ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​ខ្មែរនៅ​កូរ៉េ​ខាងត្បូង​សុំឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​


ពលករខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ធ្វើការ​បាន​ប្រាក់ខែ​ប្រមាណ​២០០០ ​ដុល្លារ​ក្នុង​មួយ​ខែៗ។​
ពលករខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ធ្វើការ​បាន​ប្រាក់ខែ​ប្រមាណ​២០០០ ​ដុល្លារ​ក្នុង​មួយ​ខែៗ។​
​វ៉ាស៊ីនតោន៖ តំណាង​ពលករ​ខ្មែរ​ ដែល​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ប្រាក់ខែ ​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​ និង​ពលករ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​សមរម្យ។​ លោក​សុខ ខេមរា​ នៃ​ វីអូអេ​ ដែលបានជួប​សម្ភាស​ជាមួយ​ពលករ ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​តាម​ប្រព័ន្ធ ​Skype​ រាយការណ៍​ថា​ ប្រាក់ខែ​ពលករ​ខ្មែរ​ធ្វើការ​ដោយ​កម្លាំង​គឺ​ខ្ពស់​ជាង​ឆ្ងាយពី​ប្រាក់ខែ​ក្នុង​ប្រទេស​កម្ពុជា។​

ពលករខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ធ្វើការ​បាន​ប្រាក់ខែ​ប្រមាណ​២០០០ ​ដុល្លារ​ក្នុង​មួយ​ខែៗ។​
ក្រុម​ពលករ​និង​កម្មករ​បាន​អះអាង​ថា​ ប្រាក់ខែ​ទាំង​នោះ​បាន​ផ្លាស់ប្តូរ​ជីវភាព​គ្រួសារ​ពួកគេ​បាន​សមរម្យ ​រួចផុត​ពីភាព​ក្រីក្រ។​ ក្រុម​កម្មករ​ទាំងនោះ​បាន​អះអាង​ថា​ ទោះជា​ពួកគេ​បាន​ទទួល​ប្រាក់ខែ​ខ្ពស់​នៅ​ឯ​ក្រៅ​ប្រទេស​មែន​ តែ​គេគិត​ពីប្រាក់​ខែ​សមរម្យ​សម្រាប់​ពលករ​និង​កម្មករ​ក្នុង​ស្រុករាប់​សែន​នាក់។​

ប្អូនប្រុស​ស៊ីទិត ​សុវណ្ណ​ អាយុ​៣៤​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម​ហើយ​ដែល​បាន​មក​ធ្វើការ​នៅ​ក្នុងរោងចក្រ​មួយ​ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ពីរឆ្នាំ​កន្លះ​ បាន​ថ្លែង​ថា៖​

«ខ្ញុំ​សូម​ទាមទារ​ដល់​រដ្ឋាភិបាល​ឲ្យ​បង្កើត​ការងារ​ឲ្យ​ពលករ​និង​កម្មករ។​ ទី២​សុំ​ឲ្យ​គាត់​ដំឡើង​ប្រាក់​បៀវត្ស​ឲ្យ​បាន​សមរម្យ ​ជាពិសេស​គឺ​អាច​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​តែ​ម្តង។​ យើង​ចង់​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ចំណូល​ក្នុង​គ្រួសារ»។​

ប្អូន​ថ្លែង​ថា ​គ្រួសារ​របស់ប្អូន​ធ្លាប់ជួប​ប្រទះ​នូវ​បញ្ហា​ក្រលំបាក​ គ្មានលុយ​ទៅ​រៀន ​គ្មាន​លុយ​ទិញម៉ូតូ ​សម្ភារៈ​ទាន់​សម័យ​នឹង​គេ។ ​រឿង​ទាំងនេះ​ហើយ​ដែលប្អូន​គិត​ថា ​ជា​រឿង​លំបាក ​ហើយ​បង្ខំ​ចិត្តមក​ធ្វើការ​នៅក្រៅ​ប្រទេស​និង​តស៊ូ​អភិវឌ្ឍ​ខ្លួន។​

