ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​សួរសុខទុក្ខ​លោក​កឹម សុខា​ជា​ថ្មី​ទៀត


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

លោក​ចៅក្រម​ស៊ើបសួរ ភី ឬទ្ធី បាន​សំអាង​ហេតុផល​ថា សំណុំ​រឿង​របស់​លោក​ កឹម សុខា​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា​នៅឡើយ។

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ថ្មី​ម្ដង​ទៀត បាន​បដិសេធ​ មិន​អនុញ្ញាត​ឲ្យ​ក្រុម​តំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ជួប​សួរសុខទុក្ខ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ឬ​ហៅ​ថា​ម៣ ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​ក្ដី​នេះ​គឺ​លោក ភី ឬទ្ធី ចុះ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​វីអូអេ​ ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ។

ការ​បដិសេធ​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​លិខិត​របស់​លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​នាក់​ទៀត ដែល​បាន​ស្នើសុំ​ចូល​សួរសុខទុក្ខ​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​នេះ នៅ​ថ្ងៃ​ទី​ចន្ទ ទី​១៨ ខែ​កញ្ញា។

លោក​ចៅក្រម​ស៊ើបសួរ ភី ឬទ្ធី បាន​សំអាង​ហេតុផល​ថា សំណុំ​រឿង​របស់​លោក​ កឹម សុខា​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា​នៅឡើយ។

ដូច្នេះ លោក​បន្ត​ថា ការ​ចូល​ជួប​ឬ​សួរ​សុខទុក្ខ​ អាច​អនុញ្ញាត​ឲ្យ​បាន​តែ​មេធាវី​និង​ក្រុម​គ្រួសារ​ជន​ត្រូវ​ចោទ​ ដែល​មិន​ទាក់ទង​នៅ​ក្នុង​រឿង​នេះ​តែ​ប៉ុណ្ណោះ។

​ចៅក្រម​ស៊ើបសួរ​ បាន​បដិសេធ​ម្ដង​ហើយ​កាល​ពី​សប្ដាហ៍​មុន​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​ស្រី មូរ សុខហួរ ចូល​ជួប​សួរសុខទុក្ខ​លោក​ កឹម សុខា​ ក្នុង​មន្ទីរ​ឃុំឃាំង​ម៣​នោះ។

លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​សម្រុក​ចូល​ចាប់ខ្លួន​ចេញ​ពី​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំង​កណ្ដាល​យប់​ រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្រោម​បទ​ចោទប្រកាន់​ថា លោក«ក្បត់ជាតិ»។ អាជ្ញាធរ បាន​ចោទ​ថា លោក​បាន​រៀបចំ​ផែនការ​សម្ងាត់​ ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ជាមួយ​គ្នា​ដែរ លោក​សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​កោះហៅ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ គឺ​លោក អង្គ វង្សវឌ្ឍានា ឲ្យ​ចូល​បំភ្លឺ​នៅ​រដ្ឋ​សភា អំពី​មូលដ្ឋាន​ពិតប្រាកដ​ដែល​នាំ​ឲ្យ​សមត្ថកិច្ច​ ចុះ​ចាប់​អ្នក​តំណាងរាស្ត្រ ដែល​លោក​សុន ឆ័យ ​ហៅ​ថា ធ្វើ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ដែល​មាន​ជា​ធរមាន៕

XS
SM
MD
LG