ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Human Rights Watch ស្នើ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នកស្រី​ទេព វន្នី


រូបឯកសារ៖ អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីនៅតំបន់បឹងកក់ ប្រទាញប្រទុងជាមួយសមត្ថកិច្ចនៅក្នុងអំឡុងពេលធ្វើបាតុកម្មមួយនៅក្បែរគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣។
រូបឯកសារ៖ អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីនៅតំបន់បឹងកក់ ប្រទាញប្រទុងជាមួយសមត្ថកិច្ចនៅក្នុងអំឡុងពេលធ្វើបាតុកម្មមួយនៅក្បែរគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣។

អ្នកស្រី​ ​ទេព​ វន្នី ​វ័យ​៣៨ឆ្នាំ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៦​ ​ដោយ​បទ​ចោទ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​សកម្មជន​ដី​ធ្លីដ៏​លេចធ្លោ​ម្នាក់​ គឺ​អ្នកស្រី​ ​ទេព វន្នី ​និង​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​រូប​នេះ ​ដោយ​គ្មាន​លក្ខខណ្ឌ។​ ​នេះបើ​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​ VOA​ ​បាន​ទទួល​បាន​នៅថ្ងៃ​អង្គារ។​

អ្នកស្រី​ ​ទេព វន្នី​ ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥ ​ខែសីហា​ ឆ្នាំ​២០១៦​ ​និង​ត្រូវបាន​ផ្តន្ទាទោស​តាម​បទ​ចោទ​ប្រកាន់​ជាច្រើន។

លោក​ ​Phil Robertson​ ​នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​បញ្ជាក់​ថា៖

«អ្នកស្រី​ទេព វន្នី ​បាន​ចំណាយពេល​ពីរឆ្នាំ​នៅក្នុង​ពន្ធនាគារ​ តាម​បទចោទ​ដែល​ប្រឌិត​ខុស​ការណ៍​ពិត​ជាច្រើន​ ហើយ​អ្នកស្រី​គួរតែ​ត្រូវ​បាន​ដោះលែង»។

លោក​បាន​បន្ថែម​ថា៖​

«នេះ​គ្រាន់តែ​ជា​ករណី​ដែល​បង្ក​ការរិះគន់​ជា​សាធារណៈ​មួយ​ ក្នុង​ចំណោម​ករណី​ជាច្រើន​ទៀត​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ប្រើប្រាស់​ខុស​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ​ដើម្បី​បៀតបៀន​ ​និង​ឃុំខ្លួន​សកម្មជន​ដីធ្លី​ដែល​តវ៉ា​ដោយ​សន្តិ​វិធី»។

អ្នកស្រី​ ​ទេព​ វន្នី ​វ័យ​៣៨ឆ្នាំ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៦​ ​ដោយ​បទ​ចោទ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

ក្រោយ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នោះ​ ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ ​នៅ​ថ្ងៃ​ទី​២៣​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ក៏​បាន​សម្រេច​កាត់​ទោស​អ្នកស្រី​ ទេព វន្នី​ ​ដែល​ជា​ម្ចាស់​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ ​៦ខែ ​តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ។

កាលពី​ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​ តុលាការ​កំពូល​ បាន​សម្រេច​តម្កល់​សាលដីកា​របស់​តុលាការ​ថ្នាក់​ក្រោម​ ​ដែល​បាន​កាត់​ទោស​អ្នកស្រី​ ទេព វន្នី ​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​២ឆ្នាំ និង​៦ខែ។​ ការ​សម្រេច​របស់​តុលាការ​បាន​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ថា​ មាន​ភាព​អយុត្តិធម៌​សម្រាប់​សកម្មជន​ដ៏​ល្បីល្បាញ​រូប​នេះ។

VOA​ ​ព្យាយាម​សុំការ​អធិប្បាយពី​លោក​ ​ជិន ម៉ាលីន​ ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ តែមិន​ទាន់​អាច​ទាក់ទង​បាន​ទេ​នៅថ្ងៃ​អង្គារ​នេះ។

យ៉ាង​ណាក្តី​ ​លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្សគ្រប់​គ្រង​ប្រទេស​មាន​ប្រសាសន៍​បញ្ជាក់​ VOA​ ​នៅថ្ងៃ​អង្គារ​នេះ​ថា​ ការ​លើកឡើង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​(Human Rights Watch)​ ​ជា​ទស្សនៈ​លម្អៀង​ទៅរក​ក្រុម​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ជាច្រើន​ដង​មកហើយ។

