ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នីហ្សេរីយ៉ា​ត្រូវ​បង្ខំ​ឲ្យ​បង់ពន្ធ​នៅ​លើ​ទឹក​ដី​ដែល​ត្រូវ​ប្រគល់ឲ្យ​ទៅ​កាមេរូន


Map of Cameroon
Map of Cameroon

កង​យោធា​កាមេរូន​(Cameroon) បាន​ចាប់​ផ្តើម​បង្រ្កាប​ក្រុម​អ្នក​ជំនួញ​នីហ្សេរីយ៉ា​នៅ​ឧបទ្វីប​ បាកាសស៊ី ​(Bakassi)​ ដែល​ត្រូវ​បាន​ជាប់​សង្ស័យ​ពី​បទ​គេចវេះ​ការបង់​ពន្ធ។​ កាមេរូន​បានកាន់​កាប់​ទាំងស្រុង​លើ​តំបន់​ដែល​សម្បូរទៅ​ដោយ​ប្រេងកាត​នេះ​ តាំង​ពីខែ​សីហា​ ឆ្នាំ​២០១៣​ បន្ទាប់​ពី​ការ​ចេញ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ ក៏ប៉ុន្តែ​ អ្នក​រស់នៅ​តំបន់​នោះ​៩០​ភាគរយ​គឺជា​ជនជាតិ​នីហ្សេរីយ៉ា។

លោក​ Stanley Obi​ ដែល​ជា​ម្ចាស់​ហាង​លក់ដូរ​គ្រឿងទេស​មួយ​បាន​និយាយ​ថា កាល​ពី​សប្តាហ៍មុន​ បម្រាម​គោចរ​មួយ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ឧបទ្វីប​នេះ​ បន្ទាប់​ពីជម្លោះ​បាន​កើត​មាន​ឡើង​រវាង​ក្រុម​អ្នក​ជំនួញ​និង​ក្រុម​អ្នក​ប្រមូល​ពន្ធដារ។ លោក​បាន​បន្ត​ថា​ ក្រុម​អ្នក​ជំនួញ​ទាំង​នោះ​មិន​យល់​អំពី​ច្បាប់​ពន្ធដារ​របស់​កាមេរូន​ទេ។

«នៅ​គ្រា​ខ្លះ ​អ្ន​ក​នឹង​ឃើញ​ក្រុម​ប្រឹក្សា​មក​ប្រមូល​ពន្ធ​ បន្ទាប់​មក​មន្រ្តី​ពន្ធដារ​នឹង​មក​ប្រមូល​ម្តង។ ក្រោយ​មក​ទៀត​ ប៉ូលិស​ក៏​មក​ប្រមូល​មួយសារ​ទៀត។ នេះ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ទៅ​លើប្រព័ន្ធ​ពន្ធដារ​ទាំង​មូល។​ អ្នក​មិន​ដឹង​ថា តើ​ត្រូវ​ទៅ​ខាង​ណា​។ ដូច្នេះ​ អ្នក​ត្រឹម​តែ​ជាប់​គាំង​នៅ​ទី​នោះ​តែ​ប៉ុណ្ណឹង​។ អស់​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​មក​ទើប​អ្នក​ដឹង​ថា​ ប្រាក់ទាំងអស់​របស់​អ្នក​ត្រូវ​បាន​ចំណាយ​ដើម្បី​តែ​បង់​ពន្ធ​ប៉ុណ្ណោះ»។

អ្នក​លក់​រាយ​ត្រី​ស្រស់​ឈ្មោះ Na Eric​ បាន​និយាយ​ថា​ ចាប់​តាំង​ពីកាមេរូន​បាន​គ្រប់គ្រង​ទាំង​ស្រុង​លើ​អធិបតេយ្យភាព​នៃ​ឧបទ្វីប​ដែល​សម្បួរ​ដោយ​ប្រេងកាត​នេះ​មក​ ជនជាតិ​នីហ្សេរីយ៉ា​នៅ ​Bakassi បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​រុកគួន​ជា​ញឹកញាប់​ពីសំណាក់​ទាហាន​កាមេរូន។

«នេះ​ជា​មធ្យោបាយ​របស់​ពួក​គេក្នុង​ការ​សម្លាប់​មុខ​ជំនួញ​របស់​យើង»។

លោក​ Aboko Patrick ​ចៅហ្វាយ​ក្រុង​Kombo Abedimo ដែល​ជា​ភាគ​មួយ​នៃ​តំបន់​ Bakassi​ និយាយ​ថា ពលរដ្ឋ​ទាំង​អស់​ដែល​រស់​នៅក្នុង​តំបន់​របស់​លោក​ត្រូវ​តែ​បង់​ពន្ធ​ដូច​អ្វី​ដែល​ប្រទេស​កាមេរូន​និងនីហ្សេរីយ៉ា​បាន​ព្រម​ព្រៀង​គ្នាតាម​រយៈ​សន្ធិ​សញ្ញា​ផ្សេងៗ​ក្រោយ​ពេល​ចេញ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។

