្ទីរពេទ្យឯកជនរបស់ពួកគេវិញ។ អ្នកប្រហែលជាធ្លាប់ឮអ្នកជំងឺនិយាយថា វាជាការប្រសើរជាង ប្រសិនបើយើងទៅពិគ្រោះជាមួយលោកគ្រូពេទ្យម្នាក់នោះនៅឯគ្លីនិកឯកជនរបស់គាត់។ នៅទីនោះ លោកគ្រូពេទ្យនឹងយកចិត្តទុកដាក់លើអ្នកជំងឺខ្លាំងជាងនេះ ហើយគាត់នឹងចំណាយពេលវាលាច្រើនដើម្បីផ្តល់ការព្យាបាលឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែ នៅឯមន្ទីរពេទ្យវិញ អ្នកជំងឺមានចំនួនច្រើនណាស់ គាត់គ្មានពេលច្រើនទេ។ ដូច្នេះ លោកគ្រូពេទ្យក្នុងមន្ទីរពេទ្យរដ្ឋ បានយកចំនុចនេះជាផលចំណេញ ដោយសម្រេចចិត្តបើកដំណើរការគ្លីនិកផ្ទាល់ខ្លួន។ មានគ្រូពេទ្យខ្លះថែមទាំងបើកគ្លិនិកនៅក្នុងផ្ទះគាត់តែម្តង»។
ក្រុមប្រឹក្សាវេជ្ជសាស្រ្តនិយាយថា គ្រូពេទ្យទាំងអស់ដែលធ្វើការនៅមន្ទីរពេទ្យនិងគ្លីនិកបែបនេះ ហើយដែលមិនមែនជាសមាជិកនៃក្រុមប្រឹក្សាវេជ្ជសាស្រ្តថ្នាក់ជាតិ គឺកំពុងតែបំពេញវិជ្ជាជីវៈនេះ ដោយខុសច្បាប់។
នៅប្រទេសកាមេរូន ចំនួនវេជ្ជបណ្ឌិតដែលបំពេញវិជ្ជាជីវៈនៅមានកម្រិតនៅឡើយ។ អង្គការសុខភាពពិភពលោកបានព្យាករណ៍អំពីអត្រាគ្រូពេទ្យធៀបនឹងអ្នកជំងឺ ដោយបានបង្ហាញថា មានតែគ្រូពេទ្យម្នាក់ប៉ុណ្ណោះសម្រាប់ប្រជាជន៤០.០០០នាក់។ ចំនួននេះខុសពីអត្រាដែលគេបានស្នើឲ្យមាន គឺគ្រូពេទ្យម្នាក់សម្រាប់តែប្រជាជន១០.០០០នាក់ប៉ុណ្ណោះ។ ប្រទេសនេះ មានចំនួនប្រជាជនសរុបជាង២២លាននាក់៕
ប្រែសម្រួលដោយ វិញ សុជាតា