លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានប្រកាសថា កម្ពុជាសម្រេចផ្អាកបណ្តោះអាសន្ននូវការស្វែងរកអដ្ឋិធាតុរបស់កងទ័ពអាមេរិកដែលបានបាត់ខ្លួននៅប្រទេសកម្ពុជា ក្នុងសម័យសង្រ្គាមវៀតណាម ហើយវាជាការឆ្លើយតបនឹងការសម្រេចដាក់ទណ្ឌកម្មរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) មិនផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជានិងគ្រួសារ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រកាសលែងចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ ឲ្យមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា ជាផ្នែកមួយនៃទណ្ឌកម្ម ដែលឆ្លើយតបនឹងក្រុមប្រទេសដែលមានការយឺតយ៉ាវ ឬមិនព្រមទទួលជនជាតិរបស់ខ្លួនពីសហរដ្ឋអាមេរិកវិញ ក្រោយពីពួកគេបានប្រព្រឹត្តកំហុស។
ក្នុងពេលជួបជាមួយកម្មករកាត់ដេរនៅភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានបង្កើនប្រតិកម្មប្រឆាំងនឹងអាមេរិក ដោយលោកលើកឡើងថា ចំណាត់ការរបស់រដ្ឋាភិបាលផ្អាកការស្វែងរកអដ្ឋិធាតុទាហានអាមេរិកាំងគឺជាការឆ្លើយតបទៅនឹងអាមេរិកដែលបានសម្រេចផ្អាកការផ្ដល់ទិដ្ឋាការដល់មន្រ្តីក្រសួងការបរទេសកម្ពុជាតាំងពីកម្រិតអគ្គនាយកដល់រដ្ឋមន្ត្រី។
លោក ហ៊ុន សែន បានថ្លែងថា៖
«ជាការឆ្លើយតប កម្ពុជាប្រាប់ទៅសហរដ្ឋអាមេរិកវិញថា កិច្ចសហប្រតិបត្តិរុករកអដ្ឋិធាតុ ឬក៏ថា ឆ្អឹងខ្មោចអាមេរិកាំងបាត់ខ្លួននៅកម្ពុជា…នឹងត្រូវផ្អាកជាបណ្តោះអាសន្ន»។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖
«យើងក៏សូមប្រកាសថា យើងមិនលុបចោលទេ តែសុំផ្អាកជាបណ្តោះអាសន្ន បើអាមេរិកមិនផ្តល់ឲ្យយើងត្រឡប់មកវិញ យើងក៏មិនបន្តសហការជាមួយអាមេរិកលើបញ្ហានេះ ហើយសូមឪពុកម្តាយ និងក្រុមគ្រួសារនៃទាហានអាមេរិកាំងបាត់ខ្លួន កុំបន្ទោសរដ្ឋាភិបាលកម្ពុជា។ បើចង់បន្ទោស បន្ទោសស្ថានទូតអាមេរិកនៅកម្ពុជា និងបន្ទោសរដ្ឋបាលអាមេរិកទៅ។ អ្នកឯងចេះធ្វើមកលើខ្ញុំ ខ្ញុំក៏ចេះធ្វើលើអ្នកឯងវិញដែរ។ នេះជាការឆ្លើយតបមួយទៅមួយមក តែប៉ុណ្ណឹងទេ»។
បើតាមរបាយការណ៍របស់អាមេរិក ទាហានអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជាមានចំនួន៩០នាក់ ហើយក្នុងនោះ៤២នាក់ត្រូវបានរកឃើញហើយរហូតមកដល់ពេលនេះ។ ទាហានអាមេរិកាំងសរុបចំនួន២៦៤៦នាក់បានបាត់ខ្លួនក្នុងប្រទេសវៀតណាម ឡាវ កម្ពុជា និងប្រទេសចិន កាលពីសម័យសង្រ្គាមវៀតណាម។ អដ្ឋិធាតុទាហានអាមេរិកាំងជាង១៦០០នាក់នៅបន្តបាត់ខ្លួននៅឡើយ រហូតមកដល់ពេលនេះ ក្នុងនោះមានជាង១២០០នាក់បាត់ខ្លួនក្នុងទឹកដីវៀតណាម។
បើតាមលោក ហ៊ុន សែន កម្ពុជាបានធ្វើកិច្ចការស្វែងរកអដ្ឋិធាតុនេះ តាំងពីទសវត្សរ៍១៩៨០ ហើយគម្រោងឆ្នាំក្រោយត្រូវធ្វើច្រើន នៅក្នុងខេត្តស្វាយរៀង រតនគិរី និងមណ្ឌលគិរី។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖
«បើកការចរចាជាកញ្ចប់ បើសិនជាបើក។ អ្នកឯងផ្តល់ទិដ្ឋាការឲ្យខ្ញុំ ខ្ញុំផ្តល់ទិដ្ឋាការរុករកខ្មោចឲ្យអ្នកឯង។ ហ្នឹងហើយដែលហៅប្រទេសឯករាជ្យ និងអធិបតេយ្យ គឺវាយ៉ាងដូច្នេះ»។
បើតាមលោក ហ៊ុន សែន ក្រសួងការបរទេសកម្ពុជា នឹងផ្ញើកំណត់ទូតទៅកាន់សហរដ្ឋអាមេរិក នាពេលឆាប់ៗនេះ ជុំវិញការផ្អាកកិច្ចសហប្រតិបត្តិការ។
ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតនៅព្រឹកថ្ងៃសុក្រនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt បានថ្លែងថា ស្ថានទូតមិនទាន់បានទទួលកំណត់ទូតផ្លូវការណាមួយពីរដ្ឋាភិបាលកម្ពុជានោះទេ។ លោកចាត់ទុកថា ជារឿងសោកស្តាយមួយ ប្រសិនបើរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកកិច្ចសហប្រតិបត្តិការនេះ។
លោកបានថ្លែងថា៖
«ខ្ញុំមិនដឹងថា ពាក្យពេចន៍ [នាយករដ្ឋមន្រ្តីខ្មែរ]យ៉ាងម៉េចនៅឡើយ។ ខ្ញុំក៏មិនទាន់ដឹងថា ពួកគេនឹងធ្វើអ្វី។ អ្នកដឹងទេ យើងឲ្យតម្លៃទៅលើគ្រប់ផ្នែកនៃទំនាក់ទំនងរបស់យើង។ យើងឲ្យតម្លៃកិច្ចសហប្រតិបត្តិការនេះ ហើយប្រសិនបើចង់ផ្អាកវា ហើយប្រសិនបើវាកើតឡើង វាជារឿងសោកស្តាយមួយ»។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes បានថ្លែងប្រាប់ VOA តាមរយៈអ៊ីម៉េល ឬសារអេឡិចត្រនិកថា រហូតមកដល់ពេលនេះ ស្ថានទូតបានឃើញប្រតិកម្មរបស់លោក ហ៊ុន សែន លើករណីនេះតាមរយៈទំព័រសារព័ត៌មាន។ តែស្ថានទូតមិនទាន់ទទួលបានកំណត់ទូតណាមួយជាផ្លូវការពីរដ្ឋាភិបាលខ្មែរនៅឡើយ។
លោកបញ្ជាក់ថា៖
«កម្ពុជា និងសហរដ្ឋអាមេរិកបានរីករាយជាមួយគ្នាទៅលើកិច្ចសហប្រតិបត្តិដ៏ខ្លាំងក្លាលើកិច្ចប្រឹងប្រែងស្វែងរកអដ្ឋិធាតុ ហើយនេះជាការដឹងគុណច្រើនដល់កម្ពុជា។ ដោយសារកិច្ចសហប្រតិបត្តិការនេះ សហរដ្ឋអាមេរិកអាចកំណត់សញ្ញា និងរកឃើញអដ្ឋិធាតុទាហាន៤២នាក់ហើយដែលបានបាត់ខ្លួនកាលពីសម័យសង្រ្គាមឥណ្ឌូចិន»។
កំដៅនយោបាយក្នុងប្រទេសកម្ពុជាមានការកើនឡើង ហើយមានការវាយប្រហារជាបន្តបន្ទាប់មកលើសហរដ្ឋអាមេរិក ពីបណ្តាញសារព័ត៌មានមាននិន្នាការគាំទ្រគណបក្សកាន់អំណាច ពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ជាពិសេសពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ចុងក្រោយនេះ កម្ពុជាបានចោទថា អាមេរិកនៅពីក្រោយគណបក្សប្រឆាំង និងមានគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក៏ប៉ុន្តែការលើកឡើងនេះត្រូវបានលោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ច្រានចោលកាលពីថ្ងៃអង្គារ។
នៅថ្ងៃនេះផងដែរ លោក ហ៊ុន សែន បានអះអាងថា៖
«កម្ពុជាគ្មានចេតនារករឿងជាមួយអាមេរិកទេ ប៉ុន្តែសូមអាមេរិកកុំមើលកម្ពុជាក្នុងកែវភ្នែកអាក្រក់»។
លោក ហ៊ុន សែន ក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិក និងអតីតប្រធានាធិបតីអាមេរិកមួយចំនួន និងប្រធានាធិបតីបច្ចុប្បន្ន លោក ដូណាល់ ត្រាំ ឆ្លើយតបនឹងការថ្លែងរបស់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលត្រូវបានចាប់ខ្លួន ដោយត្រូវចោទថា ក្បត់ជាតិ ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាល ហើយអាមេរិកត្រូវបានចោទប្រកាន់ថា នៅពីក្រោយរឿងនេះ។
លោកហ៊ុន សែន បានថ្លែងថា៖
«ខ្ញុំចង់សួរឯកឧត្តមឲ្យឆ្លើយបំភ្លឺ តើសម្តីកឹម សុខាត្រឹមត្រូវ ឬអត់? ព្រោះយើងមិនបានចោទប្រកាន់សហរដ្ឋអាមេរិកទេ។ ប៉ុន្តែកឹម សុខា ទេជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិកថា បានណែនាំអំពីវិធីផ្តួលរំលំ ផ្លាស់ប្តូរ តាមរបៀបនៅយូហ្គូស្លាវី និងស៊ែប៊ី ហើយបញ្ជូនសាស្រ្តាចារ្យមកអនុវត្តនៅកម្ពុជា។ តើមែនឬមិនមែន? តើកឹម សុខាចោទអាមេរិក ឬអាមេរិកចោទកឹម សុខា? សូមឯកអគ្គរដ្ឋទូតអាមេរិកចេញមកធ្វើការបកស្រាយលើរឿងនេះឲ្យបានច្បាស់»។
លោកស្រី Elizabeth Becker អ្នកសារព័ត៌មានអាមេរិកជើងចាស់ ដែលធ្លាប់មករាយការណ៍ព័ត៌មានកាលពីសម័យសង្គ្រាមវៀតណាម បានថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា លោក ហ៊ុន សែន ទំនងជាកំពុងតែរុញសហរដ្ឋអាមេរិក ដើម្បីឲ្យគេចាត់ទុកថា «អាមេរិកជាមនុស្សអាក្រក់»។
លោកស្រីបញ្ជាក់ប្រាប់ VOA តាមរយៈអ៊ីម៉េលថា៖
«ហ៊ុន សែន កំពុងតែព្យាយាមបង្វែរការយកចិត្តទុកដាក់ពីការវាយប្រហាររបស់លោកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រឆាំងនឹងគណបក្សប្រឆាំងនៅកម្ពុជា។ ដូច្នេះលោកបានបង្ហាញ ដូចលោកជាមេដឹកនាំដែលគាបសង្កត់ ហើយចាត់ទុកជាតិបរទេសមួយជាសត្រូវ»។
លោកស្រីបន្តថា ឯកអគ្គរដ្ឋទូតអាមេរិកបានផ្តល់សារខ្លាំងក្លាមកកាន់រដ្ឋាភិបាលកម្ពុជា និងបានលើកឡើងពីការជួយរបស់អាមេរិកមកលើកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩០។
លោកស្រីបានបញ្ជាក់ថា៖
«ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជាយល់ថា បញ្ហាដែលកើតឡើងរវាងរបបលោក ហ៊ុន សែន និងអាកប្បកិរិយាបែបផ្តាច់ការនេះ មិនមានអ្វីទាក់ទងនឹងសហរដ្ឋអាមេរិកនោះទេ»។
លោក ឈាង វណ្ណារិទ្ធិ អ្នកស្រាវជ្រាវអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISEAS)ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី មានប្រសាសន៍ថា ភាពតានតឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានការកើនឡើង ដោយលោកបារម្ភថា អាមេរិកទំនងជានឹងចាត់វិធានការខ្លាំងក្លាបន្ថែមទៀតមកលើកម្ពុជា។ លោកបន្តថា សកម្មភាព និងប្រតិកម្មទាំងនេះនឹងធ្វើឲ្យប៉ះពាល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
សម្រាប់លោក ឈាង វណ្ណារិទ្ធ កម្រិតនៃការជឿទុកចិត្តគ្នារវាងកម្ពុជា និងអាមេរិក នៅមានតិចតួចនៅឡើយ។ លោកយល់ថា កម្ពុជាគួរបើកទ្វារចំហបន្ថែមក្នុងការពិភាក្សាជាមួយអាមេរិកទាក់ទងនឹងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