«មាត្រាមួយ​នៃ​កិច្ច​ព្រម​ព្រៀង​ Green Tree សរសេរ​ថា ​ការ​ប្រមូល​ពន្ធ​ដោយ​រើស​មុខ​មិនគួរ​កើត​មាន​ទេ​នៅ​ក្នុង​ឧបទ្វីប Bakassi​។ តែ​កិច្ចព្រមព្រៀង​នោះ​ក៏​មិន​បាន​សរសេរ​ថា ​វាគួរ​តែ​គ្មាន​ការ​ប្រមូល​ពន្ធ​នោះ​ដែរ។ ប៉ុន្តែ​ ប្រជាជន​នីហ្សេរីយ៉ា​ដែល​មាន​ច្រើន​ជាង​ប្រជាជន​កាមេរូននៅ​តំបន់​នោះ​ បាន​ប្រកាន់​ជំហរថា​ គ្មាន​ការ​ប្រមូល​ពន្ធ​ណា​មួយ​ត្រូវ​កើត​ឡើង​ដាច់​ខាត​។

ភា្លមៗ ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​ ការ​ប្រមូល​ពន្ធ​ផ្សេងៗ​នៅ​ Bakassi ​ ត្រូវបាន​ផ្អាក។ ក៏ប៉ុន្តែ​ ចាប់​ពីថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៣មក ​ពលរដ្ឋ​ត្រូវ​តែ​ចាប់​ផ្តើម​បង់​ចំណែក​ពន្ធ​របស់​ខ្លួន។ លោ​កAmandi Cletus ​ ដែល​ជាអ្នក​លក់​គ្រឿង​អេឡិចត្រូនិច​នៅ​ក្នុង​តំបន់​នោះ​ និយាយ​ថា​ ក្រុម​អ្នក​ជំនួញ​នឹង​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​បង់​ពន្ធ។

«យើង​បាន​រស់​នៅ​តំបន់​នេះ​ ហើយ​បាន​ដឹង​ពីនិងសម្រប​ខ្លួន​ទៅ​នឹងប្រព័ន្ធ​នៅ​ទី​នេះ។ កាល​ពីពេល​ដែល​ប្រព័ន្ធ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នីហ្សេរីយ៉ា​ ពួក​គេ​មិន​បាន​បង់​ពន្ធ​ទេ។ តែ​នៅ​ក្រោម​កាមេរូន ការ​បង់​ពន្ធ​ជារឿង​ធម្មតា​មួយ»​។

លោក​ Bernard Okalia Bilai ដែលជា​ចៅហ្វាយ​ក្រុងតំបន់​មួយ​នៅ​ភាគ​នីរតី​កាមេរូន ​បាន​ចោទ​ប្រកាន់​ប្រជាជន​នីហ្សេរីយ៉ាថា មិនគោរពលក្ខខណ្ឌសាលក្រម​របស់​តុលាការ​អន្តរជាតិ តាមរយៈ​ការ​បដិសេធ​មិន​បង់​ពន្ធ​។

លោក​បាន​បន្ត​ថា​ កាមេរូន​គ្រាន់​តែ​ចង់​ប្រាប់ពួក​គេ​ឲ្យ​យល់​ថា​ ឥឡូវនេះ Bakassi គឺ​ជា​ទឹកដី​របស់​កាមេរូន​ ហើយ​អ្នក​ទាំង​ឡាយ​ណា​ដែល​រស់​នៅ​លើ​ទឹក​ដី​នេះ​ ត្រូវ​តែ​បង់​ពន្ធនិង​ត្រូវ​គោរព​តាម​ច្បាប់​ទម្លាប់​របស់​កាមេរូន។

លោក​ Okalia Bilai បាន​បន្ថែម​ថា​ ការិយាល័យ​របស់​លោក​បាន​ដាក់​បម្រាម​គោចរ​ដើម្បី​រារាំងប្រជាជនពី​រដ្ឋ​ Cross River របស់​នីហ្សេរីយ៉ា​ មិន​ឲ្យ​ចូល​មក​កាន់​ ​Bakassi ពីព្រោះ​ពួក​គេ​មិន​ព្រម​បង់​ពន្ធដារ។

