ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​កម្ពុជា ព្រមព្រៀង​គ្នា​ចាត់​វិធានការ​​ក្នុង​បរិយាកាស​តាន​តឹង​ក្រោយ​ការបោះឆ្នោត


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​លោក​បាន​ធ្វើ​សន្និសីទ​ការសែត​មួយ​នៅ​ទីស្នាក់ការ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​លោក​បាន​ធ្វើ​សន្និសីទ​ការសែត​មួយ​នៅ​ទីស្នាក់ការ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ។
ភ្នំពេញ៖ បន្ទាប់​ពី​ការចរចា​អស់​រយៈ​ពេល​ជិត​៥​ម៉ោង​កាល​ពី​ថ្ងៃ​ច័ន្ទ គណ​បក្សគ្រប់​គ្រង​អំណាច​នៃ​ប្រទេស​កម្ពុជា​និង​គណបក្ស​ប្រឆាំង ​បាន​ព្រម​ព្រៀង​គ្នា​ចាត់​វិធានការ​ជាបន្ត​បន្ទាប់ដើម្បី​បន្ធូរ​បរិយាកាស​តាន​តឹង ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស ។ ជំនួប​យ៉ាង​យូរ ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មានអំពើ​ហឹង្សា​កាល​ពី​យប់​ថ្ងៃ​អាទិត្យនៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​អម្លុង​ពេលនោះបុរស​ម្នាក់បាន​ត្រូវ​គេ​បាញ់​សម្លាប់ហើយ​មនុស្សទៀត​បាន​រង​របួស ។

អំពើ​ហឹង្សា​ក្នុង​ទីក្រុង​ភ្នំពេញកាល​ពី​យប់​ថ្ងៃ​អាទិត្យ ​បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន រួម​ទាំង​ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី ផង រន្ធត់​ចិត្ត​។

កាល​ពី​ថ្ងៃ​ច័ន្ទ ព្រះមហាក្រត្យ​ដែល​ជា​ព្រះ​រា​ជា​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​បាន​ចេញ​ព្រះរាជសារ​មួយ​ដែល​អំពាវនាវ​ដល់​ភាគី​ទាំង​សង​ខាងធ្វើ​ឲ្យ​ប្រាកដ​ថា ​ប្រទេស ​នៅ​តែ​មាន​សន្តិភាព។
ថ្លែង​នៅ​សភា​កាល​ពី​ថ្ងៃ​ច័ន្ទ ​លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង ​បាន​និយាយ​ថា ​សំណើរ​របស់​ព្រះ​មហាក្សត្រ​ បាន​បង្កើតឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​៣​ចំណុចលើក​ដំបូង​បានត្រូវយល់​ព្រម​គ្នារវាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង។

«ចំណុច​ទី​មួយ គឺ​ជៀសវាង​អំពើ​ហឹង្សា​ យើង ត្រូវ​តែ​គោរព​ព្រះរាជ​សារ​របស់​ព្រះ​មហាក្សត្រ​ដែលប្រកាស​នៅ​ថ្ងៃ​នេះ ដែល​ស្នើរ​សុំ​ឲ្យ​គណបក្ស​ទាំង​ពីរគឺ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​បជៀសវាងអំពើ​ហឹង្សា​ឲ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ។ បាតុកម្ម​របស់​យើង ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​សន្តិភាព ហើយ​រដ្ឋាភិបាល ក៏ត្រូវ​តែ​មាន​ការ​អត់ធ្មត់ មិន​ប្រើកម្លាំង​ឬ​អាវុធ​ប្រឆាំង​នឹង​បាតុករ​ទេ»។

បញ្ហា​សំខាន់​ជុំ​វិញការ​បោះឆ្នោត​ថ្ងៃ​ទី​២៨ ​ខែ​កក្ក​ដា​ គឺ​គណ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ដែលជា​អង្គការពិ​និត្យ​មើល​ការ​បោះឆ្នោត។ ​គណកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នោះ ​បាន​ត្រូវ​មតិជា​ច្រើនមើលឃើញថា ​បាន​គាំទ្រ​គណបក្ស​កំពុង​កាន់​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​និង​ការ​បោះឆ្នោត​កាល​ពី​លើក​មុនៗ ។​

ការ​ទទួល​ខុសត្រូវ​មួយ​ក្នុង​ចំណោម​ការ​ទទួល​ខុសត្រូវ​នានា​របស់​គណកម្មា​ធិការ​រៀប​ចំ​ការ​បោះឆ្នោត ​គឺ​បញ្ជី​ឈ្មោះអ្នក​បោះឆ្នោត ​ដែល​ការ​សិក្សា​ឯក​រាជ្យ​នៅ​ឆ្នាំ​នេះ​ បង្ហាញ​ថា​ មាន​គុណ​វិបត្តិ​យ៉ាង​ខ្លាំង​ដោយ​មាន​ឈ្មោះអ្នក​បោះឆ្នោត​ខ្មោច​និង​ឈ្មោះ​ជាន់​គ្នាជាង​១លាននាក់ ។ ​បន្ថែម​ពី​នេះ​ទៀត អ្នក​បោះឆ្នោត​ពិត​ប្រាកដ​ប្រហែល​មួយ​លាន​នាក់ ​បាត់​បង់សិទ្ធិ​បោះឆ្នោត​។