«អញ្ចឹង​ការ​ចំណាក​ស្រុកនេះ​គឺយើង​ចង់កែ​ប្រែខ្លួន​ឯង​ដើម្បី​ឲ្យរីក​ចម្រើន​ព្រោះ​អី ​យើង​អត់ចង់​ស្នង​ពី​ឳពុកម្តាយ​យើង​ ធ្វើស្រែ​ ធ្វើ​ចំការ ​ឬ​ក៏​ធ្វើអ្វី​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​ជាមួយ​ផ្នែក​ការងារ​បូរាណ​របស់​យើង។​ បើ​អញ្ចឹង​យើង​អត់​មាន​រីក​ចម្រើនអី​ យើង​អត់​បាន​យល់ដឹង​អី​ទាំង​អស់។ ​អញ្ចឹង​យើង​ដឹង​តែ​ព្រលឹម​ឡើង​ លី​ចប​ លីពូថៅ​ទៅស្រែ។​ ការ​រៀនសូត្រ​ក៏​អញ្ចឹង​ដែរ​ដោយសារ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ទៅ​តាម​វិទ្យុទៅ​ តាម​ទូរទស្សន៍​អញ្ចឹង​បាន​ធ្វើឲ្យ​ពួក​ខ្ញុំ​គិត​ថា ​ធ្វើម៉េច​ដើម្បី​អនាគត​របស់​ខ្ញុំ។​ អញ្ចឹង​មាន​តែ​ការ​ចំណាក​ស្រុក​នេះ​តែ​ម្តង»។

គេ​បាន់​ប្រម៉ាណ​ថា​ មាន​កម្មករ​ជាង​បីម៉ឺននាក់​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ដោយសារ​ថា​ ក្នុង​ប្រទេស​កម្ពុជា​មិនមាន​កន្លែង​ការងារ​ដែល​ពួកគេ​អាច​រក​ចំណូល​ចញ្ចឹម​គ្រួសារ​បាន។​
ប្អូន​ប្រុស​សុខ ​វន្ធា​ អាយុ​២៨​ឆ្នាំ ​មកពី​ខេត្តកំពត។​ ប្អូនប្រុស​បាន​មក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​២​ឆ្នាំ​ហើយ​គឺ​ធ្វើកិច្ចការ​ខាង​ផលិត​ម្ហូប​អាហារ។​

«មូលហេតុ​ដែល​ឲ្យ​ខ្ញុំ​ចាប់ផ្តើម​មាន​បំណង​ចង់មក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​នេះ​គឺ​ដោយសារ​តែនៅ​ក្នុង​ស្រុក​ ខ្ញុំ​វាអត់​មាន​ការងារ​សមស្រប​ទៅ​នឹង​សមត្ថភាព​ដែល​ខ្ញុំ​ធ្វើ។ ​ដូចជា​ខ្ញុំរៀន​ចប់​មហា​វិទ្យល័យ​ ហើយ​ប្រាក់​ខែ​ដំបូង​របស់ខ្ញុំ​ត្រឹម​៧០​ដុល្លារ។ ​វាគ្មាន​តុល្យភាព​ទៅ​នឹង​ទំនិញ​ទីផ្សារ។ មិន​អាច​ទ្រាំទ្រ​បាន ​ខ្ញុំ​ក៏​ដាច់​ចិត្ត​ចំណាក​ស្រុក​តែ​ម្តង»។​

កម្មករ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​៣​សែន​៥ម៉ឺន​នាក់​ទទួល​ប្រាក់​ខែ​គោល៦១​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយនឹង​ឡើងដល់​៨០ដុល្លារ​នាពេល​ខាង​មុខ។​ កម្មករ​ទាំង​នោះ​នាំក្រោក​ឈរ​ដើម្បីតវ៉ា ​ឬធ្វើ​បាតុកម្ម​ជា​ញយៗ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ និង​ថៅកែ​គោរព​សិទ្ធិ​កម្មករ​និង​ផ្តល់​ប្រាក់​ខែ​ខ្ពស់​ដែល​អាច​ចញ្ចឹម​ជីវភាព​បាន​សមរម្យ។​

នៅក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​ និង​សម្ពោធ​អនុ​វិទ្យាល័យ​ក្នុង​ឃុំ​ទួល​សូភី​ ស្រុក​អូរាំងឳ​ ខេត្ត​កំពង់ចាមកាលពី​ថ្ងៃអង្គារ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​អះអាង​ថា ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ធ្វើឲ្យ​ប្រាក់ខែ​គោល​ឡើង​ពី​ជាង​៣០​ដុល្លារ​ដល់​៨០​ដុល្លារ​ស.រ.អា.​សម្រាប់​កម្មករ​ជា​ច្រើន​ម៉ឺន​នាក់។​

«កន្លែង​ខ្លះ​គេឲ្យ​ឡើង​លើស​ពី​ហ្នឹង​ទៅ​ទៀត។​ គេ​អត់ចាំ​អា​ប្រាក់​ខែ​គោល​ហ្នឹង​ទេ​ ព្រោះ​គេ​ត្រូវការ​កម្មករ។​ អញ្ចឹង​គេ​ឲ្យ​ប្រាក់​ខែខ្ពស់។​ អញ្ចឹង​ទេ​បាន​ជា​កម្មករ​មួយ​ចំនួន​មាន​លទ្ធភាព​បញ្ជូន​ប្រាក់​មក​ឲ្យ​ឳពុក​ម្តាយ»។​

លោក​ក៏​បាន​ចម្អក​ដល់ការ​សន្យា​ផ្តល់​ប្រាក់ខែ​២៥០​ដុល្លា​របស់​គណបក្ស​ជំទាស់​ដែរ​ ដោយ​លោក​អះអាង​ថា ​ជា​ការ​សន្យា​ខ្យល់។​

ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​បាន​រិះគន់ថា​ ​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ដឹក​នាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មិន​ឆ្ពោះ​ទៅ​រក​ភាព​ជឿនលឿន។​ មន្ត្រី​រាជការ​ គ្រូ​បង្រៀន ​និង​កម្មករ​មាន​ប្រាក់ខែ​តិច​ ដែល​មិន​សមភាព​ទៅ​នឹង​ទំនិញ​លើ​ទីផ្សារ​ដែល​អាច​ទ្រទ្រង់​ជីវភាព​បាន។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ Skype ​ក្នុង​កិច្ច​សម្ភាស​មួយ​ពេល​លោក​អញ្ជើញ​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ត្បូង​ដើម្បី​ជួប​កម្មករ​និង​ពលករ​ខ្មែរ ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​នយោបាយ​ មុន​ពេល​បោះឆ្នោត​នោះ​ លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​ ពលករ​ដែល​ធ្វើការ​នៅ​ក្នុង ប្រទេស​កូរ៉េខាង​ត្បូង​ទើប​អាច​ដឹងច្បាស់​ពីភាព​រីក​ចម្រើន ​ឬមិន​រីក​ចម្រើន​ពិត​ក្នុង​ប្រទេស​កម្ពុជា។​

«យើង​ដឹង​ហើយ​ថា ​កន្លងមក​ គាត់ធ្លាប់​នៅ​ក្នុង​ស្រុក​ខ្មែរ ​គាត់​ស្មាន​តែ​ប្រទេស​កម្ពុជា​ហ្នឹង​ ដែល​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​អួត​ក្អេង​ក្អាង​ថា ​មាន​ការ​រីកចម្រើន ​គាត់​ស្មាន​ថា​ ស្រុក​ហ្នឹង​រីក​ចម្រើន​មែន។ ​ហើយ​ចេះ​ថា ​រស់​ប៉ុណ្ណឹង​ហើយ​ម៉េចទៀត​ហ្នឹង​គឺ​កាល​គាត់​នៅ​ក្នុង​ស្រុក​ ដល់គាត់​មក​ឃើញ​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​បាន​គាត់​ភ្ញាក់​ព្រឺត។​ គាត់​គិត​ថា​ អ្វីដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដូចជា​គណបក្ស​ប្រជាជន​ និយាយ​នោះ​ សុទ្ធតែ​ជា​ពាក្យ​បោកប្រាស​ប្រជា​ពល​រដ្ឋ​ដោយសារ​យើង​មិន​ទាន់​ដឹង​ស្ថានភាព​ពិត​ក្នុង​ប្រទេស​នានា​លើ​ពិភព​លោក​ដែល​គេ​ជឿន​លឿន​ដល់ណា»។​

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ម្នាក់ៗ​ជាមធ្យម​រក​ប្រាក់​ចំណូល​បាន​៣​ម៉ឺន​២​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ធៀប​នឹង​ពល​រដ្ឋ​កម្ពុជា​រក​ចំណូល​បាន​ជា​មធ្យម​២៤០០​ដុល្លារ​ស.រ.អា.។ ​នេះ​បើ​តាម​ការ​ផ្សាយ​ឲ្យ​ដឹង​របស់​កំណត់​ហេតុ ​CIA ​សម្រាប់​ឆ្នាំ​២០១២។​

ប្អូន​ប្រុសវន្ធា ​ពលករ​ខ្មែរ​នៅកូរ៉​ខាងត្បូង​ បាន​អះអាង​ថា ​កិច្ចការ​ដែល​ប្អូន​ធ្វើ​គឺដោយសារ​កម្លាំង​សុទ្ធសាធ។​ ប្អូនប្រុស​បាន​បន្ថែម​ថា​ ជនជាតិ​កូរ៉េ​គេ​មិន​ធ្វើ​ទេ​កិច្ចការ​ប្រើ​កម្លាំង​គឺ​គេជួល​ជនជាតិ​ដ៏ទៃ​មក​ធ្វើ​ជំនួស​វិញ។​

ប្អូន​ប្រុស​បាន​ផ្ញើសារ​ដល់​យុវជនៗ​ឲ្យ​ខំរៀន​ដើម្បី​យក​ចំណេះ​ដឹង​ប្រើការ​និង​ប្រើ​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ដើម្បី​គ្រួសារ​និង​អនាគត​ប្រទេស​ផង​ដែរ។​

«យើង​ធ្វើម៉េច​ឲ្យ​ខំរៀន ​ខំរៀន​ហើយ​បើមាន​បំណង​ចង់មក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​គឺ​យើង​ប្រឡង​ស្របច្បាប់។​ ហើយ​បើ​មិន​អញ្ចឹង​ទេ ​ត្រូវតែ​ស្វែង​យល់​តាម​ដាន​ផ្នែក​ប្រជាធិបតេយ្យ​ទាក់ទង​ទៅ​នឹង​នយោបាយ ​កុំ​ឲ្យ​អ្នក​នយោបាយ​យក​ប្រទេស​ជាតិយើង​ទៅលេង​សើច។​ កាលណា​ស្វែង​យល់​ពី​នយោបាយ​ ហើយ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​បាន​ត្រឹមត្រូវ ​ហើយ​ឃើញ​ដឹកនាំ​ដោយ​គណបក្ស​ត្រឹមត្រូវ​ គាត់​អាច​ដឹកនាំ​ប្រទេស​ជាតិ ​អាច​សម្រេច​នូវជោគ​វាសនា​ប្រទេស​យើង​បាន​គឺ​ប្រាក់ខែ​យើង​ក៏មាន​តាម​ហ្នឹង​ដែរ ​ការងារ​ក៏​សម្បូរ​បែប​តាម​ហ្នឹង»។​
ពលរដ្ឋ​កម្ពុជា​ ជិត​៣០​ភាគរយ​ដែល​គេ​ដឹង​ថា ​កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ រក​ចំណូល​បាន​ក្រោម​១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។​ ប្រទេស​កម្ពុជា​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ពិភព​លោក​ ក្រោយពី​សង្គ្រាម​រ៉ាំរ៉ៃ​ជាង​បី​ទសវត្សរ៍៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG