ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហជីព​និង​កម្មករ​មិនព្រម​ទទួល​យក​ប្រាក់​ខែ​១០០ដុល្លារ​ហើយ​បន្ត​ធ្វើ​កូដកម្ម

  • គង់ សុឋានរិទ្ធ

​នៅមុខ​សមាគមរោងចក្រ​កាត់ដេរ ​កម្មករ​កាត់ដេរ​ទាមទារដំឡើង​ប្រាក់ខែ​១៦០ដុល្លារ។​
ក្រុម​សហជីព​និង​កម្មករ​បាន​ច្រាន​ចោល​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោលកម្មករ​រោង​ចក្រ​ត្រឹម​១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ដោយ​រក្សា​ជំហរ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​លោក​អ៊ិត សំហេង ​កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​គោល​ពី​ចំនួន​៨០​ដុល្លារ​ក្នុង​ពេល​បច្ចុប្បន្ន​ឲ្យ​ដល់​១០០​ដុល្លារ​សម្រាប់​កម្មករ​ផ្នែក​កាត់​ដេរ​សម្លៀក​បំពាក់​និង​ផលិត​ស្បែក​ជើង​ហើយ​ការដំឡើង​ប្រាក់ខែ​នេះ​នឹង​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី១​ខែកុម្ភៈ​ឆ្នាំ​២០១៤​តទៅ។​

​លោកអាត់​ ធន់ ​ប្រធាន​សហព័ន្ធ​សហជីព​CCAWDU ​មាន​ប្រសាន៍នៅ​ថ្ងៃ​ពុធ​នេះ​ថា​ទាំង​សហជីព​ទាំង​កម្មករ​មិន​យល់​ស្រប​លើ​ការដំឡើង​ប្រាក់ឈ្នួល​នេះ​ទេ។

​«ខាង​សហជីព​បាន​ប្រជុំ​គ្នា​ហើយ​ថា​ចំនួន​នេះ​នៅ​តែ​ជា​ចំនួន​តិច​ទេ​ហើយ​យើង​ចង់​ឲ្យ​មាន​ការ​ជជែក​គ្នា​ថា​តើ​ខាង​រោងចក្រ​និង​ខាង​រដ្ឋា​ភិបាល​មាន​លទ្ធ​ភាព​ត្រឹម​ប៉ុន្មាន។​ខ្ញុំ​បាន​ជជែក​ជាមួយ​កម្មករ​ហើយ​ពួក​គេ​មិន​ទាន់​យល់​ព្រម​ទេ»។

ក្រុម​កម្មករ​រោង​ចក្រ​បាន​ចាប់​ផ្តើម​ធ្វើបាតុ​កម្ម​និង​កូដ​កម្ម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​គឺ​នៅ​ពេល​ដែលគណៈកម្មការ​ក្រុម​ប្រឹក្សា​ការងារ​របស់​រដ្ឋា​ភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា​របស់​កម្មករ​ដល់​ត្រឹម​តែ​៩៥​ដុល្លារ​ក្នុង​មួយ​ខែ។​ក្រុម​កម្មករ​និង​សហជីពអះអាង​ថា​ប្រាក់​ខែនេះ​មិន​អាច​ស្មើ​ល្មម​នឹង​អតិ​ផរណា​នៃ​តម្លៃ​ទំនិញ​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ​បាន​ទេ។

ពួក​គេ​បាន​ទាមទារ​ប្រាក់ខែ​គោល​ទាប​បំផុត​ចំនួន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុន្តែ​រដ្ឋា​ភិបាល​និងសមា​គម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​បដិសេធ​ការ​ដំឡើង​ប្រាក់​ខែ​នេះ។

ក្រុម​សហជីព​និង​កម្មករ​បាន​ដឹកនាំ​បាតុកម្ម​ចំនួន​បីថ្ងៃ​កាលពី​សប្តាហ៍​មុន​និង​ដើម​សប្តាហ៍​នេះ​នៅ​ពី​មុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈដោយ​មិន​បាន​លទ្ធផល​អ្វី​នៅ​ឡើយ។

លោកជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជាលើក​ឡើង​ថាបើ​ទោះជាប្រាក់​ខែ​កម្មករ​ដល់​១០០​ដុល្លារ​ក្នុង​មួយ​ខែ​ក៏​ពួកគេ​នៅ​តែ​មិនអាច​ចាយ​វាយ​គ្រប់គ្រាន់​ដែរ។

«១០០​ដុល្លារ​ហ្នឹង​ក៏​កម្មករ​ចាយ​មិនគ្រប់គ្រាន់​ដែរ។​អតិផរណា​ទី​ផ្សារ​ឡើង ​ដូច្នេះ​នៅ​ពេល​ដែលបៀ​វត្សរ៍​កម្មករ​អត់​ឡើង ​កម្មករ​នឹង​ធ្វើ​ចំណាក​ស្រុក។​កាលណា​កម្មករ​ចំណាក​ស្រុក​ឧស្សា​ហកម្ម​កាត់​ដេរ​ដួល​ឯង។​ដូច្នេះ​យើង​គួរ​តែ​ដំឡើង​បៀវត្សរ៍​ឲ្យ​កម្មករ​បាន​រស់​ដើម្បី​ទប់​ស្កាត់​កម្មករ​កុំ​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ រី​ឯ​ឧស្សាហកម្ម​កាត់​ដេរ​ក៏ចំណេញ​ដែរ»។

​រោង​ចក្រ​កាត់ដេរ​គឺជា​ឧស្សាហកម្ម​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ដែល​បម្រើ​ឲ្យ​ការ​នាំ​ចេញ​ដ៏​លើស​លុប​របស់​ប្រទេស​ក្រីក្រ​នេះ។

កម្មករ​ច្រើន​ជាង​៤០​ម៉ឺន​នាក់​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​នេះ។

កញ្ញា​ឈាង ​ធីតា ​បម្រើការ​នៅ​រោងចក្រ​គីន​តាយ ​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​២ប្រតិកម្ម​ដោយ​កំហឹង​ហើយ​មិន​ទទួល​យក​ការដំឡើង​ប្រាក់ឈ្នួល​ត្រឹម​១០០​ដុល្លារ​នេះ​ទេ​ដោយ​សារនាង​គិត​ថា​ប្រាក់​ឈ្នួល​នេះ​នៅ​តែ​មិន​គ្រប់​គ្រាន់។

«ខ្ញុំ​និយាយ​មែន​ទែន​ទៅ​គ្រាន់​តែ​ឆ្កែ​ពួកវា​ក៏ស៊ី​សាច់​គោ​ដែរ​ ទំរាំ​ពួក​ខ្ញុំ​មិន​ដែល​បាន​សាច់​គោ​មួយ​ខាំ​ស៊ី​ម្តង​ផង»។

គេ​នៅ​មិន​ទាន់​ដឹង​ថា​ពី​ការណាត់ជួប​ចរចា​រវាង​ក្រុម​សហជីព​ជាមួយ​នឹង​ថៅ​កែ​រោង​ចក្រ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ដំឡើង​ប្រាក់​ខែ​កម្មករ​នៅ​ពេល​ណា​នៅ​ឡើយ។

​លោក​ខេន លូ ​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មិនបាន​ឆ្លើយ​តប​ទូរស័ព្ទ​រួម​ទាំង​សារ​អេឡិកត្រូនិក​ទេ។

​ទោះជាយ៉ាងណា​ក្រុម​សហជីព​និង​កម្មករ​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​តាម​តំបន់រោង​ចក្រ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​តទៅ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG