ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​ដូច​សព្វ​មួយ​ដង ទោះ​បី​កម្តៅ​នយោបាយ​កើន​ឡើង​ក្តី


ពុទ្ធ​បរិស័ទ​កំពុង​ស្រង់​ព្រះ​នៅក្នុង​វត្ត​មួយ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃសៅរ៍​ ទី​១៦ ខែ កញ្ញា​​ ឆ្នាំ២០១៧។​(ទុំ ម្លិះ/VOA)
ពុទ្ធ​បរិស័ទ​កំពុង​ស្រង់​ព្រះ​នៅក្នុង​វត្ត​មួយ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃសៅរ៍​ ទី​១៦ ខែ កញ្ញា​​ ឆ្នាំ២០១៧។​(ទុំ ម្លិះ/VOA)

ប្រជាជន​ខ្មែរ​កំពុង​ប្រារព្ធពិធី​កាន់បិណ្ឌ​ ​ដែល​ជា​បុណ្យ​ប្រពៃណី​​ជាតិ​មួយ​របស់​ខ្មែរ។ ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​ឆ្នាំ​នេះ​ ​ធ្វើ​ឡើង​ស្របពេល​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​កើន​កម្តៅ​ ទាំង​ក្នុង​ប្រទេស​ ​និង​ជាមួយ​បរទេស​មួយ​ចំនួន។

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ ​ជា​ពិធី​បុណ្យ​ប្រពៃណី​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាអ្នក​គោរព​ប្រណិប័តន៍​ពុទ្ធ​សាសនា។​ ក្នុង​រយៈពេល​១៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ​ ​ដែល​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​១​ រហូត​ដល់​ថ្ងៃ​ទី​១៥រោច​ ឬ​ហៅ​ថា​ថ្ងៃ​ភ្ជុំ​ធំ​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិ​នីមួយៗ​ ​បាន​ចែក​វេន​គ្នា​ ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្ដាន​ ​ដែល​បាន​ចែក​ឋាន​ទៅ។

ក្នុង​អំឡុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ​នេះ​ ​គេ​ឃើញ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មាន​ការ​កើន​កម្តៅ​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់​ ​ចាប់តាំង​ពី​លោក​ ​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា​ ​ការ​បង្ក្រាប​លើ​សារព័ត៌មាន​ដែល​មិន​ចំណុះ​រដ្ឋាភិបាល​ ​ការ​ចោទ​សហរដ្ឋ​អាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ជា​ដើម។​

​ការណ៍​នេះ​ ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កម្ពុជា-អាមេរិក​ មាន​ភាព​ល្អក់​កករ​យ៉ាង​ខ្លាំង​ ​រហូត​ឈាន​ដល់​មាន​ការ​ថ្លែង​វោហារសាស្រ្ត​វាយ​ប្រហារ​អាមេរិក​ ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន។​ ​ខណៈ​ដែល​សហ​រដ្ឋ​អាមេរិក​ក៏​មិន​អាច​នៅ​ស្ងៀម​ដែរ​នោះ​ ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ក៏​បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ព្រម​ទាំង​បាន​ព្រមាន​កម្ពុជា​ថា​ ​ទង្វើរ និង​សកម្មភាព​ទាំង​នោះ​ ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ ​ជា​ពិសេស​ប្រជាជន​កម្ពុជា​តែម្តង ដែល​ជា​អ្នក​ខាត​បង់។​

ពុទ្ធ​បរិស័ទ​កំពុងរាប់បាត្រនៅ​ក្នុង​វត្ត​មួយ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃសៅរ៍​ ទី​១៦ ខែ កញ្ញា ឆ្នាំ២០១៧។​ (កាន់ វិច្ឆិកា/VOA)
ពុទ្ធ​បរិស័ទ​កំពុងរាប់បាត្រនៅ​ក្នុង​វត្ត​មួយ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃសៅរ៍​ ទី​១៦ ខែ កញ្ញា ឆ្នាំ២០១៧។​ (កាន់ វិច្ឆិកា/VOA)