លោក​បាននិយាយ​ថា​ សេចក្តី​សម្រេច​រារាំង​មិន​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ​ពី​នីហ្សេរីយ៉ា​មក​ Bakassi នាពេល​យប់​ត្រូវ​បាន​អនុវត្ត​ឡើង ​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​ជាមួយ​ប្រជាពលរដ្ឋ​ក្រោយ​ពី​មាន​បណ្តឹង​ថា មាន​ក្រុម​ចោរ​ដែលមិន​គោរព​តាម​ច្បាប់​ដែន​ទឹក​ ហើយ​បាន​វាយ​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ ព្រម​ទាំង​មិន​បង់ចំណែក​ពន្ធ​របស់​ខ្លួន។

តុលាការ​យុត្តិធម៌​អន្តរជាតិ​ បាន​ឲ្យ​ពេល​នីហ្សេរីយ៉ា៥ឆ្នាំ​ក្នុង​អំឡុង​ពេល​អន្តរកាល​ចាប់​ពី​ឆ្នាំ​២០០៨​ ដើម្បី​ប្រគល់​ឧបទ្វីប​ Bakassi ​ដែល​រង​វិវាទទៅ​ឲ្យ​កាមេរូន​ទាំង​ស្រុង។ គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​សីហា​ ឆ្នាំ​២០១៣ ពលរដ្ឋ​នីហ្សេរីយ៉ា​ដែល​មាន​៩០ភាគ​រយ​នៃ​ប្រជាជន​សរុប​ទាំង​៣០ម៉ឺន​នាក់​ក្នុង​តំបន់​នោះ ត្រូវ​តែ​ទទួល​បាន​ការ​អនុញ្ញាតឲ្យ​ស្នាក់នៅ​ និង​ត្រូវចាត់​ទុក​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កាមេរូន។ អ្នក​ដែល​សម្រេច​ចិត្ត​ចូល​សញ្ជាតិ​កាមេរូន​ ត្រូវ​តែ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​និង​គោរព​ច្បាប់​កាមេរូន។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​សម្រេច​ប្រគល់​ Bakassi ទៅ​ឲ្យ​កាមេរូន​នៅឆ្នាំ២០០២។ ទី​បញ្ចប់​នីហ្សេរីយ៉ា​បាន​សម្រេច​ចិត្ត​មិន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​សាលក្រមនិង​បាន​ផ្ទេរ​ការ​គ្រប់គ្រងតំបន់នោះ​ ទោះបី​ជា​មាន​ការ​ធ្វើ​បាតុកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ ​Bakassi ​ក៏ដោយ។ កាមេរូន​បាន​បង្កើត​គណៈកម្មការ​ពិសេស​មួយ​ដើម្បី​អភិវឌ្ឍតំបន់​នោះ។

លោក Ndoh Beltha Bakata​ ដែល​ដឹកនាំ​គណៈកម្មការ​នោះ​មាន​ប្រសាសន៍​ថា​ ពួកគេ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​មាន​អារម្មណ៍​ថា កាមេរូន​គឺ​ជា​ផ្ទះ​របស់​ពួក​គេ។

«វប្បធម៌​របស់​ពួក​គេ​ខុស​ពី​យើង​ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​យល់​ពី​យើង។ ដំណាក់​កាល​ដំបូង​ យើង​គ្រាន់​តែ​ព្យា​យាម​ឲ្យ​ពួក​គេ​យល់​ថា​ Bakassi គឺ​ជាទឹក​ដី​របស់​កាមេរូន​ តែ​យើង​មិន​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​អ្វី​ដែលប្រឆាំង​នឹង​ឆន្ទៈ​របស់​ពួក​គេ​ទេ។ ឥឡូវ​នេះ​ យើង​ត្រូវ​តែ​អនុវត្ត​ច្បាប់​ទម្លាប់​របស់​យើង ដែល​បង្ហាញ​ថា​ នេះ​គឺ​កាមេរូន។ អ្វី​ដែល​យើង​ជួប​ប្រទះ​ ពួក​គេ​ក៏​ត្រូវ​ជួប​ប្រទះ​ដូច​យើងដែរ»។

Bakassi​ គឺជា​ឧបទ្វីប​ដែល​សម្បួរ​ទៅ​ដោយ​ប្រេង​កាត​និង​ជា​តំបន់​ដី​មាន​ជីជាតិ​នៃ​មហា​សមុទ្រ​អាត្លង់ទិច​ (Atlantic)។ កាមេរូន​បាន​ព្រងើយ​កន្តើយ​នឹងតំបន់​នេះ​រហូត​ដល់​ឆ្នាំ​១៩៩០ ទើប​មាន​បំណងទាម​ទារ​យក​ទឹក​ដី​នេះ​មក​វិញ​ ដែល​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រឈមគ្នា​យ៉ាង​តឹងតែងមួយ​ជាមួយ​នឹង​ទាហាន​នីហ្សេរីយ៉ា៕

ប្រែសម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG