ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​មិន​ដក​កម្មករ​និង​អ្នក​ការទូត​ចេញ​ពី​កូរ៉េ​ទេ


ភ្នំពេញ៖ ប្រទេស​កម្ពុជា​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​អះអាង​ថា​នឹង​មិនមាន​ផែនការ​ជម្លៀស​ប្រជា​ពលរដ្ឋ​និង​មន្ត្រី​ការទូត​ចេញពី​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​កូរ៉េ​ខាងជើង​ទេ​ក្នុង​ខណៈពេល​ដែល​ឧបទ្វីប​កូរ៉េ​កំពុង​តែ​មាន​ភាព​តាន​តឹង​ដែល​អាច​ឈាន​ដល់​ការធ្វើ​សង្គ្រាម។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ខេត្តព្រៃវែង​នៅថ្ងៃ​ព្រហស្បត៍​នេះ​ថា​រហូតមក​ដល់​ពេល​នេះគ្មាន​ប្រទេស​ណា​មួយ​បាន​ដក​មន្ត្រី​ការទូត​របស់​ខ្លួន​ចេញ​ពី​ប្រទេស​កូរ៉េ​ទាំង​ពីរ​នៅឡើយ​ទេ។​ លោក​បាន​និយាយ​ថា​បញ្ហា​ភាព​តាន​តឹង​នៅឧបទ្វីប​កូរ៉េ​លោក​បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ហើយ​ប្រសិន​បើមាន​សង្គ្រាម​កើត​ឡើង​មែន​វិធាន​ការ​ចាំបាច់​គឺ​ត្រូវ​ការពារ​ប្រជា​ពលរដ្ឋ​នៅ​នឹង​កន្លែង​ដោយ​មិន​ចាកចេញ​ពីប្រទេស​កូរ៉េទាំង​ពីរ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា​យើង​នឹង​បន្ថែម​មន្ត្រី​មកពី​ក្រសួង​ការងារ​និង​សង្គម​កិច្ច​ទៅថែម​ទៀត​ដើម្បី​ពិនិត្យ​សុវត្ថិភាព​រួម​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ។​

«យើងមិន​អនុញ្ញាត​ឱ្យទូតយើង​ដក​ចេញ​ទេ​តាំង​ពី​កូរ៉េ​ខាង​ជើង​និង​ពី​កូរ៉េ​ខាង​ត្បូង។​ អត់ឱ្យដកទេ​ មាន​តែថែម​បើមាន​ការចាំបាច់​អាច​បញ្ជូន​រដ្ឋមន្ត្រី​ទៅ​ពី​ក្នុង​ប្រទេស​ដើម្បី​ទៅ​ពិនិត្យ​សុវត្ថិភាព​រួម​ចំណែក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​នឹង​កន្លែង។ បើសិន​សង្គ្រាម​ផ្ទុះមែន​សូម្បីតែ​យន្តហោះ​ដែល​គេ​ត្រូវ​ជម្លៀស​ក៏​គេបាញ់​ទម្លាក់​ដែរ»។​

យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឱ្យដឹង​ថា​យ៉ាង​តិច​មាន​ពលករ​ខ្មែរ​ប្រមាណ​ជាង​៣ម៉ឺន​នាក់​ និសិ្សត​ប្រមាណ​ជាង​៤០០​នាក់​ ដោយ​បូក​រួម​ទាំង​មន្ត្រី​ការ​ទូត​មួយ​ចំនួន​កំពុង​ធ្វើការ​និង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំណែក​ឯ​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ចំនួន​តិច​តួច​នៅឡើយ។​

លោក​អ៊ុំ វណ្ណថារិទ្ធ​ តំណាង​សមាគម​និសិ្សត​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ប្រាប់​VOA​តាម​ប្រព័ន្ធ​Skype​ថា​នៅ​ប្រទេស​កូរ៉េ​ប្រជាពលរដ្ឋ​នៅតែ​បន្តធ្វើ​ការ​ដូច​ធម្មតា​តែគ្រាន់តែមាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើការ​វិវត្តន៍​នៃ​បញ្ហា​នេះ​បើមាន​សភាព​ការណ៍​កើត​ឡើង​ពួកគេ​នឹង​ស្វែង​រក​កន្លែង​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។​

លោក​បាន​និយាយ​ថា​មកដល់​ពេល​កំពុង​សម្ភាសន៍​នេះ​មិន​មាន​ការជូន​ដំណឹង​ពីស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំពោះ​ពលរដ្ឋ​ខ្មែរ​នៅឡើយ​ទេ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ដល់​ក្រុម​គ្រួសារ​ទាំង​ឡាយ​ដែល​មាន​សមាជិក​រស់នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កុំឱ្យមាន​ការ​ព្រួយ​បារម្មណ៍​ពីព្រោះ​រដ្ឋាភិបាល​កំពុងមាន​វិធាន​ការការពារ​សុវត្ថិភាព​របស់​ពួកគេ។​

លោក​បាន​និយាយ​ថា​មន្ត្រី​ការ​ទូត​ណា​ដែល​បាន​ចាកចេញ​ពីប្រទេស​កូរ៉េខាង​ជើង​និង​ខាងត្បូង​និង​ត្រូវ​ដកចេញ​ពីមុខ​តំណែង​ក្នុង​ខណៈពេល​ដែល​ភាពតាន​តឹង​កំពុង​កើតមាន​ឡើង។​

ប្រទេស​កូរ៉េខាង​ជើង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​ប្រាប់​មន្ត្រី​ការទូត​ទាំង​អស់​ រួម​ទាំង​ប្រទេស​កម្ពុជា​ផងឱ្យជម្លៀស​ចេញពី​ប្រទេស​ខាង​ជើង​ដោយ​បាន​លើក​ហេតុផល​ថា​សង្គ្រាម​អាច​នឹង​កើតមាន​ឡើង។​
ហើយ​ក្នុងពេល​ថ្មីៗនេះ​បាន​ព្រមាន​ឱ្យជនបរទេស​ទាំង​អស់​ដែល​កំពុង​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចាកចេញ​ពីប្រទេស​នេះ​ជាបន្ទាន់​ដោយ​បាន​ប្រកាស​ថា​មិន​ធានា​សុវត្ថិភាព​ជនបរទេស​ទាំង​នោះ​ទេ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​បាន​និយាយ​ថាសង្គ្រាម​និង​មិនអាច​កើតមាន​ទេនៅ​លើ​ឧបទ្វីប​កូរ៉េ​ ហើយ​ប្រសិន​បើកើត​មាន​វិញ​ប្រទេស​កូរ៉េខាង​ជើង​ប្រហែល​ជា​នឹង​ខ្ទេចខ្ទាំ។​

«ពីព្រោះ​ថា​អាមេរិកកាំង​ប្រហែល​ជា​នឹង​អាច​ទប់​ស្កាត់មុន​បាន។ នេះ​ខ្ញុំ​ដូចថា​រំពឹង​ទៅលើ​វិធាន​ការណ៍​ទប់ស្កាត់​មុន»។​

ភាពតានតឹង​នៅតំបន់​ឧបទ្វីប​កូរ៉េ​បាន​កើតមាន​ឡើង​បន្ទាប់​ពីប្រទេស​កូរ៉េខាង​ជើង​បាន​បាញ់បង្ហោះ​ផ្កាយរណប​និង​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ដែល​អាច​ផ្ទុក​ក្បាល​នុយក្លេអ៊ែ​ចូលទៅក្រោម​ដីកាលពី​ខែមិនា​ដែល​បាន​ហាម​ប្រាម​ដោយ​អង្គការ​សហ​ប្រជាជាតិ​ ជាពិសេស​សហរដ្ឋ​អាមេរិក។​
ប្រទេស​កូរ៉េខាង​ជើង​បាន​ដាក់​ឱសានវាទ​ថា​នឹង​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ដែល​អាច​ផ្ទុក​ក្បាល​នុយក្លេអែ​ទីបួន​ចាប់​ពីថ្ងៃទី​១០​ខែមេសាទៅ​ដែល​បង្កឱ្យសហរដ្ឋអាមេរិក​ ជប៉ុន​ និង​ប្រទេស​កូរ៉េខាង​ត្បូងបាន​ដាក់​រាយ​ខែល​កាំជ្រួច​ការពារ​ប្រឆាំង​នឹង​ការ​បាញ់​សាកល្បង​នេះ។ ក៏ប៉ុន្តែ​មកដល់​ពេល​នេះ​ការ​បាញ់សាក​ល្បង​លើកទីបួន​នេះ​មិន​ទាន់​បាន​បាញ់​ចេញ​នៅ​ឡើយ​៕​
XS
SM
MD
LG