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​តាម​បណ្តា​វត្ត​អារាម​របស់​ប្រជាពល​រដ្ឋ​ខ្មែរ ​នៅ​តែ​ធ្វើ​ឡើង​ដូច​កាល​កំណត់​ ហើយ​ស្ថានភាព​នយោបាយ​ ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​បុណ្យ​របស់​ពួកគេ​នោះ​ទេ។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ​ដែល​ចូលរួម​ពិធី​កាន់​បិណ្ឌ​នៅ​ ​ក្នុង​រាជធានី​ភ្នំ​ពេញ។​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវស​ ​សំពត់​ខ្មៅ​ ​អ្នកស្រី​ ​នូ លីណា​ ​ពលរដ្ឋ​ម្នាក់​ដែល​បាន​ចូលរួម​ពិធី​កាន់​បិណ្ឌ​នៅ​វត្ត​ឧណ្ណាលោម​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​លើក​ឡើង​ថា​ ​អ្នកស្រី​នៅ​តែ​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ ​និង​ភ្ជុំ​បិណ្ឌ​ដូច​ធម្មតា​ ​ដោយ​មិន​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ។​ អ្នកស្រី​បន្ថែម​ថា ​បើ​ទោះ​បីជា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ​ហាក់​មាន​ភាព​រកាំរកូស​ ​និង​ឡើង​កម្តៅ​ក្តៅ​ ​ប៉ុន្តែ​អ្នកស្រី​ថា​ ​ប្រជា​ពលរដ្ឋ​អាច​បែង​ចែក​ច្បាស់​លាស់​រវាង​ការ​ធ្វើ​បុណ្យ​ទាន​ ​និង​រឿង​នយោបាយ។

ពលរដ្ឋ​វ័យ​៣៥​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា៖​

«ខ្ញុំ​គិតថា​ អត់​មាន​អី​ប៉ះពាល់​ទេ​ ​ពីព្រោះ​ប្រជាពលរដ្ឋ​ឥឡូវ​មាន​ការ​ចេះ​ដឹង​ច្រើន​ ​គេ​ចេះ​បែង​ចែក។​ រឿង​នយោបាយ​គេ​បែង​ចែក​ខាង​នយោបាយ​ ​ខាង​ព្រះ​ពុទ្ធ​សាសនា​នៅ​តែរក្សា​ដដែល​ ​ពីព្រោះ​យើង​ជា​ប្រជា​ពល​រដ្ឋ​ប្រកាន់​ព្រះ​ពុទ្ធសាសនា»។​

​គេ​សង្កេត​ឃើញ​ថា​ ​ក្នុង​ពិធី​កាន់បិណ្ឌ​ឆ្នាំ​នេះ​ ​នៅ​តាម​បណ្តា​វត្ត​អារាម​មួយ​ចំនួន​ក្នុងរាជធានី​ភ្នំពេញ មិន​សូវ​មានភាព​អ៊ូអរ​ខ្លាំង ​ដូច​ក្នុង​ពិធី​កាន់​បិណ្ឌ​កាលពី​ឆ្នាំ​មុនៗ​នោះ​ទេ។ ប្រជាពលរដ្ឋ​យល់​ថា​ ​ការ​ដែល​វត្ត​អារាម​មួយ​ចំនួន​នៅ​កម្ពុជា​មិន​សូវ​អ៊ូអរ​ដូច្នេះ​ គឺ​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​សម្រុក​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ដែល​ជា​ស្រុក​កំណើត​របស់​ពួក​គេ។

លោក​ ​ឈូក វណ្ណរ័ត្ន​ ​ពលរដ្ឋ​រស់​នៅ​សង្កាត់​ទួល​សង្កែរ​ ​និង​កំពុង​ចូលរួម​កាន់​បិណ្ឌ​ទី​១១​ ​នៅ​វត្ត​ឧណ្ណាលោម​ដែរ​នោះ​ ​មាន​ប្រសាសន៍​ថា​ ​ក្នុង​នាម​ជា​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​មួយ​រូប លោក​ត្រូវ​តែ​ចូលរួម​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ជីដូនជីតា​ទៅ​តាម​ប្រពៃណី។

ពុទ្ធសាសនិក​ដែល​ទើប​តែ​បាន​ទៅ​ចូលរួម​កាន់​បិណ្ឌ​ជា​ច្រើន​វត្ត​រូបនេះ​បន្ថែម​ថា​ ​ពិធី​កាន់​បិណ្ឌ​ក្នុង​ឆ្នាំ​នេះ​ ​មិនសូវ​អ៊ូអរ​ដូច​កាលពី​ឆ្នាំ​មុនៗ​នោះ​ទេ​ ​ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ​អំឡុង​ពេល​កំពុង​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ ​លោក​ត្រូវ​ទុក​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​កើន​កម្តៅ​នោះ​មួយ​ឡែក។

លោក​ ​ឈូក វណ្ណរ័ត្ន​ ​មាន​ប្រសាសន៍​ថា៖​

«ការ​ធ្វើ​បុណ្យ​គឺជា​រឿង​មួយ​ខុសពី​នយោបាយ​ ​ហើយ​ធ្វើ​បុណ្យធ្វើ​ឲ្យ​ផុត​ ​យើង​ធ្លាប់​ធ្វើ​តាម​ប្រពៃណី​យើង​ ​យើង​ថា​ធ្វើ​ឲ្យ​រួច​តាម​ប្រពៃណី​យើង។ ប៉ុន្តែ​ក្នុង​គោល​នយោបាយ​យើង​សព្វថ្ងៃ​យើង​ក៏​មាន​ការ​បារម្ភ​ច្រើន​ដែរ​ ​ហើយ​យើង​ចេះ​តែ​ព្រួយ​សម្រាប់​រដ្ឋាភិបាល​យើង»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​កំពុង​កាន់​ធូប​អុជ​ថ្វាយ​ព្រះ​ ​លោក​ ​សួរ ទី​ ​ថ្លែង​ប្រាប់​ ​VOA ថា​បើ​ទោះ​ជា​ស្ថានភាព​នយោបាយ​នៅ​ពេល​នេះ​មាន​ការ​ប្រែប្រួល​ ​និង​កើន​កម្តៅ​ខ្លាំង ​ក៏​លោក​នៅ​តែ​បន្ត​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ជា​ធម្មតា​ ​ដូច​ទៅ​នឹង​ឆ្នាំ​មុនៗ។

លោក​ក៏​បាន​លើក​ឡើង​ថា កម្តៅ​នយោបាយ​មិនអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ​នេះ​បានទេ។ បើ​ទោះជា​បែប​នេះ​ក្តី​ ​បុរស​វ័យ​ជាង​៤០ឆ្នាំ​ប្លាយ​រូបនេះ​ ​បាន​បន្ថែម​ដោយ​រំពឹង​ថា​ ​កុសល​បុណ្យ​ដែល​ប្រជាពលរដ្ឋ​កំពុង​ធ្វើ នឹង​អាច​ជួយ​ឲ្យ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ ​មាន​ភាព​ប្រសើរ​ឡើង។

លោក សួរ ទី​ ​បញ្ជាក់​ថា៖​

«នយោបាយ​អត់​មាន​អី​ទេ ម្តង​ក្តៅ​ ម្តង​ត្រជាក់ ម្តង​វា​ឧណ្ឌ វា​អញ្ចឹង​ហើយ។​ ​កម្តៅ​ហ្នឹង​វា​ឡើង​ ប៉ុន្តែ​បើ​យើង​ធ្វើ​បុណ្យ​ឲ្យ​ច្រើន​ទៅ វា​ត្រជាក់​វិញ​ទៅ។​ ​បុណ្យ​វា​ជួយ»។

នៅ​មុន​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​កាល​ពី​ឆ្នាំ​ទៅ កម្តៅ​នយោបាយ​នៅ​កម្ពុជា​ក៏​បាន​កើន​ឡើង​ផង​ដែរ​ ​នៅ​ពេល​ដែល​តុលាការ​កាត់​ទោស​ ​លោក​ ​កឹម សុខា​ ​ដែល​ពេល​នោះ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដោយ​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥ខែ​ ​ពី​បទ​បដិសេធ​មិន​ចូល​ខ្លួន​ពាក់ព័ន្ធ​សំណុំ​រឿង​ស្នេហា​ ទោះ​ជា​យ៉ាង​ណា នា​ពេល​នោះ​លោក​ ​កឹម សុខា​ ​មិនត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នោះ​ទេ។

ចំណែក​នៅ​មុន​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ ​លោក​ ​កឹម សុខា​ ​ដែល​ទើប​ឡើង​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ក្នុង​ផ្ទះ​ចាប់​ខ្លួន​លោក​ទាំង​កណ្តាល​យប់​ ​កាល​ពី​ថ្ងៃទី២​ ​ឈាន​ចូល​ថ្ងៃទី​៣​ ​ខែ​កញ្ញា​នេះ ​និង​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ និង​ឃុំខ្លួន​លោក​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ក្នុង​ខេត្ត​ត្បូងឃ្មុំ។

ក្រោយ​ការ​ចាប់​ខ្លួន​មេ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​សហ​គមន៍​អន្តរជាតិ​ ​រួម​មាន​សហរដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​អង្គការ​សហ​ប្រជាជាតិ​ ​អូស្ត្រាលី​ ​អង់គ្លេស​ ​និង​អង្គការ​អន្តរជាតិ​ធំៗ​ ​បាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ ដោយ​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ស្ថានការណ៍​នយោបាយ ​ ​និង​ការ​បោះឆ្នោត​នៅ​កម្ពុជា ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​ ​ការ​បារម្ភ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ ​ដោយ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា បាន​រំឭក​ដល់​អង្គ​រដ្ឋទូត​ទាំង​អស់​ ឲ្យ​គោរព​ឯករាជ្យ​ ​អធិបតេយ្យ​ភាព​ ​អព្យាក្រឹត្យ​ ​និង​ច្បាប់​កម្ពុជា​ ​និង​កុំ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ​ព្រមទាំង​បាន​បញ្ជាក់​ថា​ ​លោក​ ​កឹម សុខា​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ក្បត់​ជាតិ​ ​ដែល​ត្រូវ​ចាត់​ការ​ដោយ​តុលាការ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG