លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានឆ្លើយតបខ្លាំងៗទៅនឹងការចោទប្រកាន់របស់នាយករដ្ឋមន្រ្តីហ៊ុនសែនថា សហរដ្ឋអាមេរិកកំពុងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកដោយនិយាយថា ការចោទប្រកាន់នេះមិនមែនជាការពិត ភូតកុហកនិងគ្មានហេតុផល។
កំណត់សម្គាល់របស់លោកឯកអគ្គរដ្ឋទូត William Heidt កាលពីថ្ងៃអង្គារបានកើតមានឡើងមិនដល់២សប្តាហ៍ផងបន្ទាប់ពីការចាប់ខ្លួនលោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំងកាលពីថ្ងៃទី៣ ខែកញ្ញា ដែលបានរងការចោទប្រកាន់ពីការក្បត់ជាតិលើបទចោទប្រកាន់ពីការរៀបចំផែនការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីដកអំណាចពីលោកហ៊ុនសែន។
លោកហ៊ុនសែនជាអតីតមន្រ្តីខ្មែរក្រហមដែលបានកាន់អំណាចប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះអស់រយៈពេលជាង៣ទសវត្សរ៍ បានពង្រីកវោហាសាស្រ្តរបស់លោកប្រឆាំងនឹងសហរដ្ឋអាមេរិកនៅពេលដែលបង្ក្រាបទៅលើគណបក្សប្រឆាំងនិងបណ្តាញព័ត៌មានមុនពេលការបោះឆ្នោតសាកលនៅឆ្នាំក្រោយ។
កាសែត Cambodian Daily ដែលជាកាសែតសរសេរជាភាសាអង់គ្លេសបានត្រូវបិទកាលពីសប្តាហ៍មុនដោយរដ្ឋាភិបាល។ស្ថានីយវិទ្យុជាង១០ទៀតដែលផ្សព្វផ្សាយឲ្យក្រុមប្រឆាំងឬកម្មវិធីមកពីវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអាស៊ីសេរីដែលទទួលបានថវិកាមកពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានត្រូវបង្ខំឲ្យបិទលើបទចោទប្រកាន់ពីការរំលោភច្បាប់។
អភិបាលផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកដែលមើលការខុសត្រូវវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអាស៊ីសេរីបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានផ្អាកកិច្ចប្រតិបត្តិការរបស់ការិយាល័យព័ត៌មានវិទ្យុអាស៊ីសេរីនៅក្នុងរដ្ឋធានីភ្នំពេញពីព្រោះតែយុទ្ធនាការបំភិទបំភ័យដែលបានធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា៕