គណបក្ស​ប្រឆាំង ពោល​អះអាង​ថា ​គុណ​វិបត្តិ​ទាំង​នេះ​ ធ្វើ​ដោយ​ចេតនានិង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​បោះឆ្នោត ។

លោក យឹម ​សុវណ្ណ ​និយាយ​បន្ត​ទៀត​ថា ​ភាគី​ទាំង​ពីរ ​ដែល​រួម​មានលោក​នា​យក​រដ្ឋ​មន្រ្តី​ហ៊ុន ​សែននិង​លោក​ សម ​រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ក៏​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​នឹងបង្កើត​គណកម្មា​ធិការ​មួយ​ដែលនឹង​ពិនិត្យ​មើល​ពី​របៀប​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត ។

បន្ទាប់​ពី​ការ​ចរចា លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​លោក​ កឹម ​សុខា ​អនុ​ប្រធាន​របស់​លោក ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលានសេរីភាពកណ្តាល​រាជ​ធានី​ភ្នំពេញ​ ​ដែល​នៅ​ទីនោះ ពួក​អ្នកគាំទ្រ​របស់​អស់​លោក​រាប់ម៉ឺននាក់ ​បាន​ធ្វើ​បាតុកម្ម​រយៈ​ពេល​៣​ថ្ងៃ​ដើម្បី​តវ៉ា​ប្រឆាំង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ។

បាតុកម្ម ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អាទិត្យ​ហើយ ​ទោះ​ជាយ៉ាង​នោះ​ក៏​ដោយ ភាគ​ច្រើន​បាន​ធ្វើ​ឡើង​ដោយ​សន្តិ​វិធី​ក្នុង​ពេល​ថ្ងៃ​ នៅ​ពេល​ថ្ងៃ​រសៀល ​ឃើញ​មាន​ការ​ប៉ះ​ទង្គិច​តិច​តួចនៅ​តំបន់​ដែលបិទផ្លូវ​ជិត​ព្រះ​បរម​រាជ​វាំងរវាង​បាតុករ​ចោល​ដុំ​ថ្ម​និង​ប៉ូលីស​ប្រឆាំង​កុប្បកម្ម​ដែល ​តប​ត​វិញ​ដោយ​ប្រើ​ឧស្ម័នបង្ហូរទឹក​ភ្នែក។

នៅ​ទី​បញ្ចប់បាតុករ ​បាន​បំបែក​គ្នា​បន្ទាប់​ពី​លោក សម រង្ស៊ី ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ប្រាប់​ពួកគេ​ឲ្យ​បញ្ឈប់ការ​ប្រយុទ្ធ ។ ​ប៉ុន្តែ ​មាន​ស្ថានភាព​ធ្ងន់​ធ្ងរ​ពី​អំ​ពើ​ហឹង្សា​ បាន​ផ្ទុះ​ឡើង​ក្រោយ​មកនៅ​យប់​ដដែល​នោះ​នៅ​ក្នុងផ្នែក​មួយ​ទៀត​នៃ​ទីក្រុង ដែល​នៅ​ទី​នោះ ​ប៉ូលីស ​បាន​បាញ់​សម្លាប់បុរស​ម្នាក់នៅ​លើ​ស្ពាន​ដែល​ហាម​មិន​ឲ្យ​ឆ្លង​កាត់​ដែល​ពួក​អាជ្ញាធរ ​បាន​បិទ​ខ្ទប់។

កាល​ពី​ថ្ងៃ​ច័ន្ទ ​ក្រុម​អង្គការសិទ្ធិ​មនុស្ស​ចម្រុះ ​បាន​ចោទ​ប្រកាន់​កង​អាវុធ​ហត្ថ​ពី​ការ​ប្រើ​ប្រាស់​គ្រាប់​រំសេវ​ពិត​ៗនៅ​កន្លែង​ស្ពាន​នោះ។ កងអាវុធ​ហត្ថ ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​នោះ​មាន​អាយុ​២៩ឆ្នាំ​ដែល​មាន​កូន​៤​នាក់​ បានត្រូវរាយការណ៍​ថា​ ជាអ្នក​ធ្វើ​ដំណើរដែល​ព្យាយាម​ទៅ​ផ្ទះ ​បាន​ត្រូវ​សម្លាប់ដោយ​សារ​គ្រាប់​កាំភើ្លង ​ហើយ​បាន​និយាយ​ទៀត​ថា ​មនុស្ស​៨​នាក់​ផ្សេង​ទៀត​ បានស្ថិត​នៅមន្ទីរពេទ្យ​ដោយ​សារ​របួសគ្រាប់​កាំភ្លើង ។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​យុវជន​ក្មេង​ៗ​ជា​ច្រើន​ ខ្លះ​ជាក្មេង​ជំទង់​ បាន​ត្រូវ​ប៉ូលីស ​វាយ។

លោក ​យឹម សុវណ្ណ​ អ្នកនាំ​ពាក្យ​គណបក្ស​ប្រឆាំង ​បាន​និយាយ​ទៀត​ថា ​គណ​បក្ស​ប្រឆាំង ​នឹង​បន្ត​ការ​តវ៉ា​ប្រឆាំង​ដែល​បាន​គ្រោង​ទុក​នៅ​ទី​លាន​សេរី​ភាពនៅ​ថ្ងៃ​អង្គារ​រហូត​ដល់​ថ្ងៃ​លិច​៕

ប្រែសម្រួល​ដោយ​លោក ជឹង ​ប៉ូជីន
XS
SM
MD
LG