វ៉ាស៊ីនតោន៖ មេដឹកនាំគណបក្សសង្គ្រោះជាតិបានអះអាងថា កិច្ចប្រជុំកំពូលជាមួយនឹងគណបក្សប្រជាជនកម្ពុជានឹងបន្តធ្វើនៅថ្ងៃអង្គារស្អែកទៀត ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយមុនពេលកិច្ចប្រជុំសភាដំបូងដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកញ្ញានេះ។ នេះជាការអះអាងរបស់លោកសម រង្ស៉ីប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ។
គណបក្សទាំងពីរក្នុងសមាសភាពដដែលគឺគណបក្សប្រជាជនកម្ពុជាដឹកនាំ ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិដឹកនាំដោយ លោកសម រង្ស៉ី គ្រោងនឹងជួបប្រជុំនៅមន្ទីរសភា ដើម្បីពិភាក្សារបន្តទៅលើ បញ្ហាមួយចំនួនដែលមិនទាន់ព្រមព្រៀងគ្នាគឺរួមទាំងរឿងបង្កើតគណៈកម្មាការ ឯករាជ្យដើម្បីស៊ើបអង្កេតរឿងភាពមិនប្រក្រតីរឿងវិវាទនៃការបោះឆ្នោតនិងរក យុត្តិធម៌ហើយនឹងការពិតជូនម្ចាស់ឆ្នោត។ លោក សម រង្ស៉ីបានធានាចំពោះ ពលរដ្ឋថាលោកនឹងមិនក្បត់ពលរដ្ឋម្ចាស់សន្លឹកឆ្នោត និងមិនក្បត់ចំពោះអ្វីដែលពលរដ្ឋចង់បានទេ នៅពេលធ្វើការចរចាជាមួយភាគីគណបក្សប្រជាជនកម្ពុជា។
លោកសម រង្ស៉ីបានអះអាងថាការជួបគ្នានេះគឺធ្វើឲ្យស្ថានការនយោបាយនិង សន្តិសុខក្នុងប្រទេសកម្ពុជាមានភាពធូស្រាលដោយភាគីទាំងពីរបានប្តេជ្ញាថា នឹងទប់ស្គាត់អំពើហិង្សា៕