លោក​ថ្លែង​ថា៖

«ខ្ញុំ​យល់​ថា​ មតិ​របស់​ ​Human Rights​ ​ហ្នឹង​ វា​មិន​ខុស​អី​ពីមុន​ទេ​ តាំងពី​មុន​មក។ វា​មាន​លក្ខណៈ​ចរិត​នយោបាយ​ ហើយ​លម្អៀង​ទៅរក​ខាង​ពួកប្រឆាំង។​ យើង​ដឹង​ហើយ​ ​ទេព វន្នី​ ​ទោះបី​ថា​លោក​ខាង​លិច​ ផ្តល់​កិត្តិយស​ឲ្យ​គាត់​ ជាវីរៈនារី​យ៉ាងណា​ក៏ដោយ​ ក៏​តាម​ការណ៍​ពិត​ហ្នឹង​មិន​មែន​ជា​វីរៈនារី​ល្អទ។ វា​ជា​វីរៈ​នារី​បម្រើ​អត្ថប្រយោជន៍​របស់​បុគ្គល​ និង​ក្រុមជន​ដែល​មាន​មនោ​គម​វិជ្ជា​លម្អៀង​ទៅខាង​លោក​សេរី»។

លោក​ ​សុខ ឥសាន​ ​បាន​សង្កត់​ធ្ងន់​ថា​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) មិន​មាន​ឥទ្ធិពល​ខាង​ផ្លូវច្បាប់​ ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ ឲ្យ​ដោះលែង​អ្នកស្រី​ទេព វន្នី​ ដែល​ត្រូវ​តែ​បន្ត​ស្ថិត​ក្នុង​ពន្ធនាគារ​ទៅតាម​ការ​សម្រេច​របស់​តុលាការ។​

«ឥឡូវ​មិន​យូរ​ទេ​ តុលាការ​កាត់​ទោស​ អ្នកស្រី​តែ​ប៉ុន្មាន​ឆ្នាំ​ទេ​ តែ​ដល់​ធ្មេច​បើក​ ធ្មេច​បើក​ទៅ​ វា​គង់​នឹង​ដល់​ ហើយ​វាលែង​ដោយ​ស្វ័យប្រវត្តិ​ហើយ​ មិន​បាច់​ Human Rights ​មក​គាប​សង្កត់​ ឬមួយ​ក៏មាន​មតិ​អី​ ដើម្បី​នឹង​ដាក់​លក្ខខណ្ឌ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​ជាបន្ទាន់​ ឬឥត​លក្ខខណ្ឌ​អី​ទេ​ វា​ឥត​ប្រយោជន៍​ទេ​បាទ»។​

អង្គការ​ Human Rights Watch​ បាន​ពណ៌នា​ ពី​ការ​ធ្វើទុកបុកម្នេញ​តាម​ផ្លូវ​តុលាការ​ប្រឆាំង​អ្នកស្រី​ទេព វន្នី ​ថា​ ចាប់តាំង​ពី​ការ​ចាប់ខ្លួន​នោះ​មក​ អ្នកស្រី​ ​ទេព វន្នី​ ត្រូវ​បាន​គេ​ដាក់​នៅក្នុង​មណ្ឌល​កែប្រែ​ទី២ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

មួយ​សប្តាហ៍​ក្រោយ​ការ​ចាប់ខ្លួន​អ្នកស្រី​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​កាត់​ទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦ថ្ងៃ​ ​ក្រោម​បទចោទ​ប្រកាន់​ថា​ ​បាន​ជេរប្រមាថ​មន្ត្រី​សាធារណៈ​មួយ​រូប​ក្នុង​យុទ្ធនាការ​ ​«ថ្ងៃចន្ទពណ៌ខ្មៅ»​ ​មួយ​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្ម​ជន​សិទ្ធិមនុស្ស​ជាច្រើន​នាក់​ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ។

ដោយ​បាន​អនុវត្តន៍​ទោស​៦ថ្ងៃ​ ក្នុង​ការ​ឃុំ​ខ្លួន​មុន​ការ​កាត់​ទោស​នោះ​ អ្នកស្រី​ទេព វន្នី​ គួរតែ​ត្រូវ​បាន​ដោះលែង​ ក៏ប៉ុន្តែ​អ្នក​ស្រី​ត្រូវបាន​គេ​ផ្ទេរ​ទៅ​កាន់​ពន្ធនាគារ​វិញ​ ដោយ​ផ្អែកលើ​បទចោទ​នានា ​ដែលត្រូវបាន​ផ្អឹបទុក​ជាយូរហើយ​ តែត្រូវ​បាន​ព្រះរាជអាជ្ញា​ សើរើ​យក​មកវិញ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដដែល​នេះ​ បាន​សន្មត់​នៅក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ពេល​មុន​ថា​ ទាំង​ករណី​នេះ​ និង​ក្នុង​ការ​កាត់ទោស​ផ្សេងទៀត​ប្រឆាំង​នឹង​អ្នកស្រី​ទេព វន្នី​ នោះ​ គឺ​បទចោទ​ប្រកាន់​ជាច្រើន​ «គ្មាន​មូលដ្ឋាន​បញ្ជាក់​ការណ៍​ពិត» ហើយ​ទំនង​ជា​ត្រូ​វបាន​គេ​ប្រឌិត​ឡើង​តែ​ប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG