លោក Aristus Beba ត្រូវបានឃុំឃាំងនៅពន្ធនាគារកណ្តាល Kondengui អស់រយៈពេល៥ឆ្នាំ។ បុរសអាយុ២៦ឆ្នាំរូបនេះនិយាយថា លោកមិនដែលទទួលបានការជំនុំជម្រះនោះទេ។
«បងប្រុសរបស់ខ្ញុំបានចោទប្រកាន់ខ្ញុំអំពីរឿងលួចលុយពីផ្ទះ ហើយខ្ញុំក៏ត្រូវបានយកមកកាន់ទីនេះ។ ខ្ញុំត្រូវគេវាយតប់ជាច្រើនដងនៅទីនេះ។ ខ្ញុំត្រូវសម្អាតបង្គន់រាល់ដង។ ម្ហូបតិចតួចដែលយកមកឲ្យខ្ញុំ ក៏ត្រូវគេយកទៅដែរ។ ខ្ញុំមិនមានអ្វីទាំងអស់។ ខ្ញុំពិតជារងទុក្ខវេទនាណាស់នៅទីនេះ»។
ពន្ធនាគារ Kondengui ត្រូវបានសាងសង់ឡើងសម្រាប់ដាក់អ្នកទោសចំនួន៧៥០នាក់ ប៉ុន្តែពេលនេះពន្ធនាគារមួយនេះ បានផ្ទុកមនុស្សលើសពី៤.០០០នាក់ រួមមានបុរស ស្រ្តី និងកុមារ។
របាយការណ៍នៃវិទ្យាស្ថានស្ថិតិជាតិកាមេរូនបានឲ្យដឹងថា មានអ្នកទោសប្រហែល៣០.០០០នាក់ ត្រូវបានឃុំឃាំងនៅពន្ធនាគារចំនួន៧៨ នៅទូទាំងប្រទេស។
ច្បាប់ក្នុងប្រទេសនេះតម្រូវឲ្យប៉ូលិសបញ្ចូនអ្នកទោសទៅពន្ធនាគារ២៤ម៉ោង ក្រោយពេលចាប់ខ្លួន។
លោក Che Mutta Divine ប្រធានគណៈកម្មការជាតិកាមេរូនស្តីពីសិទ្ធិមនុស្ស និងសេរីភាពនិយាយថា៖
«មិនមែនគ្រប់គ្នានៅក្នុងពន្ធនាគារនេះជាឧក្រិដ្ឋជននោះទេ។ មានមនុស្សច្រើនណាស់ ដែលបានមកដល់ទីនេះតាមរយៈប្រព័ន្ធដែលមានស្រាប់មកហើយ។ ដូចដែលអ្នកបានឃើញហើយ មានមនុស្សវ័យក្មេងជាងច្រើន ដែលពួកគេគួរតែនៅខាងក្រៅដើម្បីជួយនៅក្នុងការផលិត និងធ្វើឲ្យវិស័យសេដ្ឋកិច្ចមានភាពប្រសើរឡើង។ មនុស្សដូចពួកគេនេះ មានច្រើនណាស់នៅក្នុងពន្ធនាគារ។ ពួកគេបានរងការធ្វើទារុណកម្ម។ ពន្ធនាគារមិនគួរជាកន្លែងធ្វើទារុណកម្មនោះទេ។ យើងបាននិយាយច្បាស់ណាស់អំពីបញ្ហានេះ»។
លោក Doh Gerome រដ្ឋលេខាធិការទទួលបន្ទុកផ្នែករដ្ឋបាលពន្ធនាគារកម្រិតធ្ងន់នៃប្រទេសកាមេរូននិយាយថា ការធ្វើកំណែទម្រង់កំពុងត្រូវបានគ្រោងធ្វើហើយ៖
«យើងមានចក្ខុវិស្ស័យក្នុងការដាក់បញ្ចូលសារជាថ្មីនូវអ្វីដែលគេស្គាល់ថាជា ផលិតកម្មពន្ធនាគារ ដូច្នេះ នៅពេលដែលអ្នកទោសទាំងនោះចេញពីពន្ធនាគារ ឬចាកចេញពីការឃុំឃាំង ពួកគេនឹងដឹងពីការធ្វើជំនួញខ្លះ ដែលនឹងជួយពួកគេក្នុងការស្តារនីតិសម្បទាក្នុងសង្គមឡើងវិញ»។
កាលពីខែកញ្ញា អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ក្នុងចំណោមអ្នកទោស១.៣០០នាក់នៅពន្ធនាគារ Maroua ស្ថិតនៅតំបន់ភាគខាងជើងនៃប្រទេសកាមេរូនជាប់នឹងព្រំដែននៃប្រទេសនីហ្សេរីយ៉ា មានអ្នកទោសពាក់កណ្តាលដែលគេសង្ស័យថា ជាក្រុម Boko Haram។ អង្គការនេះនិយាយថា អ្នកទោសទាំងនោះត្រូវបានឃុំឃាំងដោយគ្មានអនាម័យ ឬការថែទាំសុខភាពត្រឹមត្រូវ ហើយអ្នកខ្លះត្រូវបានដាក់ច្រវ៉ាក់ទៀតផង។
ក្រុមសិទ្ធិមនុស្សដែលធ្វើការនៅតំបន់ភាគខាងកើតនៃប្រទេសកាមេរូនជាប់ព្រំដែនជាមួយសាធារណរដ្ឋអាហ្វ្រិកកណ្តាលបាននិយាយថា ជនភៀសខ្លួនដែលចាកចេញពីជំរុំដោយសារតែលក្ខខណ្ឌរស់នៅលំបាកនោះក៏ត្រូវបានចាប់ខ្លួន និងឃុំឃាំងដែរ។
រដ្ឋាភិបាលបានបដិសេធការចោទប្រកាន់ពីក្រុមសិទ្ធិមនុស្សដែលថា ជនភៀសខ្លួនមកពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងជនសង្ស័យនៃក្រុម Boko Haram បានធ្វើឲ្យចំនួនមនុស្សនៅក្នុងពន្ធនាគារលើសពីចំនួនកំណត់។
ក៏ប៉ុន្តែលោក Issa Tchiroma អ្នកនាំពាក្យរដ្ឋាភិបាលប្រទេសកាមេរូននិយាយថា ពួកគេបានដឹងអំពីការដាក់មនុស្សលើសចំណុះនេះ និងការប្រើអំពើឃោរឃៅយ៉ាងអមនុស្សធម៌។
«វាជាបញ្ហាដែលយើងដឹងច្បាស់ណាស់ ដូចដែលលោកបាននិយាយអញ្ចឹង គឺត្រឹមត្រូវណាស់។ យុត្តិធម៌ដែលត្រូវបានពន្យាពេលនោះ គឺជាយុត្តិធម៌ដែលត្រូវបានគេបដិសេធ។ រដ្ឋាភិបាលបានបេ្តជ្ញាចិត្ត ចូលរួមបង្កើនល្បឿននៃការកាត់ទោសទាំងនោះ មិនមែនត្រឹមតែក្រុម Boko Haram ប៉ុណ្ណោះទេ។ យើងមានបងប្អូនស្រី ប្រុស ដែលស្ថិតនៅក្នុងពន្ធនាគារអស់មួយរយៈពេលមកហើយ ហើយជាអកុសល ពួកគេមិនត្រូវបានកាត់ទោសដោយសារហេតុផលមួយចំនួនដែលមិនអាចយល់បាន ឬសមស្រប»។
លោក Tchiroma និយាយថា ការខ្វះខាតផ្នែកហិរញ្ញវត្ថុ កំពុងតែពន្យាពេលនៃការសាងសង់ពន្ធនាគារបន្ថែមទៀត៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា